ហាងលក់វត្ថុអនុស្សាវរីយ៍ ដែលមានយីហោ CITYGEMS  នៅខេត្ដសៀមរាប របស់ថៅកែ លី ហេង ត្រូវបានគេ ចោទប្រកាន់ថា លក់គ្រឿងអលង្ការ ក្លែងក្លាយទៅឱ្យអតិថិជន ជាភ្ញៀវទេសចរជនជាតិហ្វីលីពីន តម្លៃរហូតដល់ជិត ៣ម៉ឺនដុល្លារ តែក្រោយ មកត្រូវបានជនរងគ្រោះប្ដឹង និងមានអន្ដរាគមន៍ពី សមត្ថកិច្ច ពាក់ព័ន្ធ ទើបថៅកែហាងរកស៊ីទុច្ចរិតខាងលើ សុខចិត្ដសងលុយទៅឱ្យជនរងគ្រោះ វិញជាថ្នូរបញ្ចប់រឿង។

ប្រភពព័ត៌មានបានឱ្យដឹងថា កាលពីពេលកន្លងទៅមានជនជាតិហ្វីលីពីនម្នាក់ឈ្មោះ Filibertos Alguiros ដែលចូលមក ប្រទេសកម្ពុជាក្នុងនាមជាភ្ញៀវទេសចរនោះ បានចូលទៅទិញគ្រឿងអលង្ការជាច្រើន នៅក្នុងហាងលក់វត្ថុអនុស្សាវរីយ៍ យីហោ CITYGEMS  នៅខេត្ដសៀមរាប ដែលគ្រឿងអលង្ការទាំងអស់នោះរួមមាន ចិញ្ចៀនត្បូងពណ៌ស (ពេជ្រ) មួយវង់, ក្រវិល ៤គូ, ខ្សែកពណ៌មាស ២ខ្សែ សរុបជាទឹកប្រាក់ ស្មើ ២៧៨០០ដុល្លារអាមេរិក។

ក្រោយទិញហើយ និងយកទៅឱ្យអ្នកស្គាល់គ្នាមើល ទើបដឹងថា គ្រឿងអលង្ការខាងលើ សុទ្ធតែជារបស់ក្លែងក្លាយទាំងអស់។ ក្រោយពីដឹងថាចាញ់បោកគេ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹង កាលពីថ្ងៃទី១៨ ខែសីហា កន្លងទៅ តាមរយៈស្ថាន ទូតហ្វីលីពីនទៅក្រសួងទេសចរណ៍ ដើម្បីសុំជួយអន្ដរាគមន៍ ហើយបន្ទាប់ មកក្រសួងទេសចរណ៍ ក៏ចាត់តាំងឱ្យមន្ដ្រីរបស់ខ្លួនចុះទៅដោះស្រាយ ដោយលទ្ធផលចុងក្រោយ ថៅកែឈ្មោះ លី ហេង សុខចិត្ដបង្វិលលុយចំនួន ២៧៨០០ដុល្លារ ទៅឱ្យជនរងគ្រោះវិញ ជាការបញ្ចប់រឿង។ ប៉ុន្ដែ គេនៅមិនទាន់ដឹងថា ម្ចាស់ហាងខាងលើប្រឈមមុខទៅនឹងផ្លូវច្បាប់យ៉ាងណានោះទេ ខណៈដែលខ្លួនបើក ហាងរកស៊ី មុខរបរទុច្ចរិតបែបនេះ។

សូមបញ្ជាក់ថា នៅទឹកដីតំបន់ទេសចរណ៍សៀមរាប ការរកស៊ីលក់របស់ក្លែងក្លាយ ជាពិសេសគ្រឿងអលង្ការ ទៅឱ្យភ្ញៀវទេសចរ គឺមានស្ទើរ គ្រប់ទីកន្លែង ហើយកន្លង មកក៏មានភ្ញៀវមិនតិចនាក់នោះទេ ដែលចាញ់បោក អ្នកខ្លះទិញត្បូងប៉ៃលិន តម្លៃរាប់ពាន់ដុល្លារ តែតាមពិតជាត្បូងស្លរបស់ថៃសោះ ខ្លះទិញពេជ្រ តែប៉ះចំគ្រីស្ដាល់ គ្រាន់តែភ្ញៀវទេសចរខ្លះ ពេលធ្វើដំណើរទៅដល់ស្រុកវិញ ទើបដឹង ហើយ ខ្ជិលប្ដឹងផ្ដល់ តែក៏មានភ្ញៀវខ្លះមិនសុខចិត្ដ ធ្វើការប្ដឹងផ្ដល់ទាមទារលុយវិញផងដែរ។ ដូចករណី ភ្ញៀវទេសចរជនជាតិហ្វីលីពីនខាងលើ ជាឧទាហរណ៍ស្រាប់។

ក្រសួងទេសចរណ៍ ក៏ដូចសមត្ថកិច្ច គួរតែយកចិត្ដទុកដាក់លើករណីនេះផង បើមិនដូច្នោះទេ វិស័យទេសចរណ៍ច្បាស់ជាធ្វើអត្ដឃាតខ្លួនឯង ហើយ៕

ដោយ ៖ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]