តើថ្ងៃនេះជាថ្ងៃអ្វី? តើមានអ្វីពិសេសសម្រាប់អ្នក និងគូសេ្នហ៍?

ប្រិយមិត្ដប្រហែលជាមានចម្ងល់ថាហេតុអ្វីបានខ្មែរឡូតនិយាយថា ថ្ងៃនេះជាថ្ងៃបុណ្យសង្សារ។ ជាការពិតណាស់ ថ្ងៃនេះជាថ្ងៃបុណ្យសង្សាររបស់ប្រទេសចិន ដែលត្រូវនឹងថ្ងៃទី ០៧ ខែ ០៧ នៃប្រតិទិនរបស់ចិន តែតាមប្រតិទិនខ្មែរត្រូវនឹងថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១២។ នៅក្នុងនេះផងដែរ ថ្ងៃបុណ្យសង្សាររបស់ប្រទេសចិនក៏មានប្រវត្ដិរបស់គេ ផងដែរនោះគឺ៖

កាលពីដើមឡើង មានទេពធីតា៧នាក់ ដែលជាកូនរបស់ព្រះឥន្រ្ទនៅឋានលើ ដែលអ្នកទាំងនោះសុទ្ធសឹងតែមានរូបសម្ជស្សស្រស់ស្អាត និងឈ្លាសវៃ។ ប៉ុន្ដែនៅក្នុងចំនោមទាំង៧នាក់នោះ គឺមានម្នាក់ទេ ដែលមានរូបរាងស្រស់ស្អាតជាងគេហើយ និងមានដៃដ៏ប៉ិនប្រសប់នោះ គឹនាងចេះត្បាញសំលៀកបំពាក់យ៉ាងល្អក្រៃលែង។ ដូចនេះគេតែងតែ ហៅនាងថានារីតម្បាញ។ ព្រះនាងជាអ្នករស់នៅលើឋានសួគី៍ ដែលនៅលើនោះសំបូរទៅដោយពពកជាច្រើន ដែលរបស់ទាំងនោះហើយ ជាអ្នកធ្វើឲ្យពិភពលោកកាន់តែស្រស់ស្អាតជាងមុន។  

ក្រឡេកមកមើលឋានកណ្ដាលនេះវិញ ក៏មានបុរសម្នាក់ ដែលរស់នៅដោយជីវភាពក្រីក្រ ហើយក៏ជាកុមារកំព្រាផងដែរ។ បុរសនេះមានមុខរបរជាអ្នកធ្វើស្រែ និងមានគោចាស់មួយក្បាលសម្រាប់ធ្វើស្រែជារៀងរាល់ថ្ងៃដើម្បីចិញ្ចឹមជីវិតរបស់ខ្លួន ហេតុនេះហើយទើបគេហៅឈ្មោះ បុរសនេះថាជា បុរសគង្វាលគោ។ រឿងជីវិតផ្ទាល់ខ្លួនរបស់បុរសនេះ គឺមានលក្ខណៈស្រដៀងនឹងរឿង Cinderella ផងដែរ។ ប៉ុន្ដែគាត់ គឺជាមនុស្សម្នាក់ដែលមានទឹកចិត្ដល្អ ស្មោះត្រង់ និងជាមនុស្សម្នាក់ដែលអ្នកភូមិចូលចិត្ដរាប់អាន។   

ថ្ងៃមួយនារីតម្បាញរួមទាំងបងប្អូនស្រីទាំង៦នាក់ បាននាំគ្នាលួចចុះមកឋានខាងក្រោម ដើម្បីមកលេងកំសាន្ដ។ ស្រាប់តែពេលនោះ កូនស្រីព្រះឥន្រ្ទទាំង៧នាក់បានជួបបុរសគង្វាលគោដោយចៃដន្យ បន្ទាប់ពីមានការនិយាយលេងជាមួយគ្នាជាច្រើនរវាង បុរសគង្វាលគោ និងអ្នកទាំង៧នោះ បានធ្វើឲ្យនារីតម្បាញ ចាប់ផ្ដើមលង់ស្រលាញ់ជាមួយនឹងបុរសនោះ និងរៀបការជាមួយគ្នាតែម្ដង។ អ្នកទាំង២បានរស់នៅជាមួយគ្នា ដែលប្រកបទៅដោយ សុភមង្គលនៅលើភពផែនដីនេះជាច្រើនឆ្នាំ និងមានកូន២នាក់។ នៅលើលោកនេះ គ្មានអ្វីជាអាថកំបាំងនោះទេ នោះគឺរឿងរ៉ាវទាំងនេះ បានលឺទៅដល់ព្រះម៉ែ ដែលគង់នៅឋានសួគិ៍ នៅពេលនោះព្រះនាងខ្ញាល់ជាខ្លាំង ព្រោះតែនារីតម្បាញមិនបានសុំការ អនុញ្ញាតពីព្រះនាងទៅរៀបការជាមួយនឹង មនុស្សនៅឋានកណ្ដាល។ ភ្លាមៗនោះព្រះនាងបានយាងចុះ មកឋានកណ្ដាល និងបានយកនារីតម្បាញ នោះទៅកាន់ឋានសួគិ៍វិញ។ នៅពេលនោះបុរសគង្វាលគោ បានត្រលប់មកដល់ផ្ទះតែបែរជា បាត់ប្រពន្ធរបស់ខ្លួន និងចាប់ផ្ដើមអស់សង្ឃឹម និងក្រៀមក្រំជាខ្លាំង។ អ្វីដែលចម្លែកនោះ គោដែលបុរសនេះចិញ្ចឹមបានប្រែក្លាយជា ចេះនិយាយ និងបានប្រាប់ម្ចាស់របស់ខ្លួនថា ឲ្យសម្លាប់ខ្លួន ដើម្បីយកស្បែក មកគ្របពីលើខ្លួននោះនឹងអាចស្វែងរក ប្រពន្ធរបស់ខ្លួនបានជាមិនខាន។ ដោយសារតែមិនមានជម្រើស បុរសនេះក៏សុខចិត្ដសម្លាប់គោរបស់ខ្លួន និងយកស្បែកគោមកគ្របពីលើខ្លួន ដែលនៅពេលនោះ បុរសនេះក៏អាចហោះ និងបានដាក់កូនទាំង២របស់ខ្លួននៅក្នុងកន្រ្ដ ហើយក៏បានហោះទៅកាន់ឋានសួគិ៍។ នៅពេលដែលព្រះម៉ែបាន ឃើញបុរសគង្វាលរួមទាំងកូន ព្រះនាងបានប្រើ ស្នៀតសក់របស់ព្រះនាង ធ្វើការខ័ណ្ឌចែករវាង បុរសនេះ និងនារីតម្បាញ មិនឲ្យជួបគ្នានោះគឺ បុត្រីទី៧របស់ព្រះឥន្ទ្រ បានផ្លាស់ប្ដូរទៅនៅក្នុងផ្កាយ វីកា ចំណែកឯបុរសគង្វាលគោរួមទាំងកូន ត្រូវរស់នៅក្នុងផ្កាយ អាល់ទែ។ ដូចនេះហើយ ទើបនៅក្នុងប្រទេសចិនគេតែងតែកត់សំគាល់ថា ផ្កាយវីកា គឺជានារីតម្បាញ រីឯផ្កាយអាល់ទែ គឺបុរសគង្វាលគោ។  

បុរសគង្វាលគោ និងនារីតម្បាញ អាចត្រឹមតែបានឈរមើលគ្នា ពីម្ខាងម្នាក់តែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ព្រះម៉ែទ្រង់ អនុញ្ញាតឲ្យអ្នកទាំង២បាន ជួបគ្នាត្រឹមតែ ១ដង ក្នុង១ឆ្នាំ នៃថ្ងៃទី៧ ខែ០៧ នៃប្រតិទិនចិន។   ដោយសារតែស្នេហ៏ពិតរបស់អ្នកទាំង២ បានធ្វើឲ្យសត្វ Magpies ជាច្រើនបានប្រមូល និងផ្គុំគ្នា ធ្វើជាស្ពានសម្រាប់ឲ្យ គូសេ្នហ៍មួយគូនេះបាន ជួបគ្នានៅពេលល្ងាចជារៀងរាល់ឆ្នាំ។

ជាមួយនឹងរឿងរ៉ាវស្នេហានេះទើបថ្ងៃទី ០៧ ខែ០៧ តាមប្រតិទិនរបស់ប្រទេសចិន បានក្លាយជាថ្ងៃបុណ្យសង្សារ សម្រាប់ប្រជាជនចិន។ នៅក្នុងពេលនោះតែងតែមាន គូស្នេហ៍ជាច្រើន បាននាំគ្នាអង្គុយមើលផ្កាយ វីកា និងផ្កាយ អាល់ទែជាមួយគ្នា ជាមួយនឹងការនិយាយពីប្រវត្ដិសេ្នហ៍របស់ នារីតម្បាញ និងបុរសគង្វាលគោ និងសង្ឃឹមថាស្នេហ៍របស់ពួកគេ នឹងអមតៈដូចជាអ្នកទាំងពីរនេះដែរ៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]