ស្ត្រីជាម្តាយចុងដ៏ឃោរឃៅម្នាក់ត្រូវបានតុលាការ សម្រេចឃុំខ្លួនដាក់ពន្ធនាគាររង់ចាំការបើកសវនាការ នាពេលខាងមុខ ពីបទធ្វើទារុណកម្មលើកូនស្រីអាយុ៧ឆ្នាំដោយគ្មានក្តីមេត្តា ។ ទីបំផុតទឹកភ្នែកកុមារីម្នាក់ជាកូនចុង ដែលហូរស្ទើរខ្សោះទៅហើយនោះ ត្រូវបានសង្គ្រោះដោយអ្នកជិតខាង ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន ។

ស្ត្រីចិត្តឫស្សានេះ ឈ្មោះយឿម ផល្លា អាយុ២១ឆ្នាំ រស់នៅភូមិស្រីឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះវិហារ ឃាត់ខ្លួន ខណៈស្ត្រីជាម្តាយចុងរូបនេះ បានប្រើអំពើហិង្សាវាយដំច្រំធាក់ លើកុមារីជាកូនចុងឈ្មោះដន សុគន្ធា អាយុ៧ឆ្នាំ ជាំរៀងរាល់ថ្ងៃ ។ ទារុណកម្មនេះធ្វើឱ្យអ្នករស់នៅជិតខាង មិនអាចទ្រាំបិទភ្នែកបានឡើយដែលម្តាយចុងរូបនេះ វាយដំធ្វើបាបកូនចុង ខណៈឪពុកមិននៅផ្ទះ ។ រហូតដល់កុមារីបាក់កម្លាំងស្លេកស្លាំង និងមើលទៅលើដងខ្លួនកុមារីរូបនេះឃើញ តែស្នាមជាំពេញខ្លួនស្ទើរគ្មានសល់សាច់ ក៏បានទៅរាយការណ៍ដល់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត និងមន្ទីរកិច្ចការនារីខេត្តដើម្បីមានវិធានការសង្គ្រោះ ។

សមត្ថកិច្ចកងរាជអាវុធហេត្ថខេត្តបាន ឃាត់ខ្លួនស្ត្រីជាម្តាយចុងឈ្មោះយឿម ផល្លា នៅវេលាម៉ោង៤រសៀលថ្ងៃទី១៩ សីហា បន្ទាប់ពីទទួលបានដីកានាំខ្លួនពីសាលាដំបូងខេត្ត ក្នុងបណ្តឹងអាជ្ញាមួយរបស់មន្ទីរកិច្ចការនារីខេត្ត បាននាំខ្លួនទៅកាន់បញ្ជាការដ្ឋានអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមផ្លូវច្បាប់ ។

បើតាមសាក្សីជាប្រជាពលរដ្ឋរស់នៅជិតខាង លោកស្រី ជា ពុទ្ធី បានរៀបរាប់ឱ្យកោះសន្តិភាពដឹងថា ហេតុការណ៍ដែលស្ត្រីជាម្តាយចុងឈ្មោះយឿម ផល្លា ធ្វើបាបកុមារីជាកូនចុងនេះ គឺបានប្រព្រឹត្តជាយូរថ្ងៃណាស់មកហើយ តែគាត់ជាអ្នកជិតខាងមិនហា៊នប្រាប់ឱ្យឪពុករបស់កុមារីរងគ្រោះដឹងទេ ដោយមិនដឹងថា កុមារីរងគ្រោះនេះជាកូនចុងរបស់ស្ត្រីរូបនេះទៀតផង ។  តែនៅពេលថ្មីៗនេះ គឺថ្ងៃទី១៨ សីហា ចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៥រសៀលអ្នកជិតខាងបានឮសូរតែសំឡេងក្មេងស្រីតូចស្រែកយំ មិនបាត់ទាល់តែសោះ ។ លុះព្រឹកឡើងក្នុងថ្ងៃទី១៩ សីហា រូបគាត់ក៏បានទៅទំនាក់ទំនងជាមួយមន្ទីរកិច្ចការនារីខេត្តដើម្បីមានវិធានការជួយសង្គ្រោះ ។

កញ្ញា សូរ ណារីកា អនុប្រធានមន្ទីរកិច្ចការនារីខេត្ត ដែលបានទៅពិនិត្យដល់កន្លែងកើតហេតុ បានឃើញសភាពដូចសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅជិតខាងប្រាកដមែន ពេលនោះកញ្ញា អនុប្រធានមន្ទីរ ក៏បានដើរតួជាដើមបណ្តឹងអាជ្ញាជំនួសកុមារីជាអនីតិជនទៅសាលាដំបូងខេត្តភ្លាមៗ សុំការឃាត់ខ្លួនស្ត្រីជាម្តាយចុងខាងលើនេះ ។ ដោយឡែកក្មេងស្រីឈ្មោះដន សុគន្ធា ត្រូវកញ្ញា សូរ ណារីកា អនុប្រធានមន្ទីរកិច្ចការនារីនាំយកទៅកាន់មន្ទីរកិច្ចការនារីដើម្បីថែទាំ និងស្រាវជ្រាវអំពីសាវតាជាតិរកម្តាយបង្កើតនៅឯខេត្តសៀមរាប ។ តាមរយៈមន្ទីរកិច្ចការនារីខេត្តសៀមរាប ទើបបានដឹងថា កុមារីរងគ្រោះនេះពិតជាមានម្តាយបង្កើតរស់នៅក្នុងខេត្តសៀមរាបប្រាកដមែន ។ ស្ត្រីជាម្តាយបង្កើតកុមារីរងគ្រោះឈ្មោះទី សាវ៉ន ហៅតឿ អាយុ៣២ឆ្នាំ ត្រូវបានមន្ត្រីមន្ទីរកិច្ចការនារីខេត្តសៀមរាប នាំមកទទួលយកកុមារីរងគ្រោះជាកូនបង្កើតទៅកាន់លំនៅឋាននៅឯខេត្តសៀមរាប វិញ ។

ស្ត្រីជាម្តាយបង្កើតកុមារីរងគ្រោះឈ្មោះទី សាវ៉ន ហៅតឿ បានរៀបរាប់ទាំងទឹកភ្នែកដោយសារខ្លោចចិត្តអាណិតកូនថា ករណីដែលបណ្តាលឱ្យកូនស្រីបង្កើតបានឃ្លាតឆ្ងាយពីខ្លួនជាម្តាយរហូតដល់មានការរងគ្រោះបែបនេះ ក៏ដោយសារជីវភាពរបស់គ្រួសារគាត់ទីទាល់ក្រខ្លាំងពេក ។ ស្ត្រីរូបនេះបន្តថា កាលពី៦ខែមុន ប្តីរបស់គាត់ឈ្មោះដន បានប្រាប់ថា គាត់ចេញទៅរកស៊ីឆ្ងាយ ហើយរូបគាត់ជាប្រពន្ធក៏មិនថាអីទេ រហូតដល់ប្តីរបស់គាត់ចាកចេញពីផ្ទះអស់រយៈពេល៦ខែ ទើបវិលវិញ ។ ក្រោយមកមិនយូរប៉ុន្មានប្តីរូបនេះ បានប្រាប់រូបគាត់ជាប្រពន្ធថា គេចេញទៅរកស៊ីឆ្ងាយទៀតហើយ ដោយសុំយកកូនស្រីមួយទៅជាមួយផង។ គាត់ជាប្រពន្ធមិនដឹងថាប្តីមានប្រពន្ធចុងនោះទេ ក៏ព្រមឱ្យប្តីនាំកូនស្រីមកជាមួយទៅ ។ អស់រយៈប្រហែលជាងមួយខែហើយទើបបានទទួលដំណឹងថា ប្តីមានប្រពន្ធចុង ហើយថែមទាំងវាយធ្វើបាបកូនប្រៀបដូចសត្វធាតុ ។

ស្ត្រីជាម្តាយបង្កើតរបស់កុមារីរងគ្រោះនិយាយរៀបរាប់ទៀតថា គ្រាន់តែឮដំណឹងថា ប្តីមានប្រពន្ធចុង និងថែមទាំងធ្វើបាបកូនរបស់គាត់ដូចសត្វធាតុ រូបគាត់និយាយលែងរួចស្ទើរតែដួលសន្លប់ ។ ចំណែកកុមារីរងគ្រោះនិយាយទាំងមិនទាន់ដឹងក្តីថា រាល់ថ្ងៃម្តាយចុងបានវាយដំលើរាងកាយនាងនៅពេលដែលឪពុកមិននៅផ្ទះដោយប្រើដំបង ឬខ្សែភ្លើង ឬដែក(ដែកព្យួរខោអាវ) វាយហើយជាន់កបោកក្បាលផ្ទុបជញ្ជាំងបណ្តាលឱ្យបែកហូរឈាម មិនតែប៉ុណ្ណោះ បង្អត់បាយទៀត មានថ្ងៃខ្លះឱ្យនាងហូបបាយតែមួយពេលតែប៉ុណ្ណោះ ។

ស្ត្រីជាម្តាយចុងជាប់ចោទនៅចំពោះមុខអយ្យការសាលាដំបូងខេត្ត បានសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សាវាយដំទៅលើកុមារីជាកូនចុងពិតប្រាកដមែន ដោយសារខឹងហើយរកអីមកវាយមិនទាន់ក៏ទាញដែកសម្រាប់ពាក់ខោអាវវាយរហូតដល់បែកសាច់ហូរឈាមក៏មានដែរ ព្រោះទប់ចិត្តមិនបាន ។ ករណីអំពើហិង្សាពីសំណាក់ម្តាយចុងទៅលើកុមារីអាយុ៧ឆ្នាំ ឈ្មោះដន សុគន្ធា ខាងលើនេះ សាលាដំបូងខេត្តព្រះវិហារ បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារហើយ យោងមាត្រា២១៧ និង២១៩ នៃក្រមព្រហ្មទណ្ឌ។

ដោយឡែកបុរសជាប្តីឈ្មោះគុយ ដន មិនត្រូវបានសាលាដំបូងធ្វើការឃាត់ខ្លួនទេ ដោយសំអាងថា ជាឪពុកមិនពាក់ព័ន្ធក្នុងអំពើហិង្សាទេ  តែត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់សាលាដំបូងខេត្ត ដោយឪពុកឈ្មោះគុយ ដន បានប្រាប់សមត្ថកិច្ចថា ខ្លួនរវល់ធ្វើកម្មករសំណង់ ព្រលឹមបាត់ ព្រលប់ឃើញពិតជាមិនដឹងថា កូនត្រូវវាយដំបែបនេះទេ ។

ជុំវិញករណីអំពើហិង្សាខាងលើនេះ តាមប្រវត្តិសង្ខេបឱ្យដឹងថា ឪពុកឈ្មោះគុយ ដន អាយុ២៧ឆ្នាំ មានប្រពន្ធដើមឈ្មោះទី សាវ៉ន ហៅតឿ បានគ្នាជាប្តីប្រពន្ធអស់រយៈកាលជាង១០ឆ្នាំមកហើយ និងមានកូន៣នាក់ ស្រី២នាក់ ហើយកុមារីរងគ្រោះនេះ ជាកូនទី២ ។ ពួកគេរស់នៅឯខេត្តសៀមរាប ម្តុំផ្សារចាស់ ។ ប្តីប្រពន្ធនេះមិនបានលែងលះគ្នាទេ គឺគ្រាន់តែចែកមុខរបរគ្នារកស៊ីរៀងខ្លួនប៉ុណ្ណោះ ។ ចំពោះកុមារីរងគ្រោះឈ្មោះដន សុគន្ធា ពេលនេះត្រូវបានមន្ទីរកិច្ចការនារីខេត្តព្រះវិហារ ប្រគល់ទៅឱ្យម្តាយបង្កើតវិញ នៅចំពោះមុខមន្ត្រីមកពីមន្ទីរកិច្ចការនារីខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ សីហា ឆ្នាំ២០១២ នេះ ដើម្បីនាំយកទៅកាន់លំនៅឋានជាមួយម្តាយបង្កើតវិញហើយ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]