ជនស្ទាវឡើង.កម្នាក់ខណៈចេញពីផឹកសីុដើរទៅផ្ទះ ឃើញប្រពន្ធគេកំពុងដេកលក់ស្លៀកសារុង ខើចលើខើចក្រោម ក្រោមពន្លឺអំពូលម៉ែត្រផ្ទុះអារម្មណ៍ផ្លូវភេទ ក៏លូនចូលតាមប្រហោងជញ្ជាំងបិទភ្លើង ហើយទៅដេកឱបបម្រុងរំលោភ តែដោយសារតែប្លែកដៃក៏សួរនាំ លុះដឹងថា មិនមែនប្តីរបស់ខ្លួនក៏ស្រែកឆោឡោឡើង ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្តង ។ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៧ សីហា នៅឃុំត្រពាំងជង ស្រុកបាកាន ។

លោកអនុសេនីយ៍ទោ ប៊ុន រឿន នាយប៉ុស្តិ៍រដ្ឋបាលត្រពាំងជងឱ្យដឹងថា ជនស្ទាវឡើង.ក ដែលជាប់ចោទនេះឈ្មោះ ប៊ិន ថា អាយុ២០ឆ្នាំ ឯស្ត្រីជាដើមបណ្តឹងអាយុ២៨ឆ្នាំ មានប្តីនិងកូនបីនាក់ រស់នៅក្នុងឃុំជាមួយគ្នា។ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៨ សីហា តាមពាក្យបណ្តឹងរបស់ស្ត្រីខាងលើ ហើយបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត នារសៀលថ្ងៃទី២០ សីហា ។

តាមស្ត្រីជាដើមបណ្តឹងបានរៀបរាប់ថា នៅយប់ថ្ងៃទី១៧ សីហា ប្តីរបស់នាងទៅមើលទូរទស្សន៍នៅផ្ទះអ្នកជិតខាង ឯរូបនាងនិងកូនបីនាក់ដេកនៅក្នុងមុង ដោយបើកភ្លើងអំពូលម៉ែត្រចាប់អាគុយ ។ ពេលកំពុងដេកលក់ ស្រាប់តែមានគេមកឱបពីក្រោយ លុះនាងភ្ញាក់ឡើងស្រាប់តែងងឹតឈឹង ហើយដោយសារប្លែកដៃ និងប្លែកសកម្មភាពនោះ នាងក៏សួរថា អ្នកណាគេហ្នឹង? ទើបដឹងថា មិនមែនប្តីរបស់ខ្លួនក៏ស្រែកឱ្យអ្នកភូមិជួយ ដែលឃើញដូច្នេះជននោះក៏ហក់រត់បាត់ទៅ ។

ចំណែកជនស្ទាវឡើង.ក ឈ្មោះប៊ិន ចាន់ សារភាពថា នៅល្ងាចថ្ងៃទី១៧ សីហា នោះខ្លួនផឹកស្រានៅផ្ទះឈ្មោះឡូច និង២នាក់ទៀតឈ្មោះទូង និងឈ្មោះក្រិល សរុប៤នាក់ ផឹកតាំងពីម៉ោង២រសៀលរហូតដល់ម៉ោងជិត ១០យប់ទើបចប់អស់ស្រា ចំនួន៣លីត្រ រួចបែកគ្នាទៅផ្ទះរៀងខ្លួន ។ ខណៈពេលដើរទៅដល់ផ្ទះនោះ ឃើញស្ត្រីរូបនេះដេកនៅក្នុងមុងជាមួយកូនក្រោមពន្លឺអំពូលម៉ែត្រ ស្លៀកសារុងខើចលើខើចក្រោម ក៏ធ្វើឱ្យមានអារម្មណ៍ផ្លូវភេទ ។ ពេលនោះដោយទ្រាំលែងបានខ្លួនក៏លូនចូលតាមប្រហោងជញ្ជាំងទៅដោះក្រចាប់អាគុយពន្លត់ភ្លើង ហើយចូលក្នុងមុងឱបពីក្រោយ បម្រុងរំលោភស្រាប់តែនាងភ្ញាក់សួរថា នរណាគេ ឯខ្លួនឆ្លើយថាខ្ញុំ«អាថា» ។ ពេលនោះនាងស្រែកឆោឡោឡើងធ្វើឱ្យខ្លួនភ័យក៏ហក់រត់  លុះស្អែកឡើងថ្ងៃទី១៨ សីហា ស្រាប់តែប៉ូលិសទៅឃាត់ខ្លួនដល់ផ្ទះតែម្តង ។

ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនារសៀលថ្ងៃទី២០ សីហា ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]