(ភ្នំពេញ)៖ «ក្រោយបញ្ចប់ការប្រកួតជម្រុះទ្វីបអាស៊ី នៅហ្វីលីពីន តាមការវាស់ស្ទង់សមត្ថភាពកីឡាការិនីទាំង ១៦នាក់ ដែលដណ្ដើមបានសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិក(Olympic Games) ឆ្នាំ២០១៦ លើប្រភេទទម្ងន់ ៦៧គីឡូក្រាមឡើង វិរៈកីឡាការិនី ស៊ន សៀវម៉ី មានប្រៀបជាងដៃគូប្រកួត ៦នាក់ ដែលត្រូវជួបគ្នាក្នុងជុំផ្ដាច់ព្រ័ត្រនៅទីក្រុង Rio ប្រទេសប្រេស៊ីល» ។ នេះជាការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ។

លោក វ៉ាត់ ចំរើន បានលើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយកីឡាការិនី ស៊ន សៀវម៉ី មុននឹងចេញដំណើរទៅហ្វឹកហាត់នៅសាធារណរដ្ឋកូរ៉េ កាលពីពេលថ្មីៗកន្លងទៅ ។ លោកថា ការប្រកួតកីឡា Olympic Games ដែលធ្វើឡើងនៅប្រទេសប្រេស៊ីល នាខែសីហាខាងមុខនេះ សម្រាប់វិញ្ញាសាកីឡាតេក្វាន់ដូទម្ងន់លើស ៦៧គីឡូក្រាមនារី មានកីឡាការិនី ១៦នាក់ប៉ុណ្ណោះចូលរួម ប៉ុន្ដែមិនមានវត្តមានកីឡាការិនីកូរ៉េចូលរួមក្នុងប្រភេទទម្ងន់នេះឡើយ ។

ការអវត្តមានកីឡាការិនីកូរ៉េ គឺជាក្ដីសង្ឃឹមមួយ សម្រាប់កីឡាការិនី ស៊ន សៀវម៉ី ឆ្ពោះទៅរកមេដាយជូនជាតិ ប៉ុន្ដែក៏មានកីឡាករលេខ១ ឬលេខ២ កម្រិតពិភពលោក ពិសេសគឺកីឡាការិនីចិនតែម្ដង ក៏ចូលរួមផងដែរ ។ ហេតុនេះ សៀវម៉ី ត្រូវតែមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនឲ្យបានល្អបំផុត ទើបទទួលបានលទ្ធផលល្អប្រសើរ បើទោះបីគេមានកម្រិតសមត្ថភាពលើគូប្រកួតរបស់ខ្លួនមួយចំនួនក៏ដោយ ។ លើសពីនេះ សៀវម៉ី ក៏ត្រូវបំប៉ន់ការហ្វឹកហាត់កម្លាំងកាយឲ្យបានខ្លាំង ដើម្បីត្រៀមការប្រកួតដ៏សំខាន់នេះផងដែរ ។

អគ្គលេខាធិការ NOCC រូបនេះបានបញ្ជាក់ទៀតថា នៅក្នុងការប្រកួតកីឡាតេក្វាន់ដូនៃព្រឹត្តិការណ៍ Olympic Games ឆ្នាំ២០១៦នេះ វិរៈកីឡាការិនី ស៊ន សៀវម៉ី ត្រូវការឈ្នះ ៣ប្រកួតជាប់គ្នា ទើបឡើងវគ្គផ្ដាច់ព្រ័ត្រ ពោលគឺកីឡាការិនីឆ្នើមកម្ពុជារូបនេះ ត្រូវឆ្លងកាត់ការប្រកួតជម្រុះ ១/៨ផ្ដាច់ព្រ័ត្រ, វគ្ក ១/៤ផ្ដាច់ព្រ័ត្រ និងវគ្គ ១/២ផ្ដាច់ព្រ័ត្រ ប៉ុន្ដែប្រសិនបើ សៀវម៉ី ធ្វើបានសម្រេចក្នុងវគ្គ ១/២ផ្ដាច់ព្រ័ត្រ នាងនឹងទទួលបានកៅអីវគ្គផ្ដាច់ព្រ័ត្រ រួមទាំងមេដាយប្រាក់ ដោយស្វ័យប្រវត្តិតែម្ដង ៕ 

ប្រភព៖ khmertalking

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា ថ្ងៃទី៣ ខែឧសភា មានវិរៈកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ត្រូវបានស្ថាប័នកីឡាអូឡាំពិកអន្ដរជាតិយកចិត្តទុកដាក់ និងចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីនាងដណ្ដើមបាន មេដាយមាស និងសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិកជាផ្លូវការ លើកដំបូង នៅប្រទេសប្រេស៊ីល ក្នុងឆ្នាំ២០១៦នេះ ។ នៅព្រឹកថ្ងៃទី០៣ ខែឧសភានេះ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្ដែងការគួរសមក្រុមអ្នក សារព័ត៌មានកីឡាអូឡាំពិកអន្ដរជាតិ (Opympic Channel) ដើម្បីផ្សព្វផ្សាយពីដំណើរវិវត្តន៍របស់កីឡាការិនី ស៊ន សៀវម៉ី ឆ្ពោះទៅប្រកួតកីឡាអូឡាំពិក នៅទីក្រុង Rio ប្រទេសប្រេស៊ីល នាខែសីហាខាងមុខនេះ ។

នៅក្នុងជំនួបសម្ដែងការគួរសមនេះ លោករដ្ឋមន្ដ្រី ថោង ខុន ក៏បានពិភាក្សាលើប្រធានបទសំខាន់ៗមួយទៀត ជុំវិញបរិបទនៃភាពរីកចម្រើនលើវិស័យកីឡាកម្ពុជាបច្ចុប្បន្ន ប៉ុន្ដែប្រធានបទសំខាន់ ដែលក្រុមអ្នកសារព័ត៌មានអូឡាំពិកអន្ដរជាតិ ចង់ដឹងបំផុត គឺទាក់ទងនឹងកីឡាការិនី ស៊ន សៀវម៉ី ចំពោះការត្រៀមខ្លួន ដើម្បីបន្ដចូលរួមប្រកួត កីឡាំអូឡាំពិក ។

យ៉ាងណាមិញក្រុមអ្នកសារព័ត៌មានអន្ដរជាតិខាងលើ ក៏បានសម្ដែងពីការចាប់អារម្មណ៍ ចំពោះសមត្ថភាពរបស់កីឡាការិនី ស៊ន សៀវម៉ី និងភាពរីកចម្រើននៃវិស័យ កីឡាកម្ពុជាបច្ចុប្បន្នផងដែរ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ន សៀវម៉ី