ភ្នំពេញៈ កិច្ចប្រជុំបិទទ្វារមួយរវាងស្ថាប័នចំនួនបី របស់រាជរដ្ឋាភិបាល ពិភាក្សាគ្នាអំពីការជួសជុលវិមាន ឯករាជ្យរបស់កម្ពុជា បន្ទាប់ពីអ្នកជំនាញរបស់ខ្មែររកឃើញថា ពេលនេះមានសភាព ទ្រុឌទ្រោមមួយផ្នែក តូច ដោយពេលខ្លះធ្លាក់បំណែកស៊ីម៉ង់ត៍ជាដុំៗ។

ប្រភពដែលគួរឲ្យទុកចិត្តបានថ្លែងនៅថ្ងៃព្រហស្បត៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១២កន្លងទៅនេះថា ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ហើយនិងសាលារាជធានី ភ្នំពេញ បានបើកកិច្ចប្រជុំបិទទ្វារមួយ ដើម្បីពិភាក្សាគ្នាអំពីការជួសជុលវិមានឯករាជ្យវ័យជាង ៥០ឆ្នាំ របស់កម្ពុជា នៅចំកណ្តាលរាជធានីភ្នំពេញ ដែលបានស្ថាបនាដោយកូនខ្មែរកាលពីទសវត្សរ៍ឆ្នាំ៥០។

ប្រភពបានបន្តថា ពេលបច្ចុប្បន្នភាពនេះ វិមានឯករាជ្យដែលជានិមិត្តសញ្ញាសម្គាល់របស់ព្រះរាជាណា ចក្រកម្ពុជា ក្នុងការទទួលបានឯករាជ្យពីអាណានិគមបារាំង នាថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នោះ គឺមាន សភាពចាស់ទ្រុឌទ្រោម ហើយពេលខ្លះបានធ្លាក់បំណែកស៊ីម៉ង់ត៍ទាំងផ្ទាំងៗ ដែលជាការព្រួយបារម្ភ របស់រាជរដ្ឋាភិបាល ខ្លាចមានគ្រោះថ្នាក់ដល់អ្នកកម្សាន្ត និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាពេល ណាមួយនោះ។

ទាក់ទង់នឹងបញ្ហា នេះមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចសុំការអធិប្បាយពីស្ថាប័នខាងលើនេះ បានទេ ដោយរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហ៊ឹម ឆែម បានមានប្រសាសន៍ថា លោក កំពុងជាប់វល់ប្រជុំ ហើយទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក អ៊ឺ ឈុនលឹម ទូរស័ព្ទចូលហើយ តែគ្មានអ្នកលើក។

យោងតាមប្រភព បានបន្តទៀតថា ក្នុងកិច្ចប្រជុំមួយព្រឹកនោះ គឺស្ថាប័នទាំងបី បានកំពុងរៀបចំពង្រាង សំណើដល់រដ្ឋាភិបាល ដើម្បីសុំថវិកាយកមកធ្វើការជួសជុលហើយអាចឈានទៅដល់ការចំណាយទឹក ប្រាក់ពី៨០ម៉ឺនដុល្លារ រហូតដល់ជាងមួយលានដុល្លារអាមេរិក។

វិមានឯករាជ្យមានទីតាំងស្ថិតនៅផ្លូវប្រសព្វគ្នា រវាងមហាវិថីព្រះនរោត្តម និងមហាវិថីព្រះសីហនុ កណ្តាល រាជធានីភ្នំពេញ ដែលមានកម្ពស់២០ម៉ែត្រ មាន៥ជាន់ លំអដោយក្បាលពស់នាគរាជ ចំនួន១០០ សង់តាមគំរូរចនាបទអង្គរ រចនាប្លង់ដោយស្ថាបត្យករខ្មែរ ដ៏ល្បីល្បាញ លោក វណ្ណ មូលីវណ្ណ។ វិមានដ៏ប្រវត្តិសាស្រ្តនេះ ត្រូវបានកសាងនៅឆ្នាំ១៩៥៨ ក្នុងរាជកាលព្រះបាទ នរោត្តម សុរាម្រិត (១៩៥៥-១៩៦០) ជានិមិត្តរូបបញ្ជាក់ពីកម្ពុជា បានទទួលឯករាជ្យពីបារាំងក្នុងឆ្នាំ១៩៥៣។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០០៧កន្លងទៅនេះ សាលារាជធានីភ្នំពេញបានធ្វើការកែលំអបន្ថែមទៀត រួចម្តងមកហើយ ដែលកាលនោះបានចំណាយថវិកាអស់ចំនួន ៥០០លានរៀលផងដែរ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]