នគរបាលព្រហ្មទណ្ឌ ខណ្ឌដង្កោ បានឃាត់ខ្លួនបុរសជាប់សង្ស័យម្នាក់ ភ្លាមៗក្រោយ ដឹង ថា បុរសរូបនេះ បានធ្វើសកម្ម ភាព លួចម៉ូតូ មួយគ្រឿង បានសម្រេចហើយជិះរត់គេចខ្លួន ។ ការឃាត់នេះបានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទីយប់ឈានចូលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១២ នៅចំណុចផ្ទះលេខ ១៣៥ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

នគរបាលខណ្ឌដង្កោបានឲ្យដឹងថា បុរសដែលត្រូវឃាត់ខ្លួនខាងលើនេះ មានឈ្មោះ សាយ ជា អាយុ ៤៥ ឆ្នាំ ជាកម្មករអូសបន្លែ នៅផ្សារនាគមាស និងមានស្រុកកំណើត នៅស្រុកស្អាង ខេត្តកណ្តាល ហើយម៉ូតូ ដែលបុរសម្នាក់នេះលួចនោះម៉ាកវ៉េវ ពណ៌ខ្មៅ ។ ចំណែកម្ចាស់ម៉ូតូខាងលើឈ្មោះ វ័យ សុភាព ភេទប្រុស អាយុ២២ ឆ្នាំជាកម្មករ សំណង់ស្នាក់នៅ ចំណុចកើតហេតុខាងលើ។ ប្រភពដដែលបានបន្តថា មុនពេលកើតហេតុនោះ គឺបុរស ជាម្ចាស់ម៉ូតូបាន ដេកលង់លក់ជាមួយប្រពន្ធនៅលើគ្រែក្បែរម៉ូតូ ខាងមុខផ្ទះ ដោយដេកលក់យ៉ាងស្រួលនោះ បុរសម្ចាស់មិនបាន ដឹងចោរលួច ម៉ូតូរបស់ខ្លួនទេ ។

លុះរហូតដល់ម៉ោង ១ និង ០០នាទីយប់នោះបុរសសង្ស័យ លួចម៉ូតូបានសម្រេច ហើយបានព្យាយាមជិះរត់គេចខ្លួន ទៅតាមផ្លូវ សង្កាត់គងនយ រហូតជិះទៅជួបនគរបាលព្រហ្ម ទណ្ឌខណ្ឌ ដែលកំពុងជិះម៉ូតូល្បាត ក្នុងមូលដ្ឋានរបស់ខ្លួន ជនសង្ស័យមានតក់ស្លុត និងភ័យខ្លាំង ពេក ក៏បានផ្តួល ម៉ូតូចោលហើយ រត់គេចខ្លួន ពេលសមត្ថកិច្ចឃើញ សកម្មភាពបែបនេះ មានការសង្ស័យ ក៏បានដេញចាប់ បុរសង្ស័យខាងលើនេះ យកមកសួរនៅអធិការ ដ្ឋាននគរបាល ខណ្ឌដង្កោ រហូត ដល់ម៉ោង ៤ និង០០នាទីទៀបភ្លឺ ទើបភាគីខាងជន រងគ្រោះបានមកប្តឹង សមត្ថកិច្ចថា មានចោរ លួច ម៉ូតូរបស់ពួកគេទៅបាត់ហើយ។ ស្របពេល ជាមួយសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សាយ ជា និងដក ហូតបានម៉ូតូបានមួយគ្រឿងនោះ ក៏បាននាំអ្នកមកមើលតើម៉ូតូ ដែលគេឃាត់កាលពីយប់ មិញទុកនេះ ជារបស់ពួកគេមែនឬអត់។

ដោយភាគីម្ចាស់ម៉ូតូ មានប័ណ្ឌត្រឹមត្រូវនោះ សមត្ថកិច្ចក៏បានប្រគល់ម៉ូតូ ដែលចោរ លួចជិះនោះ ទៅប្រគល់ ឲ្យយកទៅវិញចំណែកបុរស សង្ស័យឈ្មោះ សាយ ជា ខាងលើនេះ ត្រូវកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]