២២ សីហា ឆ្នាំ២០០២ ខ្ញុំបានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិដោយជោគជ័យ។ ថ្ងៃទីមួយ ដែលខ្ញុំឈានជើងចូលសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប (សាលា បណ្តុះបណ្តាលគ្រូបឋមសិក្សា) គឺជាថ្ងៃដែលខ្ញុំរីករាយបំផុត។ ខ្ញុំមិនដែលដឹងថា ស្នេហាជាអ្វី? ហើយក៏មិនព្យាយាមចង់យល់ដែរ។ ជារៀងរាល់ថ្ងៃ ខ្ញុំខិតខំរៀនសូត្រតែមួយមុខប៉ុណ្ណោះ។ ខ្ញុំជាប្រធានថ្នាក់ស្រី ដែលម៉ត់ចត់ កាច មិនចូលចិត្តនិយាយច្រើន ជាពិសេសជាមួយមនុស្សប្រុស។

ខ្ញុំគិតថា៖ “ខ្ញុំមាំទាំ មិនរវីរវល់នឹងរឿងស្នេហា តែមានថ្ងៃមួយ ខ្ញុំក៏ស្រាប់តែបណ្តោយចិត្តនិងបេះដូងខ្លួនឯង ដោយមិនដឹងខ្លួន ព្រោះតែស្នាមញញឹមរបស់មនុស្សប្រុសម្នាក់។ ខ្ញុំមិនដែលគិតប៉ងលើគេឡើយ តែឱ្យតែខ្ញុំងាកក្រោយ គឺឃើញតែគេ ញញឹម។ ពីមុន ខ្ញុំឃើញនៅពេលដែលងាកក្រោយ តែឥឡូវគ្រប់ទីកន្លែង គឺសុទ្ធតែស្នាមញញឹមរបស់គេទាំងអស់។ ខ្ញុំមិនចូលចិត្តនិយាយ ហើយក៏មិនចេះនិយាយ តែពេលនេះខ្ញុំចង់និយាយ ទោះគ្មានពាក្យនិយាយក៏រកនឹកនិយាយឱ្យឃើញ”។ សុផា គឺជាមនុស្សប្រុសម្នាក់នោះ។ គេរៀនឆ្លាត ការស្លៀកពាក់សមរម្យ សន្តានចិត្តក៏ល្អ តែគេក៏មិនសូវនិយាយជាមួយខ្ញុំដែរ លើកលែងតែថ្ងៃសុំច្បាប់ ទើបនិយាយជាមួយខ្ញុំដើម្បីឱ្យខ្ញុំចុះហត្ថលេខាលើក្រដាសច្បាប់គេ។ មកពីគេបែបនេះឬដែលខ្ញុំចូលចិត្តគេ? ទោះពួកយើងមិនសូវនិយាយរកគ្នា តែខ្ញុំយល់ថាគេក៏ចូលចិត្តខ្ញុំដែរ។ គ្រប់ជំហានគេការពារខ្ញុំ។ ពេលជិតកម្មសិក្សាមកដល់ សាលាមានកម្មវិធីជប់លៀង។ សប្បាយខ្លាំងណាស់ តែខ្ញុំមិនដែលអត់ការងារធ្វើឡើយ។ ខ្ញុំត្រូវទៅយកសម្ភារនៅក្នុងថ្នាក់នៅជាន់ទីមួយ តែហាក់ល្ងាចបន្តិចហើយ ជណ្តើរឡើងទៅកាន់ថ្នាក់ក៏ស្ងាត់ដែរ តែមិនដឹងធ្វើម៉េច ខ្ញុំត្រូវតែឡើងទៅ។ អារម្មណ៍មិនសូវស្រួលផង ស្រាប់តែឮសម្រឹបជើងតាមពីក្រោយ ស្ទើរលស់ព្រលឹងលោកអើយ៖

សុផាទេអ្ហេះ?

យ៉ាងម៉េច ស្មានតែចោរឬ?

ទៅណាហ្នឹង?

មកតាមប្រធានហ្នឹង

តាមធ្វើអី?

ខ្ញុំមកជួយយកអីវ៉ាន់ ហើយទីនេះក៏ស្ងាត់ដែរ មិនខ្លាចទេអ្ហ៊ៃ ខ្លួនជាស្រីមកស្ងាត់តែឯងនោះ?

ខ្ញុំមិនតប តែមានអារម្មណ៍ថា គេកំពុងការពារខ្ញុំទៀតហើយ។ ខ្ញុំត្រឹមតែលួចញញឹម គេក៏ដើរពីក្រោយខ្ញុំរហូតដល់មុខថ្នាក់។ ខ្ញុំមិនចូលក្នុងថ្នាក់ជាមួយគេទេ ទើបបញ្ជាគេទៅ៖

ទៅយករបស់ទាំងនោះមក

ម៉េចមិនចូលមក ខ្ញុំកាន់ម៉េចអស់ 

យកមកឱ្យខ្ញុំហើយ សឹមទៅយកទៀតទៅ

ខ្លាចខ្ញុំអ្ហេះ?

ទុកចិត្តមិនបានដែរហ្នឹង 

គេញញឹមទៀតហើយ។ អាតាប៉ិនេះមិនដឹងទេឬ ថាស្នាមញញឹមរបស់ខ្លួន ស្ទើរតែសម្លាប់ស្រីម្នាក់នេះ? ការពិតគេទៅជួយខ្ញុំមែន។ អីវ៉ាន់ត្រូវយកមកកាន់ទីកន្លែងដែលត្រូវទុកត្រៀមសម្រាប់ការងារថ្ងៃស្អែក។ ខ្ញុំនិងសុផានៅក្នុងក្រុមជាមួយគ្នា ហើយក៏ជាដៃគូនឹងគ្នាដែរ មិនដឹងថា វាជាការចៃដន្យឬយ៉ាងណាទេ ព្រោះយើងជាអ្នកសម្រេចជ្រើសរើសក្រុមខ្លួនឯង។ ខ្ញុំចាំថា គេសួរខ្ញុំត្រូវចុះទៅសាលាណា ស្រាប់តែក្រោយមក ឃើញឈ្មោះគេនៅក្នុងក្រុមជាមួយខ្ញុំ ហើយជាដៃគូទៀត។ ការពិតខ្ញុំសប្បាយចិត្ត។ មិត្តជិតស្និទ្ធរបស់ខ្ញុំប្រហែលជាយល់ពីអារម្មណ៍ខ្ញុំ ទើបបន្លឺ៖

ទៅចុះកម្មសិក្សាណា ប្រយ័ត្នមានស្នេហាវីវរហើយ

ទោះមិនមានក៏ផ្តើមដែរ កំណើតស្នេហ៍ប្រាកដជាកើតមានពេលនេះហើយខ្ញុំ

ថ្លើមធំម្ល៉េះខ្ញុំ ហ៊ាននិយាយពាក្យអស់ទាំងនេះ មិនគិតខ្លួនឯងជាស្រីសោះ។ បានហើយកុំគិតផ្តេសផ្តាស។

កម្មសិក្សា គឺជារយៈពេលដែលគរុសិស្សគ្រប់គ្នាទៅចុះអនុវត្តផ្ទាល់ជាមួយសិស្សនៅតាមសាលាបឋមសិក្សា ក្នុងរយៈពេល៧០ថ្ងៃ។ នេះជារយៈពេលដ៏លំបាកបំផុតសម្រាប់គរុសិស្ស។ ខ្ញុំមិននឹកស្មានថា ការលំបាកនេះ ធ្វើឱ្យខ្ញុំរឹតតែមានម្ចាស់ការ ចេះគ្រប់គ្រងសិស្ស ចេះស្រឡាញ់សិស្ស និងអាជីពជាគ្រូបង្រៀនរបស់ខ្លួនឡើយ។ មនោសញ្ចេតនារបស់ខ្ញុំចំពោះសិស្សគឺជ្រាលជ្រៅណាស់ តែទន្ទឹមនឹងនោះ ស្នេហា ក៏ចាក់រុកជីវិតខ្ញុំដែរ។ វាជាពេលវេលា ដែលពួកយើងមិនគួរមានស្នេហាឡើយ ប៉ុន្តែតើទេវតាបង្កើតចិត្តមកធ្វើអ្វី បើមិនឱ្យស្រឡាញ់នោះ? គេឆ្លាក់សៀវភៅឱ្យខ្ញុំយ៉ាងស្អាត គេតែងតែស្ម័គ្រចិត្តឌុបខ្ញុំនៅពេលមានកម្មវិធីទៅណា ពេលខ្ញុំគិតអីមិនចេញ គេជួយគិតជំនួស តែមើលទៅគេនឹងថ្កល់ល្អណាស់ មិនដូចជាខ្ញុំស្ទើរស្ទះព្រោះតែបេះដូងមួយនេះឡើយ។ អាធ្រាត្រណាស់ទៅហើយ កិច្ចតែងការបង្រៀនក៏ខ្ញុំធ្វើរួចអស់ដែរ តែខ្ញុំគេងមិនលក់។ នេះជាស្នេហាស្អីទៅ? គេងមិនលក់ បក់មិនល្ហើយ បាយមិនបាន ពិបាកទ្រាំណាស់ ខ្ញុំលួចស្រឡាញ់គេ ហើយស្រឡាញ់ខ្លាំងទៀតផង តែខ្ញុំមិនក្លាហានទេ។ ខ្ញុំលាក់បេះដូងនេះរហូត ទោះបីវាលោតញាប់ វារន្ធាប់ វាឈប់លោតក៏គ្មានអ្នកណាដឹង រហូតដល់ចប់កម្មសិក្សា។

ពួកយើងចូលរៀនជួបជុំមិត្តភក្តិវិញ រ៉ាវីមិត្តសម្លាញ់របស់ខ្ញុំស្រាប់តែឧទានឡើង៖

យ៉ាងម៉េចហើយផ្តើមស្នេហ៍បានសម្រេចទេ?

ខ្ញុំគិតមួយសន្ទុះ ទើបឆ្លើយតាមបែបលេងផងមែនផង៖

មិនបានសម្រេចទេ ពេលនេះកំពុងតែឈឺចាប់

ខ្ញុំដឹង មានតែរ៉ាវីម្នាក់គត់ ដែលយល់ចិត្តខ្ញុំ។ នាងយកដៃគោះស្មា ហើយលួងលោមខ្ញុំ៖

កាត់ចិត្តទៅ

ខ្ញុំគិត៖ “មិនងាយដល់ម្ល៉ឹងទេសម្លាញ់អើយ ស្នេហានេះចាក់ជ្រៅ ដុះឫសបែកមែកសាខាពេញបេះដូងខ្ញុំទៅហើយ”។ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំបានត្រឹមតែឃើញស្នាមញញឹមរបស់គេ ប៉ុន្តែផ្ទៃមុខខ្ញុំមិនមានស្នាមញញឹមទាល់តែសោះ។ បេះដូងខ្ញុំស្រក់ឈាមហើយ ហេតុអ្វីក៏ខ្ញុំជាស្រីគិតច្រើនម្ល៉េះ? បើសារភាពប្រាប់គេ ខ្ញុំនឹងបានធូរ។ ខ្ញុំមិនមែនខ្លាចបរាជ័យចំពោះចម្លើយរបស់គេទេ តែមកពីគិតថា៖ “ខ្លួនឯងជាមនុស្សស្រី សារភាពស្នេហ៍ប្រាប់គេបែបនេះ សមទេ? កិត្តិយសគ្រួសារនៅឯណា? ហេតុអ្វីជាមនុស្សស្រីមានបន្ទុកធ្ងន់ធ្ងរយ៉ាងនេះ? ខ្ញុំចង់យំណាស់ តែខ្ញុំមិនយំ ព្រោះបើខ្ញុំយំ ខ្ញុំនឹងចាញ់ចំពោះស្នេហានេះ។ ឱ! យុវវ័យរបស់ខ្ញុំ ម្តេចក៏រលំរលាយបែបនេះ?”

ខែសីហា ឆ្នាំ២០០៤ ការសិក្សាត្រូវបានបញ្ចប់។ ពួកយើងត្រូវបែកគ្នាទៅកាន់កន្លែងធ្វើការរៀងខ្លួន។ ខ្ញុំនិងគេនៅតែមិនបាននិយាយគ្នាដដែល មានន័យថា ស្នេហានេះនៅតែគុំខ្ទុះក្នុងបេះដូងខ្ញុំ។ ខ្ញុំឈឺ ស្គមស្គាំង តែនៅតែគ្មាននរណាម្នាក់យល់ពីខ្ញុំ។

មួយឆ្នាំកន្លងផុតទៅ ស្រាប់តែសុផានិងមិត្តភក្តិគេមកដល់សាលាដែលខ្ញុំបង្រៀន។ ខ្ញុំចាប់ផ្តើមបុកពោះ ត្រជាក់ចុងដៃចុងជើងទៀតហើយ តែក៏ធ្វើដូចជារឹងមាំណាស់អ៊ីចឹង៖

ខ្យល់អីបក់មកដល់ទីនេះ?

ខ្យល់ស្នេហ៍! ចិត្តមនុស្សមិនមែនដុំថ្មទេ

និយាយបានពីរោះណាស់ហ្ន៎

ទៅញ៉ាំអីជាមួយគ្នាទៅ

បាន! បែកគ្នាយូរហើយ ខ្ញុំក៏ចង់ជជែកលេងដែរ តែទៅចាំខ្ញុំមុនទៅ ដល់ម៉ោងសម្រាកចាំខ្ញុំទៅ

ខ្ញុំចាំនៅហាងខ្ទមស្នេហ៍ណ៎ា

ចាស!

អ្នកណាមិនសប្បាយចិត្ត បើមនុស្សកំពុងរង់ចាំស្រាប់តែមកដល់ តែខ្ញុំនៅតែមិនក្លាហានដដែល។ ខ្ញុំនាំមិត្តរួមការងារខ្ញុំម្នាក់ទៅជាមួយ។ គ្មានអនុស្សាវរីយ៍ផ្អែមល្ហែមទេ ញ៉ាំហើយក៏លាគេត្រឡប់មកវិញ។ សោះកក្រោះណាស់មែនទេ? ខ្ញុំមិនដឹងថា គេយល់យ៉ាងណាចំពោះខ្ញុំទេ ស្រាប់តែគេផ្ញើសារមកខ្ញុំ៖

I Love you!

ស្រឡាញ់អ្នកណា?

ស្រឡាញ់អូន

អូនណា?

ម៉ារីយ៉ា

ខ្ញុំគិតថា ពួកយើងយល់ចិត្តគ្នាបន្តិចហើយ។ ចាប់តាំងពីថ្ងៃនោះមក គេតែងតែតេមករកខ្ញុំរាល់យប់។ មួយរយៈនេះខ្ញុំមានក្តីសុខណាស់ បានស្តាប់សម្តីផ្អែមល្ហែមរបស់គេ។ ខ្ញុំដេកញញឹមរាល់យប់ តែខ្ញុំមានទម្លាប់មួយ គឺមិនទុកចិត្តខ្លួនឯងក៏ដូចជាអ្នកដទៃ។ សុផាតែងតែបបួលខ្ញុំទៅដើរលេង តែខ្ញុំបដិសេធរហូតព្រោះតែគិតថា៖ “ខ្លួនជាស្រី មានសង្សារដើរបណ្តើរគ្នាគឺមិនល្អទេ ពិសេសគឺចេះតែគិតដល់ប៉ាម៉ាក់ បើសិនជាគាត់ដឹង ខ្ញុំប្រាកដជាស្លាប់ហើយ។” ទំនាក់ទំនងនៅតែបន្ត តែគ្រាន់តែដាច់រយាល ប្រហែលជាគេរវល់នឹងការងារ បើសម្រាប់ខ្ញុំ មិនដែលតេទៅគេសូម្បីតែម្តង។ មិនដឹងថា ចំណុចនេះធ្វើឱ្យគេអន់ចិត្តឬយ៉ាងណាទេ?

ឆ្នាំ២០០៦ ខ្ញុំក៏ចូលរៀនបន្តនៅសកលវិទ្យាល័យ។ ខ្ញុំអាយុ២២ឆ្នាំហើយ តែមានអារម្មណ៍ថា ខ្លួនឯងចាស់ណាស់ ព្រោះនៅថ្នាក់រៀនសុទ្ធតែក្មេងៗទើបតែចប់ថ្នាក់ទី១២។ ពួកគេហៅខ្ញុំបងគ្រប់គ្នា តែមិនជាបញ្ហាអីទេ។ នៅពេលមានអារម្មណ៍ជាមនុស្សចាស់ ខ្ញុំក៏ស្រាប់តែក្លាហាន ធ្វើអ្វីមិនខ្លាចមុខខ្លាចក្រោយដូចពេលមុនទៀត។ យុវជនម្នាក់ ដែលខ្ញុំគិតថាជាកូនក្មេង គេចូលចិត្តនិយាយលេងជាមួយខ្ញុំណាស់ដូចជាពេលនេះអ៊ីចឹង៖

ម៉ារីយា ម៉ារីយ៉ា!

ហៅអ្នកណាគេ?

ហៅម៉ារីយ៉ា

មិនចេះគោរពចាស់ទុំសោះ

ហៅបងក៏បាន

មានការអី?

ខ្ចីសៀវភៅសិនមកបង

ម្សិលមិញម៉េចមិនមករៀន?

ធ្វើការហត់ពេក គេងលក់ជ្រុល

តស៊ូបន្តិចទៅ អ្នកណាក៏គេធ្វើការដែរ រៀនឈប់ៗម៉េចនឹងចេះ

បាទអ្នកម៉ែ

ល្អកូនប្រុស

ពួកយើងតែងតែលេងបែបនេះឯង។ ពួកយើងរៀននៅពេលយប់ ឯពេលថ្ងៃគឺធ្វើ ការ។ មួយរយៈនេះ ខ្ញុំគិតថា ខ្ញុំមានការធូរស្រាលពីការនឹកមនុស្សម្នាក់នោះ។ យប់ឡើងខ្ញុំពុំសូវគិតដល់គេទេ ព្រោះពេលត្រឡប់ពីរៀន ញ៉ាំបាយហើយ ខ្ញុំត្រូវធ្វើការកិច្ចការសាលាដែលគ្រូដាក់ឱ្យបន្តទៀត។ ពេលនេះម៉ោងដប់ពីរហើយ សំឡេងទូរស័ព្ទរោទ៍ ខ្ញុំស្មានតែសុផា ការពិតគឺក្មេងរលៀមសោះ ខ្ញុំធ្វើហាក់មិនស្គាល់៖

អាឡូ! រកអ្នកណាគេ?

រកបងហ្នឹង

បងណា?

ខ្ញុំមេត្តាណា៎

ចុះតេមកធ្វើអីទាំងយប់ហ្នឹងមិនដឹងរំខានគេដេកពួនទេអ្ហេះ?

ខ្ញុំដឹងថាបងមិនទាន់គេងទេ ខ្ញុំទើបតែធ្វើលំហាត់ចប់អម្បាញ់មិញនេះឯង ទើបនឹក

ឃើញដល់បង តេទៅលេងទៅ បងធ្វើចប់ហើយនៅ?

ចប់ហើយ

អ៊ីចឹងឆាប់ចូលគេងទៅ ជួបគ្នាយប់ស្អែក រាត្រីសួស្តី

ចំមែនកំលោះម្នាក់នេះ។ យប់នេះ មានអារម្មណ៍ថា ស្រឡះចិត្តល្អ គេងលក់ទាំង ញញឹម។ 

វាមិនចម្លែកទេ តែម្តងនេះ ខ្ញុំពិតជាក្លាហានមែនហើយ មនុស្សប្រុសដែលមិនធ្លាប់ស្គាល់គ្នាពីមុនមក គ្រាន់តែច្រឡំលេខទូរស័ព្ទ គេណាត់ជួប ខ្ញុំហ៊ានថានឹងជួបគេនៅមុខសកលវិទ្យាល័យ។ មែនឯណា! ដល់ពេលដល់ម៉ោង ខ្ញុំនាំមិត្តខ្ញុំ ណារី ធីតា និងមេត្តាឱ្យឈរចាំមើលខ្ញុំពីក្រោយ៖

ចេះណាត់ជួបគេអីឯណា?(មេត្តាបន្លឺ)

បើមិនទៅជាមួយបងក៏ហីទៅ

បងគិតថាស្រឡាញ់គេអ្ហេះ? (ណារីសួរ)

ស្រឡាញ់ស្អី! រឿងមួយមិនទាន់ស្រាយផង ចង់ថែមមួយទៀតឬ ខ្ញុំគ្រាន់តែទៅជួបគេលេង ឱ្យធូរអារម្មណ៍ខ្លះតើ បងមិនជឿទេស្នេហាតាមប្រព័ន្ធទូរស័ព្ទនោះ

មិនជឿល្អហើយ តែកុំទៅបោកគេទៅបានហើយ(មេត្តាតប)

មុខបងហ្នឹងសមទៅបោកគេទេ..........ចាំបងត្រង់នេះហើយ កុំទៅណាណ៎ះ

ដឹងហើយ

ខ្ញុំបានជួបគេមែន ប៉ុន្តែងងឹត ខ្ញុំមើលមិនសូវច្បាស់ទេ គេយកនំមួយកញ្ចប់ធំមកផ្ញើខ្ញុំ ខ្ញុំក៏តបថា៖

អរគុណ! ពួកយើងជាមិត្តភក្តិបានហើយ

ហេតុអី?

ខ្ញុំមានសង្សារហើយ អរគុណសម្រាប់នំនេះ ខ្ញុំទៅវិញហើយ

ហាស់ហា! ខ្ញុំសោះកក្រោះបែបហ្នឹងឯង។ ខ្ញុំយកនំមកឱ្យមិត្តភក្តិញ៉ាំ តែតាំងពីថ្ងៃនោះមក គេប្រហែលជាខ្លាចខ្ញុំហើយ ទើបលែងទាក់ទងមកទៀត។ សម្រាប់ខ្ញុំគ្មានបញ្ហាទេ ព្រោះខ្ញុំមិនដែលគិតនរណា ក្រៅពីសុផាឡើយ។ ចំណែកសុផាក៏បាត់ដំណឹងឈឹង គេប្រហែលជាដាច់ចិត្តពីខ្ញុំដែរហើយមើលទៅ។ ហ៊ឺ!............ខ្ញុំអង្គុយសម្លឹងមេឃតែម្នាក់ឯងទៀតហើយ ព្រោះគ្រូអវត្តមានមួយម៉ោង។ ខ្ញុំគិតថា ស្នេហារបស់ខ្ញុំដូចជាផ្ទៃមេឃដ៏សែនធំធេង ប៉ុន្តែល្វឹងល្ហើយគ្មានទិសដៅ។ ខ្ញុំស្រឡាញ់គេ តែខ្ញុំមិនអើពើនឹងគេ អារម្មណ៍ខ្ញុំអីក៏នឹងយ៉ាងនេះ វាស្ទើរតែក្លាយទៅជាដុំថ្មហើយ ហេតុអ្វីពេលនឹកគេ នឹកឃើញកំណាព្យនេះ៖ “ផ្ទៃមេឃពណ៌ត្រាវអាវចរណៃ ពាក់មករាល់ថ្ងៃស្រីស្រណោះ ឱ្យតែឃើញមេឃស្រែកអាឡោះ នឹករឿងទាំងអស់កន្លងហួស”។ ហ៊ឺ!..............

ដកដង្ហើមធំធ្វើអី?

មេត្តា!

បងចូលចិត្តមើលមេឃម្ល៉េះ មេឃយប់នេះមានពណ៌អីដែរបង?

ពណ៌ផ្ទៃមេឃ

បងអ្ហ៎ា! យប់អ៊ីចឹង បងមើលឃើញពណ៌មេឃដែរអ្ហេះ

អូ!............

បងកើតអីអ្ហេះ?

មិនកើតអីទេ គ្រូអញ្ជើញមកហើយនៅ?

នៅទេ បងនៅទៅជួបប្រុសម្នាក់នោះទៀតទេ?

ប្រុសម្នាក់ណា?

នេះបងមានប្រុសច្រើនដល់ថ្នាក់ភ្លេចអ៊ីចឹងអ្ហេះ?

និយាយស្អីពិបាកស្តាប់ម្ល៉េះ

ប្រុសដែលបងស្គាល់តាមទូរស័ព្ទនោះ

អូ! ឈប់ទាក់ទងហើយតើ

អ៊ីចឹងអ្ហេះ!

យ៉ាងម៉េច?

គ្មានអីទេ! សួរលេងតើ ខ្ញុំក្រែងបងចាញ់បោកគេ

កុំបារម្ភអី មានតែបងបោកគេ

សម្តីបានណាស់បងឯងនេះ

នៅមិននៅមានប្អូនប្រុសមកចាំការពារ

ត្រូវហើយ! អ្នកណាមិនល្អមកយាយីបង ខ្ញុំនឹងកម្ចាត់ចោល

ក្មេងប្រុសនេះធ្វើឱ្យខ្ញុំសើចទៀតហើយ។ កំពុងតែមានអារម្មណ៍ល្អ ស្រាប់តែសុផាតេមកល្មម ខ្ញុំគ្មានការទើសទាល់ទេ ខ្ញុំក៏លើកទូរស័ព្ទនៅចំពោះមុខមេត្តា៖

អាឡូ!

នៅឯណា?

នៅសាលា

កំពុងឈរនិយាយជាមួយមនុស្សប្រុសម្នាក់មែនទេ?

ម៉េចក៏ដឹង? 

មើលមកមុខសាលាមក

សុផាមករកខ្ញុំហើយ ខ្ញុំសប្បាយចិត្តរហូតលែងខ្វល់ពីមេត្តា ដោយគ្រាន់តែប្រាប់គេមួយម៉ាត់៖ “បងទៅនោះមួយភ្លែត” ក៏ដើរចេញទៅមុខសាលា។ ខ្ញុំនិងសុផាញ៉ាំអាហារនៅអាហារដ្ឋានមុខសាលា ហើយជជែកគ្នាយ៉ាងរីករាយ៖

ឆ្នាំទីប៉ុន្មានហើយ?

ទីពីរហើយ ទៅណា ទើបតែឃើញមុខ

រវល់ពេក

ស្មានតែភ្លេចខ្ញុំហើយតើ

អ្នកណាទៅភ្លេចងាយៗនោះ 

ពួកយើងជជែកគ្នា តែឱ្យដូចជាលក្ខណៈសង្សារដូចជាមិនមែន បើដូចមិត្តភក្តិដែលបែកគ្នាយូរគឺដូចជាង។ តែទោះយ៉ាងណា ក៏ខ្ញុំបានជួបគេម្តងដែរ។ ដល់ម៉ោងរៀន ខ្ញុំក៏ ត្រឡប់មកថ្នាក់វិញ ខ្ញុំឃើញមេត្តាអង្គុយស្ងៀម មិនរាក់ទាក់ខ្ញុំដូចមុនទេ តែខ្ញុំក៏ធ្វើដូចធម្មតាដើរទៅកាន់តុអង្គុយ។

ឆ្នាំ២០១០ជាឆ្នាំបញ្ចប់ថ្នាក់បរិញ្ញារបស់ខ្ញុំ។ ទំនាក់ទំនងរបស់ខ្ញុំនិងសុផា គឺនៅដដែល មិនរីកចម្រើនទេ។ យូរៗគេតេមកលេងខ្ញុំម្តង។ ខ្ញុំមានចង្ងល់ក្នុងចិត្តមួយ៖ “តើមនុស្សប្រុសសុទ្ធតែដូចគ្នាឬយ៉ាងណា? សុផាឆ្លើយឆ្លងតាមទូរស័ព្ទជាមួយខ្ញុំហាក់ដូចជាមនុស្សផ្សេង តែនៅពេលជួបផ្ទាល់គឺផ្សេង។ ហេតុអ្វីក៏គេមិននិយាយប្រាប់ខ្ញុំផ្ទាល់ថា គេស្រឡាញ់ខ្ញុំដូចដែលគេនិយាយប្រាប់ខ្ញុំតាមទូរស័ព្ទ? ៦ឆ្នាំហើយ!................ខ្ញុំមានអារម្មណ៍ថា រោគចាស់របស់ខ្ញុំត្រឡប់មកវិញ។ អាយុកាន់តែច្រើន តែមិនដែលគិតប៉ងមនុស្សប្រុសណាក្រៅពីសុផាទេ។ ហ៊ឺ!...........កើតទុក្ខទៀតហើយ។ ឱ! ផែនមេឃដ៏ធំល្វឹងល្វើយ ពេលណាទើបអ្នកផ្តល់ចម្លើយឱ្យខ្ញុំ? ខ្ញុំឈឺហើយអ្នកដឹងទេ? លទ្ធផលស្នេហា ផ្លែផ្កាគឺរោគក្រពះ។” ខ្ញុំមិនសូវស្រួលខ្លួនទេ ពេលខ្លះកំពុងរៀនៗ ខ្ញុំសុំគ្រូចេញដើម្បីចូលបន្ទប់ទឹកក៏មាន។ បន្ទាប់ពីក្អួតហើយ ខ្ញុំដើរចេញពីបន្ទប់ទឹកទាំងហេវហត់ ក៏ប្រទះនឹងមេត្តា៖

បងយ៉ាងម៉េចហើយ?

មិនអីទេ

បងទៅពេទ្យហើយនៅ?

ស្អែកនេះបងទៅភ្នំពេញហើយ

មកពីបងញ៉ាំបាយមិនទៀងទាត់មែនទេ?

ប្រហែលហើយ ចុះឯងទៅណា?

ខ្ញុំមកតាមមើលបងហ្នឹងណា

តាមមើលបង

ឃើញបងបាត់យូរ ទើបបារម្ភ

អរគុណហើយ

ខ្ញុំទៅឆ្លុះក្រពះនៅមន្ទីរពេទ្យកាល់ម៉ែត។ លទ្ធផលគឺរលាកក្រពះ តែមិនធ្ងន់ធ្ងរទេ គ្រាន់តែត្រូវលេបនិងចាក់ថ្នាំមួយរយៈ។ តាំងពីថ្ងៃទៅរហូតដល់ត្រឡប់មកវិញ ហេតុអ្វីក៏មេត្តាចេះតែតេរកខ្ញុំរហូតអ៊ីចឹង? មើលទៅគេបារម្ភពីខ្ញុំ ជាងខ្ញុំខ្លួនឯងទៅទៀត។ ចាប់ពី ត្រឡប់ពីមើលជំងឺវិញ ខ្ញុំមានអារម្មណ៍មិនសូវសប្បាយចិត្តសោះ ហេតុអ្វីបានជាដំណាក់កាលដែលខ្ញុំពិបាកបំផុតនៅក្នុងមន្ទីរពេទ្យ គឺនៅពេលដែលពេទ្យយកឧបករណ៍ឆ្លុះក្រពះដាក់ចូលតាមមាត់របស់ខ្ញុំ នៅពេលដែលខ្ញុំមានអារម្មណ៍ថា ខ្លួនឯងគឺស្ទើរស្លាប់ស្ទើររស់ តែកែវភ្នែកខ្ញុំបែរជាមើលឃើញរូបមេត្តាទៅវិញ? គេមិនមែនជាមនុស្សដែលខ្ញុំត្រូវនឹកឃើញទេ តែហេតុអ្វីបែរជាខ្ញុំមើលឃើញគេ? មិនអាចទេ! ប្រហែលមកពីនិយាយទូរស័ព្ទជាមួយគេរាល់ថ្ងៃពេកទេដឹង។ ខ្ញុំអង្គុយសញ្ជឹងក្នុងថ្នាក់ ព្រោះខ្ជិលចេញទៅញ៉ាំអីណាស់៖

បងអង្គុយធ្វើអីទៀត?

យ៉ាងម៉េច?

មិនទៅញ៉ាំអីទេអ្ហេះ?

អត់ទេ!

អ៊ីចឹងឯងទើបឈឺនោះ តោះ!

មិនទៅទេ

ខ្ញុំថាឱ្យទៅ ឬចង់ឱ្យខ្ញុំដឹកដៃទៅ?

ម៉េចក៏ខ្ញុំខ្លាចសម្លុតប្រុសម្នាក់នេះ? ខ្ញុំដើរពីក្រោយគេ តែខ្ញុំគិតមិនយល់ថា៖ “ហេតុអ្វីក៏ខ្ញុំត្រូវដើរតាមគេ? បើសុផានៅក្បែរខ្ញុំ តើគេយកចិត្តទុកដាក់ចំពោះខ្ញុំបែបនេះទេ?” ប៉័ង!.... ខ្ញុំបុកត្រូវគេហើយ។ គេយកដៃទាំងពីរមកក្រសោបស្មាខ្ញុំ៖

យ៉ាងម៉េចហើយ?

ម៉េចក៏ដើរៗឈប់អ៊ីចឹង

សូមទោស! 

គេមើលមកខ្ញុំដោយក្រសែភ្នែកយ៉ាងម៉េចមិនដឹងទេ តែទឹកមុខគេស្ងួតខុសធម្មតា។ ទៅហាងអាហារ គេជាអ្នកចាត់ចែងកុម្ម៉ង់អាហារនិងភេសជ្ជៈឱ្យខ្ញុំ។ មើលទៅគេហាក់ដូចជាមិនមែនមិត្តភក្តិ តែដូចជាឪពុកខ្ញុំទើបសមជាង៖

ចុះឯងមិនហៅអីមកញ៉ាំទេ?

ខ្ញុំញ៉ាំរួចហើយ

បើរួចហើយមកធ្វើអី?

ខ្ញុំជូនបងមកតើ អាយុទើបតែ២៦ ឈឺក្រពះទៅហើយ បងមានវិបត្តិផ្លូវចិត្តទេដឹង?

ផ្លូវចិត្តអី បើនិយាយទៀតបងមិនញ៉ាំទេ

បានៗ! សូមទោស

ពីមុនឈឺតែចិត្តទេ ឥឡូវឈឺកាយទៀត តើខ្ញុំទ្រាំទ្ររួចទេ? ខ្ញុំគេងមិនលក់ទៀត ហើយ។ ហេតុអ្វីក៏ខ្ញុំមិនអាចមើលឃើញសុផានៅក្នុងការចងចាំរបស់ខ្ញុំ? ហេតុអ្វីក៏រូបមេត្តានៅពេញខួរក្បាលនិងកែវភ្នែករបស់ខ្ញុំទៅវិញ? ខ្ញុំស្ទុះចេញមកក្រៅបន្ទប់ រួចហើយអង្គុយសម្លឹងមេឃ៖ “ហេតុអ្វី?”។ ខ្ញុំទ្រាំលែងបានហើយ ទឹកភ្នែកស្រក់ពីភ្នែករបស់ខ្ញុំឬ? ហេតុអ្វីក៏ខ្ញុំយំ? មិនអាចទេ សុផាមិនអាចរលុបបាត់ពីការចងចាំរបស់ខ្ញុំទេ។ នៅទីបំផុត ខ្ញុំយំហើយ គឺយំក្នុងកំឡុងពេល ដែលមេត្តាចូលមកពាក់ព័ន្ធនឹងជីវិតខ្ញុំ។

ព្រោះតែមេត្តាធ្វើឱ្យខ្ញុំខ្លាចសាលាហើយ ខ្ញុំអត់ចង់ទៅទេ ខ្ញុំខ្លាចជួបគេ ប៉ុន្តែម៉េចនឹងអាចបោះបង់ការសិក្សាព្រោះតែមនុស្សប្រុសម្នាក់នោះ វាមិនមែនជាជម្រើសរបស់ខ្ញុំទេ។ ម៉ារីយ៉ា! ឯងរឹងមាំឡើង ប្រាំពីរឆ្នាំហើយដែលឯងអាចរស់នៅបាន ហេតុអ្វីត្រូវទន់ជ្រាយពេលនេះ? មេត្តាមិនបានធ្វើអ្វីខុសទេ ខ្ញុំមិនអាចធ្វើឱ្យមនុស្សម្នាក់នេះ យល់ពីអារម្មណ៍របស់ខ្ញុំឡើយ។ ខ្ញុំនឹងព្យាយាមធ្វើដូចជាគ្មានរឿងអ្វីកើតឡើង។ ណារីបន្លឺ៖

បងមិនសប្បាយចិត្តអ្ហេះ?

បងមិនបានកើតអីទេ

តែមួយរយៈនេះ ខ្ញុំឃើញមុខបងស្លេកៗយ៉ាងម៉េចមិនដឹងទេ គេងមិនលក់មែនទេ?

មេត្តាមើលមុខខ្ញុំ តែខ្ញុំតបទៅណារីធ្វើដូចធម្មតា៖

មកពីក្រពះធ្វើទុក្ខហ្នឹងណា

បងកុហកទេដឹង?

មានរឿងអីត្រូវកុហកនោះ

មិនកុហកល្អហើយ តោះ! ពួកយើងទៅញ៉ាំអីទៅ

បងមិនទៅទេ ថ្ងៃនេះញ៉ាំបាយរួចហើយ ម្យ៉ាងហត់ផងមិនចង់ដើរទៅទេ

អ៊ីចឹងមិនអីទេ មេត្តាទៅទេ?

អត់ទេ! ខ្ជិលណាស់

បើពួកគាត់មិនទៅ តោះ!ធីតា ពួកយើងទៅតែពីរនាក់ក៏បាន

ខ្ញុំអង្គុយនៅក្នុងថ្នាក់ ដែលមិត្តរួមថ្នាក់ខ្លះក៏នៅជាមួយដែរ មេត្តាហៅខ្ញុំ៖

បង!

មានការអី?

ទៅមុខថ្នាក់បន្តិចទៅ

ទៅធ្វើអី?

មក!

ខ្ញុំទៅតាមគេ។ គេឈរទប់បង្កាន់ដៃ ហើយសម្លឹងមើលមេឃ ទើបនិយាយ៖

បងដឹងទេ? ចាប់ពីខ្ញុំឃើញបងមើលមេឃមក ខ្ញុំក៏ចាប់ផ្តើមសម្លឹងមើលមេឃដែរ ក្រោយមកទើបខ្ញុំដឹងថា មេឃស្អាតណាស់ មិនថាពេលយប់ឬថ្ងៃ តែខ្ញុំមានអារម្មណ៍ ថា ការសម្លឹងមើលទៅមេឃដោយទឹកមុខស្រងូតស្រងាត់របស់បងនៅថ្ងៃនោះ គឺហាក់កំពុងរង់ចាំនរណាម្នាក់។

ខ្ញុំមិនរារែកទេ ខ្ញុំចង់និយាយ និយាយឱ្យបាន ឱ្យមនុស្សម្នាក់នេះបានដឹងកុំឱ្យគេមកជិតខ្ញុំពេក៖

ត្រូវហើយ! បងកំពុងតែចាំមនុស្សម្នាក់ មនុស្សដែលបងស្រឡាញ់អស់រយៈពេលជិតប្រាំពីរឆ្នាំហើយ

ចុះគេស្រឡាញ់បងទេ?

មិនដឹងទេ! ជួនកាលវាជាអារម្មណ៍របស់បងតែម្ខាងក៏ថាបាន តែបងពេញចិត្ត

ពេញចិត្តរហូតធ្លាក់ខ្លួនឈឺអ៊ីចឹងអ្ហេះ?

ត្រូវហើយ! បងមិនដែលស្តាយក្រោយទេ

ម៉េចក៏បងសុខចិត្តទ្រាំ?

ព្រោះតែខ្លួនឯង គ្រួសារនិងប្រពៃណី

ស្អីគេ!.....សម័យនេះហើយ នៅមានមនុស្សស្រីដូចជាបងដែរ?

ឈឺចាប់ម្នាក់ឯងប្រសើរជាងឱ្យអ្នកជុំវិញខ្លួនឈឺចាប់ជាមួយ

បងអ្ហាក! បងសួរគេទៅ កុំទ្រាំបែបនេះតទៀតបានទេ? កុំផ្ញើអារម្មណ៍ទៅតាមមេឃទៀតតើបានទេ? មេឃមិនអាចជួយអ្វីបានទេ បងជួយខ្លួនឯងទៅ

ជួយខ្លួនឯងអ្ហេះ! ឯងប្រហែលជាគិតថា បងបុរាណណាស់ហើយមើលទៅ តែបើសិនជាបងមានកូនស្រីវិញ បងក៏មិនបង្រៀនគេឱ្យទៅសារភាពស្នេហ៍ចំពោះមនុស្សប្រុសមុនដែរ វាជារឿងរបស់មនុស្សពីរនាក់ក៏ពិតមែនតែក្នុងនាមជាមនុស្សស្រី មិនអាចធ្វើបែបហ្នឹងទេ។

វាមិនមែនជារៀងអាប់មុខទេ តែវាជាសេចក្តីក្លាហាននិងភាពស្មោះត្រង់ ហើយក៏ជាដំណោះស្រាយមួយដ៏ល្អបំផុត បងរស់នៅចាំទាំងមិនដឹងចិត្តគេ តែបើបងសួរគេមួយម៉ាត់ វានឹងចប់រឿង ហើយការឈឺចាប់ក៏ប្រើពេលខ្លីដែរ យុវវ័យរបស់បងគឺបាត់បង់ភាពរីករាយទាំងស្រុងតើមែនទេ? បងហួសហេតុចំពោះខ្លួនឯងពេកហើយ។ 

ខ្ញុំមិនតបនឹងមេត្តាទៀតទេ បានត្រឹមសម្លឹងមើលមេឃដែលគ្មានផ្កាយរះសូម្បីតែមួយដួង។ គិតចុះគិតឡើង គឺដូចដែលមេត្តានិយាយអ៊ីចឹង បើខ្ញុំក្លាហានសួរគេតែមួយម៉ាត់ គឺចប់រឿងហើយ ប៉ុន្តែពេលនេះ ខ្ញុំត្រូវការសួរទេ? បើសូម្បីតែរូបរាងគេក៏ខ្ញុំមើលមិនឃើញដែរនោះ? នៅពេលដែលគិតគឺហាក់ដូចជាងាយណាស់ តែហេតុអ្វីបានជាខ្ញុំឆ្លងកាត់ វាពិបាកយ៉ាងនេះ?

មេត្តាជាមនុស្សទីមួយដែលខ្ញុំនិយាយរឿងខ្លួនឯងប្រាប់ ខ្ញុំយល់ថាគេពិតជារាប់អានខ្ញុំដោយស្មោះមែន ដូចនេះខ្ញុំមិនគួរធ្វើឱ្យការរាប់អាននេះបាត់បង់ឡើយ។ ពីមុនពេលដែលបានជួបគេ ខ្ញុំរីករាយ សប្បាយផុសចេញពីចិត្ត ប៉ុន្តែខ្ញុំដឹងថា គឺគេជាអ្នកធ្វើឱ្យខ្ញុំភ្លេចសុផា ដូចនេះ ពេលនេះ ខ្ញុំបែរជាមានអារម្មណ៍ពិបាកក្នុងការជួបគេទៅវិញ។ ទោះខ្ញុំខំធ្វើអារម្មណ៍ធម្មតា តើវាយ៉ាងម៉េច? ខ្ញុំនៅតែខ្លាចអារម្មណ៍មិនធម្មតារបស់ខ្ញុំទប់មិនបាន វាលេចឡើងនៅចំពោះមុខគេ។ ខ្ញុំមិនចង់ជួបគេ មិនចង់រាក់ទាក់គេ មិនចង់ជជែកជាមួយគេ តែគេហៅខ្ញុំហើយ៖

បងទៅណា?

ចង់ទៅបណ្ណាល័យបន្តិច

បងកើតអីមែនទេ?

អត់.........ទេ

បងមានបំណងគេចមុខពីខ្ញុំអ្ហេះ?

អត់ទេ!

បងអ្ហា៎! ខ្ញុំហៅបងថាបង មិនមែនបានន័យថាបងចាស់ទុំជាងខ្ញុំទេ ខ្ញុំមិនមែនក្មេង

ដូចដែលបងគិតនោះទេ បងមានរឿងអីមិនពេញចិត្តនឹងខ្ញុំ បងនិយាយមក

គ្មានទេ!.......មួយរយៈនេះបងតប់ប្រមល់ពេក ទើបមិនចង់និយាយច្រើន

អ៊ីចឹងម៉ោងនេះ សុំច្បាប់ទៅ តោះ! ទៅជាមួយខ្ញុំ

ទៅណា?

ថាហើយ គេក៏ទាញដៃខ្ញុំរហូតទៅដល់ម៉ូតូ៖

ឡើងមក

ទៅណា?

បើបងមិនឡើងខ្ញុំចាប់បងឱ្យឡើង ខ្ញុំមិនយកបងទៅលក់ទេ

ម្តងនេះ ខ្ញុំមិនទើសទាល់ ហើយក៏ទុកចិត្តគេទៀត ព្រមជិះម៉ូតូទៅជាមួយគេ។ ការពិតគេនាំខ្ញុំទៅមើលconcert។ ខ្ញុំចូលចិត្តមើលកម្មវិធីបែបនេះណាស់ ពួកយើងឈរមើល concertយ៉ាងសប្បាយរីករាយ តែគួរឱ្យស្តាយមិនបានប៉ុន្មាន មេឃក៏ធ្លាក់ភ្លៀង។ គេចាប់ដៃខ្ញុំកាន់ហើយរត់ទៅកន្លែងជ្រក ឯខ្ញុំនេះក៏ភ្លេចឈឹងឱ្យគេកាន់យ៉ាងស្រួលរត់ជាមួយគេយ៉ាងសប្បាយរីករាយ។ ទៅដល់តូបលក់មួយកន្លែង យើងឈរជ្រកទាំងអស់គ្នា ទើបខ្ញុំចាប់អារម្មណ៍ថា ដៃរបស់ខ្ញុំគឺគេកំពុងកាន់នៅឡើយ។ ខ្ញុំព្រលែងដៃពីគេដោយអារម្មណ៍អៀនខ្មាស តែគេបែរជានិយាយលេងសើចទៅវិញ។

ដៃបងត្រជាក់ដល់ហើយ សុំកាន់ទៀតមក

ផ្តេសផ្តាស

បងក៏ចេះអៀនដែរតើ

បងក៏ជាស្រីដែរ

ស្រីចាស់ហ្នឹង

ចាស់យ៉ាងណា ក៏នៅមានប្រុសក្មេងនៅក្បែរដែរ

អ៊ីចឹងបងសំណាងហើយ

ខ្ញុំញញឹម តែគេសម្លឹងមើលមុខខ្ញុំឥតដាក់ភ្នែក ខ្ញុំនិយាយបន្លប់៖

មុខបងគ្មានកើតអីទេ មិនចាំបាច់សម្លឹងដល់ថ្នាក់ហ្នឹងទេ

ម៉េចក៏បងមិនធ្វើជាអៀនដូចរឿងកុនទៅ

អ៊ីចឹងមានតែឯងហ្នឹងជាតួប្រុស?

ប្រហែលដែរ

មិនបាច់ប្រហែលទេ មិនអាចទេ 

តើបងធ្លាប់ដើរលេងបែបនេះទេ?

ធ្លាប់តើ ជាមួយគ្រួសារ ថ្ងៃនេះជាលើកទីមួយហើយ ដែលបងដើរលេងជាមួយមនុស្សប្រុសនោះ

អ៊ីចឹង ខ្ញុំមិនសំណាងទេអ្ហេ!

ត្រូវហើយ! ឯងសំណាងហើយដែលបងព្រមដើរលេងជាមួយនោះ បើពីមុនបងថ្លើម

ធំហ៊ានដើរលេងបែបនេះ ម្ល៉េះសមមិននៅលីវយូរយ៉ាងនេះទេ

ស្តាយក្រោយហើយ

មិនស្តាយទេ

¬ បងរងាទេ?

អត់ទេ គ្រាន់តែត្រជាក់

ឱបខ្ញុំមក

មាត់អាក្រក់ណាស់ឯងនេះ...មើលទៅមេឃមិនងាយរាំងទេ ពួកយើងទៅផ្ទះទៅអ្ហេះ?

អ៊ីចឹងក៏បាន

មកដល់កន្លែងដាក់ម៉ូតូ មេត្តាហុចអាវភ្លៀងមកខ្ញុំ៖

បងពាក់ទៅ

មានតែមួយទេអ្ហេះ?

បាទ! តែខ្ញុំមិនអីទេ

បងអត់ពាក់ទេ ឯងពាក់ទៅ

អ៊ីចឹងមិនចាំបាច់ពាក់ទេ តោះ!

ក្រោមតំណក់ភ្លៀងឥតដាច់គ្រាប់ គឺខ្ញុំអង្គុយលើម៉ូតូពីក្រោយមេត្តា។ ការពិតខ្ញុំរងាខ្លាំងណាស់ ប៉ុន្តែបែរជាមានអារម្មណ៍កក់ក្តៅ។ នៅលើម៉ូតូពួកយើងមិនបាននិយាយអ្វីច្រើនទេ យូរៗមេត្តានិយាយលេងម្តង៖

បើបងរងា ឱបចង្កេះខ្ញុំបាន

ឱបចេះតែបានហើយ តែមិនឱប

ខ្ញុំមកដល់ផ្ទះទាំងទទឹកជោក។ ខ្ញុំគិតថា៖ “កាន់តែជ្រៅហើយ”។ ខ្ញុំលែងចាំសុផាទៀត រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១០ ខ្ញុំសម្រេចចិត្តថានឹងបញ្ចប់រឿងគ្រប់យ៉ាង ទាំងមុន ទាំងក្រោយឱ្យអស់។ ពួកយើងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រដោយជោគជ័យ។ ថ្ងៃនេះជាថ្ងៃខួបកំណើតខ្ញុំ មេត្តាជាអ្នកណាត់ខ្ញុំទៅជួប ខ្ញុំដឹងថា គេមានកាដូជូនខ្ញុំ តែគេមិនបានដឹងថា ខ្ញុំនឹងនិយាយអ្វីខ្លះទៅកាន់គេនោះទេ។ ខ្ញុំអង្គុយចាំគេនៅកន្លែងញ៉ាំអាហារ មួយសន្ទុះទើបគេមកដល់៖

ចាំយូរហើយអ្ហេះ?

អត់ទេ! ទើបតែមកដល់ដែរ

រីករាយថ្ងៃកំណើត នេះកាដូ!

អរគុណ! ស្អីគេ?

ចាំទៅដល់ផ្ទះចាំបើកមើលទៅ

ក៏បាន! បងមានរឿងចង់សួរមួយ

សួរមក!

តើន្លងមកនេះ ឯងរាប់អានបងត្រឹមជាមិត្តភក្តិធម្មតា ឬក៏ស្នេហា?

មេត្តាស្ទើរតែឈ្លក់ទឹក។ គេជាអ្នកបង្រៀនខ្ញុំ ភាពក្លាហាន និងស្មោះត្រង់ជាដំណោះស្រាយដ៏ប្រសើរបំផុត។ ខ្ញុំក៏មិនចង់ឱ្យខ្លួនរស់ក្នុងការសង្ស័យជាលើកទីពីរដែរ។ ពេលនេះ ខ្ញុំគឺជាមនុស្សម្នាក់លែងតក់ស្លុតចំពោះស្នេហាទៀតហើយ ចម្លើយរបស់មេត្តាយ៉ាងណា ខ្ញុំអាចទទួលយកបាន។ ខ្ញុំដឹងថា គេពិបាកក្នុងការឆ្លើយភ្លាមៗមកកាន់ខ្ញុំ ទើបខ្ញុំនិយាយបន្ត៖

ជាមិត្តភក្តិក៏ដោយ ជាស្នេហាក៏ដោយ បងអាចទទួលយកបាន ប៉ុន្តែទំនាក់ទំនងយើងនឹងធ្វើទៅតាមនោះ ព្រោះបន្ទាប់ពីថ្ងៃនេះទៅ ពួកយើងក៏លែងបានជួបគ្នាទៀតដែរ

ម៉េចក៏សុខៗ បងសួរសំណួរនេះ?

ពេលខ្លះ បងគិតថា ឯងធ្វើល្អដាក់បងពេកហើយ ឆ្លើយមក ក្រែងឯងក្លាហានជាងបងអ្ហេះ?

ចុះបើខ្ញុំឆ្លើយថា .........ស្នេហា

ខ្ញុំមើលមុខគេ ហើយក៏សើចយ៉ាងស្រស់ ទើបតបទៅគេ៖

មិនចង់នៅលីវទៀតទេ បងទុកពេលឱ្យពីរឆ្នាំ បើរកលុយបាន ពួកយើងរៀបការ ចាប់ពីថ្ងៃនេះទៅ ពួកយើងជាសង្សារ

បងកុំកុហកខ្ញុំណា ចាប់ពីថ្ងៃនេះទៅ ពួកយើងជាសង្សារ 

ម៉ារីយ៉ារស់ហើយ។ ស្នេហានេះ ធ្វើឱ្យខ្ញុំរីករាយម្យ៉ាង។ ខ្ញុំមានកម្លាំងកំហែង ខ្ញុំមានជំនឿចិត្ត ខ្ញុំមានជីវិតដែលឆ្លងកាត់ការមានស្នេហាដោយបើកចំហ។ មិនយូរប៉ុន្មាន ខ្ញុំនាំមេត្តាទៅជួបប៉ាម៉ាក់ខ្ញុំ។ ពួកលោកមិនជំទាស់អ្វីឡើយ គ្រាន់តែសួរបញ្ជាក់មកខ្ញុំថា៖ “ច្បាស់ហើយអ្ហេះ?”។ ការដែលខ្ញុំសម្រេចចិត្តជ្រើសយកមេត្តា ព្រោះតែខ្ញុំដឹងថា គេស្រឡាញ់ខ្ញុំ។ ខ្ញុំមិនសម្រេចចិត្តយកមនុស្សដែលខ្ញុំស្រឡាញ់ទេ ព្រោះកន្លងមកខ្ញុំជាអ្នកឈឺចាប់ ហើយខ្ញុំក៏មានសង្ឃឹមថា ខ្ញុំនឹងស្រឡាញ់មេត្តាខ្លាំងជាងមនុស្សដែលខ្ញុំធ្លាប់ស្រឡាញ់កន្លងមក។

ពួកយើងជិតរៀបការហើយ តែថ្ងៃមួយ ខ្ញុំបានជួបសុផាដោយចៃដន្យនៅផ្ទះបុណ្យរបស់មិត្តភក្តិ។ នៅពេលដែលខ្ញុំជួបគេ អារម្មណ៍ខ្ញុំនៅដដែល ភ័យបុកពោះ ត្រជាក់ដៃត្រជាក់ជើង រំភើប ម្តងនេះ ទឹកភ្នែកក៏ស្ទើរតែស្រក់មកដែរ គេនិយាយមកកាន់ខ្ញុំ៖

ឮថាជិតរៀបការហើយអ្ហេះ?

ត្រូវហើយ!

សម្រេចចិត្តច្បាស់ហើយអ្ហេះ?

ច្បាស់ហើយ

ចុះខ្ញុំ?

ពួកយើងមិនបានចាប់ផ្តើមទេ ដូចនេះ ខ្ញុំមិនចាំបាច់និយាយថាចប់ជាមួយលោកដែរ តែខ្ញុំសូមសួរមួយតើបានទេ?

សួរមក

តើកន្លងមកធ្លាប់ស្រឡាញ់ខ្ញុំទេ?

ធ្លាប់! ហើយស្រឡាញ់ខ្លាំងទៀតផង

អ៊ីចឹងហេតុអីក៏ឱ្យខ្ញុំចាំ

ខ្ញុំខ្លាច!............ខ្ញុំគ្មានប្រាក់ថ្លៃបណ្ណាការ

ខ្លាចថ្លៃបណ្ណាការអ្ហេះ!............អរគុណដែលធ្លាប់ស្រឡាញ់ខ្ញុំ តែថ្ងៃក្រោយ បើលោកស្រឡាញ់នរណាម្នាក់ លោកសួរចិត្តគេសិន ថ្លៃបណ្ណាការវាជារឿងក្រោយ បើលោកធ្វើបែបនេះ លោកនឹងបរាជ័យរហូតក្នុងជីវិតស្នេហារបស់លោក លាសិនហើយ!

តាំងពីចេះស្រឡាញ់សុផាមក នេះជាលើកទីមួយដែលខ្ញុំយំ ហើយក៏ជាលើកចុងក្រោយក្នុងការផ្តាច់ទំនាក់ទំនងស្នេហាមួយនេះ។ ខ្ញុំមិនធ្វើឱ្យខ្លួនឯង ខុសឆ្គងចំពោះមេត្តាឡើយ។ ខ្ញុំយំអស់ចិត្តហើយ សុផាមិនមែនជាមនុស្សដែលខ្ញុំត្រូវនឹកទៀតទេ ប៉ុន្តែខ្ញុំនៅតែអរគុណគេ ដែលបង្រៀនឱ្យខ្ញុំយល់ពីស្នេហាថាការស្រឡាញ់មនុស្សម្នាក់ វាបែបណា?

មេត្តាតេមកខ្ញុំហើយ៖

អូននៅឯណា?

នៅផ្ទះ

ទៅញ៉ាំអាហារខាងក្រៅជាមួយបង បងទៅយក

បាន!

ខ្ញុំមិនទម្លាប់និយាយភាសាស្នេហាជាមួយមេត្តាឡើយ តែគេបែរជារត់មាត់យ៉ាង រលូន។ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ អាពាហ៍ពិពាហ៍របស់យើងក៏កើតឡើង។ ពួកយើងក្លាយជាប្តីប្រពន្ធពេញច្បាប់ មេត្តាតែងតែបង្រៀនខ្ញុំតាំងពីការនិយាយភាសាប្តីប្រពន្ធ៖

យកបាយទៀតទេ?

គ្មានអ្នកណានិយាយអ៊ីចឹងជាមួយប្តីទេ

ចុះឱ្យនិយាយថាម៉េច?

បងយកបាយទៀតទេ អូនដួសឱ្យ?

អៀនមាត់ណាស់

បើមិននិយាយ បងឈប់ញ៉ាំហើយ

បងយកបាយទៀតទេ........?

អូន.............

អូនដួសឱ្យ

គេតែងតែបង្រៀនខ្ញុំបែបនេះ បែបនោះ នៅទីបំផុតភាសាអូនបង ខ្ញុំនិយាយបានយ៉ាងល្អ ហើយស្និទ្ធស្នាលទៀតផង។ និយាយឱ្យត្រង់ចុះ ការរៀបការនេះ គឺខ្ញុំប្រថុយទាំងស្រុង ខ្ញុំដឹងថា មេត្តាស្រឡាញ់ខ្ញុំ តែខ្ញុំមិនប្រាកដខ្លួនឯងថា ស្រឡាញ់មេត្តាឡើយ រហូតមកដល់ពេលនេះ ក្តីស្រឡាញ់របស់មេត្តាធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ខ្លួនឯងជាម្ចាស់ក្សត្រីនៃសុភមង្គល។ ខ្ញុំស្រឡាញ់ប្តីហើយ ហើយស្រឡាញ់ខ្លាំងទៀតផង។ មេឃអើយ! អ្នកឯកាហើយ ព្រោះខ្ញុំលែងបានជជែកជាមួយអ្នកទៀត។ អរគុណកន្លងមក ដែលអ្នកកំដរខ្ញុំ។ ពេលនេះខ្ញុំមានអ្នកកំដរហើយ គាត់គឺជាមេឃរបស់ខ្ញុំ ជាមេឃតែមួយ ដែលលើកស្ទួយបេះដូងរបស់ខ្ញុំឱ្យស្រស់បំព្រងឡើង។ សូមមេឃស្តាប់ណា៎ នេះជាពាក្យចុងក្រោយដែលខ្ញុំនិយាយទៅកាន់អ្នក៖ “ខ្ញុំស្រឡាញ់ប្តីខ្ញុំ”៕ ចប់!  

ដោយ៖ លាក់ ម៉ាឡែន

ផ្តល់សិទ្ធិដោយ៖ លាក់ ម៉ាឡែន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]