បារាំង៖ កីឡាករសញ្ជាតិស៊ុយអែត Zlatan Ibrahimovic បានប្រកាសជាផ្លូវការថានឹងចាកចេញពីក្លឹបកំពូលរបស់ប្រទេសបារាំង Paris Saint Germain ក្រោយបញ្ចប់រដូវកាលនេះ។

ខ្សែប្រយុទ្ធដែលត្រូវបានគេប្រសិទ្ធនាម ជាកីឡាករឆ្នើមប្រចាំលីកកំពូលបារាំង រូបនេះនឹងត្រូវចាកចេញពីក្លឹបដោយសារ កុងត្រារបស់គេនឹងត្រូវបានផុតកំណត់ ក្នុងរដូវកាលនេះ ហើយទិសដៅបន្ទាប់របស់គេ គឺកំពុងស្ថិតក្រោមការសង្ស័យ និងមិនទាន់ច្បាស់លាស់នៅឡើយទេ។ Ibrahimovic ដែលកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនាខាងមុខនេះ នឹងធ្វើការប្រកួតចុងក្រោយ ក្នុងទឹកដីរបស់ខ្លួនក្នុងការប្រកួតបញ្ចប់លីកជាមួយនឹងក្រុម Nantes ដែលធ្វើឡើងនៅថ្ងៃសៅរ៍វេលាយប់នេះ។

ព័ត៌មានដែលស្តីពីការចាកចេញរបស់កីឡាកររូបនេះ គឺកើតឡើងដោយសារ សាររបស់គាត់ផ្ទាល់ដែលបង្ហោះក្នុងគណនីបណ្តាញសង្គម Twitter របស់ខ្លួនថា «My last game tomorrow at Parc des Prince. I came like a king, left like a legend.» ដែលមានន័យជាភាសាខ្មែរថា «ថ្ងៃស្អែកជាថ្ងៃចុងក្រោយរបស់ខ្ញុំនៅកីឡដ្ឋាន Parc des Prince។ ខ្ញុំមកទីនេះដូចស្តេច នឹងចាកចេញទៅវិញដូវវីរៈបុរស» នៅក្នុងរបាយការណ៍ផ្ទាល់របស់ក្លិប PSG គាត់បាននិយាយថា «ខ្ញុំមានមោទនភាពណាស់ក្នុងរយៈពេល ៤ឆ្នាំនេះ។ ខ្ញុំពេញចិត្តគ្រប់យ៉ាងនៅទីនេះ។ PSG  គឺជាក្លិបកំពូលមួយដែលគេទទួលស្គាល់ជាអន្តរជាតិ ហើយខ្ញុំក៏បានដើរតួរនាទីយ៉ាងសំខាន់ ទៀតក្នុងតំណែងជាខ្សែប្រយុទ្ធ» ។ គាត់បន្ត «នេះជាពេលវេលាដ៏ត្រឹមត្រូវមួយសម្រាប់ ខ្ញុំក្នុងការស្វែងរកទិសដៅផ្សេងទៀត។ ខ្ញុំចង់អរគុណដល់មិត្តរួមក្រុមរបស់ខ្ញុំ និងបុគ្គលិកទាំងអស់នៅក្នុងក្លិបនេះ។» « បេះដូងរបស់ខ្ញុំគឺតែងតែនៅជាមួយអ្នកគាំទ្រជានិច្ច។ ពួកគេពិតជាអស្ចារ្យណាស់ តាំងពីថ្ងៃដំបូងខ្ញុំមកទីនេះ ពួកគេគឺជាអ្នកគាំទ្រដ៏អស្ចារ្យជាងគេនៅក្នុងប្រទេសបារាំង។ » 

កីឡាករជំរើសជាតិស៊ុយអែតរូបនេះ នឹងធ្វើការប្រកួតចុងក្រោយរបស់ខ្លួននៅថ្ងៃទី ២១ ខែឧសភា នៅពេលដែល PSG ប៉ះជាមួយ Marseille ក្នុងជំនួបវគ្គផ្តាច់ព្រ័តនៃ ពានរង្វាន់ French Cup នៅកីឡដ្ឋាន Stade de France ។ គួរបញ្ជាក់ផងដែរថា Zlatan និងចាកចេញពីក្លិបដោយបន្សល់នៅ ស្នាដៃជាច្រើនដូចជា ជើងឯកបួនសម័យរបស់លីកកំពូលបារាំង និងជាអ្នកបំបែកកំណត់ត្រានៅក្នុង ក្លិបដែលសុតបញ្ចូលទីច្រើនជាងគេរហូតទៅដល់ ១៥២ គ្រាប់៕

រូបភាព កីឡាករ Zlatan Ibrahimovic

ប្រភព៖ skysport

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]