ភ្នំពេញ៖ ការបិទចរាចរណ៍ផ្លូវមុខប្រាសាទអង្គវត្ត តាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ រហូតមកដល់ថ្ងៃទី៥ ឧសភា នេះ មានការគាំទ្រ ខ្លាំង ពីសំណាក់គ្រប់ភាគី ពាក់ព័ន្ធ រួមទាំង ភ្ញៀវទេសចរណ៍ជាតិ​ និងអន្តរជាតិ ផងដែរ។

ក្រោយពីការអនុវត្តគម្រោងនេះ គេសង្កេតឃើញថា សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន ការដើរកំសាន្ត របស់ភ្ញៀវទេសចរ នៅបរិវេណ មុខប្រាសាទអង្គរ បានប្រព្រឹត្តទៅ យ៉ាងល្អប្រសើរ សុវត្ថិភាព និងកាន់តែមានភាពទាក់ទាញ បន្ថែមទៀត។ លោក សុខ សង្វា អគ្គនាយករងអាជ្ញាធរជាតិ អប្សរា និងជាប្រធានក្រុមការងារ អនុវត្តផែនការ គ្រប់គ្រងទេចរណ៍អង្គរ មានប្រសសន៍ថា “មកដល់ពេលនេះ មានរយៈពេល៥ថ្ងៃ ហើយ ដែលយើងបានអនុវត្ត គម្រោងផ្អាក ការធ្វើចរាចរណ៍ ផ្លូវនៅមុខប្រាសាទអង្គរ តាមរយៈនេះ ក៏យើងបាន ឃើញមានការគាំទ្រ និងសប្បាយចិត្តជាច្រើន ពីសាធាណរៈជន ប្រជាពលរដ្ឋ អ្នកមគ្គុទេស អ្នកបើកបរ ក៏ដូចជាភ្ញៀវទេសចរណ៍ ដែលបានមកកំសាន្ត នៅទីនេះ មានអារម្មណ៍ថា មានភាពទូលាយជាងមុន និងមានសណ្តាប់ធ្នាប់ ល្អជាងមុន”។ 

លោកសុខ សង្វា បន្តថា ជំហានទី២ នឹងរៀបចំកែលំអរ លើកសោភណ្ឌភាព នៅមុខប្រាសាទអង្គរវត្ត ដោយមានផែនការ ដាំស្មៅបន្ថែម ដោយរៀបចំ ប្រព័ន្ធស្រោចស្រព ដោយស្វ័យប្រវត្តិ ដើម្បីរក្សាភាពបៃតង នៅខាងមុខ ប្រាសាទអង្គរវត្ត ។ ក្រៅពីនេះ អាជ្ញាធរជាតិអប្សរា ក៏នឹងរៀបចំ ដាក់បង់អង្គុយបន្ថែម ដាក់ធុងសំរាមបន្ថែម ដាំផ្កា និងដើមឈើណា ដែលសមស្រប នៅតំបន់អង្គរ ដោយមានអ្នកជំនាញ មកពិនិត្យពីស្ថានភាព និងទីតាំង សម្រាប់ការដាំផ្កា និងឈើទាំងនោះ ឲ្យសមនិងគុណតម្លៃ នៃប្រាសាទអង្គរវត្ត។ អ្នករត់រឺម៉កកង់បីលោក នួន សារិទ្ធ បានលើកឡើងថា ពីមុននៅខាងមុខអង្គរ កន្លែងជណ្តើរឡើងប្រាសាទ មានភាពរញ៉េរញ៉ៃ និងគ្មានសណ្តាប់ធ្នាប់ ប៉ុន្តែក្រោយពីរៀបចំ រួចមក គេឃើញ ទិដ្ឋភាពនៅតំបន់នេះ មានភាពល្អប្រសើរ បញ្ជៀសបាន នូវការកកស្ទះចរាចរណ៍ និងមានភាពងាយស្រួល សុវត្ថិភាព ដល់ភ្ញៀវទេសចរណ៍ ក្នុងការដើរលេងកំសាន្ត និងមើលទេសភាព ដ៏ស្រស់ស្អាត របស់ប្រាសាទអង្គរ។ 

លោក ឃុត សុងហៃ មគ្គុទេសផ្នែកភាសាចិន បានលើកឡើងថា ពីមុនមានអ្នកមានលុយ មានអំណាច ចេះតែមកបំពាន សំអាងលើបុណ្យសក្កិ ចេះតែមកចតឡាន អនាធិបតេយ្យ មិនស្តាប់ការណែនាំ ប៉ុន្តែចាប់ពីពេលនេះ តទៅ នៅមុខប្រាសាទអង្គ លែងមានភាពរញ៉េរញ៉ៃ ទៀតហើយ ភ្ញៀវទេសចរ គេអាចជជែកគ្នា បានដោយមិនបារម្ភ ខ្លាចបុកឡាន ឬម៉ូតូ ដូចមុនទៀតទេ ។ លោក ស្រី អៀម ស្រីពេជ្រ ជាប្រជាពលរដ្ឋ ដែលបានមកលំហែរកំសាន្ត នៅតំបន់អង្គរ បានលើកឡើងថា នៅពេលនេះ ខុសប្លែកពីមុនឆ្ងាយ គឺស្អាត មានរបៀបរៀបរយ មានសោភណ្ឌភាព បន្ថែមទៀត ពិសេស មើលទៅមានសុវត្ថិភាព សម្រាប់ការធ្វើដំណើរ ទៅមកខាងមុខ ប្រាសាទនេះតែម្តង ដោយមិនខ្លាចប៉ះពៀរ ជាមួយរឺម៉ក ម៉ូតូ និងរថយន្ត នៅពេលគេ ដណ្តើមម៉ូយគ្នា ៕ 

រូបភាព ពីប្រាសាទអង្គរតូច
រូបភាព ពីប្រាសាទអង្គរ
រូបភាព ពីប្រាសាទអង្គរ

ប្រភព៖ ដើមអម្ពិល

ការកត់សម្គាល់ខ្មែរឡូត៖

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ទទួលបាននៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ភ្ញៀវទេសចរបរទេស បានទិញបណ្ណ​ចូល​ទស្សនា រមណីយដ្ឋានអង្គរ សម្រាប់ខែមេសា ឆ្នាំ២០១៦ មានចំនួន ១៤៦,១៩៦នាក់ ថយចុះ៤.៨០% បើប្រៀបធៀបទៅនិងខែមេសា ឆ្នាំ២០១៥ ហើយរកចំណូលបាន ៤,១៤៨,៥៦០ដុល្លារ ថយ៣.៧៦%។

ជាមួយគ្នានេះ បើគិត៤ខែដើមឆ្នាំ២០១៦វិញ ភ្ញៀវទេសចរបរទេសបានទិញបណ្ណចូលទស្សនា រមណីយដ្ឋានអង្គរមានចំនួន ៨៤៧,៥៥៤នាក់ ទទួលបានប្រាក់ចំណូល ២៤,៥០០,១៦០ដុល្លារអាម៉េរិក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]