ចិន ៖ បុរសម្នាក់កំពុងតែ ធ្វើឲ្យមហាជនជាច្រើន លើបណ្តាញអីុនធឺណែត មានការចាប់អារម្មណ៍ និងងឿងឆ្ងល់ជាខ្លាំង ខណៈដែលពីរូបគាត់ បានបើកឡានដ៏ទំនើប តម្លៃរាប់សែនដុល្លារទៅធ្វើការ តែការងារ ឬតួនាទីត្រឹមតែជាអ្នកបើករថយន្តក្រុងទៅវិញ។

នេះបើយោងតាមប្រភពសារព័ត៌មាន NetEase បានឲ្យដឹងថា រូបថតជាច្រើនសន្លឹក ត្រូវបានបង្ហោះចូល ទៅក្នុងបណ្តាញទំនាក់ទំនងសង្គម Weibo របស់ចិន ហើយមានការចាប់អារម្មណ៍ជាច្រើន ពីសំណាក់អ្នកនិយមលេងអីុនធឺណែត ដោយសារតែបុរសដែលមិនស្គាល់អត្តសញ្ញាណម្នាក់ ការងារត្រឹមតែជាអ្នកបើកបររថយន្តក្រុងសាធារណៈ តែបែរជិះសុទ្ធតែរថយន្តទំនើបៗទៅធ្វើការ។

ប្រភពបន្តថា បុរសខាងលើជាបុគ្គលម្នាក់បិទបាំង ពីអត្តសញ្ញាណពិតរបស់ខ្លួន មិនបង្ហាញឲ្យគេដឹងថា ខ្លួនជាបុគ្គលដែលមានទ្រព្យហូរហារក្នុងម៉ោងធ្វើការឡើយ។ គាត់ធ្វើខ្លួនសាមញ្ញៗធម្មតាដូចអ្នកដទៃទៀត។ ដោយឡែកមានថ្ងៃខ្លះ រូបគាត់បានជិះរថយន្តទំនើបតម្លៃរាប់សែនដុល្លារម៉ាក Lamborghini Gallardo ពណ៌លឿង ជួនពេលខ្លះជិះរថយន្តម៉ាក Audi R8 ពណ៌ខៀវ ដើម្បីទៅធ្វើការ ដោយមិនខ្វល់ថានរណាគិតពីគាត់យ៉ាងណានោះឡើយ។

ប្រភពដដែលបានលើកឡើងទៀតថា បុរសខាងលើនេះ ក៏ជាសមាជិកនៅក្នុងក្រុមពួកអ្នកលេងស៊េរីរថយន្តទំនើបៗ នៅក្នុងទីក្រុងផងដែរ ដែលគេសន្មត់បានថា កាលនៅក្លឹបកម្សាន្តលើកមុន ដែលមានភ្ញៀវចេញចូលសុទ្ធតែស៊េរីអ្នកមានទ្រព្យ ជិះរថយន្តរបស់ខ្លួនមកចតនៅមុខក្លឹប បណ្តាលឲ្យស្ទះគេស្ទះឯង ដោយជួលតារាម៉ូដែលបរទេសមកដើរថតកាច់រាងលើកម្រាលព្រំក្រហមនោះ ក៏គេស្គាល់ថាជារថយន្ត Lamborghini ពណ៌លឿង របស់គាត់ផងដែរ។

យ៉ាងណាមិញអ្នកលេងបណ្តាញសង្គមជាច្រើន បានការងឿងឆ្ងល់ជាខ្លាំង ដោយអ្នកខ្លះបញ្ចេញទស្សនៈថា «ស៊េរីរថយន្តទាំងអស់នោះ មានតម្លៃថ្លៃកប់ពពក ឆ្ងល់ណាស់តើគាត់បានលុយពីណាមកទិញវា?»។

«ឲ្យឡាន២គ្រឿងហ្នឹងមកខ្ញុំមក ហើយខ្ញុំនឹងទៅធ្វើអ្នកបើកឡានក្រុងដែរ»

«បុរសម្នាក់នេះ គួរតែដាក់ពាក្យលាឈប់ពីការងារ ព្រោះថាការងារនោះវាទុកសម្រាប់អ្នកដែលត្រូវការវាតែប៉ុណ្ណោះ បើមានលុយឡានហើយ ចាំបាច់ទៅធ្វើការចឹងធ្វើអី» ។

គួរបញ្ជាក់ដែរថា យ៉ាងណាមិញ ពុំមានប្រភពច្បាស់លាស់ណាបង្ហើបឲ្យដឹងច្បាស់ ទាក់ទងទៅនឹងប្រវត្តិ ពិតប្រាកដរបស់បុរសខាងលើម្នាក់នោះនៅឡើយទេ ៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ? 

ប្រភព៖ Shanghaiist

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកដែរថា ទាក់ទងនិងរឿងបុរសខាងលើនេះដែរ ក្លឹបកម្សាន្តនៅចិនមួយកន្លែង កំពុងតែធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍ និងល្បីពេញអីុនធឺណែតផងដែរ។

បើតាមប្រភព បានឲ្យដឹងថា ជាងមួយសប្តាហ៍ទៅហើយ ដែលក្លឹបកម្សាន្តដ៏ប្រណិតនៅចិនមួយកន្លែង មានភ្ញៀវចេញចូល សុទ្ធតែស៊េរីអ្នកមានទ្រព្យ ជិះសុទ្ធតែរថយន្តម៉ាកទំនើបៗ ដែលត្រូវចតចោលនៅលើចិញ្ចើមផ្លូវមុខក្លឹប ហើយថែមទាំងមានក្រាលសុទ្ធតែកម្រាលព្រុំក្រហមតាមច្រកចូលផងដែរ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺថាម្ចាស់ក្លឹបខាងលើបានជួលនារីម៉ូដែលបរទេសពីររូប តែងខ្លួនក្នុងឯកសណ្ឋានជាប៉ូលិសស្រី យ៉ាងស្រស់សោភាឲ្យដើរលើកម្រាលព្រំក្រហម ហើយដើរម៉ូតថតកាច់រាងដាក់ថយន្តរបស់ភ្ញៀវ ដែលបានអញ្ជើញមកលេងក្លឹបកម្សាន្តខាងលើ ដែលមើលទៅហាក់បីដូចជា ថតស្ពតផ្សាយពាណិជ្ជកម្មផលិតផលរថយន្តយ៉ាងដូច្នោះដែរ ដែលជាហេតុបង្កធ្វើឲ្យមនុស្សម្នាជាច្រើន ទាំងក្មេង ទាំងចាស់ចោមរោមឈរទស្សនាការសម្តែងរបស់កញ្ញាៗ ដ៏ស្អាតស៊ិចស៊ីរហូតដល់ថ្នាក់ស្ទះចរាចរណ៍កកកុញពេញដងផ្លូវផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]