ស្វីស៖ សមរភូមិវគ្គផ្តាច់ព្រ័ត UEFA Europa League បានបញ្ចប់ទៅដោយក្រុម Sevilla ក្លាយជាជើងឯក៣ឆ្នាំជាប់ៗគ្នា ក្រោយពីបំបាក់ក្រុម Liverpool ៣-១ ក្នុងទឹកដី St Jakob-Park នៃទីក្រុង Basel ប្រទេសស្វីស កាលពីយប់មិញនេះ។

ក្នុងនោះកីឡាករ Coke ស៊ុតបាន២គ្រាប់ជួយឲ្យ Sevilla ក្លាយជាជើងឯកពានរង្វាន់នេះជាលើកទី៥។

តង់ទី១ ក្រុមហង្សក្រហម Liverpool បាននាំមុខមុនដោយកីឡាករ Daniel Sturridge នៅក្នុងនាទី៣៥ ដែលធ្វើឲ្យក្រុមមានសង្ឃឹម ប៉ុន្តែចូលដល់ការប្រកួតតង់ទី២ មិនទាន់បានមួយនាទីស្រួលបួលផង Sevilla បានតាមយកស្មើវិញ ដោយកីឡាករ Kevin Gameiro ដោយមានកីឡាករ Mariano ជាអ្នកបញ្ជូនបាល់ឲ្យស៊ុត។ នៅនាទី៦៤ Coke បានស៊ុតបញ្ចូលទីជួយឲ្យ Sevilla នាំមុខវិញ។ ៦នាទីបន្ទាប់ គ្រាប់ទីពីរ នៅនាទី៧០ កីឡាករ Coke ដដែល បានស៊ុតថែមបានមួយគ្រាប់ទៀតបញ្ចប់ក្តីសង្ឃឹមរបស់ Liverpool តែម្តង។

ការបរាជ័យរបស់ Liverpool យប់មិញនេះមានន័យថា ពួកគេនឹងគ្មានឱកាសទៅប្រកួតយកពានរង្វាន់ UEFA Champion League និង Europa League នៅរដូវកាលក្រោយបានទេ។

ចំនែកឯ Sevilla វិញ បានបង្កើតកំនត់ត្រាថ្មី ដែលជាក្លិបដំបូងគេ ដែលឈ្នះពានរង្វាន់ Europa League ៣ឆ្នាំជាប់ៗគ្នា ពោលគឺ ២០១៤, ២០១៥, និង ២០១៦ ហើយគឺជាក្លិបដែលឈ្នះពានរង្វាន់នេះ ចំនួន៥លើក ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយផងដែរ។

គួរបញ្ជាក់ផងដែរថា ការប្រកួតយប់មិញ ធ្វើឲ្យ Liverpool និងអ្នកគាំទ្រមិនពេញចិត្តដោយសារតែ ការសំរេចចិត្តរបស់អាជ្ញាកណ្តាលមានភាពលំអៀង ដោយបាល់ប៉ះដៃកីឡាករ Sevilla ចំនួន៣ដង នៅក្នុងតំបន់គ្រោះថ្មាក់ ដែលគួរតែបានផ្តល់នូវបាល់ប៉េណាល់ទី ប៉ុន្តែបែរជាគ្មានការអើពើពីអាជ្ញាកណ្តាលទៅវិញ។ ទោះជាយ៉ាងណាក៏ដោយ ការប្រកួតត្រូវតែគោរពនូវសិទ្ធិសំរេចចិត្តរបស់អជ្ញាកណ្តាល ដោយមិនអាចប្រកែកបាន៕ 

ប្រភព៖ Skysports

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]