(ភ្នំពេញ)៖ រហូតមកដល់បេលនេះ ដំណឹងនៃហេតុការណ៍គ្រោះថ្នាក់ចរាចរ ដែលគេសង្ស័យថា បង្កឡើងដោយតារាចម្រៀង ល្បីឈ្មោះមួយដួង ក្នុងស្រទាប់យុវវ័យ គឺលោក ប៉ុន សុណារិន្ទ ហៅ ខេម កំពុងតែសាយភាយល្បីសុះសាយ ពេញផ្ទៃប្រទេស ជាពិសេសក្នុងបណ្ដាញសង្គម Facebook ខណៈដែលអ្នកតំណាងក្នុងផលិតកម្ម ថោន ក៏បានអះអាងថា រហូតមកដល់ពេលនេះ ខ្លួនមិនអាចទំនាក់ទំនង​ ទៅកាន់តារាចម្រៀង ខេម បាននៅឡើយទេ ដើម្បីចង់ដឹងពីស្ថានភាព និងសង្គ្រោះមុខរបួសជាដើម ។

លោក មាស សុខរតនៈ អ្នកគ្រប់គ្រងទូទៅ ប្រចាំក្នុងផលិតកម្ម ថោន ដែលជាផលិតកម្ម ផលិតបទចម្រៀងកំពុងពេញនិយម បានប្រាប់ Khmertalking នៅមុននេះ​បន្តិចថា លោកបានទទួលដំណឹងថា តារាចម្រៀង ខេម និងស្រ្តីម្នាក់ទៀត ជួបគ្រោះថ្នាក់ចរាចរ បើករថយន្តបុកមនុស្សស្លាប់ ប៉ុន្តែរហូតមកដល់ពេលនេះ ​លោកមិនទាន់អាចទំនាក់ទំនង ទៅកាន់ តារាចម្រៀង ខេម បាននៅឡើយទេ ។

លោក មាស សុខរតនៈ និយាយ« បាទអូន..! បងបានដឹងរឿងនេះហើយ ប៉ុន្តែបងបានទាក់ទងទៅ ខេម ដែរ តែអត់ចូលសោះអូន..! រហូតមកដល់ពេលនេះ បងក៏អត់ទាន់ដឹងថា ខេមយ៉ាងម៉េចទេ បើទូរស័ព្ទអត់ចូលចឹងនោះ..» ។

សូមបញ្ជាក់ថា បុរសម្នាក់បានស្លាប់ ដោយគៀបជាប់នៅក្នុងរថយន្ត ដោយសារតែបើករថយន្តបុក ជាមួយនឹងរថយន្តស៊េរីទំនើប ១គ្រឿងទៀត ម៉ាក RANGE ROVER ដែលត្រូវបានគេស្គាល់ថា ជារបស់តារាចម្រៀងល្បីមួយរូប ដែលគេសង្ស័យថា ជាតារាចម្រៀង ខេម និងជាអ្នកបើកផងដែរ ដោយបើកក្នុងទិសដៅបញ្ច្រាសគ្នា រួចក៏បុកគ្នា ចំពីមុខពេញទំហឹងតែម្តង។ ក្រោយពីបើកបុកស្លាប់ បុរសម្នាក់ហើយ តារាចម្រៀងរូបនោះ បាននាំស្រីស្នេហ៍រត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើង នៅម៉ោង១២៖៤០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខឃ្លាំង ស្ថាននីយប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ។ បុរសជាជនរងគ្រោះមានឈ្មោះ លី ការីម អាយុ៣១ឆ្នាំ ជាបុគ្គលិកធនាគារអម្រិត ស្នាក់នៅក្នុងភូមិ គីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ។

ប្រភពព័ត៌មានជុំវិញកន្លែង កើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្តសេរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-9987 បើកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង និងមានរថយន្ត១គ្រឿងទៀត ម៉ាក Celica ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5575 បើកក្នុងល្បឿន​លឿន ដូចគ្នាទិសដៅបញ្ច្រាសគ្នា ពេលមកដល់ចំណុចកើតហេតុបានបុកគ្នា ចំពីមុខពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ដែលជាម្ចាស់ Celica ស្លាប់គៀបជាប់ក្នុងរថយន្ត។

ប្រជាពលរដ្ឋឃើញហេតុការណ៍ បាននិយាយថា អ្នកបើករថយន្ត Range Rover ត្រូវបានគេស្គាល់ថា ជាតារាចម្រៀងមួយរូប អាចជាតារាចម្រៀង ខេម និងរួមដំណើរដោយនារី ស្រស់ស្អាតម្នាក់ទៀត បានចុះមកពីលើរថយន្ត រួចគេចខ្លួនបាត់ រីឯរថយន្តទាំង២គ្រឿង រងការខូចខាតផ្នែកខាង មុខយ៉ាងដំណំ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានទៅដល់កន្លែងកើតហេតុ និងសហការជាមួយជំនាញ ធ្វើការវាស់វែងស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

ប្រភព៖ Khmer Talking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]