អង់គ្លេស៖ នៅតាមដងផ្លូវចំកណ្តាលទីក្រុង Leicester ត្រូវបានបិទ ដោយសារក្រុមកញ្ជ្រោង Leicester ធ្វើការដង្ហែពានរង្វាន់លីកកំពូលអង់គ្លេស ដែលខ្លួនទើបនឹងឈ្នះថ្មីៗនេះ។

អ្នកគាំទ្ររាប់ម៉ឺននាក់ បានជួបជុំគ្នាឈរតំរង់ជួរ នៅតាមដងផ្លូវ ដែលជាការអបអរសាទរដល់ក្រុម Leicester ក្លាយជាជើងឯកពានរង្វាន់ English Premier League ។

ក្រុមដែលមានរហស្សនាមថាកញ្ជ្រោងមួយនេះ បានដង្ហែពាននៅលើដំបូលឡានក្រុង ដោយហុមព័ទ្ធទៅដោយ អ្នកគាំទ្រយ៉ាងច្រើនកុះករ។ ទូទាំងដងផ្លូវដែលនៅស្ថិតក្នុងក្រុង Leicester ត្រូវបានបិទទាំងអស់ ដោយសារអ្នកគាំទ្រជាច្រើន បានព្យាយាមប្រជ្រៀតគ្នា ដើម្បីបានមើលមុខកីឡាករដែលជា Idol របស់ពួកគេព្រមទាំងពានរង្វាន់ផងដែរ។

រថយន្តក្រុងដែលដឹកកីឡាករ ចាប់ផ្តើមធ្វើដំណើរចេញពី Jubilee មានទីតាំងស្ថិតនៅកណ្តាលទីក្រុង ឆ្ពោះទៅសួនច្បារ Vitoria ដែលជាកន្លែងដែលក្រុមអ្នកគាំទ្រទាំងអស់ជួបជុំគ្នា ហើយព្រមទាំងមានការរៀបចំឆាកដើម្បីបង្កើតកម្មវិធីពិសេសៗផងដែរ។ 

អ្នកគាំទ្ររបស់ Leicester ហាក់ដូចជារំភើបចិត្តខ្លាំងណាស់​ នៅពេលដែលបានលឺ គ្រូបង្វឹក Claudio Ranieri កីឡាករ Wes Morgan ដែលជាប្រធានក្រុម និងខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមកីឡាករ Jamie Vardy ថ្លែងពាក្យពេចន៍ពីអារម្មណ៏របស់ខ្លូននៅលើឆាកនោះ។

គ្រូបង្វឹកលោក Claudio Ranieri បាននិយាយថា «វាស្ទើតែមិនគួរឲ្យជឿ ដែលផ្លូវទាំងអស់ត្រូវបានបិទ ដោយសារអ្នកគាំទ្រទាំងអស់ ប្រមូលផ្តុំគ្នាទូទាំងក្រុង ដើម្បីមកអបអរសាទរពួកយើង»។ គាត់បន្ត៖ «ខ្ញុំគិតថា នេះក៏ដោយសារតែពួកយើងសម្រេចវាបានជោគជ័យ ហើយនេះក៏ដោយសារតែអ្នកគាំទ្រទាំងអស់គ្នាដែរ គឺពួកគេបានខំប្រឹងទាំងកាយ ទាំងចិត្ត គាំទ្រក្រុមមួយនេះ»៕

តាមដានកម្រងរូបភាពខាងក្រោមនៃទិដ្ឋភាពជារួម៖

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]