បន្ទាយមានជ័យ៖ ជនសង្ស័យ០២នាក់ ត្រូវបានគេហៅថា បងធំជាយដែន បានដេញ វាយកាប់ចាក់ គេឯងមិនរើសមុខ ត្រូវកម្លាំងអាវុធហត្ថ (អ.ហ ) ក្រុងប៉ោយប៉ែត ចាប់ខ្លួន ញាត់ទ្រុង កាលពីវេលា ម៉ោង១២ យប់ទៀបភ្លឺ ចូលព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ នៅបរិវេណ កាស៊ីណូ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយដេញ កាប់ពលរដ្ឋ៥នាក់ ផ្អើលកាស៊ីណូផ្កាយ៥ ព្រោះរឿងទំនាស់ ពាក្យសំដី និងជិះរថយន្ត ដេញបុក។

លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យ ដែលកម្លាំងរបស់លោក ចាប់ខ្លួនរួមមាន ១-ឈ្មោះ សុវណ្ណ ចិន្តា ហៅអាដា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម រស់នៅម្តុំផ្សារយួន ក្នុងភូមិឃុំកើត ហេតុខាងលើ ជាជនដៃដល់ មុខសញ្ញាបងធំ និង២-ឈ្មោះ ឌឹម សុភ័ក្រ ហៅផៃ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រៅពីនេះ សមត្ថកិច្ចដកហូតបាន កាំបិតសាម៉ូរ៉ៃ២ បំពង់ទីបដែក១ និងរថយន្ត ស្ពរ័១គ្រឿង ផងដែរ។

លោក ហម ម៉ុត បានបន្តថា ការឃាត់ខ្លួន ជនសង្ស័យទាំង០២នាក់ ខាងលើ  ធ្វើឡើងក្រោយ ពីទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះ០៥នាក់ រស់នៅក្នុង ក្រុងប៉ោយប៉ែត បានប្តឹង សុំឲ្យកម្លាំង អ.ហ ជួនអន្តរាគមន៍ ពួកខ្លួនព្រោះ ជនសង្ស័យទាំងពីរនាក់ នេះបានជិះរថយន្ត ដេញបុក និងដេញកាប់ ជនរងគ្រោះពេញ បរិវេណកាស៊ីណូផ្កាយ៥ បន្ទាប់ ពីទទួលបានព័ត៌មាន និងបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ រត្ន័ ស៊្រាង មេបញ្ជាការរង អ.ហ លើផ្ទៃប្រទេស និងជាមេបញ្ជាការ អ.ហ ខេត្តបន្ទាយមានជ័យ លោកក៏បាន ដឹកនាំកម្លាំង ចុះស្រាវជ្រាវ ក៏ឈានដល់ការចាប់ ខ្លួនជនសង្ស័យ ទាំង០២នាក់ យកមកសួរនាំតែម្តង។

លោ ហម ម៉ុត បានបញ្ជាក់ថា យោងតាមការរៀបរាប់ របស់ជនរងគ្រោះទាំង០៥នាក់ បាននិយាយថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២១ ខែសីហា ជនសង្ស័យឈ្មោះ សុវណ្ណ ចិន្តា និងបក្ខពួក បានជិះរថយន្ត តាមផ្លូវនៅ បរិវេណកាស៊ីណូផ្កាយ៥ ពេលនោះពួកជនរងគ្រោះ បានជិះម៉ូតូទៅលេង វាលស្មៅ ដោយវ៉ារថយន្ត ពេលចតម៉ូតូ ឈរនិយាយគ្នាលេង បានមួយសន្ទុះស្រាប់តែ រថយន្ត របស់ជនសង្ស័យបាន មកឆាបដើម្បី បុកម៉ូតូឃើញដូច្នោះ ជនរងគ្រោះម្នាក់បាន យកជើងធាក់ ហើយជនសង្ស័យ ក៏បើករថយន្តចេញ ទៅបាត់ មួយម៉ោងក្រោយមក ស្រាប់តែឃើញរថយន្ត របស់ជនសង្ស័យបានត្រឡប់ មកសារជាថ្មី ហើយជនសង្ស័យ និងបក្ខពួកបាន ចុះពីលើរថយន្ត យកដាវសាម៉ូរ៉ៃ ដេញកាប់ពួកជនរងគ្រោះ ផ្អើលទាំងយប់ តែមិនបណ្តាល ឲ្យនរណាស្លាប់ ឬបាត់បង់ជីវិតនោះទេ ដោយគ្រាន់តែខូចខាត ម៉ូតូចំនួន០២គ្រឿង តែប៉ុណ្ណោះព្រោះជនដៃដល់នាំគ្នា កាប់ចិញ្ច្រាំប្រហុក។

ក្រោយសួរនាំ ជនសង្ស័យទាំង០២នាក់ ត្រូវបានបញ្ជូន ទៅទីបញ្ជាការ អ.ហ ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យការិយាល័យ ជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ៖ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]