រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវក្រុមចោរប្រដាប់អាវុធប្លន់យកម៉ូតូ និងបាញ់មួយគ្រាប់ចំបំពង់កបណ្តាលឱុ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះ ក្រោយពីបុរសនោះរួមនឹងមិត្តភក្តិនាំគ្នាជិះម៉ូតូម៉ាកសេ១២៥ ស៊េរី២០០៨ ទៅរកសេវាផ្លូវភេទនៅចំណុចផ្លូវលេខ៩៤ កែងផ្លូវលេខ១៩ (ខាងកើតរមណីយដ្ឋានវត្តភ្នំ) ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៣ និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ សីហា ឆ្នាំ២០១២ ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះមឿន ស៊ីម ហៅជា ភេទប្រុស អាយុ២៩ឆ្នាំ ជាជាងផ្សារដែក ស្នាក់នៅផ្ទះលេខ៤០២ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ត្រូវក្រុមចោរបាញ់មួយគ្រាប់ចំបំពង់.ក ។ ចំណែកជនរងគ្រោះម្នាក់ទៀត ដែលរួមដំណើរជាមួយមិនមានរងរបួស ហើយរត់គេចខ្លួនទាំងព្រលឹងចុងសក់ឈ្មោះសាន សុផុន ភេទប្រុស អាយុ២៨ឆ្នាំ ជាសន្តិសុខឯកជន ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។

សាក្សីម្នាក់ជាសន្តិសុខឯកជនបាននិយាយថា នៅវេលាម៉ោងខាងលើ គេឃើញជនរងគ្រោះ និងមិត្តភក្តិម្នាក់ទៀតជិះម៉ូតូទៅឈប់នៅកែងផ្លូវលេខ១៩ និង៩៤ខាងកើតរមណីយដ្ឋានវត្តភ្នំ ហើយនិយាយតថ្លៃជាមួយស្ត្រីរកស៊ីផ្លូវភេទម្នាក់ ដោយជនរងគ្រោះ (ឈ្មោះមឿន ស៊ីម)អង្គុយលើម៉ូតូ ខណៈពេលនោះ ស្រាប់តែមានបុរស៤នាក់ ជិះម៉ូតូ២គ្រឿងមកឈប់ក្បែរបុរសរងគ្រោះ ហើយដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់ទៅលើជនរងគ្រោះមួយគ្រាប់ ដោយសារតែបុរសរងគ្រោះព្យាយាមរារាំងមិនឱ្យក្រុមចោរយកម៉ូតូជិះ ចេញ ។ នៅក្នុងហេតុការណ៍នេះដែរ មិត្តភក្តិរបស់ជនរងគ្រោះបំរុងតដៃជាមួយក្រុមចោរ លុះឃើញចោរមានកាំភ្លើង ក៏រត់បាតជើងសព្រាតគេចខ្លួនមករមណីយដ្ឋានវត្តភ្នំ ដោយឡែកជនរងគ្រោះដែលត្រូវចោរបាញ់មួយគ្រាប់នោះ ក៏បានរត់មកម្ខាងផ្លូវជាប់របងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងដេកដួលលើផ្លូវ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]