គម្របដែលមានរូបអ្នកនិពន្ធ លាក់ ម៉ាឡែន

វគ្គ៤ ស្នេហា ឬបងប្អូន?

ជិតមួយសប្តាហ៍ទៅហើយ ដែលចន្រ្ទាមកជួយលក់ថ្នាំបង។ ចំណែកឯកំលោះតូចខេវិនឯនេះវិញ ហាក់បីដូចជាអផ្សុកណាស់។ នាយប្រាស់ខ្លួនទៅលើគ្រែ ហើយរអ៊ូតែម្នាក់ឯង៖

-ពួកបងប្រហែលជាមានក្តីសុខណាស់ហើយមើលទៅ ទើបមិនដែល0n lineយ៉ាងនេះ គ្មាននឹកដល់ខ្ញុំបន្តិចសោះ

-ឯងរអ៊ូអីហ្នឹង?

-តើបងស្រីមានតេមកលេងទេម៉ាក់?

-គ្មានទេ! តែនាងប្រាប់ថា នាងសុខសប្បាយទេ យ៉ាងម៉េច! ឯងចេះនឹកបងស្រីឯងដែរអ្ហេ គ្មាននរណាជេរ ប្រហែលជាអផ្សុកហើយមើលទៅ?

-គាត់ប្រហែលជាមិននឹកខ្ញុំទេ

-ឯងមិនទៅសាលាទេអ្ហេ?

-ម៉ាក់! ល្ងាចនេះខ្ញុំដឹងលទ្ធផលហើយ ម៉ាក់កុំភ្លេចសន្យាណា

-ឯងជឿជាក់ហើយអ្ហេ ថាឯងប្រឡងជាប់?

-ខ្ញុំប្រាកដជាបានទៅកម្ពុជា!.........ម៉ាក់ទៅណាហ្នឹង?

-ម៉ាក់ទៅហាង!

-ម៉ាក់ខ្ញុំចង់និយាយរឿងមួយប្រាប់ម៉ាក់

-ម៉ាក់គ្មានពេលទេ ចាំយប់ទៅ

-ម៉ាក់!............ម៉ាក់ស្តាប់ខ្ញុំតែមួយនាទីក៏បានដែរ

-និយាយទៅ!

-ម៉ាក់ស្គាល់បងវិសិទ្ធិទេ?

-វិសិទ្ធិ បងប្រុសរបស់បងស្រីឯងហ្នឹងមែនទេ?

-បាទ!

-ម៉ាក់ធ្លាប់ជួបគេបង កាលទៅយកចន្រ្ទាមករស់នៅទីនេះ ម៉េចក៏ឯងស្គាល់គេដែរ?

-គឺបងស្រីឧស្សាហ៍រំលឹកពីគាត់ហ្នឹងណា ម៉ាក់ដឹងទេ ពួកគាត់ស្រលាញ់គ្នាណាម៉ាក់...........មិនមែនបងប្អូនទេ គឺស្នេហា!

-ឯងនិយាយផ្តេសផ្តាសស្អីហ្នឹង?

-ក្រែងម៉ាក់និយាយថាខ្ញុំជាអ្នកជំនាញខាងស្នេហាណា ខ្ញុំគ្រាន់តែប្រាប់ម៉ាក់ឲ្យបានដឹងជាមុនតែប៉ុណ្ណោះ ថាកូនស្រីម៉ាក់មានស្នេហាហើយ

-មើលទៅខួរក្បាលឯង ផ្ទុកទៅដោយស្នេហាហើយ

-ម៉ាក់អ្ហាក! ..............ហេតុអីក៏ម្នាក់ៗមិនជឿខ្ញុំអ៊ីចឹង មួយរយភាគរយគឺស្នេហា ខ្ញុំនឹងបំបែកឯកទត្តកម្មមួយនេះ 

តើអាល្អិតនេះប្រុងធ្វើអី? ថ្លែងពីយុវតី បិទភ្នែកកំពុងស្រដីជាមួយព្រះចន្ទ្រាយ៉ាងអណ្តែងអណ្តែងតែម្នាក់ឯង៖”ប្រាំមួយឆ្នាំហើយ ដែលខ្ញុំមានអារម្មណ៍ថា បេះដូងខ្ញុំបាត់បង់ពន្លឺព្រះចន្ទមួយនេះ ពេលនេះ ខ្ញុំអាចមើលព្រះចន្ទស្រូបយកអារម្មណ៍ពីពេលមុនមកវិញ ពិតជាមានក្តីសុខណាស់”។ កំពុងតែអណ្តែងអណ្តូង ស្រាប់តែយុវ-ជនទៅអង្គុយក្បែរនាង។ មាណវីបើកភ្នែកសន្សឹមៗ មើលឃើញវង់ភ័ក្ររបស់យុវជនក៏គិតក្នុងចិត្តថា៖”នៅក្រោមពន្លឺព្រះចន្ទ ផ្ទៃមុខបងគួរឲ្យចង់អង្អែលណាស់”។ គិតហើយនាងលូកដៃបម្រុងប៉ះមុខយុវជន តែត្រូវអ្នកកំលោះចាប់ដៃជាប់៖

-អូនចង់ធ្វើអី?

-ប៉ះមុខបង!

-មិនឲ្យប៉ះទេ ព្រោះធ្វើឲ្យចេញមុន

-តែបងក៏ប៉ះមុខអូនដែរ

-តែពេលនេះមិនឲ្យប៉ះទេ

-តែអូនចង់ប៉ះ

-មិនឲ្យប៉ះ

-តែអូននឹងប៉ះឲ្យបាន ធ្វើឲ្យមុខបងចេញមុនម្តង

-ឯងហ៊ានលេងជាមួយបងផងអ្ហេ

សម្រែកក្អាកក្អាយបន្លឺឡើង ទាំងពីរនាក់ប្រឡែងគ្នាដូចជាកូនក្មេងនៅលើអង្រឹងឈើមួយ តែក៏ស្រាប់តែស្ងៀមឈឹង។ មាណវីត្រូវកម្លាំងយុវជនសង្កត់ផ្អែកនឹងអង្រឹង ឯដៃរបស់នាង ក៏ត្រូវអ្នកកំលោះចាប់ជាប់ កែវភ្នែកទាំងគូកំពុងត្របាញ់ចូលគ្នា។ នេះមិនមែនជាអារម្មណ៍បងប្អូនទេ តើកម្លាំងស្នេហាកំពុងតែសង្កត់ពួកគេមែនទេ? ច្រមុះនិងបបូរមាត់យុវជនកាន់តែខិតជិតហើយ ចន្រ្ទាមិនបម្រាស់ តែបែរជាបិទភ្នែកទៅវិញ។ មិនខុសទេ! នេះគឺជាស្នាមថើប គឺស្នាមថើបដំបូង។ អីយ៉ា! ដូចត្រូវមួយដំបងអ៊ីចឹង តើពួកគេទាំងពីរនឹកឃើញអ្វីមែនទេ ទើបស្ទុះងាកពីគ្នាលឿនយ៉ាងនេះ? យុវជនស្រដីទាំងរដិបរដុប៖

-បង..........បង...សូម............ទោស...............

-អូនទៅក្នងផ្ទះមុនហើយ

-តើខ្ញុំកំពុងធ្វើអីហ្នឹង?

បេះដូងចាប់ផ្តើមកញ្រ្ជោលហើយ។ យប់នេះ ពិតជាគេងមិនលក់ទេ។ ខេវិនបន្លឺឡើង៖

-អីយ៉ា! ថ្ងៃនេះមានអារម្មណ៍ហើយអ្ហេ ទើប0n lineទាំងពីរនាក់តែម្តង...សួស្តីបងប្រុស! តើបងបានជួបនឹងបងស្រីហើយមែនទេ?

-ម៉េចក៏ឯងដឹង?

-ខ្ញុំចេះតែថាៗទៅ ព្រោះមួយរយៈនេះ មិនឃើញបងon lineសោះ តើខ្ញុំនិយាយ

ត្រូវមែនទេបង?

-ពិតមែនហើយ!

-បងបានថើបនាងហើយមែនទេ?

-ម៉េចក៏ឯងដឹងទៀតហើយ?

-ខ្ញុំប្រាប់ហើយ ថាខ្ញុំជាអ្នកជំនាញស្នេហា ខ្ញុំពិតជាអាចវិភាគអំពីស្ថានភាពរបស់ពួកបង បងនិយាយទៅ ថាជាអារម្មណ៍ស្នេហាឬបងប្អូន? គ្មានបងប្រុសណាទៅថើបបបូរមាត់ប្អូនស្រីពេញវ័យបែបនេះទេមែនទេ? ខ្ញុំពិតជាមានល្ខោនល្អមើលហើយ

-បានន័យថាម៉េច?

-ខានស្អែកនេះ ខ្ញុំទៅកម្ពុជាហើយ

-ឯងប្រឡងជាប់ហើយអ្ហេ?

-ប្រាកដហើយ! បងកុំភ្លេចពីការភ្នាល់របស់ពួកយើងណា

-អាល្អិតអ្ហា៎ នោះមិនយកជាការទេ

-បងចាញ់ខ្ញុំហើយ! ខ្ញុំមិនដឹងទេ ទៅដល់កម្ពុជា ខ្ញុំនឹងទៅរកបង ហើយស្នាក់នៅជាមួយបងទៀតផង ដើម្បីមើលបងថើបបងស្រី ខ្ញុំឈប់ជជែកជាមួយបងហើយ bye bye~!

-ចំមែន!

យុវតីអង្គុយសម្លឹងកុំព្យូទ័ររហូត ស្រាប់តែសំឡេងសារបន្លឺឡើង៖

-បងត្រូវបងប្រុសថើបហើយមែនទេ?

-ឯងនិយាយអី?

-អ្នកជំនាញស្នេហា ថាហើយគឺមិនខុសទេ បងមានអារម្មណ៍យ៉ាងម៉េចដែរ? ពេលដែលខ្ញុំថើបបង និងពេលដែលគាត់ថើបបង មិនដូចគ្នាទេមែនទេ? បងសារភាពចុះចាញ់ទេ?

-មិនចុះចាញ់ទេ!

-គ្រាន់បើ! ខានស្អែកនេះ ខ្ញុំទៅកម្ពុជាហើយ

-ថាម៉េច!

-បងត្រៀមស្នាមថើបជួបខ្ញុំទៅ bye bye~!

-ម្តងនេះ ត្រូវអាល្អិតនេះគំរាមហើយ

នៅទីបំផុត ខេវិន និងអ្នកស្រីស៊ីណា ក៏បានមកដល់កម្ពុជា។ កំលោះតូចបន្លឺ៖

-ម៉ាក់! ខ្ញុំចង់ទៅគេងផ្ទះប៉ាម៉ាក់ចិញ្ចឹមបងស្រី

-ឯងចង់បង្ករឿងអីហ្នឹង?

-ម៉ាក់អ្ហាក! ខ្ញុំទៅការពារបងស្រីតើ ហើយក៏ទៅយកការឲ្យម៉ាក់ដែរ

-យកការស្អី? 

-គឺរឿងបងស្រីនិងបងប្រុសហ្នឹងណា

-ពួកយើងត្រូវទៅសណ្ឋាគារសិន ពេលទៅដល់សណ្ឋាគារហើយ ម៉ាក់ត្រូវទៅមើលហាងមួយភ្លែតសិន

-អ៊ីចឹងម៉ាក់យកខ្ញុំទៅដាក់មុខផ្ទះបងស្រីទៅ ណាម៉ាក់ណា ខ្ញុំមិនចង់គេងនៅសណ្ឋាគារទេ ណាម៉ាក់ណា!

-ឯងនេះ!

អ្នកស្រីស៊ីណាក៏នាំកូនប្រុសមកដល់ផ្ទះលោកវិបុត្រ។ គ្រាន់តែក្រលេកឃើញចន្រ្ទា ខេវិនបន្លឺឡើង៖

-បងស្រី!

-ម៉ាក់!

-ស៊ីណា!

-សួស្តីចរិយា! ជម្រាបសួរបង ម៉េចមិនជម្រាបសួរអ៊ំប្រុស អ៊ំស្រីឯងទៅ

-ជម្រាបសួរអ៊ំប្រុសអ៊ំស្រី

-ចាស! នេះជាកូនប្រុសឯងអ្ហេ?

-ចាស!

-អ៊ំប្រុសអ៊ំស្រី តើខ្ញុំអាចស្នាក់នៅទីនេះបានទេ?

-សូមទោសផង វាចេះតែចង់មកទីនេះជួបបងស្រីវា ហើយថាមិនចង់ស្នាក់នៅសណ្ឋាគារ

-មិនអីទេ! ឲ្យគេស្នាក់នៅទីនេះចុះ ចុះនាង?

-ខ្ញុំកក់សណ្ឋាគាររួចហើយបង ពេលនេះ ខ្ញុំត្រូវទៅមើលហាងសិន

-មិនអីទេ! ឯងទៅចុះ

-អ្នកណាកំពុងតែដើរចូលមកនោះបង?..........គឹបងវិសិទ្ធិមែនទេ?

-ត្រូវហើយ!

-ជម្រាបសួរអ្នកមីង!

-ចាស! វិសិទ្ធិមែនទេ

-បាទ!

-ធំដល់ហើយនេះ! មីងត្រូវទៅសិនហើយ បង! ខ្ញុំទៅហើយ ឯងកុំបង្ករឿង ផ្តេសផ្តាស ស្តាប់បានទេ?

-ម៉ាក់កុំបារម្ភអី!...............សួស្តីបងប្រុស!

-ឯងគឹ!

-cute boy!

-ម៉េចក៏ឯងមករកផ្ទះបងឃើញ?

-ពួកបងស្គាល់គ្នាអ្ហេ?

-គេជាមិត្តតាមface bookរបស់បង

-ស្លាប់ហើយ!

-ពួកឯងកំពុងជជែកអីហ្នឹង? វិសិទ្ធិ! នេះគឺប្អូនប្រុសចន្រ្ទា

-ថាម៉េច!

-ចុះកូនកើតអីហ្នឹង?

-គ្មានទេម៉ាក់!

-ក្មួយនៅបន្ទប់ជាមួយបងប្រុសចុះណា ឯងនាំប្អូនឡើងទៅ

-បាទ!

ខេវិនញញឹមដើរតាមវិសិទ្ធិ រហូតទៅដល់បន្ទប់ ទើបបន្លឺ៖

-បងត្រៀមខ្លួនហើយមែនទេ?

-អាល្អិតឯងនេះ! ការពិតឯងស្គាល់បងថាជានរណាមែនទេ?

-ប្រាកដហើយ!

-បងស្មានថា ឯងជាអ្នកជំនាញស្នេហាមែន បោកប្រាស់!

-អូយ! ចង់គេងណាស់

-ឆាប់ទៅងូតទឹកសិនទៅ ត្រូវហើយ! តើឯងមាននិយាយអីជាមួយបងស្រីឯងទេ?

-និយាយច្រើនណាស់ គាត់ថែមទាំងភ្នាល់ជាមួយខ្ញុំទៀតផង

-នេះឯង!

-ខ្ញុំទៅងូតទឹកហើយ

-ចំមែន!

ព្រលឹមឡើងយុវជន និងយុវតីចេញពីបន្ទប់ព្រមគ្នា។ អ្នកទាំងពីរឈរញញឹមស្មើៗដាក់គ្នា តែមិនព្រមនិយាយស្តីឡើយ។ ឃើញដូចនេះ ខេវិនបន្លឺ៖

-ពួកបងមិនអីទេអ្ហេ?

-បងទៅធ្វើការហើយ!

និយាយហើយ វិសិទ្ធិក៏ដើរចេញទៅ។ ខេវិននិយាយទៅកាន់បងស្រី៖

-បងថានាំខ្ញុំដើរលេងណា

-ចាំស្អែកទៅ បងទៅមើលហាងថ្នាំហើយ

វិនីតមានបំណងនាំប្អូនទៅលេងក្បាលស្ពាន។ ឃើញដូចនេះ លោកវិបុត្រក៏សម្រេចក៏ឲ្យកូនប្រុសបើកឡានជូនប្អូនទៅ។ ការពិតណាវី និងវាសនាមានគម្រោងទៅជាមួយដែរ ប៉ុន្តែវាសនាមានការងារបន្ទាន់ត្រូវឡើងទៅភ្នំពេញភ្លាម ណាវីក៏តេទៅចន្រ្ទា៖

-អាឡូ! ឯងមានការអីមែនទេ?

-សូមទោសផងណា ស្អែកនេះ ខ្ញុំមិនបានទៅទេ ព្រោះបងប្រុសរវល់ទៅប្រជុំ

នៅភ្នំពេញឯនោះ 

-ម៉េចអ៊ីចឹង!

-ចាំលើកក្រោយចុះណា បើមានឱកាសគ្នានឹងទៅជាមួយឯង

-តែបងវាសនាទៅតែម្នាក់ឯងទេ មែនទេ?

-ត្រូវហើយ!

-អ៊ីចេះទៅ ឯងទៅជាមួយគ្នាទៅ ចាំគ្នាទៅយកឯង

-បានដែរអ្ហេ?

-មានអីថាមិនបាននោះ សម្រេចអ៊ីចឹងចុះណា!

-អ៊ីចឹងក៏បាន!

ព្រលឹមឡើង ឡានទៅដល់ផ្ទះណាវី។ គ្រាន់តែចេញពីក្នុងឡានភ្លាមចន្រ្ទាបន្លឺ៖

-នេះមិត្តភក្តិបង ឈ្មោះណាវី ប្អូនប្រុសគ្នា!

-សួស្តីណាវី

-ស្អីឯង!

យុវតីខោកក្បាលប្អូន រួចបន្លឺសារជាថ្មី៖

-និយាយម្តងទៀត!

-ជម្រាបសួរបង!

-ចាស!..............

-ពួកយើងឆាប់ឡើងឡានទៅ

ឡានបើកឆ្ពោះតម្រង់ទៅរមណីយដ្ឋានក្បាលស្ពាន។ មិនយូរប៉ុន្មាន ក៏បានទៅដល់គោលដៅ។ មាណវីទាំងពីរទៅឈរចាំនៅជើងភ្នំមុន ចំណែកយុវជនទាំងពីរកំពុងយករបស់ចេញពីក្នុងឡានដូចជាទឹក និងអាហារជាដើម។ ខេវិនបន្លឺ៖

-ខ្ញុំសួរបងតាមត្រង់ បងគិតយ៉ាងម៉េចចំពោះបងស្រីខ្ញុំ?

-ឯងចង់យ៉ាងម៉េចទៀតហើយ?

-បើបងឲ្យខ្ញុំជួយ ខ្ញុំស្ម័គ្រចិត្តជួយ

-មិនចាំបាច់ទេ! បងចេះដោះស្រាយហើយ

-ដោះស្រាយយ៉ាងម៉េច! ខ្ញុំឃើញបងនៅតែស្ងៀមហ្នឹង?

-អាល្អិតឯងនេះ តោះ! ឆាប់ទៅៗ

-ដូចជាមិនល្អមើលសោះ................បងមើលងាយអាល្អិតខ្ញុំពេកហើយ

ទៅដល់លើភ្នំ ទិដ្ឋភាពទឹកជ្រោះ ពិតជាស្រស់ថ្លាណាស់។ ខេវិនហាក់មិនចង់ត្រឡប់ទៅផ្ទះឡើយ។ គេមុជទឹកជ្រោះមិនព្រមឡើងទាល់តែសោះ ឃើញដូចនេះ ណាវីក៏បន្លឺទៅកាន់មិត្តរបស់ខ្លួន៖

-ខ្ញុំមើលទៅប្អូនប្រុសឯងដូចជាសប្បាយណាស់

-គេបែបនេះឯង ធំហើយ តែដូចជាកូនក្មេងអ៊ីចឹង

-តែមើលទៅគេដូចជាស្រលាញ់ឯងណាស់

-ពិតមែនអ្ហេ!

-គេរៀនថ្នាក់ទីប៉ុន្មានហើយ?

-ចូលទីដប់ពីរនៅឆ្នាំក្រោយនេះ

-មើលទៅគេ ប្រហែលជារៀនឆ្លាតណាស់ហើយមែនទេ?

-វាយ៉ាប់ជាងខ្ញុំទៅទៀត

-ថាម៉េច!

-វារៀនឌុបថ្នាក់ទីដប់មួយមួយឆ្នាំ ម្តងនេះ បើកុំតែម៉ាក់ ព្រមឲ្យវាមកលេង កម្ពុជា ប្រហែលជាវាមិនខំរៀនទេ

-បង! ពួកបងមិនងូតទឹកទេអ្ហេ?

-គេនិយាយភាសាយើងបានច្បាស់ណាស់

-បា្រកដហើយ! បើមិនច្បាស់គឺម៉ាក់វ៉ៃហើយ

-អូ!

-តែមានប្អូនប្រុសដូចជាគេអ៊ីចឹង ក៏សប្បាយម្យ៉ាងដែរ

-ឯងចង់បានអ្ហេ! បើចង់បានគ្នាឲ្យ

-ឆ្កួតទេអ្ហេ! ចេះនិយាយទៅកើត.....ត្រូវហើយ! តើឯងនិងបងវិសិទ្ធិឈ្លោះគ្នា មែនទេ?

-.........អត់ទេ!

-បើអត់ទេ គឺល្អហើយ..............នែ! ម៉ោងបីហើយណា ពួកយើងល្មមត្រឡប់ទៅហើយអ្ហ៊ៃ?

-ចាំគ្នាទៅហៅខេវិនសិន!..................នែ! ឆាប់ឡើងមកយើងត្រឡប់ទៅវិញ

-ចាំបន្តិចទៀតសិនបង

-ឆាប់ឡើងមក!

-មិនទាន់ឆ្អែតផង!

ខេវិនឡើងពីទឹក ក៏ទៅឈរផ្លាស់សម្លៀកបំពាក់នៅម្ខាង តែមួយសន្ទុះហើយ នៅតែមិនឃើញចេញមកវិញសោះ យុវតីរៀបចំកន្លែងផងបន្លឺផង៖

-បង! យកកន្សែងឲ្យខ្ញុំបន្តិច

-ក្រែងកន្សែងឯងយកទៅហើយអ្ហ៊ៃ?

-ខ្ញុំដាក់នៅលើកាបូបបងឯនោះ ឲ្យលឿនឡើងបង!

-មិនអីទេ ចាំខ្ញុំយកឲ្យគេ

ណាវីកាន់កន្សែងដើរទៅកន្លែងរាងចោតបន្តិច ដែលកំលោះតូចកំពុងឈរ តែយុវជនមិនបានមើលក្រោមថានរណាកំពុងដើរមកនោះឡើយ។ នាយកាន់ទឹកក្រូចមួយកំប៉ុង តែមិនទាន់បានគាស់ផង ក៏របូតធ្លាក់ពីដៃចុះមក។ ណាវីជាន់ត្រូវកំប៉ុងក៏ដួលគ្រឹប ស្រែកបន្លឺឡើង ធ្វើឲ្យខេវិនបើកភ្នែកធំៗ បន្លឺ៖”ម៉េចជាបងទៅវិញ?”។ វិសិទ្ធិនិងចន្រ្ទាស្ទុះរត់ទៅលើកយុវតី៖ 

-ឯងយ៉ាងម៉េចហើយ? តើឯងធ្វើស្អីហ្នឹង?

-សូមទោស!

ខេវិនស្ទុះរត់ចុះមកយ៉ាងលឿន ហើយនិយាយយ៉ាងញាប់មាត់ទៅកាន់ណាវី៖

-ឲ្យខ្ញុំសូមទោសបង!

-មិនអីទេ!............អូយ

-ប្រហែលជាគ្រេចហើយ! (វិសិទ្ធិឧទាន)

-មិនអីទេ ខ្ញុំអាចដើរបាន!

ចន្រ្ទាជួយគ្រាណាវីដើរចុះពីលើភ្នំ តែយូរៗទៅ ណាវីមានអារម្មណ៍ថាកាន់តែឈឺខ្លាំងឡើងៗ ហើយទឹកមុខក៏ដូចជាស្លេកស្លាំងដែរ។ ឃើញដូចនេះ ពួកគេក៏ឈប់សម្រាកសិន ចៃដន្យវិសិទ្ធិបានជួបមិត្តចាស់ ក៏ឈរជជែកគ្នាមួយសន្ទុះ។ ចន្រ្ទាស្រដី៖

-ឯងយ៉ាងម៉េចហើយ!

-ឈឺណាស់!

-អ៊ីចេះទៅ! ខេវិន ឯងអៀវនាងទៅ

-ថាម៉េច!

-មិនចាំបាច់ទេ

-ឯងជាអ្នកធ្វើឲ្យនាងរបួស ដូចនេះ ឯងត្រូវតែអៀវនាង

-មិនចាំបាច់ទេចន្រ្ទា

-បានៗ! ខ្ញុំអៀវបង

-មិនចាំបាច់ទេ

-បងឡើងមក!

-មិនចាំបាច់ទេ!

-ខ្ញុំសូមអង្វរបង បើបងមិនឲ្យខ្ញុំអៀវទេ បងស្រីខ្ញុំប្រាកដជាសម្លាប់ខ្ញុំ

ណាវីសម្រេចឲ្យខេវិនអៀវខ្លួន តែមុននឹងឡើងលើខ្នងយុវជន នាងក៏បន្លឺ៖

-ឯណាទឹកចន្រ្ទា?

-ទឹកអ្ហេ!........វីវរហើយ ភ្លេចនៅខាងលើឯនោះ មិនអីទេ ខ្ញុំឡើងទៅយកវិញ

-មិនចាំបាច់ទេ!

-ឯងចាំត្រង់នេះហើយ

-គម្រោងការខ្ញុំជោកជ័យហើយ

-ឯងនិយាយអី?

-គ្មានទេ!

-ចុះឯណាចន្រ្ទា? (វិសិទ្ធិសួរ)

-នាងទៅ................

-គាត់ថាភ្លេចរបស់ ទើបឡើងទៅយកវិញ ពួកខ្ញុំឃាត់ហើយតែគាត់មិនស្តាប់

-អ៊ីចឹងពួកឯងនៅចាំត្រង់នេះហើយណា

-ម៉េចក៏ឯងនិយាយអ៊ីចឹង?

-តោះពួកយើងទៅ!

-ឯងមិនចាំពួកគាត់ទេអ្ហេ?

-មិនចាំបាច់ចាំទេ!

-តែបងចង់ចាំ

-ខ្ញុំថាមិនចាំបាច់ទេ មក!

ខេវិនចាប់អៀវណាវីដើរចុះទៅ តែណាវីនៅតែមិនសុខចិត្ត យុវជនដាក់នាងចុះហើយបន្លឺ៖

-បងយ៉ាងម៉េចហ្នឹង ខ្ញុំអៀវហើយនៅមិនសុខចិត្តទៀតអ្ហេ? ធ្ងន់សឹងស្លាប់

-ដាក់បងត្រង់នេះហើយ! ពួកយើងចាំពួកគេសិនទៅ

-តែមេឃនេះ ធ្លាក់ភ្លៀងឥឡូវហើយ

-ធ្លាក់ភ្លៀង តើវាយ៉ាងម៉េច? ឯងចង់ទៅចោលបងស្រីឯងអ៊ីចឹង?

-បងស្រីខ្ញុំមានបងប្រុសនៅការពារហើយ មិនអីទេ! តោះពួកយើងទៅទៀត

-អូយ! .............ម៉េចក៏បងខាំដៃខ្ញុំអ៊ីចឹង?

-បងថាឲ្យនៅចាំពួកគេ

-មិនបានទេ! មិនងាយបានឱកាសល្អយ៉ាងនេះទេ ខ្ញុំសូមអង្វរបង ពួកយើងទៅៗ

-ឯងចង់បានន័យថាម៉េច?

-ខ្ញុំប្រាប់បងក៏បាន ការពិតខ្ញុំធ្វើឲ្យកំប៉ុងទឹកក្រូចធ្លាក់ គឺមានចេតនាឲ្យបងខ្ញុំដួល នរណាទៅដឹងថាគឺជាបងនោះ

-ហើយយ៉ាងម៉េចទៀត?

-មែនយ៉ាងម៉េច បើបងខ្ញុំជាអ្នករបួស គឺប្រាកដជាបងវិសិទ្ធិជាអ្នកអៀវគាត់ ប្រហែលមិនមែនខ្ញុំទេ............ ការពិតពួកគាត់គឺស្រលាញ់គ្នា

-ស្រលាញ់គ្នា!

-ស្នេហា មិនមែនបងប្អូនទេ! ខ្ញុំចង់ឲ្យគាត់នៅជាមួយគ្នាតែពីរនាក់ ដើម្បីដោះស្រាយបញ្ហាផ្លូវចិត្តមួយនេះ ខ្ញុំដឹង! ខ្ញុំធ្វើអ៊ីចឹង អ្នកដែលខកចិត្តគឺបងមែនទេ?

-ហេតុអីក៏បងត្រូវខកចិត្ត?

-ព្រោះបងស្រលាញ់បងប្រុសខ្ញុំ

-ឯងកុំនិយាយផ្តាស់!

-ឥឡូវបងយល់ហើយ តើបងទៅទេ? 

-ចុះបើពួកគេរកយើងមិនឃើញនោះ

-បងកុំបារម្ភអី គាត់ប្រាកដជាតេរកពួកយើងហើយ...........បងកុំគិតច្រើនពេកមើល............ឆាប់ឡើងមក!

ខេវិនអៀវណាវីដើរចុះពីលើភ្នំក្រោមដំណក់ភ្លៀងស្រិចៗ។ ការពិតអាល្អិតនេះក៏គួរឲ្យស្រលាញ់ណាស់តើ។ ណាវីបន្លឺ៖

-ពួកយើងសម្រាកសិនទៅអ្ហ៊ៃ?

-មិនអីទេ! ការពិតបងមិនធ្ងន់ណាស់ណាទេ

-ក្រែងឯងថា បងធ្ងន់អ្ហេ!

-ខ្ញុំនិយាយលេងតើ បងត្រជាក់ទេ?

-មិនត្រជាក់ទេ!

-មិនមែនមកពី កំដៅនៅក្នុងខ្លួនខ្ញុំទេ

-ឯងនិយាយស្អី!

យុវវ័យប្រុសស្រីនេះហាក់ដូចជារីករាយណាស់តើ។ ថ្លែងពីវិសិទ្ធិដែលមកដល់លើកំពូលភ្នំវិញ នាយបន្លឺទៅកាន់យុវតីដែលកំពុងឈរកាន់ឆ័ត្រឱនយកដបទឹក៖

-តើអូនភ្លេចរបស់អី?

-ហេតុអីក៏បងនៅទីនេះ?

-បងមកតាមអូនហ្នឹងណា តើអូនភ្លេចរបស់អី?

-គឺអូនមកយកទឹកនេះ

-គ្រាន់តែទឹកអូនឡើងមកលើភ្នំវិញអ៊ីចឹងអ្ហេ? ពួកយើងឆាប់ទៅវិញទៅ ឲ្យឆ័ត្រមកបង.............ប្រយ័ត្នផង!

យុវវ័យទាំងពីរនៅក្រោមដំបូលឆ័ត្រតែមួយ។ ព្រះភិរុណបង្អុរកាន់តែខ្លាំងឡើងៗ ផ្ទៃមេឃប្រែងងឹតស្លុប យុវតីចង់ឈប់មិនចង់ដើរទៅមុខទៀតទេ ព្រោះមានអារម្មណ៍គួរឲ្យខ្លាចណាស់។ ឃើញដូចនេះ យុវជនក៏ចាប់អង្អែលស្មានាងថ្នមៗ ហើយស្រដី៖”កុំខ្លាចអី! ដើរទៅមុខបន្តិចទៀតទៅ”។ ទាំងពីរនាក់ដើររហូតមកដល់ខ្ទមដែលជាកន្លែងដែលណាវី និងខេវិនរង់ចាំ តែពេលមកដល់មិនឃើញពួកគេទាំងពីរ ចន្រ្ទាបន្លឺឡើង៖

-ម៉េចមិនឃើញពួកគេអ៊ីចឹងបង?

-កុំទាន់ភ័យអី! ប្រហែលជាពួកគេចុះទៅមុនហើយ

-អ៊ីចឹងពួកយើងកុំសម្រាកអី

វិសិទ្ធិចាប់ដៃចន្រ្ទាជាប់៖

-អង្គុយមក! ចាំមេឃរាំងបន្តិចចាំយើងទៅ

-ប៉ុន្តែពួកគេ!

-ពេលនេះពួកគេប្រហែលជាចុះទៅដល់ហើយ ពួកគេមិនអីទេ តែសុខភាពអូនមិនល្អទេ អង្គុយទៅ............អូនត្រជាក់ណាស់មែនទេ!

វិសិទ្ធិទាញក្បាលយុវតីមកដាក់លើទ្រូងខ្លួន។ ទាំងពីរនាក់ប្រែជាស្ងៀមឈឹងមិនស្រដីអ្វីទាំងអស់។ ឯខេវិនកំលោះស្ទើរតែលោះព្រលឹង ព្រោះណាវីស្ងៀមឈឹងមិនដឹងខ្លួនឡើយ។ នាយបន្លឺបណ្តើរ រត់បណ្តើរ៖”បង! បងកុំកើតអីណា បងទ្រាំបន្តិចទៅ”។ កំលោះតូចអៀវនាងរត់រហូតមកដល់ឃ្លីនិកមួយ៖

-លោកគ្រូពេទ្យជួយគាត់ផង!

-នាងកើតអី!

-នាងដួលគ្រេចជើង ហើយមកតាមផ្លូវក៏សន្លប់ទៅ

-ដាក់នាងចុះមក

ណាវីគេងនៅលើគ្រែនៅឡើយ ចំណែកខេវិនគឺនៅក្បែរគ្រែរហូត។ មួយសន្ទុះក្រោយលោកគ្រូពេទ្យក៏ចូលទៅ៖

-តើគាត់យ៉ាងម៉េចហើយលោកគ្រូពេទ្យ?

-អស់អីហើយ! នាងត្រជាក់ពេក ទើបធ្វើឲ្យសន្លប់

-ចុះជើងរបស់គាត់?

-ពីរបីថ្ងៃនេះ មិនទាន់អាចដើរបានទេ នេះថ្នាំ! ពេលដែលនាងភ្ញាក់ ឲ្យនាងលេបទៅ

-បាទ! អរគុណលោកគ្រូពេទ្យ

ងាកមកមើលយុវវ័យមួយគូនៅលើភ្នំវិញ។ នៅក្នុងរង្វង់ដៃយុវជន គឺពិតជាកក់ក្តៅណាស់ មិនចង់បម្រាស់ចេញឡើយ។ វិសិទ្ធិគិតច្បាស់ទើបស្រដីចេញមក៖”ចាប់ពីថ្ងៃអូនចាកចេញទៅនោះ ទើបបងដឹងថាអារម្មណ៍របស់បងចំពោះអូន នោះមិនមែនជាបងប្អូនទេ”។ ចន្រ្ទាបម្រុងងាកចេញពីយុវជន តែនាយបែរជាចាប់ស្មានាងជាប់ ហើយស្រដីត៖

-បងមិនហ៊ាននិយាយការពិត ព្រោះតែខ្លាចដូចជាពេលនេះអ៊ីចឹង អូននឹងគេចចេញពីបង មិននៅក្បែរបង មិនហ៊ានស្និទ្ធស្នាលជាមួយបង

-អ៊ីចឹងហេតុអីបងនិយាយពេលនេះ?

-ព្រោះពេលនេះ បងនឹងមានឱកាសឱបអូនជាចុងក្រោយ ទោះអូនចាត់ទុកបងជាអ្វីក៏ដោយ បងនឹងទទួលយកទាំងអស់

-អរគុណ ដែលបងបំពេញតួនាទីជាបងប្រុសអូនអស់រយៈពេលដប់បីឆ្នាំ អរគុណដែលបងស្រលាញ់អូន ....បេះដូងស្រីល្ងង់ម្នាក់នេះ ម៉េចនឹងអាចគ្មានពន្លឺព្រះចន្ទមួយនេះនោះ

ចន្រ្ទាក្រសោបឱបយុវជនដោយស្នាមញញឹម។ ពួកគេដឹកដៃគ្នាដើរចុះពីលើភ្នំក្រោមដំណក់ភ្លៀងស្រិចៗ។ចំណែកខេវិនអង្គុយក្បែរគ្រែ សម្លឹងមើលមុខណាវី ស្រដីទាំងទឹកមុខស្រពោន៖”សូមទោសផង! ខ្ញុំមិនគួរនាំទុកដល់បងយ៉ាងនេះទេ”។ យុវតីបើកភ្នែកឡើង ឃើញយុវជនយំ ក៏បន្លឺ៖

-ឯងកើតអី?

-បងភ្ញាក់ហើយអ្ហេ!

-អាល្អិតឯងនេះ ចេះយំដែរអ្ហេ!

-សូមទោស!

ណាវីហួសចិត្តណាស់ នាងងើបឡើង ហើយយកដៃទៅជូតទឹកភ្នែកឲ្យយុវជនដោយស្នាមញញឹម។ ភាពទន់ភ្លន់នេះ ហាក់ដូចជាដុតកម្លោចបេះដូងកំលោះតូចនេះ អ៊ីចឹង។ ហេតុអ្វីនាងបែរជាមិនខឹង ហើយនៅលួងលោមគេទៀត? តើអាល្អិតនេះ ប្រុងធ្វើស្អីហ្នឹង? នាយចាប់ដៃណាវីជាប់ ហើយសម្លឹងមុខនាងមិនដាក់ភ្នែក ធ្វើឲ្យមាណវីស្រដីទាំងរដិបរដុប៖”ឯងយ៉ាងម៉េចហ្នឹង?”។ មិនទាន់បានឆ្លើយតបផង វិសិទ្ធិនិងចន្រ្ទាក៏មកដល់។ ណាវីគ្រវាសដៃចេញពីខេវិនយ៉ាងលឿន ទើបតបទៅចន្រ្ទា៖

-ឯងមកហើយអ្ហេ!

-តើមានរឿងអីកើតឡើង?............ឯងបង្ករឿងទៀតហើយមែនទេ?

-សូមទោសបង!

-បានហើយ! ឯងកុំបន្ទោសគេអី ទោះជាយ៉ាងណា ក៏គេខំអៀវខ្ញុំចុះពីលើភ្នំមកដែរ អស់អីហើយ ចុះឯងនិងបងមិនអីទេអ្ហេ?

-មិនអីទេ!

-ខ្ញុំអស់អីហើយ ពួកយើងត្រឡប់ទៅផ្ទះវិញទៅ

តាំងពីក្បាលស្ពានរហូតមកដល់ផ្ទះ ខេវិនមិននិយាយស្តីដូចកាលដែលជិះទៅឡើយ។ ឃើញសភាពប្អូនខុសពីធម្មតាដូចនេះ ចន្រ្ទាដូចជាបារម្ភណាស់។ ងូតទឹកហើយ នាងក៏ទៅរកប្អូននៅក្នុងបន្ទប់៖

-បងមានការអី?

-ឯងមិនអីទេអ្ហេ?

-គ្មានអីទេ

-ឬមួយខឹងនឹងបង?

-គ្មានទេ!

-ឯងគ្រុនទេដឹង?

-គ្មានទេ! បងកុំបារម្ភអី ពេលនេះខ្ញុំចង់គេងហើយ បងឆាប់ទៅគេងទៅ

-អ៊ីចឹងបងទៅវិញហើយ

ចន្រ្ទាដើរចេញមក ក៏ជួបនឹងវិសិទ្ធិល្មម៖

-អូនមករកខេវិនអ្ហេ?

-ឃើញវាមិននិយាយស្តី អូនបារម្ភពីវា  

-ប្រហែលជាហត់នឿយហើយ ស្អែកឡើងប្រហែលជាអស់អីហើយ អូនឆាប់ទៅគេងទៅ

-អ៊ីចឹងអូនទៅហើយ

-កុំបារម្ភអី ចាំបងជួយមើលគេឲ្យ

ចន្រ្ទាចេញផុត វិសិទ្ធិក៏ស្ទុះទៅគេងលើគ្រែក្បែរខេវិន ហើយបន្លឺ៖

-តើអ្នកណាហ៊ានធ្វើឲ្យកំលោះតូចម្នាក់នេះ មិននិយាយស្តី?.......ប្រាប់បងមកមើល តើមានរឿងអី?

-បងនិយាយទៅ ពេលដែលបងមានស្នេហា តើបងមានអារម្មណ៍ដូចម្តេច?

-ឯងជាអ្នកជំនាញស្នេហា គួរតែដឹងច្បាស់ជាងបងហើយមែនទេ?

-បើបងមិនចង់និយាយក៏ហីទៅ

-បានបងនិយាយ! អារម្មណ៍ស្នេហា គឺដូចបេះដូងស្ថិតក្រោមពន្លឺព្រះចន្ទអ៊ីចឹង បើឯងចង់ដឹងច្បាស់ ឯងដាក់បេះដូងឯងឲ្យចំពន្លឺព្រះចន្ទទៅ នោះឯងនឹងយល់កាន់តែច្បាស់ពីអារម្មណ៍ស្នេហាហើយ បងគេងហើយ

-បេះដូងក្រោមពន្លឺព្រះចន្ទអ្ហេ! ការពិតបងនិងបងស្រីសុទ្ធតែមានអារម្មណ៍បែបនេះអ្ហេ? ខ្ញុំនឹងសាកល្បងមើល

អស្ចារ្យណាស់! អួតសុទ្ធតែខ្លួនអ្នកជំនាញស្នេហា តែដល់វេនខ្លួនឯង បែរជាល្ងង់មួយរំពេច។ ឱ!កំលោះតូចអើយ ពេលនេះពិតជាមកអង្គុយក្រោមពន្លឺព្រះចន្ទមែន មើលចុះ! ស្នាមញញឹមកំពុងលេចចេញនៅលើផ្ទៃមុខគេហើយតើ។ អូហូ! រឿងរ៉ាវទាំងឡាយដែលកើតមានឡើងកាលពីថ្ងៃ បានខារសារឡើងវិញហើយ។ បេះដូងក្រោមពន្លឺព្រះចន្ទ! គឺអារម្មណ៍នេះហើយ រំភើប កក់ក្តៅ និងមានក្តីសុខណាស់។ មិនខុសទេ វាគឺអារម្មណ៍ស្នេហា ស្នេហាយ៉ាងពិតប្រាកដ។

នៅទីបំផុតមិនត្រឹមតែវិសិទ្ធិទេ សូម្បីតែខេវិនកំលោះតូចនេះ ក៏ដឹងពីអារម្មណ៍របស់ខ្លួនដែរ។ ជាការពិតណាស់ គេមានសង្សារច្រើនរាប់មិនអស់ ប៉ុន្តែមិនដែលស្មោះមួយណាឡើយ ហើយក៏ពុំដែលធ្វើឲ្យគេមានអារម្មណ៍ខ្វាយខ្វល់ ឬគិតច្រើនដូចជាពេលនេះដែរ។ ចន្រ្ទាសង្គេតប្អូនពីរថ្ងៃហើយ សព្វដងយុវជននេះរំអុកនាងឲ្យនាំដើរលេងមិនឈប់ តែពេលនេះ មិនដូចមុនឡើយ គេសុខចិត្តទៅជួយមើលហាងម៉ាក់ ឬក៏ទៅចាំហាងឲ្យវិសិទ្ធិ ហើយពេលត្រឡប់មកដល់ផ្ទះ ក៏ចូលទៅក្នុងបន្ទប់បាត់។ យុវតីទាញដៃយុវជនចេញមក ទើបស្រដី៖

-បងនិយាយទៅ ថាខេវិនមានរឿងអី?

-បងមិនប្រាកដទេ

-មិនប្រាកដបានន័យថាបងដឹងខ្លះមែនទេ? បងនិយាយទៅ!

-ប្រហែលជាមានស្នេហាហើយ តែជានរណានោះ បងមិនដឹងទេ

-ថាម៉េច! ............ម៉េចនឹងអាចទៅ.........ប៉ុន្តែវាប្លែកបែបនេះ គឺចាប់តាំងពីថ្ងៃ

ដែលមកពីក្បាលស្ពានវិញ បងថាមានស្នេហា...........

-ឬមួយ!

-វាស្រលាញ់ណាវីទេដឹង? មិនបានទេ អូនចូលទៅសួរវា

-នែ!

ចន្រ្ទាចូលទៅដល់ក្នុងបន្ទប់ ក៏ទៅអង្គុយលើគ្រែក្បែរប្អូនប្រុសដែលបង្ហប់ភួយជិតឈឹង។ ទោះយុវតីនិយាយអី ក៏នាយមិនតប។ ចន្រ្ទានឹកឃើញល្បិចមួយក៏បន្លឺ៖

-ត្រូវហើយ! ឯងនៅចាំណាវីមិត្តភក្តិបងដែលទៅលេងក្បាលស្ពានជាមួយយើងទេ? នាងជិតរៀបការហើយ

-បងថាម៉េច?

-យ៉ាងម៉េច! ក្រែងឯងមិនចង់និយាយជាមួយបងទេអ្ហេ បងទៅវិញហើយ

-បងនិយាយទៅ ថានរណាជិតរៀបការ?

-គឺបងស្រីដែលឯងអៀវចុះពីលើភ្នំហ្នឹងណា ឮថាកូនកំលោះជាអនិកជននៅប្រទេសបារាំង ថែមទាំងជាអ្នកមានស្តុកស្តម្ភទៀតផង

-មិនពិតទេ! បងឮមកពីណា?

-បងនិយាយទូរស័ព្ទជាមួយនាងអម្បាញ់មិញនេះឯង និយាយចប់ភ្លាម ក៏ចូលមករកឯងហ្នឹងណា មើលទៅឯងដូចជាចាប់អារម្មណ៍ណាស់ហ្ន៎

-គ្មានទេ!

-តើប៉ុន្មានថ្ងៃនេះ ឯងមានរឿងអី? ម៉េចមិននិយាយស្តីដូចមុនអ៊ីចឹង?

-ក្រែងបងមិនចង់ឲ្យខ្ញុំនិយាយអ្ហេ! បងនិយាយទៅមើល តើបងណាវីរៀនមហាវិទ្យាល័យឆ្នាំទីប៉ុន្មានហើយ?

-ឯងនិយាយប្រាប់បងតាមត្រង់មក ឯងចង់លេងសើចជាមួយណាវីអ្ហេ?

-អត់ទេ!

-ទីនេះកម្ពុជាណា ហើយម្យ៉ាងទៀតណាវីជាមិត្តភក្តិបង បងមិនអនុញ្ញាតឲ្យឯងទៅលេងសើចជាមួយនាងទេ បើហ៊ានធ្វើផ្តេសផ្តាស បងមិនលើកលែងឲ្យឯងទេ ស្តាប់បានទេ!

-បងការពារមិត្តភក្តិជាងប្អូនប្រុសទៅទៀត

-តែបងដឹងចរិតប្អូនរបស់បងច្បាស់ណាស់

-បានហើយ! បងកុំបារម្ភពីរឿងខ្ញុំអី ចុះរឿងរបស់បងនោះ? ស្អែកនេះ ម៉ាក់មកទីនេះហើយ ពួកបងគួរតែនិយាយប្រាប់គាត់ទៅ ហើយកុំភ្លេចថា បងចាញ់ខ្ញុំហើយ

-ខួរក្បាលឯងចងចាំបានល្អណាស់ហ្ន៎

-បើកុំតែជួយបង ម្ល៉េះខ្ញុំមិនក្លាយជា....................

-ក្លាយជាអី! ឆាប់និយាយទៅ

-គ្មានទេ! បងឆាប់ចេញទៅវិញទៅ ខ្ញុំគេងហើយ

-អ៊ីចឹងបងទៅហើយ.............ធ្វើចរិតប្លែកៗ

ត្រឹមត្រូវណាស់ បើកុំតែជួយបង ម្ល៉េះកំលោះតូចនេះ មិនក្លាយទៅជាមនុស្សមានជម្ងឺស្នេហាបែបនេះទេ។ ពេលដែលបានដំណឹងថា ណាវីជិតរៀបការ យុវជនតូចនេះ ក៏ទៅដល់ផ្ទះយុវតីភ្លាម៖

-ឯងមកផ្ទះបងមានការអី?

-បងមិនហៅខ្ញុំចូលលេងសិនទេអ្ហេ?

-ចូលមកអ៊ីចឹង! អង្គុយសិនទៅ បងទៅយកទឹកមកឲ្យញ៉ាំ..........មានការអីមែនទេ? ឬចន្រ្ទាឲ្យឯងមក?

-តើខ្ញុំគួរចាប់ផ្តើមពីត្រង់ណា?.....................

-ឯងយ៉ាងម៉េចហ្នឹង?

-ត្រូវហើយ! បងស្រីខ្ញុំ ឮថាបងជិតរៀបការ ទើបឲ្យមកសួរបងថា តើបងរៀបការថ្ងៃណាឲ្យប្រាកដ ព្រោះអីគាត់ជិតត្រឡប់ទៅវិញហើយ

-ស្អីគេ! គេឮមកពីណាថា បងជិតរៀបការនោះ?

-អ៊ីចឹងមិនមែនទេ មែនទេ?

-អត់ទេ! បងមិនមែនជិតរៀបការឯណា ប្រាប់គេទៅ ថាមិនមែនទេ

-ប្រសើរណាស់អ៊ីចឹង

-ឯងមិនអីទេអ្ហេ?

-គ្មានអីទេ! ខ្ញុំត្រឡប់ទៅវិញហើយបង

-ថ្ងៃក្រោយ មានរឿងអី ឲ្យបងឯងតេមកបងមក មិនចាំបាច់រំខានឯងឲ្យមកដល់ផ្ទះបងយ៉ាងនេះទេ

-មិនអីទេបង!

ខេវិនត្រឡប់ទៅផ្ទះវិញដោយក្តីរីករាយ។ នាយដើរបណ្តើរហួចបណ្តើរ ស្រាប់តែទុចង៉ក់នៅពេលគ្រួសារកំពុងតែជួបជុំគ្នា។ គ្មាននរណានិយាយស្តីអ្វីសោះ ប្រហែលជាហួសចិត្ត ឬក៏គិតស្មានមិនដល់។ អ្នកស្រីចរិយាបន្លឺ៖

-ឯងប្រាប់ម៉ាក់តាមត្រង់មក ពួកឯងនៅជាមួយគ្នាហើយមែនទេ?

-អត់ទេម៉ាក់! (វិសិទ្ធិ និងចន្រ្ទាបន្លឺព្រមគ្នា)

-បើអត់ប្រសើរហើយ! ពួកឯងចេញទៅសិនទៅ

-ម៉ាក់!

-ម៉ាក់ថាឲ្យចេញទៅ

វិសិទ្ធិ និងចន្រ្ទាដើរចេញមកក្រៅ ក៏ជួបនឹងខេវិនដែលកំពុងឈរស្តាប់៖

-ពួកគាត់មិនយល់ព្រមទេអ្ហេ?

-មើលទៅម៉ាក់ មិនសប្បាយចិត្តទេ 

-ចាំខ្ញុំជួយនិយាយឲ្យបង

-មិនបានទេ! ឯងនៅត្រង់នេះហើយ

ឃើញសភាពអ្នកស្រីចរិយាហាក់មិនសប្បាយចិត្ត អ្នកស្រីស៊ីណាក៏បន្លឺឡើង៖

-ការពិតម្តងនេះ ខ្ញុំគិតថា នាំកូនមករស់នៅស្រុកខ្មែរវិញ មិននឹកស្មានថា មានរឿងបែបនេះកើតឡើងទេ ឯងកុំបារម្ភអី ខ្ញុំនឹងនាំចន្រ្ទាទៅវិញ មិនឲ្យនាងជួប វិសិទ្ធិទៀតឡើយ

-ឯងនិយាយទៅ តើឯងពេញចិត្តឲ្យពួកគេរៀបការទេ?

-ថាម៉េច!

-គ្មានមូលហេតុអ្វី ដែលត្រូវបំបែកពួកគេទេ ការពិតពួកគេទាំងពីរមិនមែនជាបងប្អូនបង្កើតឯណា សូម្បីតែសាច់ឈាមបន្តិចក៏មិនជាប់ពាក់ព័ន្ធនឹងគ្នាផង រឿងអីដែលថារៀបការមិនបាននោះ?

អ្នកស្រីចរិយា និងអ្នកស្រីស៊ីណាសម្លឹងមើលលោកវិបុត្រទាំងអស់គ្នា៖

-បងនិយាយខុសអ្ហេ?

-មិនខុសទេ!

-អ៊ីចឹងមានរឿងអីត្រូវគិតច្រើន? មនុស្សដែលយើងស្រលាញ់ ទីបំផុតគឺនៅតែ នៅក្បែរយើងដដែល

ចម្លើយគឺចេញហើយ។ទាំងអស់គ្នាសម្រួលអារម្មណ៍ ក៏ជជែកគ្នាយ៉ាងរីករាយ៖

-ឯងថាមកនៅស្រុកវិញអ្ហេ?

-ត្រូវហើយ! ខ្ញុំទិញផ្ទះរួចហើយ នៅមិនឆ្ងាយពីហាងរបស់ខ្ញុំប៉ុន្មានទេ ការពិតខ្ញុំគិតយូរហើយ ខ្ញុំដឹងថា ចន្រ្ទាមិនទម្លាប់នៅស្រុកគេទេ ដូចនេះ ខ្ញុំចង់ឲ្យនាងមករៀនទីនេះវិញ ចំណែកខេវិន ខ្ញុំឲ្យគេទៅវិញ ពេលដែលគេរៀនចប់មហា-វិទ្យាល័យហើយ គេចង់មកនៅទីនេះក៏បាន

-ម៉ាក់និយាយអីហ្នឹង? ម៉ាក់បញ្ជូនខ្ញុំទៅវិញ ហើយទុកបងស្រីនៅទីនេះអ៊ីចឹង ខ្ញុំមិនសុខចិត្តទេ ខ្ញុំក៏ចង់នៅទីនេះដែរ

-មិនបានទេ! ពីរថ្ងៃទៀតឯងត្រូវត្រឡប់ទៅវិញហើយ

-ម៉ាក់!

-ម៉ាក់មានការនិយាយជាមួយអ៊ំឯង

-ហ៊ីស!

-ម៉េចឯងមិនឲ្យគេនៅរៀននៅទីនេះទៅ?

-មិនបានទេ! ខ្ញុំចង់ឲ្យគេ នៅជិតសាច់ញាតិរបស់គេសិន ដល់ពេលគេពេញ- វ័យហើយ នោះជាជម្រើសរបស់គេ គេចង់រស់នៅទីណាក៏បាន

-ខានស្អែកឯងទៅវិញហើយអ្ហេ!

-ចាស! ខ្ញុំនាំខេវិនទៅ រៀបចំទុកដាក់ឲ្យគេហើយ ខ្ញុំនឹងត្រឡប់មកវិញ ចំណែក

ចន្រ្ទា គឺខ្ញុំផ្ញើនាងនឹងពួកបងទៀតហើយ

-មិនអីទេ!

-ចុះរឿងមង្គលការនោះ?

-ចាំឯងត្រឡប់មកវិញ ចាំយើងនិយាយគ្នា

បេះដូង ដែលមិនបានទទួលពន្លឺព្រះចន្ទ ពិតជាងងឹតហើយ ហើយពន្លឺព្រះចន្ទ ដែលគ្មានបេះដូងទទួលយកប្រាកដជាងងឹតដូចគ្នា។ ដូចនេះ រវាងបេះដូង និងពន្លឺព្រះចន្ទត្រូវតែនៅជាមួយគ្នា ដូចជាវិសិទ្ធិនិងចន្រ្ទាជាដើម។ ចុះកំលោះតូចខេវិន? ពេលនេះកំពុងតែបាត់បេះដូង ឬក៏ពន្លឺព្រះចន្ទ? ពេលវេលាតែពីរថ្ងៃប៉ុណ្ណោះ តើយុវ-ជនអាចស្វែងរកពន្លឺព្រះចន្ទមកបំភ្លឺបេះដូងបានទេ? តែមើលទៅគេដូចជាប្រឹងប្រែងណាស់។ ពេលចេញពីធ្វើការ ណាវីតែងតែជួបខេវិន ពេលចេញពីរៀន ក៏នាងបានជួបនឹងខេវិន និយាយរួមស្ទើរគ្រប់ពេល ដែលកំលោះតូចនេះ ដើរតាមនាង ធ្វើឲ្យនាងមានអារម្មណ៍ថា ធុញទ្រាន់ណាស់ ក៏បន្លឺឡើង៖

-ឯងឈប់ដើរតាមខ្ញុំទៅបានទេ?

-បងមិនសួរមូលហេតុដែលខ្ញុំដើរតាមបងទេអ្ហេ?

-ឯងនិយាយទៅ ហេតុអីក៏ឯងតាមខ្ញុំ?

-ស្អែកនេះ ខ្ញុំត្រឡប់ទៅវិញហើយ

-មានអីទាក់ទងស្អីនឹងខ្ញុំ?

-បងជាមិត្តភក្តិទីមួយរបស់ខ្ញុំនៅកម្ពុជា ខ្ញុំប្រាកដជានឹកបង បងមិននឹកខ្ញុំទេអ្ហេ

យ៉ាងណាក៏ខ្ញុំធ្លាប់អៀវបងចុះពីលើភ្នំដែរ

-បាន! បងប្រាកដជានឹកឯង សូមឲ្យឯងត្រឡប់ទៅវិញដោយសុវត្ថិភាព ពេញចិត្តហើយនៅ? ឈប់តាមបងទៀតទៅ

និយាយហើយ ណាវីដើរចេញទៅ តែខេវិននៅតែតាមនាងដដែល៖

-ឯងចង់យ៉ាងម៉េចហ្នឹង?............ខ្ញុំតេទៅចន្រ្ទាឲ្យមកយកឯងទៅវិញ

-កុំអី!

-នែ! ឲ្យទូរស័ព្ទមកបងវិញ

-ខ្ញុំសួរបង នៅថ្ងៃនោះ ហេតុអីក៏បងយកដៃមកប៉ះមុខខ្ញុំ?

-ប៉ះមុខឯង!............អូ!......បងឃើញឯងយំ គ្រាន់តែជូតទឹកភ្នែកឲ្យឯងតើ

-គ្រាន់តែជូតទឹកភ្នែកទេអ្ហេ?

-ឯងយ៉ាងម៉េចហ្នឹង?

-បងមិនបានស្រលាញ់ខ្ញុំទេអ្ហេ?

-ថាម៉េច!............ឯងកុំលេងសើចណា បងធ្វើម៉េចនឹងស្រលាញ់ឯងនោះ

-បើបងមិនស្រលាញ់ខ្ញុំ ហេតុអីក៏ប៉ះមុខខ្ញុំ? បងដឹងទេ ខ្ញុំមានសង្សាររាប់មិនអស់ តែពួកនាងទាំងអស់នោះ មិនដែលហ៊ានប៉ះមុខខ្ញុំទេ

-ហេតុអី?

-មានតែមនុស្សម្នាក់គត់ ដែលអាចប៉ះបាន លុះត្រាតែមនុស្សស្រីម្នាក់នោះ ជាមនុស្សដែលខ្ញុំស្រលាញ់

-អ៊ីចឹងទេអ្ហេ! ឲ្យបងសូមទោសផង តើឲ្យបងធ្វើយ៉ាងម៉េច?

-បងឲ្យខ្ញុំប៉ះមុខបងវិញមក

-ធ្វើអ៊ីចឹងគឺរួចគ្នាមែនទេ? តើអាចធ្វើអ្វីផ្សេងបានទេ ដូចជាបងប៉ាវឯងញ៉ាំអីក៏បាន?

-មិនបានទេ!

-អ្ហឺយ! ឯងសន្យាណា ពេលដែលប៉ះមុខបងរួចហើយ ពួកយើងរួចគ្នា ឈប់តាមបងទៀត ស្តាប់បានទេ?

-បងបិទភ្នែកទៅ!

-ហេតុអីចាំបាច់បិទភ្នែក?

-បងមិនខ្មាសខ្ញុំទេអ្ហេ?

-អាល្អិតឯងនេះ!

ណាវីសម្រចចិត្តបិទភ្នែក ហើយនៅស្ងៀមឲ្យយុវជនស្ទាបមុខរបស់ខ្លួន។ កែវភ្នែកស្រទន់ សាច់មុខម៉ដ្ឋខៃ មិនចង់ដកដៃទាល់តែសោះ។ យុវតីបើកភ្នែកឡើង បម្រុងនឹងស្រដី តែមិនអាចនិយាយបាន។ នាងបើកភ្នែកធំៗ ច្រានយុវជនចេញពីខ្លួន ចំណែកដៃម្ខាងខ្ទប់មាត់ជាប់៖

-ឯងធ្វើអីហ្នឹង?

-គឺថើបហ្នឹងណា!

-ឯងឆ្កួតទេអ្ហេ!

-ខ្ញុំប្រាប់ហើយ មនុស្សស្រីដែលប៉ះមុខខ្ញុំ គឺជាមនុស្សស្រីដែលខ្ញុំស្រលាញ់ តើបងយល់ទេ?

-ឯងស្រលាញ់ខ្ញុំ!

-ម៉េចក៏ខួរក្បាលបងអន់យ៉ាងនេះ!

-តែខ្ញុំមិនបានស្រលាញ់ឯងទេ

-តើបងអាចបំភ្លេចស្នាមថើបដំបូងនេះបានទេ?

-នរណាថា នេះជាស្នាមថើបដំបូងនោះ ឯងឈប់មកតាមខ្ញុំទៀតណា

ខេវិនត្រឡប់មកដល់ផ្ទះវិញដោយសប្បាយចិត្ត តែមិនទាន់ទៅបន្ទប់ភ្លាមទេ នាយចូលទៅបន្ទប់បងស្រីសិន៖

-មានការអីអ្ហេទើបមករកបងដល់បន្ទប់?

-ខ្ញុំចង់ប្រាប់បង បងមិនបាច់បារម្ភពីខ្ញុំទេ ពេលនេះ ខ្ញុំធំហើយ ខ្ញុំនឹងរៀនឲ្យជាប់ ហើយប្រឡងចូលមហាវិទ្យាល័យឲ្យបាន ពេលរៀនចប់ ខ្ញុំនឹងត្រឡប់មក

រស់នៅកម្ពុជាវិញ រកការងារធ្វើនៅទីនេះ ហើយក៏យកប្រពន្ធនៅទីនេះដែរ

-ឯងមិនអីទេអ្ហេ?

-តើខ្ញុំមិនសមនឹងនិយាយពាក្យនេះទេអ្ហេ?

-គឺសមណាស់! ឯងប្រាប់បងតាមត្រង់មកមើល តើអ្វីដែលអាចធ្វើឲ្យឯងមានការតាំងចិត្តបែបនេះ?

-បើខ្ញុំនិយាយ បងសន្យាទៅ ថាបងត្រូវតែជួយខ្ញុំ

-បាន!

-មុនពេលខ្ញុំត្រឡប់មកវិញ បងត្រូវមើលថែបងណាវីឲ្យខ្ញុំ មិនឲ្យគាត់រៀបការចោលខ្ញុំទេ

-ថាម៉េច! ឯងពិតជាស្រលាញ់ណាវីមែនអ្ហេ?

-ថ្វីត្បិតតែគាត់បដិសេធខ្ញុំ តែខ្ញុំថើបគាត់រួចហើយ ខ្ញុំជឿថា គាត់មិនបំភ្លេចខ្ញុំងាយនោះទេ បងសន្យាហើយណា ខ្ញុំទៅវិញហើយ!

-វាធ្វើមែនទែនអ្ហេ!

ចន្រ្ទាដឹងរឿងហើយ ដូចជាមិនស្រួលចិត្តសោះ នាងក៏ផ្ញើសារហៅវិសិទ្ធិចេញមកក្រៅបន្ទប់៖

-អូនមានរឿងអី?

-វីវរហើយ! អាល្អិតនោះ វាស្រលាញ់ណាវីពិតមែន

-វាប្រាប់អូនអ្ហេ?

-ចាស! វាថានឹងខំរៀនឲ្យចប់ ហើយត្រឡប់មកវិញ ហើយថែមទាំងឲ្យអូនមើលថែមិនឲ្យណាវីរៀបការទៀតផង

-ប្រសើរហើយអ៊ីចឹង

-បងនិយាយអី?

-ក្រែងអូនចង់ឲ្យខេវិនយកចិត្តទុកដាក់រៀនសូត្រ ឥឡូវគេសុខចិត្តបោះបង់ការដើរលេង ញ៉ែស្រី ហើយងាកទៅខំរៀនវិញ បើមិនមែនជារឿងល្អ អូនថាវាជារឿងអាក្រក់អ្ហេ?

-ប៉ុន្តែអូនមើលទៅណាវីមិនបានស្រលាញ់វាទេ បើនាងរៀបការចោលវានោះ តើលទ្ធផលនឹងទៅជាយ៉ាងណាទៅ? រយៈពេលប្រាំឆ្នាំគឺយូរណាស់

-តែទោះជាយ៉ាងណា គេបានតាំងចិត្តរួចទៅហើយ

-តើឲ្យអូនធ្វើយ៉ាងម៉េច?

-ចម្លើយគឺនៅលើណាវីហើយ

ជិតចេញដំណើរហើយ តែមិនឃើញខេវិនទាល់តែសោះ។ ការពិតនាយបង្ហាញមុខយ៉ាងស្រស់នៅចំពោះមុខណាវី៖

-ក្រែងឯងត្រូវចេញដំណើរហើយអ្ហេ! ហេតុអីក៏មកដល់ផ្ទះបងអ៊ីចឹង?

-ខ្ញុំមកលាបង! បងមិនហៅខ្ញុំចូលក្នុងទេអ្ហេ?

-មិនហៅទេ!

-យ៉ាងម៉េចបងខ្លាចខ្ញុំថើបបងទៀតអ្ហេ?

-ឯងឈប់រំលឹកទៅបានទេ បងមិននិយាយជាមួយឯងទៀតទេ

-ខ្ញុំត្រូវត្រឡប់ទៅវិញហើយ ហេតុអីក៏បងដាច់ចិត្តម្ល៉េះ?

-តើឯងចង់យ៉ាងម៉េច?

-ខ្ញុំដឹងថាបងមិនដាច់ចិត្តនោះទេ បងនៅចាំខ្ញុំណា ខ្ញុំនឹងត្រឡប់មកវិញ

-អាល្អិតអ្ហា៎! ខ្ញុំមានរឿងអីត្រូវចាំឯងត្រឡប់មកវិញនោះ?

-ខ្ញុំមិនដឹងទេ ជីវិតខ្ញុំគឺនៅក្នុងដៃបងហើយ បើបងហ៊ានរៀបការចោលខ្ញុំ បានន័យថាបងបំផ្លាញជីវិតមនុស្សម្នាក់ ពេលនោះ ទោះជាខ្ញុំក្លាយជាខ្មោច ក៏ខ្ញុំតាមបងដែរ

-នែ!

-ខ្ញុំដឹង ថាបងនឹងរង់ចាំខ្ញុំ បងមិនបំភ្លេចស្នាមថើបដំបូងនោះទេ ប្រាំឆ្នាំក្រោយខ្ញុំនឹងត្រឡប់មកវិញ ខ្ញុំស្រលាញ់បង

ខេវិននិយាយហើយ រត់ចេញទៅ។ តើស្រីពៅណាវី នាងគិតដូចម្តេច? ការពិតនាងពិតនឹកឃើញស្នាមថើបដំបូងនោះមែន។ ចុះបើនាងរៀបការចោលគេ តើនឹងមានរឿងអ្វីកើតឡើងចំពោះកំលោះតូចនេះ? 

ពីរឆ្នាំក្រោយមក

ពិធីរៀបអាពាហ៍ពិពាហ៍សម្រាប់គូស្រករថ្មីមួយបានកើតឡើង។ ស្ថិតក្នុង សម្លៀកបំពាក់កូនក្រមុំ ចន្រ្ទាឈរញញឹមនៅមុខកញ្ចក់ ឃើញដូចនោះ ណាវីក៏បន្លឺឡើង៖

-សប្បាយចិត្តណាស់ តើមែនទេ?

-អ៊ឺ! ..................ខ្ញុំចង់សួរឯងរឿងមួយតើបានទេ?

-ថ្ងៃនេះជាថ្ងៃសប្បាយរីករាយ ឯងកុំធ្វើមុខអ៊ីចឹងបានទេ ចង់សួរអីសួរមក

-ឯងពិតជាសម្រេចចិត្តចាំខេវិនមែនអ្ហេ?

-ឯងខ្លាចខ្ញុំរៀបការចោលគេអ្ហេ គេគំរាមខ្ញុំរួចហើយ បើខ្ញុំរៀបការចោលគេ គេមិនលើកលែងឲ្យខ្ញុំទេ ឯងកុំបារម្ភអី ទោះមានរឿងអ្វីកើតឡើងក៏ដោយ ខ្ញុំមិនរៀបការមុនគេទេ

-អរគុណឯងហើយ

-នរណាឲ្យខ្ញុំស្គាល់គេនោះ ចំណាយពេលប្រាំឆ្នាំដើម្បីជួយក្មេងប្រុសម្នាក់ ឯងមិនគិតថា ខ្ញុំបានធ្វើរឿងដ៏អស្ចារ្យទេអ្ហេ?

-ពិតមែនហើយ! ឯងអស្ចារ្យណាស់

-ត្រូវហើយ! ថ្ងៃនេះជាថ្ងៃសំខាន់យ៉ាងនេះ ហេតុអីក៏គេមិនមកអ៊ីចឹង?

-គឺជាប់ប្រឡងហ្នឹងណា ឯងនឹកវាអ្ហេ?

-នឹកតិចៗដែរ

-ស្អែកនេះ គេមកដល់ហើយ

ពិធីរៀបអាពាហ៍ពិពាហ៍បានកន្លងផុតទៅ។ គូស្វាមីភរិយាថ្មីរស់នៅជាមួយគ្នាដោយសុភមង្គល។ បីឆ្នាំក្រោយមក យុវជនកំលោះស្រស់សង្ហារ មានពាក់វ៉ែនតាខ្មៅ កំពុងចុះពីលើយន្តហោះ តម្រង់ឆ្ពោះទៅរកក្រុមគ្រួសារដែលកំពុងឈរទទួលដោយក្តីនឹករលឹក។ សមាជិកគ្រួសារមកគ្រប់គ្នាអស់ហើយ តែបាត់ម្នាក់គឺណាវី។ ការពិតណាវីគេងឈឺនៅក្នុងផ្ទះទេតើ។ នាងតប់ប្រមល់ និងធុញថប់ណាស់។ អ្នកមីងនៅជាមួយម្នាក់បន្លឺ៖

-អ្នកនាងហូបបបរសិនទៅ!

-មីងទុកត្រង់ហ្នឹងហើយ ខ្ញុំមិនទាន់ឃ្លានទេ

អ្នកមីងទុកហើយ ក៏ដើរចេញទៅ មួយសន្ទុះក្រោយក៏ស្រាប់តែត្រឡប់មកវិញ៖

-អ្នកនាង...........

-បន្តិចទៀតខ្ញុំញ៉ាំហើយ មីងត្រឡប់ទៅវិញទៅ

យុវជនកំលោះដើរទៅអង្គុយចុងគ្រែយុវតី រួចបន្លឺ៖

-ធំហើយ នៅធ្វើដូចកូនក្មេងទៀត

-សំឡេងអ្នកណា?

យុវតីបើកភួយ ស្ទុះងើបអង្គុយ។ វាមិនគួរឲ្យជឿទេ នាងនៅតែមិននិយាយស្តី៖

-បងមើលខ្ញុំមិនស្គាល់ទេអ្ហេ?

-អាល្អិតឯងនេះ មកវិញហើយអ្ហេ!

-ខ្ញុំធំជាងបងណា បើបងមិនឱបខ្ញុំ ទុកឲ្យខ្ញុំជាអ្នកឱបបង

យុវជនឱបណាវីជាប់ សំណាងហើយ ដែលនាងឆាប់បម្រាស់ចេញ៖

-ប៉ា ម៉ាក់!

-ជម្រាបសួរលោកពូអ្នកមីង

-លើកដៃថ្វាយព្រះ

-ក្មួយមកយូរហើយអ្ហេ?

-បាទ! មួយសន្ទុះហើយលោកពូ

-អង្គុយលេងសិនទៅ ពូមីងទៅផ្លាស់សម្លៀកបំពាក់សិន

-បាទ!

ការពិតស្នេហា ពិតជាមានឥទ្ធិពលខ្លាំងណាស់។ ឆាកជីវិតគឺបែបនេះឯង។ មើលចុះ ព្រះចន្ទពេញបូរមីមូលក្រឡង់ គួរឲ្យចង់នែបនិត្យណាស់។ ហេតុអីក៏គ្រួសារមួយនេះ ចូលចិត្តមើលព្រះចន្ទម្ល៉េះ?

-ប៉ា! កាលពីតូច ប៉ាចូលចិត្តមើលព្រះចន្ទណាស់មែនទេ?

-ត្រូវហើយ! ប៉ាចូលចិត្តមើលព្រះចន្ទណាស់ កូនឃើញទេ សូម្បីតែហាងថ្នាំរបស់ប៉ា ក៏មានឈ្មោះថា ពន្លឺព្រះចន្ទដែរ

-ចុះម៉ាក់វិញ?

-ម៉ាក់ដូចគ្នា!

-ហេតុអីក៏ប៉ានិងម៉ាក់ចូលចិត្តមើលព្រះចន្ទ?

-អ៊ីចឹងប៉ាសួរកូន តើកូនចូលចិត្តមើលព្រះចន្ទឬអត់?

-អូនចូលចិត្ត

-ហេតុអីក៏កូនចូលចិត្ត?

-ព្រោះពន្លឺព្រះចន្ទស្អាតណាស់ ពេលដែលអូនមើលហើយ អូនមានអារម្មណ៍ថា កក់ក្តៅ ដូចជាប៉ាម៉ាក់នៅក្បែរអូនអ៊ីចឹង

-ត្រូវហើយ! ប៉ាដូចគ្នា ពេលប៉ាឃើញពន្លឺព្រះចន្ទ ប៉ាតែងតែនឹកដល់ម៉ាក់កូន ហើយនិងកូន ដូចនេះ ទោះបីជាពេលខ្លះ ប៉ានៅម្នាក់ឯង ក៏ប៉ាអត់អផ្សុកដែរ

-អ៊ីចឹងពេលប៉ាម៉ាក់មិននៅ អូននឹងមើលព្រះចន្ទដើម្បីកុំឲ្យអផ្សុក

-ពេលនោះ ឯងកុំភ្លេចហៅពូមកមើលផង ស្តាប់បានទេ?

-លោកពូ!

-មកពូពរ! មើលទៅគ្រួសារបង ដូចជាស្រលាញ់ព្រះចន្ទណាស់ហ្ន៎

-តើពូចូលចិត្តមើលព្រះចន្ទទេ?

-ពូប្រាកដជាចូលចិត្តហើយ ក្មួយដឹងទេ ពន្លឺព្រះចន្ទធ្វើឲ្យបេះដូងមានក្តីសុខណាស់ណា ដូចជាប៉ាម៉ាក់ឯងអ៊ីចឹង

-អូនក៏យល់ដែរ!

-ថាម៉េច! ក្មួយយល់ដែរ

-ឯងនេះ ចំមែន

-ពួកយើងចូលទៅក្នុងផ្ទះទៅ

ចប់ដោយបរិបូរណ៍

ផ្ដល់សិទ្ធដោយអ្នកនិពន្ធ លាក់ ម៉ាឡែន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]