កំពត ៖ ថៅកែកាស៊ីណូ យីហោ សាន់ដេ ដែលមានទីតាំង នៅតំបន់ព្រែកចាក ក្នុងភូមិ ថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្ដកំពត ត្រូវបានកម្លាំងនគរបាលចុះទៅ ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីថៅកែមានទ្រព្យ សម្បត្ដិស្ដុកស្ដម្ភរូបនេះ បានបាញ់ប្រហារ ឡើងលើកំដរការផឹកស៊ីរបស់ខ្លួន នៅក្បែរ មាត់សមុទ្រជិតបង្គោលព្រំដែនកម្ពុជា-វៀត ណាម លេខ៣១៤។

យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា ការឃាត់ខ្លួនថៅកែកាស៊ី ណូខាងលើនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃ ទី២១ ខែសីហា ឆ្នាំ២០១២ ស្ថិតនៅកន្លែង ផឹកស៊ីរបស់ខ្លួនជាមួយមិត្ដភក្ដិផ្សេងទៀត បន្ទាប់ពីប្រជាពលរដ្ឋ បានលឺសម្លេងផ្ទុះអាវុធ ជាច្រើនគ្រាប់ ហើយរាយការណ៍ជូនសមត្ថ កិច្ច។

ប្រភពព័ត៌មានបានបន្ដថា ការឃាត់ ខ្លួនថៅកែកាស៊ីណូខាងលើនេះ ធ្វើឱ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីជននេះត្រូវ បាននាំខ្លួនទៅកាន់ស្នងការដ្ឋានខេត្ដកំពត នៅយប់ថ្ងៃទី២១ ខែសីហា ស្របពេលដែល ការអន្ដរាគមន៍ឱ្យមានការដោះលែងជននេះ បាននិងកំពុងធ្វើឡើង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្ដថា ថៅកែកាស៊ីណូនៅជាប់ព្រំដែនកម្ពុជា-វៀត ណាមរូបនេះ មានឈ្មោះ ចាន់ វិទូ អាយុ៣៨ ឆ្នាំ ហើយត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា បានបាញ់ឡើងលើជាច្រើនគ្រាប់នៅកន្លែង ផឹកស៊ីជាមួយមិត្ដភក្ដិរបស់ខ្លួន បើទោះបី សមត្ថកិច្ចបានរកឃើញសំបកគ្រាប់ត្រឹម៤ គ្រាប់ប៉ុណ្ណោះ នៅកន្លែងកើតហេតុ។

អនុ ប្រធានការិយាល័យកណ្ដាលយុត្ដិធម៌នៃស្នង ការខេត្ដកំពត លោក សៅ សំអឿន បានឱ្យ ដឹងថា ពិតជាមានការនាំខ្លួនថៅកែកាស៊ីណូ សាន់ដេ មកកាន់ស្នងការនគរបាលខេត្ដពិត ប្រាកដមែន បន្ទាប់ពីថៅកែរូបនេះត្រូវបាន ប្រជាពលរដ្ឋរាយការណ៍ថា បាញ់បោះនៅ កន្លែងវង់ផឹកស៊ីជាមួយមិត្ដភក្ដិរបស់ខ្លួននៅ ជិតបង្គោលព្រំដែនលេខ៣១៤ ក្នុងតំបន់ ព្រែកចាកនោះ។

យ៉ាងណាក៏ដោយគេមិនទាន់ដឹងថា តើ សមត្ថកិច្ចមានចំណាត់ការបែបណានៅឡើយ ទេ ចំពោះថៅកែកាស៊ីណូល្បីឈ្មោះរូបនេះ ដែលអាងទ្រព្យសម្បត្ដិ និងអំណាចរបស់ខ្លួន បានបាញ់ប្រហារកំដរការផឹកស៊ី និងបង្អួតមិត្ដ ភក្ដិ ដែលចូលរួមផឹកស៊ីឱ្យខ្លាចឥទ្ធិពលរបស់ ខ្លួន។

យោងតាមមន្ដ្រីនគរបាលបានឱ្យដឹងថា បច្ចុប្បន្នថៅកែរូបនេះ បាននិងកំពុងស្ថិតនៅ ក្រោមការសាកសួររបស់សមត្ថកិច្ច ខណៈ ដែលរូបគេបានធ្វើការបដិសេធថា ពុំមានការ បាញ់បោះនោះឡើយ បើទោះបីមានភស្ដុតាង បញ្ជាក់យ៉ាងច្បាស់ ដោយរកឃើញសំបក គ្រាប់នៅកន្លែងកើតហេតុនោះ៕

ដោយ ៖ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]