ភ្នំពេញ៖ រឿងរ៉ាងដ៏ក្ដៅគគុក ដែលជាការផ្ទុះជំលោះរវាងអ្នកសិល្បៈ និងអ្នកសិល្បៈខ្មែរដូចគ្នា គឺកញ្ញា ដេនីក្វាន់ ទៅនឹងតារាសិល្បៈផ្សេងទៀត ត្រូវបានលោក សុះ ម៉ាច ជាប្រធានសមាគម មានគម្រោងនឹងធ្វើសន្និសីទកាសែត ដែលលោកបានលើកឡើងកាលពីម្សិលមិញនេះ

ទោះជាយ៉ាងណា បើតាមប្រភពព័ត៌មានក្នុងស្រុក វីអូឌី បានធ្វើការចុះផ្សាយអត្ថបទ មុននេះបន្ដិច ថ្ងៃទី១៣ ឧសភា នេះបានឲ្យដឹងពីលោក សុះ ម៉ាច ថា កញ្ញា ដេនី ក្វាន់ យល់ព្រមបន្ទន់ជំហររបស់ខ្លួន ដែលឈានឲ្យមានការសម្រុះសម្រួលគ្នា បានយ៉ាងជោគជ័យ ក្រោយពីប៉ុន្មានម៉ោងដែលលោក សុះ ម៉ាច និយាយថា នឹងធ្វើសន្និស្នីទកាសែតនោះ។ នៅក្នុងនោះ បានឲ្យដឹងទៀតថា មូលហេតុដែលបង្កឲ្យមានរឿងរ៉ាវបែបនេះ គឺបន្ទាប់ពីមានរូបភាពសិចស៊ីដេនីក្វាន់ លើប្រព័ន្ធផ្សព្វផ្សាយនានា ទើបបង្កឲ្យមានអ្នកសិល្បៈផ្សេងទៀតលូកមាត់ ហើយក៏បណ្ដាលឲ្យមានជំលោះជេរ ប្រមាថដៀមដាមដាក់គ្នា កើតឡើងតែម្ដង។

យ៉ាងណាមិញ ដេនី ក្វាន់ បានថ្លែងប្រាប់លោក សុះ ម៉ាច ថាខ្លួននឹងយល់ព្រមធ្វើការសុំទោសជាសាធារណៈ ទាក់ទងនឹងការស្លៀកពាក់មិនសមរម្យ សិចស៊ី ហើយនឹងតាំងចិត្ដឈប់ធ្វើឲ្យខូចប្រពៃណីខ្មែរទៀត ផងដែរ ដែលរឿងនេះនឹងបញ្ចប់តែម្ដង។ ក៏ប៉ុន្ដែដេនី ក្វាន់ នឹងមិនសុំទោស ទៅលើបុគ្គលឬ អ្នកសិល្បៈណាម្នាក់ ចំពោះសម្ដីម៉ាក់ងាយនាងនោះឡើង ដោយសារតែអ្នកទាំងនោះ ប្រមាថមើលងាយនាង មិនមែនជាសម្ដីរិះគន់ក្នុងន័យស្ថាបនាអ្វីនោះទេ ហើយនាងនឹងបង្ហោះវីដេអូសុំទោស ទៅកាន់សាធារណៈជន ទាក់ទងនឹងរូបភាពសិចស៊ីនាង ក្នុងពេលឆាប់ៗនេះ៕

រូបភាព កញ្ញា ដេនី ក្វាន់ (ហ្វេសប៊ុក)

កំណត់ត្រាខ្មែរឡូត៖

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦ ម្សិលមិញនេះ លោក សុះ ម៉ាច បានអះអាងថា លោកបានទទួលព័ត៌មានពី ក្រសួងវប្បធម៌ ដែរ​ កំពុង​ពិភាក្សាលើរឿងហ្នឹង​ រឿង​ដេននី ក្វាន់​ តើមានចំណាត់ការយ៉ាងណា ជាការសម្របសម្រួល ឬណែនាំ ចំពោះគាត់ (ដេននី ក្វាន់) ក្នុងនាមគាត់​មានឈ្មោះ​ ជា​តារាម្នាក់ដែរ​។​ លោក សុះ ម៉ាច ថា​«ដូច​ខ្ញុំជម្រាប​អ៊ីចឹង តារា មានឈ្មោះជាតារាវាយ៉ាងម៉េច តារារបស់ខ្មែរ ជាមនុស្សរបស់សាធារណៈ តើយើងត្រូវ​ប្រកាន់ចរិក អត្តចរិកឬពារ សម្តីសំដៅ ទាំង​ការស្លៀកពាក់ យ៉ាងម៉េច​ឲ្យសមជាតារា ជាមនុស្សរបស់មហាជន ក្នុងរឿងហ្នឹង​» ។​ ក្នុងរឿងរាវ​នៃតារាដែលស្លៀកពាក់សិចស៊ីនេះ ​លោក​ សុះ ម៉ាច ក៏​ទទួលស្គាល់ផងដែរថា «រាល់តារាមួយចំនួន យើង​ពិបាកក្នុងការគ្រប់គ្រង គាត់មួយចំនួនមិន មានឈ្មោះ នៅក្នុងការគ្រប់គ្រងរបស់សមាគមន៍សិល្បៈ យើងពិបាកគ្រប់គ្រង នេះដោយហេតុថាអី ? ដោយសារ​ខ្វះការ​ទំនាក់ទនង គាត់ចេញពីប្រភពណា យើងមិនដឹង​ នេះ ជារឿងមួយពិបាក​» ។​ ប្រធាន​សមាគមសិល្បៈករខ្មែរ បានបន្ថែមថា «បើសិនជាគាត់កើតចេញពីពិភពសិល្បៈ ពិភពសិល្បៈណា សាលាណា ផលិតកម្មណា ឬ ដែលយើងមិនបានដឹង ទើបតែ​ខ្ញុំ​ដឹងថា​ឥឡូវគាត់ (ដេននី ក្វាន់) ចេញពីប្រភពណា នោះ» ។​ ជាមួយនឹង​បញ្ហាប្រភពរបស់ ដេននី ក្វាន់ ចូលសិល្បៈតាមណា នោះ ប្រធាន​សិល្បៈករខ្មែរ កំពុងតែស៊ើប​រកព័ត៌មានលម្អិត ដែលជាក់ ខណៈដែល​ព័ត៌មានរបស់លោក​ទទួលបាន មិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយនោះ ។​ ជាមួយនឹងគ្នានេះដែរ លោក សុះ ម៉ាច គ្រោង​នឹង​ធ្វើសន្នីសីទ​កាសែត ទាក់ទងនឹង​ចំណុចហ្នឹង ដោយមិនចង់ឲ្យ«ត្រីមួយកន្ទ្រក់ស្អូយ១ ស្អុយទាំង​អស់នោះទេ​» ។​ ក្នុងសន្និសីទ​កាសែត ដែល​គ្រោងនឹងធ្វើនោះ លោក សុះ ម៉ាច នឹង​បង្ហាញពីប្រភព ដែល​នាង​ចូលសិល្បៈ ហើយ​រឿង​ក្រសួងវប្បធម៌ ទទួល ឬមិនទទួល ឬមួយផ្អាក គឺអាស្រ័យលើក្រសួង ៕​

គួរបញ្ជាក់ថា រឿងនេះកាន់តែផ្ទុះខ្លាំង ក្រោយពី តារាចម្រៀងស្រី អ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ចេញមតិលើការស្លៀកពាក់របស់កញ្ញា ដេនី ក្វាន់ បែបន័យស្ថាបនា និងកែលម្អ តាមបណ្តាញសង្គមហ្វេសប៊ុកថា «បើនាងម្នាក់ហ្នឹង មិនបានតាំងខ្លួនជាតារា ឬមិនពាក់ព័ន្ធនិងសិល្បៈទេ ចង់នាងដើរទៅណាមកណាធ្វើអ្វី ឬថតអ្វីមិនស្លៀកពាក់ខោអាវសោះតែម្តង ក៏គ្មាននរណាទៅឆ្កួតខឹងនឹងនាងដែរ ផ្ទុយទៅវិញគឺមានតែអគុណនាងទៅវិញ ដែលនាងចិត្តល្អអោយភ្នែកគ្រប់គ្នា រាប់តាំងពីពូៗម៉ូតូឌុប អ្នកលក់ លៀសហាល អ្នកបោសសំរាមផង ក៏អាចមើលរបស់នាង Free Free បាន។ តែសំខាន់ នាងយកឈ្មោះជាតារា ឈ្មោះអ្នកសិល្បៈមកលាប ដើម្បីទាញការចាប់អារម្មណ៍ និងពង្រីកទីផ្សាររបស់នាង ហើយពេលមហាជនតិះទៀន នាងបែរជានិយាយបែបបន្ទាបបន្ថោកថា នាងមិនរស់ដោយសារសិល្បៈទៅវិញ។ សំដីក្អេងក្អាង ចំអកដល់ក្រសួងវប្បធម៌ និងជេរបញ្ជោះតបត ដល់អ្នកតិះទៀនទាំងប៉ុន្មានរបស់នាង និងបងប្អូនរបស់នាង គឺវាលើសពេកហើយ មិនសមណាក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងវប្បធម៌ លោកបិទភ្នែកបិទត្រចៀកទៀតនោះទេ គួរណាស់តែលោកចាត់វិធានការណ៍ ធ្វើការព្រមានចំៗឈ្មោះតែម្តងទៅ មិនដឹងថានៅបិទបាំងលាក់មុខឲ្យដល់ណាទៀតទេ បើនាងព្រហើនដល់ម្លឹងហើយ។ ល្មមហើយ ល្មមអាណិតដល់ពួកយើងជាសិល្បៈនារីៗ ដែលខិតខំប្រព្រឹត្តខ្លួនល្អ ខំតស៊ូដោយសុចរិតទៀងត្រង់ ទោះអត់ឃ្លានមានហូប ឬគ្មានសម្ភារៈទំនើបប្រើប្រាស់ ក៏ពួកយើងមិនលក់ឧត្តមគតិដែរ ដើម្បីរក្សាការពារកិត្តិយសជាស្ត្រីខ្មែរ និងសិល្បៈ តែបែរជាត្រូវមកស្អុយរលួយឈ្មោះព្រោះតែនាងៗប៉ុន្មាននាក់ហ្នឹង គឺមិនត្រឹមត្រូវ និងមិនយុត្តិធម៌ឡើយ សូមមេត្តាក្រសួងលោកជួយ ធ្វើចំណាត់ការឲ្យច្បាស់ផងក្នុងរឿងនេះ ពួកយើងខ្ញុំហត់ហើយ ហត់នឹងធ្វើល្អ ហត់នឹងអំណត់ ហត់នឹងទទួលពាក្យចោទប្រកាន់ ហត់នឹងពន្យល់មហាជនថាមួយណាជាលាមក មួយណាជាផ្កា»។

រូបភាព តារាចម្រៀងស្រី អ្នកនាង ម៉េង កែវពេជ្ជតា
សារ ដែលតារាចម្រៀងស្រី អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះឡើង

បន្ទាប់ពីសាររបស់អ្នកនាងម៉េង កែវពេជ្ជតា បានឃើញទៅដល់កែវភ្នែករបស់ កញ្ញា ដេនី ក្វាន់ ភ្លាម រូបនាងក៏មិនបង្អង់យូរ បានបង្ហោះសារមួយ ដែលចង់សំដៅដល់ អ្នកនាងម៉េង កែវពេជ្ជតាតែម្តង ដោយមានអត្ថន័យថា «ឆ្ងល់ណាស់មិចក៏មករមាស់តែរឿងខ្ញុំចឹង?ខ្ញុំជាឃាតករ ឬក៏ដើរលួច ឆក់ប្លន់គេបានជាម្នាក់ៗប្រឹងបើកបំពង់កស្រែកម៉្លេះ?ដូចជាមីងម្នាក់ចឹង តាំងខ្លួនអែងត្រឹមត្រូវ នឹងថ្លៃថ្នូរណាស់ទាំងដែលខ្លួនអែងរលួយខ្វល់មិនគិតផង...ខ្ញុំស៊ិចស៊ីក៏ស៊ិចស៊ីតែកាយ មិនដូចអ្នកសុភាពនឹងលើអង្គើរក្រោមនោះទេ។ មីងអែងនិយាយថាឲ្យខ្ញុំបានល្អណាស់ តែខ្ញុំក៏ចង់ប្រាប់ទៅមីងវិញដែរ...មីងថាខ្ញុំថោកហើយខ្លួនមីងថ្លៃណាស់ គឺថ្លៃពេកហើយថ្លៃដល់ថ្នាក់ប្តីលែងក្បាលនឹងហែកកេរ្តិ៍ពេញប្រទេសថា ខ្លួនមានសាហាយនឹងហើយឬអ្នកថ្លៃថ្នូរ?តាមខ្ញុំដឹងខ្លួនមីងធ្លាប់ស្លៀកពាក់សុភាពជិតលើជិតក្រោមដែរ តែក៏ត្រូវគេរិះគន់ពេញប្រទេសមិចមិនគិតផង...ខ្ញុំមិនខឹងទេព្រោះមីងចាស់ហើយអាច នឹងមានបញ្ហារខាងខួរក្បាល ព្រោះពីមុនត្រូវប្តីវៃទាត់ធាក់ឡើងប្រសៃប្រសាទហើយ ជូនពរឆាប់ជាពីជំងឺប្រសៃប្រសាទណា(ផ្ញើរជូនអ្នកមីងផ្កាវល្លិ៍ផោម)»។

សារទាំងនេះ អាចបញ្ជាក់ឲ្យដឹងថា ចំពោះកញ្ញា ដេនី ក្វាន់ មិនអាចឈរសម្លឹងមើល អ្នកណាដែលហ៊ាននិយាយដាក់នាងនោះឡើយ ឲ្យតែរូបនាងបានឃើញ គឺត្រូវតបតមិនឲ្យចាញ់នោះឡើយ។

សារដែលកញ្ញា ដេនី ក្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]