អង់គ្លេស៖ ក្លិប Newcastle និងក្លិប Norwich ធ្លាក់ចេញពីក្របខ័ណ្ឌ English Premier League ហើយនឹងត្រូវទៅលេងនៅលីកទី២ របស់អង់គ្លេសនៅរដូវកាលក្រោយ ខណៈដែល Sunderland រួចផុតទុក្ខពីតំបន់គ្រោះថ្នាក់ នៅក្នុងតារាងចំណាត់ថ្នាក់។

ក្រុមឆ្មាខ្មៅ Sunderland បានយកឈ្នះលើក្រុម Everton កាលពីយប់មិញនេះ ដែលធ្វើឲ្យក្រុមរបស់គេ អាចបន្តនៅលេងក្របខ័ណ្ឌ Premier League នៅរដូវកាលក្រោយទៀតបាន។

គ្រាប់បាល់ស៊ុតបញ្ចូលទី កាលពីយប់មិញនេះ ធ្វើឡើងដោយកីឡាករ Patrick Van Aarnholt ដោយសុតបាល់ Free Kick និងកីឡាករ Lamine Kone បន្ថែមនូវគ្រាប់បាល់២គ្រាប់ទៀត ដែលបញ្ចប់ការប្រកួតដោយ Sunderland យកឈ្នះ Everton ៣-០។

ចំនែកឯ Newcastle វិញ បានធ្លាក់ចេញពីក្របខ័ណ្ឌ English Premier League ជាលើកទី២ ក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ ដោយកាលពីលើកទីមួយនោះ នៅឆ្នាំ២០០៩។

បញ្ជាក់ផងដែរថា Newcastle បានបញ្ឈប់លោក Steve McClaren ពីតំណែងគ្រូបង្វឹកកាលដើមឆ្នាំនេះ ដោយជំនួសវិញ ដោយអតីតគ្រូបង្វឹករបស់ក្លិប Liverpool,  Chelsea និង Real Mardrid គឺលោក Rafael Benitez។ ស្របពេលនេះដែរ ក៏មានមតិរិះគន់ផងដែរថា ហេតុអ្វីបានជាមិនប្តូរគ្រូបង្វឹកតាំងពីដំបូង ក្រុមជិតធ្លាក់ហើយបានទើបប្តូរគ្រូថ្មី។ សូម្បីតែអតីតកីឡាកររបស់ Newcastle Alan Shearer ក៏ជឿជាក់ដែរថា បើលោក Benitez ត្រូវបានតែងតាំងជាគ្រូបង្វឹកលឿនជាងនេះបន្តិច ម្លេះអនាគតរបស់ពួកគេ ក៏មិនពិបាកដូចពេលនេះដែរ ។

គាត់បានប្រាប់ទៅសារព័ត៌មាន The Sun ថា « បើលោក Benitez ត្រូវបានតែងតាំងជាគ្រូបង្វឹកលឿនជាងនេះបន្តិច ខ្ញុំជឿច្បាស់ថាពួកគេ ក៏មិនធ្លាក់ខ្លូនដល់ស្ថានភាពនេះដែរ ប៉ុន្តែឥឡូវអ្វីៗគឺហួសពេលអស់ហើយ »។

សម្រាប់ក្លិប Norwich ក៏បានវិលត្រលប់ទៅកាន់ក្របខ័ណ្ឌ Championship ដែលជាលីកទី២របស់បាល់ទាត់អង់គ្លេសវិញដែរ បន្ទាប់ពីក្រុមមួយនេះ ទើបតែបានឡើងមកលេងនៅ Premier League រដូវកាលមុនប៉ុណ្ណោះ។

ពួកគេបានខំប្រឹងអស់លទ្ធភាពហើយ កាលពីយប់មិញនេះដោយបានបំបាក់ក្រុម Watford ក្នុងលទ្ធផល ៤-២ ដោយថ្វីជើងរបស់កីឡាករ Dieumerci Mbokani ២គ្រាប់ម្នាក់ឯង និង Nathan Redmond មួយគ្រាប់ និងមួយគ្រាប់ទៀត ស៊ុតចូលទីខ្លូនឯងដោយកីឡាករ Craig Cathcart។ តែទោះជាយ៉ាងណាក៏ដោយ ជ័យជំនះរបស់ពួកគេ គឺមិនគ្រប់គ្រាន់ឡើយ សម្រាប់រក្សាតំណែងរបស់ខ្លួននៅក្របខ័ណ្ឌ Premier League ដោយសារតែ Sunderland ក៏ឈ្នះនៅការប្រកួតយប់មិញនេះផងដែរ។

យើងបានដឹងពីជើងឯក និងអ្នកធ្លាក់ហើយ ប៉ុន្តែចំពោះសិទ្ធិដើម្បីទៅលេងពានរង្វាន់អ៊ឺរ៉ុប នៅរដូវកាលក្រោយ យើងមិនទាន់ដឹងទេ។ ដូច្នេះនៅសប្តាហ៍ចុងក្រោយនៃពានរង្វាន់ Premier League ថ្ងៃអាទិត្យនេះ ថាតើក្រុមណារវាង Manchester United និង Manchester City ទទួលបានចំណាត់ថ្នាក់លេខ៤ និងមានសិទ្ធិទៅប្រកួតយកពានរង្វាន់អ៊ឺរ៉ុបនៅរដូវកាលក្រោយបាន?  

រូបភាព៖Newcastle និង Norwich ធ្លាក់ចេញពីក្របខ័ណ្ឌ English Premier League

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]