ភ្នំពេញ៖ មុខរបរខ្ញុំ ឬ My Place ដែលជាកម្មវិធីជីវិតពិត កំពុងចាក់ផ្សាយក្នុង ម៉ោងមាសរបស់ស្ថានីយទូរទស្សន៍ PNN បានឈានដល់ការជម្រុះ បេក្ខភាពប្រជែងរបស់ខ្លួនជាលើកទី៧ ដោយនឹងចាប់ផ្តើមបោះឆ្នោត នៅក្នុងកម្មវិធីយប់ថ្ងៃសុក្រនេះ។ 

ការបោះឆ្នោតធ្វើឡើង ក្រោយការប្រកួតប្រជែងតទល់គ្នាយ៉ាងសកម្ម រយៈពេលមួយសប្តាហ៍រវាងបេក្ខជន មួយចំនួននៅក្នុងកម្មវិធីនេះ។ មុខរបរខ្ញុំ ជាកម្មវិធីជីវិតពិតថ្មីមួយ នៃម៉ោងមាសរបស់ស្ថានីយទូរទស្សន៍ PNN ជាកន្លែងប្រមូលផ្តុំបេក្ខជន ១៣រូប ដើម្បីធ្វើការជាក្រុម បង្កើតចេញ ជាអាជីវកម្មពិតប្រាកដមួយ ពោលគឺភោជនីយដ្ឋានតែម្តង។ កម្មវិធីនេះ មានផ្សាយជូនទស្សនារៀងរាល់ចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ៨យប់។ មានបេក្ខជន៦នាក់ហើយបានចាកចេញពីកម្មវិធីនេះ ដូចជាកញ្ញាចិន ស្រីពៅ កញ្ញាឆុប ស្រីលក្ខ លោករតនា លោក ពៅណា កញ្ញាអ៊ុង អ៊ីឆូ រួមនឹង កញ្ញា គឹម លីដា ផងដែរ។ សម្រាប់ពេលនេះ កម្មវិធី នៅសល់បេក្ខជន ប្រកួតប្រជែងចំនួន៧រូប ដែលកំពុងដំណើរការអាជីវកម្មភោជ នីយដ្ឋានរបស់ពួកគេ។ 

សប្តាហ៍នេះ ក្នុងកម្មវិធី មុខរបរខ្ញុំ បេក្ខជនទាំងអស់ធ្វើតេស្តសាកល្បង ឲ្យដឹងថាអ្វីទៅជាការធ្វើការ ជាក្រុម និងបង្ហាញថាភាពកង្វះ របស់សមាជិកមានការប៉ះពាល់យ៉ាងណាដល់ក្រុមទាំងមូល។ មនុស្សមួយចំនួនគិតថា សប្តាហ៍នេះ នឹងមានការជ្រើសរើសឲ្យចាកចេញរវាង កុសុម៉ា ប៊ុនលាភ និងធាវី មិនដូចទៅនឹងកម្មវិធីជីវិតពិតដទៃទៀត មុខរបរខ្ញុំ ឬ My Place គឺផ្តោតសំខាន់ទៅលើការ អប់រំបង្កើតគំនិតអាជីវកម្ម។

មុខរបរខ្ញុំ បានផ្សាយជូនទស្សនាចំនួន១០សប្តាហ៍មកហើយ ខណៈបេក្ខជន បេក្ខនារីក្នុងកម្មវិធី ត្រូវស្ថិតក្នុងការប្រកួតប្រជែង និងផលពិបាកជាច្រើន ក្នុងដំណើរការអាជីវកម្ម ភោជនីយដ្ឋានរបស់ពួកគេ។ ពួកគេគឺប្រកួតប្រជែងដើម្បីប្រាក់រង្វាន់ ២០លានរៀល។ នៅសប្តាហ៍ក្រោយ បេក្ខជន និងប្រឈមមុខប្រកួតប្រជែងគ្នាជាមួយវិញ្ញាសារថ្មីមួយទៀត ដែលផ្តល់ជូនអ្នកទស្សនាបានឃើញ ទិដ្ឋភាពប្រកួតប្រជែងរបស់ពួកគេ នៅខាងក្រៅភោជនីយដ្ឋានរបស់ខ្លួនវិញម្តង។

មុខរបរខ្ញុំ ជាកម្មវិធីជីវិតពិតថ្មីមួយ របស់ស្ថានីយទូរទស្សន៍ PNN ផ្សាយជូនទស្សនារៀងរាល់ចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ៨យប់។ កម្មវិធី មុខរបរខ្ញុំ ឬ My Place របស់ PNN ចាប់ផ្តើមចាក់ផ្សាយដំបូងនៅថ្ងៃច័ន្ទទី ១៤ ខែមីនា ដោយផ្សាយជូនទស្សនា ៥ថ្ងៃក្នុងមួយសប្តាហ៍ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ៨ យប់។ ក្រៅពីផ្តល់ឱកាសទទួលបានជំនាញអាជីវកម្មសម្រាប់បេក្ខជន កម្មវិធី មុខរបរខ្ញុំ ក៏ផ្តល់ជូននូវការអប់រំ និងជំនាញពិតប្រាកដមួយផងដែរ សម្រាប់ទស្សនិកជនរបស់ខ្លួន។ កម្មវិធីនេះ បង្កើតឡើងក្នុងទស្សនវិស័យចម្បង បង្ហាញពីភាពសាមញ្ញក្នុងការចាប់ផ្តើមអាជីវកម្មមួយរបស់ពលរដ្ឋកម្ពុជា វិធីសាស្ត្រសម្រាប់ ដំណើរការអាជីវកម្មរបស់ពួកគេ ក៏ដូចជាផ្តល់ការកំសាន្តជាដើម៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]