ភ្នំពេញៈ រ៉េត រ៉ាដា តារាចម្រៀង លេចធ្លោ ប្រចាំក្នុងផលិតកម្ម Diamond Music ដែលមានឈ្មោះ ពិតថា គង់ ចាន់ណា បាននឹងកំពុងតែបោះ ជំហានទៅមុខ ជាលំដាប់ក្នុងវិស័យ សិល្បៈចម្រៀង ហើយក៏ទទួលបាននូវ ការចាប់អារម្មណ៍ គាំទ្រពីសំណាក់មហាជន ជាពិសេសមិត្តយុវវ័យ យ៉ាងច្រើនសន្ធឹកសន្ធាប់ ។

ជាមួយនឹងកេរ្តិ៍ឈ្មោះ កំពុងលោតឡើងក្រឺតៗ ដូចកាំជណ្តើរនៅពេលនេះ រ៉ាដា ក៏អាចនឹងពើបប្រទះ នូវរឿង រ៉ាវអាស្រូវមួយចំនួន ដែលកម្រនិងមានតារាល្បីៗ មួយចំនួនគេចផុតណាស់ ទើបធ្វើឲ្យរូបនាង បានត្រៀម លក្ខណៈរួចជាស្រេច ដើម្បីទប់ទល់ទៅនឹងព្យុះព័ត៌មាន ទាំងអស់នេះដែលអាចបោកបក់ ជាយថាហេតុ ណាមួយ មកលើរូបនាង ។ ពន្លកតារាថ្មីដែលកើតចេញ តាមរយៈកម្មវិធីប្រឡងចម្រៀង “ពានតារា” នៃស្ថានីយ៍ ទូរទស្សន៍CTN ក្នុងឆ្នាំ២០០៨ រូបនេះបានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដោយក្តីរំភើបរីករាយថា “និយាយទៅ…ខ្ញុំមានចំណង់ចំណួលចិត្ត ចង់ក្លាយជាអ្នកសិល្បៈ តាំងពីតូចមកម្ល៉េះ ។ ដល់ពេលនេះខ្ញុំបាន ចូលដូចបំណង ទោះដឹងខ្លួនថាថ្ងៃខាងមុខ ខ្ញុំត្រូវជួបប្រទះនូវរឿងរ៉ាវ ជាច្រើនទៀតក៏ដោយ” ។

និយាយមកដល់ត្រង់នេះ មានសំណួរថាតើកញ្ញារ៉ាដា នៅពេលក្លាយជាតារាល្បី នាងបានគិតហើយឬនៅថា នាងអាចនឹងជួបប្រទះ នូវរឿងរ៉ាវអាស្រូវ អាចធ្វើឲ្យនាងបាត់បង់កេរ្តិ៍ឈ្មោះ កិត្តិយស ? រ៉ាដាឆ្លើយយ៉ាងរហ័ស ថា “អត់ទេបង…! ខ្ញុំអត់ខ្លាចរឿងអាស្រូវទេ សំខាន់នៅលើខ្លួនយើង ជាអ្នកប្រព្រឹត្ត ទោះបីខុសឬត្រូវ ប៉ះពាល់ ដល់អ្នកណាម្នាក់ យើងត្រូវដឹងខ្លួនឯងច្បាស់ ។ ខ្ញុំគិតហើយថា ខ្ញុំនឹងត្រៀមខ្លួន ដើម្បីតតាំងទៅនឹងព័ត៌មាន អាស្រូវណាមួយ ដែលអាចប៉ះមកលើរូបខ្ញុំ ហើយខ្ញុំក៏អត់គេចវេសដែរ” ។ ការតាំងចិត្តដ៏មោះមុត របស់តារាស្រី ចាប់ផ្តើមឡើងកូដរូបនេះ បានបង្ហាញឲ្យឃើញថា នាងកំពុងតែមានមហិច្ឆតាខ្ពស់ ក្នុងការប្រឡូកចូលឲ្យជ្រៅ នៅក្នុងលំហរសិល្បៈបើទោះបីជានាង អាចទទួលរងនូវព្យុះព័ត៌មាន អាក្រក់ក្តី ល្អក្តី ក៏នាងនៅតែក្រាញននាល តស៊ូរហូតទទួលបានជោគជ័យ ។

ក្រឡេកមើលស្រីស្រស់រ៉ាដា ក្នុងផលិតកម្ម Diamond Music ឯនោះវិញ នាងហាក់កំពុងតែមានសន្ទុះបោះពួយ ជាលំដាប់ខណៈដែលបទចម្រៀងថ្មីៗរបស់នាង បាននឹងកំពុងតែចរាចរលក់ នៅលើទីផ្សារជាបន្តបន្ទាប់ ធ្វើឲ្យ នាងមានកម្លាំងចិត្ត ឥតឧបមាដើម្បីឈ្មុសឈ្មុលមិនខ្លាចរងាក្តៅ ដណ្តើមកេរ្តិ៍ឈ្មោះល្បី ក្នុងទីផ្សារចម្រៀង ។ ស្រីស្រស់រាងតូចច្រឡឹងរូបនេះ បានចេញនូវបទចម្រៀងថ្មីៗជាច្រើន រួមមានបទៈ ដឹងខ្លួនពេលបងសុំចប់, ជូតទឹកភ្នែក, ស្រលាញ់គ្នាធ្វើអ្វីបើយើងមិនយល់ចិត្តគ្នាផង, នឹកដល់បងធ្វើឲ្យអូនសប្បាយចិត្ត និងបទចម្រៀប បែបមនោសញ្ចេតនា ជាច្រើនទៀត ។ រ៉ាដានិយាយ “ខ្ញុំមិននឹកស្មានថា ខ្លួនមានថ្ងៃនេះ និងបានចូលច្រៀង ក្នុងផលិតកម្ម Diamond Music នោះឡើយ ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំ និងមិនធ្វើឲ្យទស្សនិកជន ដែលតែងតែ ចូលចិត្ត គាំទ្ររូបនាងខ្ញុំ ខកបំណងនោះទេ ។ ខ្ញុំទទួលអារម្មណ៍ថា កំពុងតែដើរនៅលើផ្លូវមួយ ដែលខ្ញុំមិនធ្លាប់ នឹកដល់” ។ ងាកមកចាប់អារម្មណ៍ ទៅនឹងរឿងរ៉ាវ បេះដូងរបស់នាងវិញ ស្រីស្រស់ថ្ពាល់ក្រហមឆ្អៅ រូបនេះ ហាក់មិនបានខ្វល់ខ្វាយ ពីម្ចាស់គ្រងបេះដូង ឬគូរអនាគត ដែលនិងត្រូវជួបប្រទះ ឬកំពុងតែមានកន្លង់ចោម រោម ស្រលាញ់ចង់បាននាងជាច្រើននោះឡើយ ។ នាងនិយាយបន្ត “ខ្ញុំអត់ទាន់គិតទេ បង…រឿង ស្នេហា សំខាន់ឲ្យតែការងារសិល្បៈ មានដំណើរការរលូនទៅមុខ ម្យ៉ាងទៀតរូបខ្ញុំផ្ទាល់ ក៏មិនទាន់មានលំនឹង ច្បាស់ លាស់ ក្នុងមុខអាជីពឬជំនាញអ្វីមួយ ដែលអាចផ្តល់ក្តីសង្ឃឹម ទៅថ្ងៃអនាគតនោះទេ ។

តែទោះជាយ៉ាងណា ខ្ញុំនិងខំប្រឹងប្រែង តស៊ូក្នុងវិស័យសិល្បៈ ហើយសង្ឃឹងថាវាជាស្ពានមួយ អាចជួយខ្ញុំឲ្យមានភាពរ៉ឹងប៉ឹងឡើង ទៅថ្ងៃខាងមុខ ។ រ៉េត រ៉ាដា គឺជាតារាចម្រៀងលេចធ្លោមួយដួង ក្នុងផលិតកម្ម Diamond Music ក្នុងចំណោមតារាចម្រៀងរួមដំបូលដូចជា លោក សូ លីដូ លោក ជេស្តា លោក Eno កញ្ញា លី នី និងតារាចម្រៀងថ្មីៗ ពោពេញដោយទេពកោសល្យ ជាច្រើនដួងទៀត ។ បច្ចុប្បន្នផលិតកម្ម Diamond Music បាននឹងកំពុងចេញនូវអាល់ប៊ុមទី៣ របស់ខ្លួនដែលមានបទ “ជូតទឹកភ្នែក” និងបទ “ស្រលាញ់ គ្នាធ្វើអ្វីបើយើងមិនយល់ចិត្តគ្នាផង” កំពុងទទួលបានការគាំទ្រ ខ្លាំងជាងគេ ។

រ៉េត រ៉ាដា មានស្រុកកំណើត នៅក្នុងទីក្រុងភ្នំពេញ ដោយមានឪពុកឈ្មោះ គង់ សារ៉េត (ស្លាប់) និងម្តាយឈ្មោះ ប៉ាវ អង្គារ៉ា ជាអាជីវករ និងមានបងប្អូន៧នាក់ ស្រី៤ ប្រុស៣ ចំណែកនាងជាកូនទី៥ ។ រ៉ាដា បានបញ្ចប់ថ្នាក់បាក់ឌុប ក្នុងឆ្នាំ២០១០ នៃវិទ្យាល័យឬស្សីកែវ និងគ្រោងបន្តថ្នាក់បរិញ្ញាបត្រ ផ្នែកធនាគា និងហិរញ្ញវត្ថុ ក្នុងពេលឆាប់ៗនេះ ។ មុនចូលសិល្បៈ នាងធ្លាប់បានហាត់រៀន ក្នុងក្លឹបប្រជានុភាព ដោយការ បណ្តុះបណ្តាលនេះ នាងទទួលបានបទពិសោធន៍ច្រើន គួរសមទើបនាងសម្រេចចិត្តដាក់ពាក្យប្រឡង ក្នុងកម្មវិធី “ពានតារា” ហើយទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខមួយ ក្នុងចំណោមបេក្ខជន-បេក្ខនារី ជាច្រើនរូប ទើបនាងមានឱកាសហក់ចូល ក្នុងវិស័យនេះ រហូតដល់សព្វថ្ងៃ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]