អង់គ្លេស៖ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលតារាបាល់ទាត់វ័យក្មេង ដ៏ល្បីរបស់ប្រេស៊ីល Neymar ត្រូវបានក្រុមមន្ត្រីប៉ូលិសអន្តោប្រវេសន៍ ប្រចាំព្រលានយន្តហោះ អនុញ្ញាតឲ្យចូលក្នុងប្រទេសទឹកដីចក្រភពអង់គ្លេស បើទោះជាកីឡាកររូបនេះ បានភ្លេចយកលិខិតឆ្លងដែន ដាក់តាមខ្លួនយ៉ាងណាក៏ដោយ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា Neymar កីឡាករបាល់ទាត់ជម្រើសជាតិ ប្រេស៊ីលដ៏ល្បី និងជាខ្សែប្រយុទ្ធវ័យក្មេង របស់ក្លិបអ្នកមានបុណ្យ FC Barcelona មិនបានយកលិខិតឆ្លងដែន មកជាប់នឹងខ្លួន ខណៈពេលដែលរូបគេ ធ្វើដំណើរទៅដល់ ព្រលានយន្តហោះ Luton នៃចក្រភពអង់គ្លេស កាលពីយប់ថ្ងៃអង្គារមុននេះ ដើម្បីបំពេញការងារដ៏សំខាន់មួយ។ ទោះជាយ៉ាងណា ដែលសំណាងល្អ មានក្រុមមន្ត្រីអន្តោប្រវេសន៍ប្រចាំទីនោះ បានអនុញ្ញាតឲ្យចូលទឹកដីអង់គ្លេស ដោយមិនមានបញ្ហាអ្វីធំដុំឡើយ។ 

Neymar ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំ របស់ក្លឹបអ្នកមានបុណ្យ FC Barcelona

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា ថ្វីបើ Neymar មិនមានលិខិតឆ្លងដែន យ៉ាងណាក្តី តែរូបគេក៏បានប្រគល់ នូវឯកសារបញ្ជាក់សំខាន់ៗមួយចំនួន រួមទាំងប័ណ្ណស្នាក់នៅ ក្នុងប្រទេសអេស្ប៉ាញ របស់គេទៀតផង ហេតុដូច្នេះហើយទើប ក្រុមមន្ត្រីអន្តោប្រវេសន៍ ដែលត្រូវបានគេដឹងថា ជាអ្នកគាំទ្រដ៏ខ្លាំងក្លា របស់កីឡាកររូបនេះ សម្រេចចិត្តឲ្យរូបគេ ធ្វើដំណើរចូលក្នុងទឹកដី នៃចក្រភពអង់គ្លេស ជាលក្ខណៈលើកលែងពិសេសមួយ។

មុននឹងធ្វើដំណើរចាកចេញពីព្រលានយន្តហោះ កីឡាករវ័យ២៤ឆ្នាំ ដែលអាចរកប្រាក់ចំណូលបាន ជាង១១ម៉ឺនដុល្លារ ក្នុងមួយសប្តាហ៍ រូបនេះ បានថតរូបរួមគ្នា ជាមួយនឹងក្រុមមន្ត្រីអន្តោប្រវេសន៍ទាំងនោះផងដែរ ហើយក្រោយមក Neymar ក៏យករូបថតនោះទៅបង្ហោះ នៅលើបណ្តាញសង្គម ដោយអមជាមួយនឹងពាក្យ មួយឃ្លាថា “បងប្អូន”។

Neymar ថតរូបជាមួយនឹង មន្ត្រីអន្តោប្រវេសន៍ ដែលត្រូវជាអ្នកគាំទ្រ ដ៏ខ្លាំងក្លារបស់គេ

ជុំវិញករណីនេះដែរ អ្នកនាំពាក្យឲ្យកីឡាករ Neymar បានប្រាប់ឲ្យដឹងថា “ក្រុមមន្ត្រីអន្តោប្រវេសន៍ បានធ្វើការបញ្ជាក់នូវនីត្យានុកូលភាព ទៅលើអត្តសញ្ញាណប័ណ្ណ របស់ Neymar ហើយ១៥នាទីក្រោយមក ពួកគាត់ក៏បានអនុញ្ញាតឲ្យ Neymar អាចចាកចេញបាន”។ តែយ៉ាងណាមិញ រឿងរ៉ាវមួយនេះ ក៏បានបង្កឲ្យមានភាពភ្ញាក់ផ្អើល យ៉ាងខ្លាំង និងការលើកឡើងផ្សេងៗគ្នាផងដែរ ពីសំណាក់មនុស្សជាច្រើន ជាពិសេសគឺអ្នកនិយម ប្រើប្រាស់អ៊ិនធើណេត ផ្ទាល់តែម្តង។

គូសបញ្ជាក់ផងដែរថា បើតាមការបញ្ជាក់ពីប្រភពរបាយការណ៍ បានបង្ហាញថា នៅក្នុងករណីលើកឡើង ជនដែលមិនមានសញ្ជាតិអ៊ឺរ៉ុប អាចត្រូវបានអនុញ្ញាតឲ្យ ចូលក្នុងទឹកដី ចក្រភពអង់គ្លេស ដោយមិនមានលិខិតឆ្លងដែនបាន ក្រោយពីគេ ត្រូវបានទទួលការត្រួតពិនិត្យ និងការបញ្ជាក់ទៅលើ អត្តសញ្ញាណរបស់គេសិន៕ 

កីឡាករបាល់ទាត់ ដ៏ល្បីនៃក្រុមជម្រើសជាតិប្រេស៊ីល Neymar JR.

ប្រភព៖ ដេលីម៉េល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]