អង់គ្លេស៖ អ្នកគាំទ្រក្លិបបិសាចក្រហម ត្រូវបានជម្លៀសចេញពីកីឡដ្ឋាន Old Trafford នៅពេលមានការប្រទះឃើញ វត្ថុសង្ស័យថាជាឧបករណ៍ផ្ទុះ នៅក្នុងបន្ទប់ទឹករួចមក។

ការប្រកួតរវាង Manchester United និង Bournemouth  ត្រូវបានរាយការណ៍មកថា ចាំបាច់ត្រូវតែលុបចោល ដើម្បីឲ្យអ្នកជំនាញដោះគ្រាប់បែក ចូលមកធ្វើការត្រួតពិនិត្យ។

វត្ថុសង្ស័យថាជាគ្រាប់បែក ដែលត្រូវបានប្រទះឃើញនោះ ពេលនេះត្រូវបានដឹងថាជាគ្រាប់បែកក្លែងក្លាយតែប៉ុណ្ណោះ ដែលត្រូវបានគេយកមកទុកចោលយ៉ាងធ្វេសប្រហែស។

មន្រ្តីប៉ូលិសនៃទីក្រុង Manchester បានអះអាងថា «បន្ទាប់ពីបានត្រួតពិនិត្យទៅលើឧបករណ៍គួរឲ្យសង្ស័យនោះហើយ តាមពិតជាឧបករណ៍ហ្វឹកហាត់ ដែលត្រូវបានទុកចោលដោយក្រុមហ៊ុនឯកជនមួយ ដែលមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ តាមការត្រួតពិនិត្យយ៉ាងជាក់លាក់ពីអ្នកជំនាញ និងសត្វឆ្កែហឹតក្លិនរួចមក មិនមានគ្រឿងផ្ទុះឡើយ»។

អ្នកគាំទ្រជាច្រើននាក់ ត្រូវបានជម្លៀសចេញពីកីឡដ្ឋានមុន ២០នាទី នៃការប្រកួតនៅក្នុងថ្ងៃបញ្ចប់រដូវកាល បន្ទាប់ពីមានការបន្លឺសម្លេងប្រកាសអាសន្នរួចមក។

សន្តិសុខបានចាប់ផ្តើមជម្លៀសអ្នកគាំទ្រ​ចេញយ៉ាងរហ័ស នៅម៉ោង២:៤០ រសៀល (ម៉ោងនៅអង់គ្លេស) ដោយជម្លៀសពីផ្នែក Streford End និង Sir Alex Ferguson Stand។

ចំនែកនៅប៉ែកខាងត្បូង និងខាងកើត ដែលជាប៉ែករបស់អ្នកគាំទ្រក្រុម Bournemouth គឺមិនមានផលប៉ះពាល់អ្វីទេ។ ប៉ុន្តែដោយសារមន្ត្រីប៉ូលិសបានប្រកាសថា នឹងត្រូវស៊ើបអង្កេត បន្ទាប់ពីបានរកឃើញវត្ថុសង្ស័យមួយ  ចុងក្រោយប៉ូលិស ក៏សម្រេចចិត្តជម្លៀសអ្នកគាំទ្រដែលនៅសេសសល់​ ចេញពីកីឡដ្ឋានទាំងអស់នៅវេលាម៉ោង ៣:២០រសៀល (ម៉ោងក្នុងតំបន់) តែម្តង។

ចំនែកឯកីឡាកររបស់ Manchester Untied វិញ ត្រូវបានជម្លៀសចេញពីកីឡដ្ឋានទៅក្នុងឡានក្រុងដោយសុវត្ថិភាព។

ដូច្នេះការប្រកួតរវាង Manchester United Bournemouth នឹងត្រូវលើកទៅប្រកួតនៅថ្ងៃអង្គារស្អែកនេះវិញ៕

ប្រភព៖ Metro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]