អង់គ្លេស៖ កីឡាករ Jamie Vardy ធ្លាប់ស្រមៃថានឹងក្លាយជាកីឡាករបាល់ទាត់ ប៉ុន្តែត្រូវបានក្លិប Sheffield Wednesday FC បដិសេធ និងមិនទទួលយកគាត់ កាលនៅវ័យ១៦ឆ្នាំ ដោយសារតែរូបរាងកាយ របស់ Vardy តូចពេក ត្រូវបានគេគិតថាមិនសាកសមជាអ្នកកីឡាករ។

មិនទាន់បោះបង់ចោលក្តីសង្ឃឹម Vardy បានទៅធ្វើជាកម្មករនៅរោងចក្រសសៃកាបូនមួយកន្លែង ចំនួន១២ម៉ោងក្នុងមួយថ្ងៃ ដូច្នេះគាត់រកចំណូលបាន ដើម្បីផ្គត់ផ្គង់លទ្ធភាពចូលលេងបាល់ ឲ្យក្លិប Stockbridge Park ដែលជាក្លិបលីកលំដាប់ទី៧របស់អង់គ្លេស។ ក្រោយចំណាយពេលអស់៣ឆ្នាំ Vardy អាចរកចំនូលបានមកវិញ ត្រឹមតែ ៣០ផោនប៉ុណ្ណោះក្នុងមួយអាទិត្យ។

ចូលដល់អាយុ២០ឆ្នាំ Vardy ធ្លាប់ត្រូវបានកាត់ទោសពីបទបង្កអំពើហិង្សានៅក្នុងបារ ប៉ុន្តែគាត់នៅតែបន្តការលេងបាល់ទាត់ ដល់ថ្នាក់តស៊ូលេងក្នុងអាការៈរបួស ដោយមានរុំខ្សែនៅកជើង អស់រយៈពេល៦ខែ និងដើរទៅផ្ទះវិញ ពេលម៉ោង៦ល្ងាចជាប្រចាំ។

នៅក្នុងពិភពជួញដូរបាល់ទាត់ មានការជួញដូរកីឡាករដែលមានតម្លៃដល់ទៅខ្ទង់រាបលាន តែចំពោះVardy វិញ ត្រឹមតែត្រូវបានគេផ្ទេរទៅក្លិប Halifax Town ក្នុងតម្លៃ ១៥,០០០ផោនប៉ុណ្ណោះ កាលពីឆ្នាំ២០១០។

នៅអាយុ២៥ឆ្នាំ គាត់ត្រូវបានផ្ទេរទៅកាន់ក្លិប Leicester City ក្នុងឆ្នាំ២០១២ ដែលជាក្លិបបាល់ទាត់មិនដែលឈ្នះពាន Premier League ពីមុនមក ហើយគាត់បានស៊ុតចូលទី តែ៤គ្រាប់ប៉ុណ្ណោះក្នុងមួយរដូវកាល ទៅមួយរដូវកាល និងស្ថិតក្នុងក្រោមការមិនពេញចិត្តពីសំណាក់អ្នកគាំទ្រទៀតផង។

គាត់បានបញ្ចប់រដូវកាលឆ្នាំ ២០១៤-២០១៥ ជាមួយក្លិបខណៈពេលរងការគំរាមកំហែងពីធ្លាក់ទៅលីកទី២ និងព្រមទាំងទទួលរងនូវរឿងអាស្រូវបៀតបៀនផ្លូវភេទ ដែលធ្វើឲ្យកីឡាករ៣នាក់ រួមទាំងកូនប្រុសរបស់ប្រធានក្លិប និងប្រធានក្លិបផ្ទាល់ ចាកចេញពីក្លិប Leicester។

គាត់បានចាប់ផ្តើមរដូវកាលថ្មី ជាមួយអ្នកគ្រប់គ្រងថ្មី គឺលោក Claudio Ranieri, ដែលបានខកខានបំពេញការងារជាគ្រូបង្វឹក អស់រយៈពេល៨ខែមកហើយបន្ទាប់ពី លោកត្រូវបានបញ្ឈប់ពីតំណែងជាគ្រូបង្វឹករបស់ប្រទេសក្រិក ក្រោយបំពេញការងារបានត្រឹមតែរយៈពេល៤ខែប៉ុណ្ណោះ។

ចង់ដឹងថាឆ្នាំមុន មានរឿងអ្វីកើតឡើងដែររឺទេ?

Jamie Vardy បានបំបែកនូវកំនត់ត្រាពិភពលោក ដោយបានស៊ុតបញ្ចូលទីបាន ១១គ្រាប់ក្នុងការប្រកួត១១លើកជាប់ៗគ្នា និងក្លាយជាកីឡាករដំបូងបង្អស់របស់ក្លិប Leicester ដែលស៊ុតចូលទីបានច្រើនជាង ២០គ្រាប់ ចាប់តាំងពីកីឡាករ Gary Lineker ធ្លាប់សម្រេចវាម្តងដែរកាលពីឆ្នាំ ១៩៨៤ ។

គាត់បានជួយឲ្យ Leicester ឈ្នះពាន Premier League ជាលើកដំបូង ដោយគ្មាននរណានឹកស្មានដល់ ដែលអាចនិយាយបានថា មានតែមនុស្សម្នាក់ក្នុងចំនោម៥,០០០នាក់ប៉ុណ្ណោះជឿថាក្លិបនេះនឹងឈ្នះពាន។ ជ័យជម្នះរបស់ក្លិប Leicester អាចនិយាយបានថាជាជ័យជំនះដែលនឹកស្មានមិនដល់ក្នុងប្រវតិ្តសាស្រ្តបាល់ទាត់។

ក្នុងសប្តាហ៍នេះផងដែរ Jamie Vardy ត្រូវបានគេប្រសិទ្ធនាមថាជាកីឡាករឆ្នើមប្រចាំឆ្នាំ នៃដំណើរឿងដ៏អស្ចារ្យ។

តើអ្វីជាការបំផុសគំនិតក្នុងរឿងនេះ?

«មិនត្រូវបោះបង់ចោលក្តីសង្ឃឹម អ្វីៗដែលយើងនឹកស្មានមិនដល់ គឺអាចនឹងកើតឡើង ហើយជួនកាលវាពិតជាកើតឡើងមែន»។

ដូច្នេះសូមចូលរួមអបអរសាទរដល់កីឡាករ Jamie Vardy និងក្លិប Leicester City ។

« ទំហំនៃអ្នកប្រកួតមិនសំខាន់ទេ សំខាន់គឺទំហំទឹកចិត្តនៃការប្រកួត » 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]