ភ្នំពេញ៖ ផ្អែកតាមសេចក្តីរាយការណ៍ជំហានដំបូង បានឲ្យដឹងថា តារាសម្តែងដ៏ល្បី ដែលទើបតែជួបគូស្នេហ៍ អ្នកនាង ស្វែង សុជាតា ត្រូវបានចោរគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិ អស់ជាច្រើន កាលពីវេលាម៉ោង១រំលង អាធ្រាត្រ ថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ យប់មិញនេះ ខណៈដែលនាងកំពុងតែដេកលង់ លក់ប្រៀបបីដូចត្រូវថ្នាំសណ្តំ និងស្របពេលដែលប្តីរបស់នាង ជាប់រវល់ទៅធ្វើការនៅខាងក្រៅទៀតផង ។

ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងទៀតថា ចោរដែលចូលលួចនោះ គឺបានឡើងលើរបង ចូលតាមរយៈផ្ទះអ្នក ជិតខាង និងបានគាស់ទ្វារ ចូលក្នុងបន្ទប់គេងរបស់ ស្វែង សុជាតា ដោយស្ងាត់ៗ ហើយបានរើកកាយប្រមូល ទ្រព្យសម្បត្តិ ដូចជាលុយ ទូរស័ព្ទដៃ សម្លៀកបំពាក់ និងរបស់របរមានតម្លៃជាច្រើនទៀត ខណៈ អ្នកនាង ស្វែង សុជាតា កំពុងតែដេកលង់លក់ ក្នុងបន្ទប់នោះ ប្រៀបបីដូចជាត្រូវថ្នាំសណ្តំអ្វីម្យ៉ាង ។

គេហដ្ឋានដែលត្រូវបានគេដឹងថាស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ដែលជាផ្ទះរបស់តារាសម្តែង ស្វែង សុជាតា ក្រោយពេលកើតហេតុ នាងមិនបានប្តឹងទៅកាន់សមត្ថកិច្ចភ្លាមៗទេ រហូតមកដល់ពេលនេះ ហើយទ្រព្យសម្បតិ្ត ទាំងអស់ដែលបាត់បង់ ក៏គេមិនបានដឹងច្បាស់ដែរថា មានទំហំប៉ុន្មាននោះទេ ព្រោះពេលនេះ ស្វែង សុជាតានៅ មិនទាន់បាត់ភ័យ ពីហេតុការណ៍ដែលកើតឡើង ស្ទើរនឹកស្មានមិនដល់នោះឡើយ។

គួរបញ្ជាក់ថាថ្មីៗនេះ ស្វែង សុជាតា បានប្រកាសជាសាធារណៈអំពីចំណងស្នេហ៍ដ៏ល្អូកល្អឺន ជាមួយគូស្នេហ៍ថ្មី រហូតធ្លាយរូបបឹតជញ្ជក់មាត់គ្នា ដែលបង្ហាញឲ្យឃើញថាគូស្នេហ៍នេះពិតជាមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅនិង កំពុងតែសាងសុភមង្គលជាមួយគ្នា ដ៏សុខសាន្ត ។

ផ្ទុយទៅវិញហេតុការណ៍កាលយប់មិញ បានក្លាយទៅជាភាពសោកស្តាយមួយ ខណៈទ្រព្យសម្បត្តិជាច្រើនត្រូវ បានបាត់បង់ ដែលជាញើសឈាមរបស់នាងខំសន្សំបាន ពីអាជីពសិល្បៈ បន្តិចបន្ទួច ហើយ ត្រូវបាត់បង់មួយ ប៉ប្រិចភ្នែក។ រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងថា ស្វែង សុជាតា នឹងត្រូវចាត់វិធានការ និងរកដំណោះ ស្រាយយ៉ាង ណា នោះទេ ខណៈដែល នាងនៅមិនទាន់បានបញ្ជាក់ប្រាប់មហាជនឲ្យបានដឹងនៅឡើយ ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចស្វែងរកសុំការបំភ្លឺបានទេទាក់ទងនឹងហេតុការណ៍នេះ ព្រោះ ទូរស័ព្ទ ដែលនាងធ្លាប់ប្រើ ក៏ត្រូវបានចោរលួចយកទៅបាត់ដែរ ៕

ដោយ៖ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]