អាល្លឺម៉ង់៖ ស្រមៃទៅមើលថា បើអ្នកមានយន្ដហោះផ្ទាល់ខ្លួន ដែលអាចដំណើរការបានដោយថាមពលអគ្គិសនី និងអាចហោះឡើងពីសួនច្បារ ជាមួយនឹងម៉ាស៊ីនអគ្គិសនី សឹងតែគ្មានសម្លេង ដែលមិនរំខានដល់អ្នកជិតខាង តើនឹងពិសេសបែបណាទៅ?

ទាំងនេះជាចក្ខុវិស័យមួយនៅពីក្រោយ Lilum ដែលជាប្រភេទយន្ដហោះអគ្គិសនី និងជាគំនិតរបស់ក្រុមអ្នកវិស្វករអាល្លឺម៉ង់ ៤រូប ដែលគ្រោងនឹងដាក់លក់នៅឆ្នាំ ២០១៨។ យ៉ាងណាមិញ Lilum ដែលមានរាងដូចជាស៊ុត និងមានកៅអី ២នេះ អាចដំណើរការឡើង ឬចុះដូចជាឧទ្ធម្ភាគចក្រ ដូច្នេះ វាអាចចុះចតដោយប្រើកន្លែង សម្រាប់ចុះឧទ្ធម្ភាគចក្រ បានផងដែរ។ មួយវិញទៀត កន្លែងចុះចត Lilum នេះត្រូវការដីផ្ទៃរាបតែ ១៥ម៉ែត្រ គុណ១៥ម៉ែត្រតែប៉ុណ្ណោះ ក្នុងការហោះឡើង និងចុះចត។

នេះបើតាមសម្ដីលោក Daniel Wiegand ដែលជាវិស្វករម្នាក់ក្នុងចំនោមនោះ បានឲ្យដឹងថា ទិសដៅរបស់ពួកគាត់ គឺការបង្កើតយន្ដហោះសម្រាប់ប្រើប្រាស់ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ហើយពួកគាត់នឹងមិនធ្វើឲ្យយន្ដហោះនេះ មានលក្ខណៈស្មុគស្មាញ និងមិនចាំបាច់ចំណាយប្រាក់ច្រើន ក្នុងការសាងសង់កន្លែងចុះចតផងដែរ។ មួយវិញទៀត Lilum អាចជួយកាត់បន្ថយផ្សែងពុល ដោយសារតែវាជាប្រភេទយន្ដហោះអគ្គិសនី តែ Lilum ត្រូវបានច្នៃឡើង ដើម្បីតែហោះហើរនៅក្នុង លក្ខខណ្ឌអាកាសធាតុល្អ និងពេលថ្ងៃប៉ុណ្ណោះ។ 

ទោះជាយ៉ាងណា នេះគ្រាន់តែជាជាគំរូប៉ុណ្ណោះ ដែលក្រុមអ្នកវិស្វករទាំងនេះ នឹងព្យាយាមបន្ថែមល្បឿននៃយន្ដហោះនេះ ដល់ ៤០០គីឡូម៉ែត្រក្នុងមួយម៉ោង៕

យន្ដហោះ Lilum

ប្រភពពី inhabitat | CNN

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួររលឹកថា ក៏មានយន្តហោះប្រភេទថ្មី ជិះពីក្រុងឡុងដ៏ ទៅញូវយ៉ក ចំណាយពេលតែ ១១នាទី នេះបើតាមការចុះផ្សាយកាលពីដើមឆ្នាំ ២០១៦។

យ៉ាងណាមិញ យន្តហោះប្រភេទថ្មីនេះ មានសមត្ថភាពអស្ចារ្យ ប្រើប្រាស់កំលាំងជំរុញរ៉ុក្កែត ធាក់រុញយន្តហោះទាំងមូលឲ្យហោះទៅលឿនបំផុត ដោយឆ្លងកាត់អាត្លង់ទិក ត្រឹមតែ១១នាទីប៉ុណ្ណោះ។ តែទោះជាយ៉ាងណាក៏ដោយ យន្តហោះខាងលើ អាចផ្ទុកអ្នកដំណើរបានត្រឹម១០នាក់ប៉ុណ្ណោះ និងមានតំលៃថ្លៃខ្លាំងណាស់សំរាប់ការជិះម្តងៗ។

អ្នកផ្តួចផ្តើមគ្រោងនឹងបង្កើត យន្តហោះកំពូលល្បឿនខាងលើនេះ ឈ្មោះ លោក Charles Bombardier បានប្រាប់ឲ្យដឹងថា យន្តហោះនេះអាចហោះហើរក្នុងល្បឿន ២០,០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលវាលឿនជាង២-៣ដងនៃ គំនិតគ្រោងបង្កើតយន្តហោះល្បឿនលឿន របស់គាត់មុនៗ។ វានឹងប្រើប្រាស់ liquid oxygen (អុកសុីសែនរាវ) រឺ ប្រេងកាតរ៉ុក្កែត ដោយការរចនារបស់វា នឹងត្រូវគិតគូរយ៉ាងម៉ត់ចត់ចំពោះការទង្គិចនឹងខ្យល់ នៅផ្នែកច្រមុះ និងស្លាបផងដែរ។ ទោះជាយ៉ាងណាក៏ដោយ គេសង្ឃឹមថាយន្តហោះដ៏អស្ចារ្យនេះ នឹងអាចលេចចេញរូបរាងក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]