អេស្ប៉ាញ៖ កីឡាករវ័យក្មេងដ៏ឆ្នើមJames Rodriguez របស់ក្លិប Real Madrid ត្រូវបានប្រភពព័ត៌មានរាយការណ៍ឲ្យដឹងថា គេចង់ទៅលេងឲ្យក្លិបបិសាចក្រហម Manchester United ប្រសិនបើ Real Madrid ចង់លក់រូបគេក្នុងរដូវកាលនេះ នាអំឡុងពេលបើកទីផ្សារដោះដូរកីឡាករ។

កីឡាករដែលមានដើមកំណើតក្នុងប្រទេសកូឡុំប៊ីរូបនេះ បានផ្ទេរទៅក្លិប Real Madrid បន្ទាប់ពីធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ជាមួយទម្រង់លេងរបស់គេ​កាលពី World Cup ឆ្នាំ២០១៤។ បញ្ជាក់ផងដែរ Real Madrid អាចនឹងមានគម្រោងដាក់លក់កីឡាកររូបនេះ ក្នុងតម្លៃ ៦៣លានផោនផងដែរ បើសិនជាក្លិបបិសាចក្រហមចង់បានមែននោះ។

គួររំលឹកផងដែរថា កាលពី James លេងឲ្យ Real Madrid ក្នុងរដូវកាលដំបូង មិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែចូលដល់រដូវកាលទីពីរ គាត់មិនសូវបានលេង ហើយគ្រូបង្វឹកដាក់កីឡាករផ្សេងឲ្យលេងជំនួសកន្លែងគាត់ជាញឹកញយ។ លោក Zinedine Zidane ដែលជាគ្រូបង្វឹក គិតថាគាត់មិនសាកសមលេងក្នុងទម្រង់ ៤-៣-៣ ទើបប្តូរឲ្យកីឡាករផ្សេងមកជំនួសវិញ ដែលធ្វើឲ្យ James បាត់បង់នូវឱកាសបង្ហាញសមត្ថភាពនៅលើទីលាន។

ចំនែកក្លិប Manchester United វិញ លោក Ed Woodward ដែលជាអនុប្រធានប្រតិបត្តិរបស់ក្លិប បានបង្ហាញនូវអារម្មណ៍ស្ទាក់ស្ទើរក្នុងការទិញកីឡាករកំពូលដែលមានតម្លៃខ្លួនថ្លៃរូបនេះ តែយ៉ាងណាក៏ដោយ លោកក៏បានបង្ហាញតម្រុយមួយចំនួនដែរ ដែលអាចនឹងមានភាគរយ ក្នុងការទិញកីឡាករ James Rodriguez មកលេងឲ្យក្លិប។

បើយោងតាមប្រភពសារព័ត៌មាន ESPN វិញ កីឡាដ្ឋាន Old Trafford របស់ក្លិប Manchester United ជាជំរើសទី១ របស់ James ប្រសិនបើគេពិតជាចាកចេញពី Real Madrid មែនក្នុងរដូវកាលនេះ។ តែយ៉ាងណាក៏ដោយ ការដោះដូរត្រូវរង់ចាំសិន ដោយក្លិបត្រូវដោះស្រាយបញ្ហាអនាគត របស់លោកគ្រូបង្វឹក Louis Van Gaal ជាមុនសិន។

តើប្រិយមិត្ត ចង់ឲ្យកីឡាករ James Rodriguez មកលេងឲ្យក្លិប Manchester United ដែររឺទេ?

ប្រភព៖ Metro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]