ភ្នំពេញ ៖ ទីតាំងលក់ទំនិញ គ្រឿងទេស មួយកន្លែងស្ថិតនៅមុខមន្ទីរ ពេទ្យកាល់ម៉ែត តាមបណ្ដោយផ្លូវលេខ៨៤ កែងផ្លូវព្រះមុនី វង្ស ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ ត្រូវ បានគេរាយការណ៍ បាននិងកំពុងយកចិញ្ចើម ផ្លូវបម្រើអាជីវកម្មរបស់ខ្លួន ដោយសារតែ ម្ចាស់ទំនិញរូបនេះ អាងមាន មន្ដ្រីធ្វើការ នៅសាលាខណ្ឌដូនពេញ  ។

ប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់ទីតាំង លក់គ្រឿងទេសផ្សេងទៀត ដែលស្ថិតនៅ ក្បែរនោះ ត្រូវបានកម្លាំងសណ្ដាប់ធ្នាប់របស់ ខណ្ឌដូនពេញ ដឹកនាំដោយលោកគឹម វត្ថា ដេញអស់ហើយ ដើម្បីរក្សាសណ្ដាប់ធ្នាប់នៅ តាមដងផ្លូវធំ ប៉ុន្ដែដោយឡែកទីតាំងលក់ គ្រឿងទេសខាងលើនេះ គឺនៅបន្ដអាជីវកម្ម របស់ខ្លួនដដែលធ្វើឱ្យពិបាកធ្វើដំណើររបស់ ប្រជាពលរដ្ឋឆ្លងកាត់ទីនេះ ។
ប្រភពព័ត៌មានបានបន្ដថា សម្រាប់អាជីវករលក់កំប៉ិចកំប៉ុក ដូចជានំ ឆាខ្វៃ នៅម្ដុំនោះ គឺគេសង្កេតឃើញ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ចុះមកដេញ ព្រោងព្រាត ប៉ុន្ដែកន្លែងលក់ដូរខាងលើនេះ បែរជាបន្ដអាជីវកម្មដដែល ។ ដូច្នេះអភិបាលខណ្ឌដូនពេញ លោកសុខ សម្បត្ដិ ជួយពិនិត្យមើល បញ្ហានេះផងដែរ ។

ជាមួយគ្នានេះ នៅក្បែរស្ដង់លក់គ្រឿង ទេសនោះ គឺហាងគុយទាវ បាយឆាមួយ កន្លែង ដែលស្ថិតនៅលើចិញ្ចើមផ្លូវ ក៏មិនឃើញខាងសណ្ដាប់ ធ្នាប់ខណ្ឌចុះទៅដេញដែរ ទំនងផ្ដល់លាភសក្ការៈខ្លះៗដល់កម្លាំងសណ្ដាប់ធ្នាប់និងអាជ្ញាធរខណ្ឌ៕

ដោយៈ ដើមអម្ពិល (DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]