អង់គ្លេស៖ Leicester ជាក្លិបបាល់ទាត់ដំបូង ទើបនឹងឡើងមកពីលីកលំដាប់ទី២របស់អង់គ្លេស ដែលបានក្លាយជាជើងឯកបាល់ទាត់លីកកំពូលអង់គ្លេស ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររយៈពេល ១៣២ឆ្នាំ កន្លងមកនេះ។

ការទទួលបានជើងឯកនេះ បន្ទាប់ពីក្រុម Chelsea បានប្រកួតស្មើនឹងក្រុម Tottenham Hotspur ក្នុងលទ្ធផល ២-២ ដែលមានន័យថា ពួកគេមាន៧ពិន្ទុ វ៉ាដាច់ក្នុងតារាងចំណាត់ថ្នាក់ ដែលនៅសល់ ២ប្រកួតចុងក្រោយទៀត។

ក្រុម Leicester ដែលដឹកនាំដោយលោក Claudio Ranieri បានខកខានឱកាសទទួលយកពាន កាលពីថ្ងៃអាទិត្យកន្លងទៅ ដោយសារប្រកួតបានត្រឹមស្មើនឹងក្រុម Manchester United ក្នុងលទ្ធផល ១-១ នៅកីឡដ្ឋាន Old Trafford តែពួកគេត្រូវការរង់ចាំតែ២៤ម៉ោងប៉ុណ្ណោះ ក្នុងការឈ្នះពាននោះត្រលប់មកវិញ ក្រោយការប្រកួតស្មើគ្នារវាង Chelsea និង Spur។

នៅពេលដែលចាប់ផ្តើមរដូវកាលដំបូង អាចនិយាយបានថា មានតែមនុស្សម្នាក់ក្នុងចំណោម៥,០០០នាក់ប៉ុណ្ណោះ ដែលជឿថាក្រុម Leicester នឹងអាចឈ្នះពាន ក៏ដោយសារតែ ក្រុមមួយនេះ ពីមុនមកធ្លាប់ជួបបរាជ័យជាច្រើន រហូតដល់ធ្លាប់លេងនៅក្នុង League 1 របស់អង់គ្លេស ដែលជាលីកលំដាប់ទី៣ កាលពីឆ្នាំ២០០៩។

បន្ទាប់ពីការតែងតាំងលោក Claudio Ranieri ជាគ្រូបង្វឹកក្រុម Leicester កាលពីរដូវកាលមុនមក លោកបានបង្កើត និងបន្តភាពអស្ចារ្យរបស់ខ្លួនជាមួយក្លិប និងកីឡាករសំខាន់២នាក់ នោះគឺ Riyad Mahrez និង Jamie Vardy ដែលកីឡាករ២នាក់នេះជាប់ឈ្មោះជាកីឡាករឆ្នើមបំផុតប្រចាំរដូវកាល ហើយទទួលបានពានរង្វាន់ PFA និង FWA ព្រមគ្នាផងដែរ។

រូបភាពកីឡាករក្រុម Leicester អបអរសាទរ នៅគេហដ្ឋានកីឡាករ Jamie Vardy

ក្រុម Leicester នឹងទទួលបានពានជាផ្លូវការ ក្នុងការប្រកួតចុងក្រោយក្នុងផ្ទះរបស់ខ្លួនដែលត្រូវប៉ះជាមួយនឹងក្រុម Everton ដែលចាក់ផ្សាយនៅប៉ុស្ត៏ Sky Sport នៅថ្ងៃសៅរ៍ខាងមុខនេះ។ បន្ថែមពីនេះទៀត ពួកគេនឹងត្រូវស្វាគមន៏ក្រុមជើងឯកឆ្នាំមុន Chelsea ដែលជាជំនួបចុងក្រោយ មុននឹងបិទរដូវកាល នៅកីឡដ្ឋាន Stamford Bridge។

គួរបញ្ជាក់ផងដែរថា កីឡាករមួយចំនួនរបស់ Leicester បានទស្សនាភាពជោគជ័យរបស់ខ្លួន នៅគេហដ្ឋានរបស់កីឡាករ Jamie Vardy ដោយរួមទាំងមានការបង្កើតនូវពិធីអបអរសាទរយ៉ាងសប្បាយរីករាយ ដែលបានចាក់ផ្សាយក្នុងកម្មវិធី Monday Night Football ក្រោយកញ្ចែរបញ្ចប់ការប្រកួតផងដែរ។

លោក Wes Morgan ដែលជាប្រធានក្រុមរបស់ក្លិបបាននិយាយដោយមោទនភាពក្នុងការសម្រេចបានគោលដៅមួយនេះថា៖ «វាគឺជាអារម្មណ៏មួយដ៏ល្អបំផុតក្នុងអាជីពរបស់ខ្ញុំ ហើយខ្ញុំមានមោទនភាពណាស់ដែលនេះគឺជាផ្នែកមួយសម្រាប់ក្រុមខ្ញុំ»។ គាត់បន្ថែមថា៖ «គ្រប់គ្នាសុទ្ធតែខំប្រឹងសម្រាប់ពានរង្វាន់មួយនេះ ដោយគ្មានអ្នកណាជឿថាពួកយើងអាចធ្វើវាបាន ប៉ុន្តែជាលទ្ធផលគឺពួកយើង ជាជើងឯកហើយពួកយើងសាកសមនឹងទទូលវា»៕

ប្រភព៖ SkySports

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]