ភ្នំពេញ៖ ការរាប់ថយក្រោយសម្រាប់កម្មវិធីទូរទស្សន៍ថ្មី របស់ ភីអិនអិន ជាការច្របាច់បញ្ចូលគ្នា រវាងពិធីករ នៃវិទ្យុក្នុងស្រុកដ៏ល្បី ABC គឺ អាចារ្យ អេ និងលោក សោម ឆាយា ក្នុងកម្មវិធីថ្មីមិនធ្លាប់មានពីមុននៅកម្ពុជា នឹងចាប់ផ្តើមផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន នាសប្តាហ៍ក្រោយតទៅ។ 

“មតិផ្ទុយ” ជាកម្មវិធីថ្មីសន្លាងមួយ ដែលនឹងចាប់ផ្តើមបង្ហាញវត្តមានរបស់ខ្លួន ក្នុងរយៈពេល៣ថ្ងៃខាងមុខ ពោលគឺនៅថ្ងៃចន្ទ ទី១៦ ឧសភា នេះ ដើម្បីបម្រើសេចក្តីត្រូវការរបស់ទស្សនិកជន និងប្រិយមិត្តអ្នកស្តាប់ក្នុង វិស័យព័ត៌មាន ដោយមានការផ្សាយផ្ទាល់រយៈពេល ២ម៉ោងពេញ ចាប់ពីម៉ោង ៧ ដល់ម៉ោង៩ព្រឹក ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ នេះជាលើកទីមួយ ដែលលោក អាចារ្យ អេ ពិធីករវិទ្យុមួយរូប បង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ ជាមួយនឹង ពិធីករព័ត៌មាន ពោរពេញដោយ បទពិសោធន៍របស់ ភីអិនអិន គឺលោក សោម ឆាយា។ ក្រៅពីផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន កម្មវិធីនេះក៏នឹងផ្សាយបន្តតាមរយៈវិទ្យុ ABC ដោយមានក្រុមការងារតំណាងវិទ្យុ ABC និងពិធីការិនីរបស់ ភីអិនអិន រួមគ្នាទទួលការហៅទូរស័ព្ទចូលពីប្រិយមិត្ត ដើម្បីដោះស្រាយបញ្ហាផ្សេងៗកំពុងកើតមានក្នុងសង្គម។ អាចារ្យ អេ ជាពិធីករមួយរូប មានការគាំទ្រខ្លាំង តាមរយៈកម្មវិធីវិទ្យុ ABC ខណៈវត្តមានរបស់លោកក្នុងកម្មវិធីទូរទស្សន៍ ភីអិនអិន រំពឹងអាចគាងគរ ប្រិយមិត្តវិទ្យុ ងាកមកចាប់អារម្មណ៍ និងទស្សនាកម្មវិធីទូរទស្សន៍ “មតិផ្ទុយ” កាន់តែច្រើនកុះករថែមទៀត។ អគ្គនាយករងស្ថានីយទូរទស្សន៍ ភីអិនអិន លោក សោម ឆាយា ប្រាប់ឲ្យដឹងថា “មកទល់ពេលនេះមានប្រិយមិត្តជាច្រើន បានដឹងឮពីកម្មវិធីថ្មី ដែលមានវិទ្យុ ABC សហការជាមួយ ស្ថានីយទូរទស្សន៍ ភីអិនអិន រួចមកហើយ។ ហើយពួកគេថែមទាំងបានបញ្ចេញមតិជាវិជ្ជមាន បង្ហាញការគាំទ្រយ៉ាងខ្លាំងផងដែរ”។

ជារៀងរាល់ថ្ងៃ មានប្រិយមិត្តអ្នកស្តាប់ជាច្រើន តែងធ្វើការហៅទូរស័ព្ទចូលកម្មវិធីរបស់វិទ្យុ ABC ដោយភាគច្រើននៃពួកគេ សង្ឃឹមនឹងអាចធ្វើដូចគ្នានេះ ក្នុងកម្មវិធីទូរទស្សន៍។ ទស្សនិកជន ក៏ដូចជាប្រិយមិត្តអ្នកស្តាប់ ដែលចង់ហៅទូរស័ព្ទបញ្ចេញមតិយោបល់ផ្សេងៗក្នុងកម្មវិធីថ្មីនេះ អាចធ្វើការហៅចូលតាមរយៈលេខទូរស័ព្ទ 070 23 10 10 / 012 23 10 10។ កម្មវិធីថ្មីនេះ អាចារ្យ អេ ក៏បង្ហាញក្តីសង្ឃឹមខ្លាំងទៅលើប្រិយមិត្តអ្នកស្តាប់វិទ្យុ ABC របស់លោក នឹងងាកមកចាប់អារម្មណ៍កម្មវិធីនេះជាមិនខាន។ លោកបន្តថា ក្រុមការងារ កំពុងទន្ទឹងរង់ចាំការហៅ ទូរស័ព្ទមកកាន់កម្មវិធីថ្មីនេះ ពីសំណាក់ ទស្សនិកជន និងប្រិយមិត្តអ្នកស្តាប់ នៅសប្តាហ៍ក្រោយនេះ។ ប្រធានបទស្នូលនៃកម្មវិធីត្រូវរំពឹងថា នឹងផ្តោតសំខាន់លើបញ្ហាមួយ ចំនួនក្នុងសង្គម រាប់បញ្ចូលទាំង នយោបាយ និង សេដ្ឋកិច្ច ជាដើម។ ជាមួយនឹងទស្សនផ្ទុយគ្នារវាង លោក សោម ឆាយា និងអាចារ្យ អេ ត្រូវគេជឿថា នឹងកាន់តែធ្វើឲ្យកម្មវិធីនេះ ពោរពេញដោយការពិភាក្សា វែកញែកយ៉ាងរស់រវើកជាមិនខាន។ ស្ថានីយទូរទស្សន៍ ភីអិនអិន ចាប់ផ្តើមផ្សាយជាផ្លូវការចាប់តាំងពី ខែកក្កដា ឆ្នាំ២០១៥ មក ខណៈមកទល់នឹងពេលនេះ ភីអិនអិន ទទួលបានការគាំទ្រយ៉ាង ខ្លាំងពីសំណាក់ទូរទស្សនិកជន។ ដោយឡែក វិទ្យុ ABC ផ្សាយតាមរលកធាតុអាកាស ១០៧.៥ Mhz ចាប់ផ្ដើមផ្សាយតាំងពីឆ្នាំ ២០០៧ដោយមកទល់ពេលនេះ ទទួលបានការគាំទ្រពី ប្រិយមិត្តអ្នកស្តាប់ជាច្រើនលាននាក់ទូទាំង ប្រទេស៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]