(ភ្នំពេញ)៖ អ្នកនាង សុខ សោម៉ាវត្តី កំពូលតារាសម្តែងស្រីឆ្នើមមួយរូបនៅកម្ពុជា និងមានចរឹតក្រម៉ិចក្រម៉ើម គួរឲ្យក្នក់ក្នាញ បានប្រកាសថា ខ្លួនជាមនុស្សទទេស្អាត (នៅលីវ) ខណៈគ្មានដំណឹងថា លែងលះស្វាមី ជាផ្លូវការនៅឡើយ។ ការប្រកាស របស់តារាសម្ដែងកំពុងត្រូវប៉ាន់តួឯក ស្ទើរគ្រប់រឿង យ៉ាងភ្ញាក់ផ្អើល ពីសំណាក់អ្នកនាង សុខ សុម៉ាវត្តី បែបនេះ បានធ្វើឡើង នៅក្នុងពិធីបើកសម្ពោធខ្សែភាពយន្ត មួយមានចំណងជើងថា «អ្នកនាងម្ចាស់ឡឺកឺ» កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងរោងភាពយន្ត លេជេន Cinema ទួលគោក រាជធានីភ្នំពេញ ។

តារាសម្តែងកូនមួយ ហាក់មិនខ្លាចនឹងមានឈ្មោះជាស្រ្តីមេម៉ាយ ចំណាយមាត់ញាតិ អ្នកនាង សុខ សោម៉ាវត្តី បានប្រាប់អ្នកសារព័ត៌មានថា« ថ្ងៃនេះ នាងខ្ញុំចាត់ទុកថា ជាលើកទី១ហើយ ដែលនាងខ្ញុំ និយាយពីរឿងគ្រួសារ ប្រាប់អ្នកសារព័ត៌មាន ប៉ុន្តែមិនឲ្យសួរច្រើនទេ ខ្ញុំប្រកាសខ្លួនឯងថា ខ្ញុំនៅលីវ ប៉ុន្តែមិនឲ្យសួរច្រើនទេ..!»។

កន្លងមកជីវិតគ្រួសារ របស់អ្នកនាង សុខ សុម៉ាវត្តី ត្រូវបានគេដឹងថា មានភាពរកាំរកូសជាមួយនឹងស្វាមី រយៈពេល ជាងកន្លះមកឆ្នាំហើយ ។ ព័ត៌មានខ្លះបានបញ្ជាក់ឲ្យដឹងថា អ្នកនាង សុខ សុម៉ាវត្តី បានរស់នៅផ្ទះផ្សេងគ្នាជាមួយស្វាមី និងអ្នកខ្លះថា អ្នកទាំងពីរ គឺបានលះលែងគ្នារួចហើយ។ ប៉ុន្តែមិនមានការប្រកាសជាផ្លូវការថា អ្នកនាង សុខ សោម៉ាវត្តី លះលែងស្វាមីឲ្យពិតប្រាកដឡើយ ពោលគឺមានតែពាក្យចចាមអារ៉ាម និងការអង្កេតឃើញពីសំណាក់មហាជនថា នាងដើរទៅណាមកណាតែម្នាក់ឯង។

ស្រីស្រស់មានផែនថ្ពាល់រលោង អ្នកនាង សុខ សោម៉ាវត្តី បានរៀបអាពាហ៍ពិពាហ៍ជាមួយ លោក ទូច សុខណារ៉ា ហៅពេជ្រ បច្ចុប្បន្នជាស្នងការរងខេត្តមណ្ឌលគីរី និងជាកូនប្រុសបង្កើត របស់ លោក ទូច ណារ៉ុថ អតីតស្នងការនគរបាលរាជធានីភ្នំពេញ។ ក្រោយរៀបការហើយ អ្នកនាង សុខ សោម៉ាវត្តី និងស្វាមីទទួលបាន នូវចំណងដៃអាពាហ៍ពិពាហ៍ កូនស្រីមួយ ដោយបច្ចុប្បន្ននេះ កូនស្រីរបស់ពួកគេ មានអាយុជិត២ឆ្នាំហើយ៕ 

ប្រភព៖ khmertalking

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ២០១៦ តារាស្រីកូនមួយ អ្នកនាង សុខ សោម៉ាវត្តី ពេលនេះកំពុងតែមមាញឹក សើមមាត់សើមក ជាមួយនិងអាជីពជាតារាសម្តែង ដោយនាងត្រូវបានផលិតកម្ម ក្នុងស្រុកជាច្រើន បានទាក់ទងឲ្យថតរឿង ដោយតម្រូវឲ្យនាង ដើរជាតួឯកស្រី ដែលមានចរិកក្រមិចក្រមើម ។

តារាសម្តែង និងជាពិធីការិនី រូបស្អាតអ្នកនាង សុខ សោម៉ាវត្តី គឺជាតារាស្រីមួយដួង ដែលមានទេពកោសល្យ ក្នុងការសម្តែងជាតួក្រមិចក្រមើម ទាំងកាយវិការនិងសម្តី គឺពិតជាកំប្លែងទាក់ទាញ អ្នកទស្សនាជាច្រើន ចាប់អារម្មណ៍លើនាង និងមានការសរសើរលើសមត្ថភាព ក្នុងការសម្តែងរបស់នាងថា គួរឲ្យស្រលាញ់ហើយនាង ក៏ជាតារាស្រីមួយដួង ដែលវ៉ាដាច់ តារាសម្តែងស្រីឯទៀត ក្នុងការកាន់តំណែង ជាតួឯកក្រមិចក្រមើម ។

មានរឿងជាច្រើនដែលតារាសម្តែង នាង សុខ សោម៉ាវត្តី បានទទួលសម្តែង ដោយសុទ្ធសឹងតែទទួល បានជោគជ័យ និងការកោតសរសើរពីសំណាក់ ទស្សនិកជន យ៉ាងច្រើន ដែលមានដូចជារឿង «ប្រពន្ធខ្ញុំឆ្នាំខ្លា», «អ្នកនាងម្ចាស់ឡឺកឺ», «ភូមិខ្ញុំស្រស់ឆើតឆាយ» រួមជាមួយរឿងជាច្រើនទៀត ដែលនាងបានសម្តែង ជាតួក្រមិចក្រមើម ហើយទទួលបានជោគជ័យខ្លាំង ។

នៅក្នុងចំណោម តារាសម្តែងល្បីឈ្មោះ ដែលសម្តែងជាតួឯកក្រមិចក្រមើម បានយ៉ាងល្អហើយទទួល បានជោគជ័យខ្លាំងនោះ ក្រៅពីតារាសម្តែងស្រី នាង សុខ សោម៉ាវត្តី គឺមានតែអតីតតារាសម្តែង សម្បុរខ្មៅស្រអែម នាង សារាយ សក្ខណា តែប៉ុណ្ណោះ ព្រោះថាតារាសម្តែងពីរនាក់នេះ គឺមានទេពកោសល្យពូកែ ខាងសម្តែងកំប្លុកកំប្លែង ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី