នៅពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើនបានយល់ថា ជាយុគសម័យ Internet។ អ្នកខ្លះបានហៅបច្ចុប្បន្នកាល ថាជាយុគសម័យបណ្តាញទំនាក់ទំនងសង្គម។ ជាក់ស្តែង បច្ចុប្បន្ននេះ មានប្រើប្រាស់ Facebook ដល់ទៅ ១០០០លាននាក់ហើយ នៅជំវិញពិភពលោក។ សំរាប់ប្រទេសកម្ពុជា មានអ្នកប្រើប្រាស់ Facebook ដល់ទៅ ៦សែននាក់។ អ្នកប្រើប្រាស់ Internet ជាច្រើននៅប្រទេសកម្ពុជា បានចំណាយពេល រាប់សិបម៉ោងប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម។ អ្នកខ្លះចំណាយ ពេលលើ Internet ច្រើនជាងមើលទូរទស្សន។ Khmerload នឹងធ្វើការទាញនូវការចាប់អារម្មណ៏ ចំនុចជាច្រើន នៅលើប្រព័ន្ឋ Internet និង បណ្តាញទំនាក់ទំនងសង្គម។ សំរាប់ប្រធានបទថ្ងៃនេះ Khmerload នឹងធ្វើការស្រង់ប្រជាប្រិយភាព របស់ក្រុមហ៊ុនបណ្តាញទូរស័ព្ទ លើបណ្តាញទំនាក់ទំនងសង្គម។

បើសិនជាយើងមើលទៅលើចំនួនអ្នកគាំទ្រ Fan Page របស់ក្រុមហ៊ុនបណ្តាញទូរស័ព្ទ យើងឃើញថា ក្រុមហ៊ុន Smart ឈានមុខគេដាច់ គឺមានអ្នកគាំទ្រ ដល់ទៅ 41639 នាក់ តាមពីក្រោយដោយ Cellcard ដែលមានអ្នកគាំទ្រ 17867 នាក់។ សូមមើលតារាងខាងក្រោមនេះ។

1. Smart Mobile (41639 Likes)

2. Cellcard (17867 Likes)

3. Beeline (5018 Likes)

4. Hello Axiata (2506 Likes)

5. Qb Fan Club (2411 Likes)

6. Metfone (1362 Likes)

7. Mfone (1161 likes)

8. Excel Cambodia (Only Facebook Profile)

បើតាមទិន្នន័យពី MPT ថ្មីបំផុត បានអោយដឹងថា ចំនួនលេខទូរស័ព្ទដែលប្រើប្រាស់ មានរហូតដល់ទៅ ជាង១៩លានគណនី។ តើមូលហេតុអ្វីបានជា មានអ្នកគាំទ្រមាន ចំនួនទិច ម្លេះសំរាប់ក្រុមហ៊ុន បណ្តាញទូរស័ព្ទទាំងនោះ?

លោកវិចិត្រ បេក្ខជនបណ្ឌិតសេដ្ឋកិច្ច ពីសហរដ្ឋអាមេរិក ដែលជាអ្នកសាង Little Fashion ជា Facebook Fan Page ធំជាងគេនូវប្រទេសកម្ពុជា ដែលមានអ្នកគាំទ្រដល់ទៅ 187775 នាក់ បានចូលរួមធ្វើការវិភាគទៅលើបញ្ហានេះ។ 

១. Khmerload: តើលោកវិចិត្រយល់ឃើញ យ៉ាងណាចំពោះការគាំទ្រ ក្រុមហ៊ុនបណ្តាញទូរស័ព្ទ មានកំរិតទាបលើ Facebook?

Vichet: ខ្ញុំគិតថាមានកត្តាពីរសំខាន់ ដែលអាចពន្យល់ នូវកំរិតអ្នកគាំទ្រ ទៅលើ Fan Page របស់ក្រុមហ៊ុនបណ្តាញទូរស័ព្ទ។

ទី១ អ្នកលេង Facebook នៅប្រទេសកម្ពុជា មានត្រឹមតែ ៦សែននាក់ ដូច្នេះចំនួន Likes មិនអាចស្មើរចំនួនអ្នកប្រើប្រាស់ទេ។

ទឺ២ ក្រុមហ៊ុនបណ្តាញទូរស័ព្ទជាច្រើន មិនធ្វើ Social Media Marketing ប្រហែលដោយសារខ្វះធនធានមនុស្សក្នុងការយល់ដឹងពី Social Media Marketing ឬក៏គ្មានកញ្ចប់ថវិការនឹងផ្សាយ។ លោកបានលើកថា បើសិនក្រុមហ៊ុន មានចំនួនអ្នកចូលចិត្តត្រឹមតែ ៥ពាន់នាក់ ឬទិចជាងនឹង គឺមើលទៅមិនល្អទេ សំរាប់កេរឈ្មោះ របស់ក្រុមហ៊ុន ជាពិសេសក្រុមហ៊ុននិមួយៗ ដែលបានអួតខ្លួនឯងថា ជាក្រុមហ៊ុននាំមុខគេខាងបច្ចេកវិទ្យា និងទាន់សម័យ។ យើងអាចដឹងថា ក្នុងគណនីមនុស្សធម្មតា អាចមានមិត្តភ័ក្រដល់ទៅ ៥ពាន់នាក់ ហើយមាន មនុស្សជាច្រើនមានមិត្រភ័ក្រដល់ ទៅ៥ពាន់នាក់ នៅ Facebook ច្រើនជាងក្រុមហ៊ុនមួយចំនួន នៅក្នុងតារាង ខាងលើទៀត រួមទាំងក្រុមហ៊ុនដែលមានអ្នកប្រើប្រាស់ដល់ រាប់លាននាក់។ បើយើងមើលទៅលើតារាងខាងលើ មានតែក្រុមហ៊ុន២ ទេដែលមានអ្នកគាំទ្រលើស មួយម៊ឺននាក់។

២. Khmerload: តើក្រុមហ៊ុនណា ដែលឈានមុខគេ ក្នុង Social Media Marketing?

Vichet: ខ្ញុំសូមកោតសរសើរ ក្រុមហ៊ុន Smart Mobile ដែលឈានមុខគេ ខាង Social Media Marketing ហើយមានអ្នកគាំទ្រលើសគេដាច់ក្រុមហ៊ុនបណ្តាញទូរស័ព្ទ ដ៏ទៃ។ ការជោគជ័យរបស់ Smart ក្នុង Facebook ក៏បានជួយក្នុងការជោគជ័យ នៅចំនួនអ្នកប្រើប្រាស់ របស់គាត់ដែរ។ គាត់ឈរនៅលេខ២ ហើយសំរាប់ចំនួនអ្នកប្រើប្រាស់។ ខ្ញុំមិនឆ្ងល់ទេ បើគាត់នឹងទទួលបានលេខមួយនៅថ្ងៃអនាគត ឆាប់ៗនេះ។

៣. Khmerload: តើលោកគិតថា ក្រុមហ៊ុនបណ្តាញទូរស័ព្ទ គួរតែធ្វើម្តេចទៅលើ Social Media Marketing?

Vichet:  ខ្ញុំគិតថា អ្នកធ្វើ Marketing នៅក្រុមហ៊ុនជាច្រើន មិនបានយកចិត្ត ទុកដាក់ទៅលើ ការធ្វើ Social Media Marketing និង Internet Marketing ទេ។ ក្នុងនាមខ្ញុំ ជាអ្នក Marketing មួយរូបដែរ ខ្ញុំយល់ថា អ្នកធ្វើMarketing នៅប្រទេសកម្ពុជា គួរតែupgrade ខ្លួនអោយ មានភាពជឿនលឿនក្នុងធ្វើការ Marketing។ នេះជាយុគសម័យ Internet ហើយ មិនមែនជាសម័យទូរទស្សន កាសែត និងទស្សនាវត្តីទេ។ សំរាប់ខ្ញុំ ខ្ញុំមើលទូរទស្សន មិនដល់មួយម៉ោងផងក្នុងមួយសប្តាហ៍ តែខ្ញុំចំណាយពេលរាប់ម៉ោង លើ Internet។ នៅស្រុកអាមេរិក កញ្ចប់ ផ្សាយពាណិជ្ជកម្មលើ Internet លើសពី ៥០ភាគរយទៅទៀត ក្នុងថវិការផ្សាយពាណិជ្ជកម្ម សំរាប់ក្រុមហ៊ុនទូទៅ។ បើសិនជាក្រុមហ៊ុនបច្ចេកវិទ្យាវិញ កញ្ចប់ថវិការ សំរាប់ផ្សាយលើ Internet មិនតិចជាង ៧០ភាគរយទេ។ កញ្ចប់ថវិការផ្សាយទៅលើ Internet និង Social Media Marketing ក្រុមហ៊ុនមួយចំនួននៅស្រុកខ្មែរ មានតិចតួចណាស់ ក្រុមហ៊ុនខ្លះគឺគ្មានតែម្តង។ ខ្ញុំយល់ថា កញ្ចប់ផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនទាក់ទងភាពទាន់សម័យគួរតែមាន ថវិការផ្សាយទៅលើ Internet និង Social Media Marketing យ៉ាងតិចអោយបាន ២៥ភាគរយ មិនមែនតិចជាង៥ភាគរយនោះទេ។ សូមបញ្ជាក់ថា ខ្ញុំសំដៅក្រុមហ៊ុនទាក់ទងភាពទាន់សម័យ មិនមែនក្រុមហ៊ុនទូទៅនោះទេ។

Khmerload នឹងធ្វើការស្រង់ប្រជាប្រិយភាព របស់ក្រុមហ៊ុនផ្សេងៗទៀត ទៅលើបណ្តាញទំនាក់ទំនងសង្គម នៅពេលខាងមុខនេះ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]