យល់ដឹង៖ ប្រិយមិត្តទាំងអស់គ្នា ប្រហែលជាដឹងហើយថា បណ្តាប្រទេសនីមួយៗ តែងតែមានរូបិយវត្ថុផ្ទាល់ខ្លួន ប៉ុន្តែតម្លៃ និងអាត្រាប្តូរប្រាក់មានភាពខុសៗគ្នា។

រូបិយប័ណ្ណនៅលើពិភពលោកមានច្រើនណាស់ ហើយខ្លះមានតម្លៃខ្ពស់ និងខ្លះមានតម្លៃទាប។ នៅពេលដែលមាននរណាម្នាក់ និយាយាអំពីរឿងលុយ គ្រប់គ្នាប្រាកដជា គិតដល់លុយដុល្លារជាមិនខាន ព្រោះថាលុយដុល្លារ ត្រូវបានគេប្រើប្រាស់ច្រើន នៅទូទាំងពិភពលោក។ បណ្តាប្រទេសមួយចំនួន មានការរីកចម្រើនសេដ្ឋកិច្ច ធ្វើឲ្យ រូបិយប័ណ្ណរបស់ពួកគេ មានតម្លៃកាន់តែថ្លៃផងដែរ។​

នៅក្នុងថ្ងៃនេះដែរ ប្រិយមិត្តនឹងបានស្គាល់រូបិយប័ណ្ណ របស់បណ្តាប្រទេសមួយចំនួន ដែលមានតម្លៃថ្លៃជាងគេបង្អស់នៅលើពិភពលោក។ តាមដាននៅខាងក្រោមទាំងអស់គ្នា៖

១០) Australian Dollar (ដុល្លារអូស្ត្រាលី) ៖ អូស្ត្រាលី គឺជាប្រទេសដ៏ល្បីល្បាញ ដោយសារតែ មានទេសភាពដ៏ស្រស់ស្អាត ហើយក៏ជាប្រទេស ដែលខ្លាំងក្លា ផ្នែកសេដ្ឋកិច្ចផងដែរ។ លុយដុល្លារអូស្ត្រាលី ត្រូវបានគេប្រើប្រាស់សញ្ញាដុល្លារ ($) ដូចទៅនឹងដុល្លារអាមេរិក ($) ដែរ ប៉ុន្តែគេបានបន្ថែម អក្សរ A នៅខាងមុខសញ្ញាដុល្លារ (A$) ដើម្បីធ្វើឲ្យវាកាន់តែងាយសំគាល់ និងខុសពីដុល្លារដទៃទៀត នៅលើពិភពលោក។ យោងតាមរបាយការណ៍កាលពីមុន ដុល្លារកាណាដា ធ្លាប់បានជាប់ចំណាត់ថ្នាក់ លេខ៥ នៅទូទាំងពិភពលោក ដោយមានចំណែកប្រហែល ៧.៦% ក្នុងប្រតិបត្តិការប្រចាំថ្ងៃ នៅក្នុងពិភពលោក។ ដុល្លារកាណាដា ជាទូទៅ ក៏ត្រូវបានគេហៅថា «Aussie» ផងដែរ។ ១ដុល្លារអូស្ត្រាលី ស្មើ ២,៩៣៩រៀល ឬ ០.៧៣ដុល្លារអាមេរិក (អាត្រាប្តូរប្រាក់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦)។

រូបភាព៖ Australian Dollar (ដុល្លារអូស្ត្រាលី)

៩) Canadian Dollar (ដុល្លារកាណាដា) ៖ វាគឺជារូបិយប័ណ្ណផ្លូវការ របស់ប្រទេសកាណាដា ដែលមានចំណែក ស្ទើរតែ ៥.៣% នៅក្នុងប្រតិបត្តិការប្រចាំថ្ងៃ នៅទូទាំងពិភពលោក។ គួររំលឹកផងដែរថា កាលពីមុន រូបិយប័ណ្ណផ្សេងៗគ្នា ជាច្រើន ត្រូវបានគេយកមកប្រើប្រាស់ នៅក្នុងប្រទេសកាណាដា ប៉ុន្តែក្រោយមក ពួកគេបានបង្កើត រូបិយប័ណ្ណផ្ទាល់ខ្លួន និងបច្ចុប្បន្ននេះ ត្រូវបានប្រើប្រាស់ នៅទូទាំងប្រទេសកាណាដា តែម្តង។ ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រាប្តូរប្រាក់ នៃដុល្លារកាណាដា បានកើនឡើង ដែលធ្វើឲ្យ ស្ថានភាពសេដ្ឋកិច្ច របស់ប្រទេសមួយនេះ កាន់តែអំណោយផល និងរឹងមាំកាន់តែខ្លាំង។ អ្វីដែលសំខាន់បំផុត ប្រទេសកាណាដា គឺមានសេដ្ឋកិច្ចធំបំផុត លំដាប់ទី១១ នៅលើពិភពលោក។ ១ដុល្លារកាណាដា ស្មើ ៣,១២៥រៀល ឬ ០.៧៧ដុល្លារអាមេរិក (អាត្រាប្តូរប្រាក់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦)។

រូបភាព៖ Canadian Dollar (ដុល្លារកាណាដា)

៨) U.S Dollar (ដុល្លារអាមេរិក) ៖ ដុល្លារអាមេរិក មានភាពល្បីល្បាញបំផុត នៅទូទាំងពិភពលោក។ ស្ទើរតែ ៨៥% នៃប្រតិបត្តិការសរុប នៅក្នុងទីផ្សារប្តូរប្រាក់បរទេស ត្រូវបានធ្វើឡើង ដោយប្រើប្រាស់ ដុល្លារអាមេរិក។ US Dollar ឬ ដុល្លារអាមេរិក ត្រូវបានគេស្គាល់ថា ជារូបិយប័ណ្ណរបស់ពិភពលោក។ សហរដ្ឋអាមេរិក មានសេដ្ឋកិច្ចខ្លាំងក្លាណាស់ ដោយអាចនិយាយបានថា គឺជាប្រទេស ដែលមានសេដ្ឋកិច្ច រឹងមាំបំផុតលើពិភពលោក ជាមួយនឹង ធនាគារធំជាងគេបង្អស់ នៅលើពិភពលោក។ លុយដុល្លារអាមេរិក ត្រូវបានប្រើប្រាស់ នៅទូទាំងពិភពលោក ក្នុងប្រតិបត្តិការផ្សេងៗគ្នា ហើយវាក៏ជាលុយដុល្លារ ដែលត្រូវបាន គេប្រើប្រាស់ច្រើនបំផុត នៅទូទាំងពិភពលោកផងដែរ។ ១ដុល្លារអាមេរិក ស្មើ ៤,០៣៤រៀល (អាត្រាប្តូរប្រាក់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦)។

រូបភាព៖ U.S Dollar (ដុល្លារអាមេរិក)

៧) Swiss Franc (ស្វ៊ីសហ្វ្រង់) ៖ ជារូបិយប័ណ្ណផ្លូវការ របស់ប្រទេសស្វ៊ីស។ ប្រទេសស្វ៊ីសជាទីកន្លែងដ៏ល្បីល្បាញ សម្រាប់ភ្ញៀវទេសចរ ហើយលុយស្វ៊ីស ក្រៅពីក្នុងប្រទេស ក៏ត្រូវបានគេចាយ នៅទីកន្លែងផ្សេងទៀត ពិសេសនៅក្នុងតំបន់អឺរ៉ុបទាំងមូលតែម្តង ហើយត្រូវបានគេប៉ាន់ប្រមាណថា តម្លៃរបស់វាគឺថ្លៃជាងលុយដុល្លារអាមេរិកទៅទៀត។ នៅលើលុយស្វ៊ីសហ្វ្រង់ មានអក្សរឡាទីន និង១ស្វ៊ីសហ្វ្រង់ ប្រមាណជាង ៤,១៣៤រៀល ឬប្រមាណ ១.០២ដុល្លារអាមេរិក (អាត្រាប្តូរប្រាក់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦)។

រូបភាព៖ Swiss Franc (ស្វ៊ីសហ្វ្រង់)

៦) Euro (លុយអឺរ៉ូ) ៖ វាគឺជារូបិយប័ណ្ណផ្លូវការនៅតំបន់អឺរ៉ុប ដែលមាន ១៩ប្រទេស ក្នុងចំណោម ប្រទេសជាសមាជិក ទាំង២៨ នៃសហភាពអឺរ៉ុប ដែលរួមមានដូចជា ប្រទេសអូទ្រីស (Austria) បែលហ្ស៊ិក (Belgium) ស៊ីប (Cyprus) អេស្តូនី (Estonia) ហ្វាំងឡង់ (Finland) បារាំង (France) អាល្លឺម៉ង់ (Germany) ក្រិក (Greece) អៀរឡង់ (Ireland) អ៊ីតាលី (Italy) ឡេតូនី (Latvia) លីទុយអានី (Lithuania) លុចសំបួរ (Luxembourg) ម៉ាល់តា (Malta) ហូឡង់ (Netherlands) ព័រទុយហ្គាល់ (Portugal) ស្លូវ៉ាគី (Slovakia) និងអេស្ប៉ាញ (Spain)។ បើទោះបីជា ប្រព័ន្ធសេដ្ឋកិច្ច និងនយោបាយ មានសភាពមិនសូវខ្លាំងក្លា យ៉ាងណាក្តី ប៉ុន្តែអឺរ៉ុប នៅតែអាចគ្រប់គ្រង និងរក្សាលុយអឺរ៉ូ ឲ្យឈរនៅលើលុយដុល្លារអាមេរិកដដែល។ លុយអឺរ៉ូ នៅតែស្ថិតក្នុងចំណោម រូបិយប័ណ្ណដែលមានតម្លៃ ថ្លៃបំផុតនៅលើពិភពលោកនេះ ហើយវាក៏ជា ផលលំបាកមួយ សម្រាប់អ្នកដែលចូលចិត្តទៅកម្សាន្ត​ នៅឯទីក្រុងរ៉ូម ឬ ទីក្រុងប៉ារីស ជាដើម។ ១អឺរ៉ូ ស្មើ ៤,៥៨៥រៀល ឬ ១.១៣ដុល្លារអាមេរិក (អាត្រាប្តូរប្រាក់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦)។

រូបភាព៖ Euro (លុយអឺរ៉ូ)

៥) Cayman Islands Dollar (ដុល្លារកោះកៃម៉ាន) ៖ វាគឺជារូបិយប័ណ្ណផ្លូវការ នៃកោះកៃម៉ាន (ដែនដីមួយ ស្ថិតនៅក្រៅប្រទេសអង់គ្លេស) ដែលមានលេខកូដ KYD។ ដុល្លារនេះត្រូវបានប្រើប្រាស់ តែនៅក្នុងស្រុកប៉ុណ្ណោះ។ អក្សរកាត់ដែលត្រូវបានប្រើ សម្រាប់លុយនេះ គឺ C/$ ក្នុងគោលបំណង ដើម្បីធ្វើឲ្យមានភាពខុសគ្នា ពីលុយដុល្លារ ផ្សេងៗទៀត។ វាត្រូវបានគេចាត់ទុកថា គឺជាលុយ ដែលមានតម្លៃ ថ្លៃបំផុតមួយ នៅលើពិភពលោក ប៉ុន្តែមិនសូវល្បីឡើយ ដោយសារគេប្រើប្រាស់ តែនៅតំបន់ជាក់លាក់មួយ ពោលគឺនៅលើកោះកៃម៉ានផ្ទាល់តែម្តង។ ១ដុល្លារកោះកៃម៉ាន ស្មើ ៤,៩២០រៀល ឬ ១.២២ដុល្លារអាមេរិក (អាត្រាប្តូរប្រាក់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦)។

រូបភាព៖ Cayman Islands Dollar (ដុល្លារកោះកៃម៉ាន)

៤) UK Pound Sterling (លុយផោន) ៖ វាគឺជារូបិយប័ណ្ណផ្លូវការ របស់ប្រទេសអង់គ្លេស ដែលជាទូទៅគេតែងហៅកាត់ថា «Pound» (ផោន)។ ផោន គឺជារូបិយប័ណ្ណ ដែលមានតម្លៃថ្លៃ ដូច្នេះភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅប្រទេសមួយនេះ ត្រូវតែមានលុយច្រើនបន្តិចហើយ ដើម្បីអាចដើរកម្សាន្ត និងទិញឥវ៉ាន់បានច្រើន។ នៅលើលុយផោន មានរូបម្ចាស់ក្សត្រី Elizabeth II របស់ប្រទេសអង់គ្លេស។ ១ផោន ស្មើ ៥៧៩៣.៨៦រៀល ឬ ១.៤៤ដុល្លារអាមេរិក (អាត្រាប្តូរប្រាក់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦)។

រូបភាព៖ UK Pound Sterling (លុយផោន)

៣) Omani Rial (លុយរៀលអូម៉ង់) ៖ វាគឺជារូបិយប័ណ្ណផ្លូវការ របស់ប្រទេសអូម៉ង់ ស្ថិតនៅឯមជ្ឍឹមប្រទេសឯណោះ។ សេដ្ឋកិច្ចនៅឯមជ្ឍឹមប្រទេស បានស្ថិតនៅរឹងថ្កល់ ចាប់តាំងពីតម្លៃប្រេង បានធ្លាក់ចុះ ក្នុងរដូវក្តៅ កាលពីឆ្នាំ២០១៤ កន្លងទៅនេះ។ តាមពិតទៅ បញ្ហាពិតប្រាកដ បានចាប់ផ្តើមកើតឡើង នៅពេលដែល តម្លៃប្រេង ស្ថិតនៅ១០០ដុល្លារក្នុងមួយធុង ហើយផ្តល់ឲ្យសហរដ្ឋអាមេរិក នូវការប្រើប្រាស់ប្រេង យ៉ាងពេញលេញ ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មសែល។ ផ្ទុយទៅវិញ ការផ្គត់ផ្គង់ច្រើនហួសហេតុនេះ បានបំផ្លាញទីផ្សារប្រេងឆៅ ប៉ុន្តែវាមិនបានជះឥទ្ធិពល ដល់លុយរៀលអូម៉ង់ឡើយ ពោលគឺវានៅតែមានតម្លៃថ្លៃ ព្រោះ លុយអូម៉ង់១រៀល អាចប្តូរបាន លុយដុល្លារចំនួន ២.៦០ដុល្លារអាមេរិក ឯណោះ។

រូបភាព៖ Omani Rial (លុយរៀលអូម៉ង់)

២) Bahraini Dinar (បារ៉ែនឌីណា) ៖ បារ៉ែន គឺជាប្រទេស ដ៏ល្បីល្បាញ និងជោគជ័យមួយ ដែលសម្បូរទៅដោយ ឱកាសការងារ។ ប្រទេសមួយនេះ មានភាពល្បីល្បាញ ទូទាំងពិភពលោក ក៏ដោយសារតែ តម្លៃដ៏ថ្លៃ នៃរូបិយប័ណ្ណផងដែរ គឺ បារ៉ែនឌីណា។ បារ៉ែនឌីណា គឺជារូបិយប័ណ្ណ ដែលមានតម្លៃថ្លៃបំផុតមួយ នៅក្នុងពិភពលោក ដោយសារតែ មូលហេតុចំបងមួយ គឺប្រជាជន មកពីទូទាំងពិភពលោកទៅទីនោះ (ប្រទេសបារ៉ែន) ដើម្បីរកការងារធ្វើ ព្រោះពួកគេដឹងថា នៅទីនោះអាចរកបានប្រាក់កម្រៃច្រើន សម្រាប់ការខិតខំធ្វើការងារ។ ប្រទេសបារ៉ែន ត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានចិត្តទូលាយបំផុតមួយ នៅលើពិភពលោក។ រូបិយប័ណ្ណរបស់ប្រទេសនេះ មានរូបស្តេចអារ៉ាប់ឈ្មោះថា Hamad Bin Isa Al Khalifa។ ១បារ៉ែនឌីណា ស្មើ ១០,៧០២រៀល ឬ ២.៦៥ដុល្លារអាមេរិក (អាត្រាប្តូរប្រាក់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦)។

រូបភាព៖ Bahraini Dinar (បារ៉ែនឌីណា)

១) Kuwaiti Dinar (គុយវ៉ែតឌីណា) ៖ វាគឺជារូបិយប័ណ្ណផ្លូវការ របស់ប្រទេសគុយវ៉ែត។ គុយវ៉ែតឌីណា ត្រូវបានគេចាត់ទុកថា ជារូបិយប័ណ្ណ ដែលមានតម្លៃថ្លៃបំផុត នៅលើពិភពលោកនេះ។ ប្រទេសមួយនេះ សម្បូរបែបខ្លាំងណាស់ ព្រោះតែធនធានប្រេង ហើយពួកគេបាននាំចេញប្រេង យកទៅលក់នៅទូទាំងពិភពលោក ថែមទៀតផង។ ទោះបីជាប្រទេសគុយវ៉ែត មានរូបិយប័ណ្ណមានតម្លៃថ្លៃបំផុត នៅលើពិភពលោកក៏ដោយ ប៉ុន្តែមនុស្សភាគច្រើន នៅតែជ្រើសរើសយក សហរដ្ឋអាមេរិក ជាគោលដៅរស់នៅ និងចង់ធ្វើការនៅទីនោះ។ ១គុយវ៉ែតឌីណា ស្មើ ១៣,៣៨៤រៀល ឬ ៣.៣២ដុល្លារអាមេរិក (អាត្រាប្តូរប្រាក់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦)៕

រូបភាព៖ Kuwaiti Dinar (គុយវ៉ែតឌីណា)

ប្រភព៖ mostluxuriouslist & profitconfidential & wiki

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]