ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ ភីអិនអិន បានចាប់ផ្តើមយុទ្ធនាការស្វែងរក ស្រីស្អាតប្រុសសង្ហា ដើម្បីទទួលបានឱកាស ក្លាយខ្លួនជាតារាភាពយន្តប្រចាំ ភីអិនអិន។

ស្ថានីយទូរទស្សន៍ ដែលហ៊ានចំណាយប្រាក់រាប់សែនដុល្លារ សម្រាប់ផលិត ខ្សែភាពយន្តភាគក្នុងស្រុកមួយនេះ បានកំពុងសម្លឹងរកស្រីស្អាត ប្រុសសង្ហា ដែលអាចមានឱកាសក្លាយជាកំពូលតារា ភាពយន្តប្រចាំ ប្រទេសកម្ពុជានាថ្ងៃអនាគត។ កញ្ញា ទូច បុប្ផា ប្រធានផ្នែកគ្រប់គ្រង កម្មវិធីផ្សាយរបស់ ភីអិនអិន បានឲ្យដឹងថា ភីអិនអិន កំពុងបើកយុទ្ធនាការ ស្វែងរកបុរស នារី ដែលមានរូបសម្ផស្ស ស្រស់សោភា និងរាងរូវស័ក្ដិសម ក្លាយជាតារាល្បីនា ពេលអនាគត។ កញ្ញាបន្តថា សម្រាប់អ្នកដែលជឿថាខ្លួនមានរូបសម្រស់សមរម្យ និងចង់ចូលរួមជាមួយ ភីអិនអិន អាចផ្ញើជីវប្រវត្តិមក ភីអិនអិនតាមរយៈ Page Facebook របស់ ភីអិនអិន។ 

អ្នកមានចំណាប់អារម្មណ៍ និងជឿជាក់ថាខ្លួនមានរូបសម្បត្តិសម ជាតារាភាពយន្ត នឹងចង់ចូលរួម ប្រជែងអាចផ្ញើរូបថត ជីវប្រវត្តិសង្ខេប ទៅកាន់ Facebook Page របស់ ភីអិនអិន ដែលមានអាសយដ្ឋាន https://www.facebook.com/PNNDramaFanClub ។ បេក្ខជន ដែលឈ្នះក្នុងការប្រជែង នឹងមានឱកាសទទួលបានការ អញ្ជើញឲ្យចូលរួមសម្តែងសាកល្បងជាមួយ ផលិតកម្មក្នុង ស្រុកមួយចំនួន។ បើសិនជាឆ្លងកាត់តំណាក់កាលសាកល្បងនេះផុត ពួកគេនឹងអាចក្លាយជាតារាភាពយន្ត អាជីពតែម្តង។ 

កាលពីដើមឆ្នាំនេះ ភីអិនអិន បានប្រកាសថា ស្ថានីយទូរទស្សន៍របស់ខ្លួន នឹងផលិតភាពយន្តភាគក្នុងស្រុក ឲ្យបានច្រើនជាង ១០០ម៉ោង រហូតដល់ចុងឆ្នាំ២០១៦។ ក្រោយពីពិនិត្យ យ៉ាងល្អិតល្អន់ជាមួយនឹងសាច់រឿង ក៏ដូចជាមានការសហការផលិតពីសំណាក់ផលិតកម្មក្នុង ស្រុកមួយចំនួនផងនោះ ផ្នែកកម្មវិធីផ្សាយរបស់ ភីអិនអិន ជឿជាក់ថា ខ្លួននឹងអាចផលិតខ្សែភាពយន្តភាគ ក្នុងស្រុកច្រើនជាង ១០០ម៉ោង ក្នុងឆ្នាំ២០១៦នេះ ដោយក្នុងមួយម៉ោង គឺត្រូវចំណាយប្រាក់ប្រមាណ ៨ពាន់ដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ ខ្សែភាពយន្តភាគរបស់ ភីអិនអិន ត្រូវគេរំពឹងថា នឹងអាចផ្សាយជូនទស្សនា នាចុងឆ្នាំ២០១៦នេះដូចគ្នា ជាមួយនឹងការបង្ហាញវត្តមានតារាភាពយន្តថ្មីៗ ដែលឆ្លុះបញ្ចាំងពី ចក្ខុវិស័យរបស់ ភីអិនអិន បង្កើតឲ្យមានតារាភាពយន្តថ្មីៗជាច្រើនទៀត សម្រាប់ពលរដ្ឋកម្ពុជានាថ្ងៃអនាគត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]