តើប្រិយមិត្តជាពិសេសប្រិយមិត្តនារី អាចទ្រាំមិនមើលខ្លួនឯងក្នុងកញ្ចក់ មួយឆ្នាំពេញបានដែរឬទេ? បេក្ខជនបណ្ឌិត Kjerstin Gruys ផ្នែកសង្គមវិទ្យា មកពីសាកលវិទ្យាល័យ Trinity អាយុ ២៩ ឆ្នាំ បានធ្វើការសាកល្បងរស់នៅមួយឆ្នាំពេញ ដោយមិនមើលរូបខ្លួនឯងនៅក្នុងកញ្ចក់ ។ មូលហេតុដែលនាងចង់ធ្វើយ៉ាងនេះ ព្រោះនាងចេះតែមានអារម្មណ៍មិនពេញចិត្ត នឹងរូបរាងរបស់នាង ពេលនាងឃើញរូបនាងក្នុងកញ្ចក់ ។ ពេលនាងមានអារម្មណ៍មិនសប្បាយចិត្ត នាងចង់តែបង្អត់អាហារខ្លួនឯង និង រកវិធីផ្សេងៗដើម្បីសម្រកទម្ងន់ រហូតដល់មានជំងឺស្គមស្គាំង ក្អួតជាប្រចាំ និង ប៉ះពាល់ដល់គ្រឿងក្នុងដូចជាក្រពះ និង តម្រង់ទឹកនោម។

នាងគិតថាបើនាងនៅតែបន្តគិតពីរូបរាងនាង នាងនឹងបាត់បង់ជីវិតក្នុងវ័យក្មេងជាមិនខាន។ នាងក៏សម្រេចចិត្តសាកល្បងមិនមើលរូបរបស់នាង ក្នុងកញ្ចក់ ចាប់ពីឆ្នាំ ២០១០។

ដំបូងឡើយ នាងមិនទម្លាប់ដោយអត់មើលកញ្ចក់បានទេ នាងចេះតែចង់មើលខ្លូនឯង ។ Gruys បានយកក្រណាត់មកក្របកញ្ចក់ទាំងអស់ នៅក្នុងផ្ទះ ហើយនាងបង្វែរកញ្ចក់ឡានចេញមិនឲ្យឃើញមុខខ្លួនឯង ។ នាងរៀនសិតសក់ និង លាបឡេ និង គ្រឿងម្សៅមុខផ្សេងៗ ដោយប្រើដៃស្ទាបមុខ ។

ក្នុងមួយឆ្នាំដែលនាងមិនមើលខ្លួនឯងក្នុងកញ្ចក់ នាងមានអារម្មណ៍សប្បាយចិត្ត មិនគិតពីរូបរាងរបស់នាង ហើយនាងចាប់ផ្ដើមគិតថារូបរាងមិនមែនជាកត្តាសំខាន់ក្នុងជីវិតទេ។ តើប្រិយមិត្តណាខ្លះចង់ សាកល្បងការរស់នៅបែបនេះដែរឬទេ?

ដោយ វីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]