(ភ្នំពេញ)៖ លោក សែម គន្ធា នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលរបស់លោក បានបញ្ជូនអ្នកបើករថយន្ត Camry Hybrid បុកម៉ូតូបណ្តាល ឲ្យផ្ទះឆេះចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ រហូតមានស្លាប់២នាក់ និងរបួស៤នាក់ នៅខណ្ឌមានជ័យ ទៅកាន់តុលាការ ដើម្បីបន្តការសួរនាំ និងចាត់ការបន្តទៀត។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អធិការនគរបាលខណ្ឌមានជ័យ លោក តេង ស៊ីណូ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចណ៍នេះកើតឡើង រវាងរថយន្តម៉ាក Camry Hybrid ពណ៌ស ស៊េរី២០០៩ ពាក់ស្លាកលេខ ភ្នំពេញ 1W-6796 បើកបរដោយ ឈ្មោះ រ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ទិសដៅពីជើងទៅត្បូង បានបុកជាមួយម៉ូតូចំនួន ០២គ្រឿងម៉ាក Viva ពណ៍ខ្មៅ និង ម៉ាក Smash V ពណ៍ខ្មៅ (ទិសដៅស្របគ្នា) បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរ ស្លាប់ចំនួន០២នាក់ (ប្រុស), របួស០៤នាក់ (ប្រុស)។

លោក តេង ស៊ីណូ បានបញ្ជាក់ទៀតថា ក្នុងករណីនេះបណ្តាលឲ្យឆេះខូចខាត រថយន្តម៉ាក Camry Hybrid ១គ្រឿង និងឆេះខូចខាតម៉ូតូ ម៉ាក Smash V ពណ៍ខ្មៅ១គ្រឿង ហើយសាកសពរក្សាទុក នៅក្បែរកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើកបររថយន្ត និងម៉ូតូជនរងគ្រោះ ប្រគល់ឲ្យការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ យកទៅចាត់ការបន្ត។ លោកអធិការបានបន្ថែមថា អ្នកបើកបររថយន្តស្រវឹងស្រា ទើបបើករថយន្តបង្កគ្រោះថ្នាក់យ៉ាងដូច្នេះ៕

ប្រភព៖ Fresh News

ការចាប់អារម្មណ៍ខ្មែរឡូត៖

ទាក់ទងនឹងហេតុការណ៍រថយន្ដបុកម៉ូតូបែបនេះ ក៏ធ្លាប់បានកើតឡើងកាលពីខែធ្នូ ឆ្នាំ២០១៥ ដែលនិស្សិតស្រីម្នាក់បានបើករថយន្ត​លឿន​ពេក ​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ពេញទំហឹង កិន​បុរស​ម្នាក់​ស្លាប់​នៅ​កន្លែង​ កើតហេតុ និង​ម្នាក់​ទៀត​ផ្លោង​បោក​ នឹង​កញ្ចក់​រថយន្ត​រង​ របួស​ធ្ងន់ធ្ងរ​ស្លាប់​ពេល បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​រង​របួសធ្ងន់​នារី​ម្នាក់​ទៀតកាលពី​វេលា​ម៉ោង​១២ និង​២៥​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១០ ធ្នូ ២០១៥ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ឃ្លាំង​សាំង សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ រាជ រ៉ា​វូ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​សិស្ស ស្នាក់​នៅផ្ទះ​ ជួល​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន មានស្រុក​កំណើត​ នៅ​ភូមិ​ស្នាយ​ទោល ឃុំ​ត្រពាំង​យ​ង ស្រុក​បាកាន ខេត្តពោធិ៍សាត់ និង​ម្នាក់​ទៀត​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ កាល់​ម៉ែ​ត មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។ រថយន្ត​បង្ក​ម៉ាក​កាម​រី​ឆ្លាម ពណ៌​កណ្តុរ​ល្មែះ ពាក់​ស្លាក​លេខ ភ្នំពេញ 2R-8395 ជិះ​តែឯង​បើកបរ​ដោយ​ស្ត្រី​ម្នាក់​ពី​ជើង​ទៅ​ត្បូង ។ ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក Duke ពណ៌​ខ្មៅ​លាយ​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1FF-0099 ជិះ​គ្នា​៣​នាក់ ប្រុស​២​នាក់ និង​ស្រី​ម្នាក់ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

សាក្សី​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​បង្ក​បើកបរ​ដោយ​នារី​ម្នាក់ ចំណែក​ម៉ូតូ​រង​គ្រោះ​ ជិះ​គ្នា​៣​នាក់ ប្រុស​២​នាក់​និង​ស្រី ម្នាក់​ទើបនឹង​មក​ពី​ដើរ​ លេង​នៅ​មុខ​សណ្ឋាគារ​ ណា​ហ្គា​វ៉ើ​ល បើកបរ​ក្នុង​ទិស​ដៅ​ ច្រាសទិស​គ្នា ខណៈ​មក​ដល់​ចំណុច​ខាងលើ ទាំង​រថយន្ត និង​ម៉ូតូ​បើក​លឿន​ដូច​គ្នា ហើយ​រថយន្ត​បាន​រេ​ចង្កូត​ ទៅ​បុក​ម៉ូតូ​ចំ​ពី មុខ​ពេញទំហឹង បណ្តាល​ឱ្យ​អ្នក​ បើក​ម៉ូតូ​រង​របួសធ្ងន់ ចំណែក​អ្នក​ជិះ​កណ្តាល​ផ្លោង​ បោក​នឹង​កញ្ចក់​រថយន្ត​ធ្លាក់​មក​វិញ​រង​របួស​ធ្ងន់ធ្ងរ និង​នារី​ម្នាក់​រង​របួសធ្ងន់ ។ ភ្លាម​ៗ​នោះ​ រថយន្ត​បង្ក​មាន​បំណង​បើក​រត់ ដោយ​បត់​ ត្រឡប់​ក្រោយ​កិន​យុវជន​ជា​អ្នក​បើក​ ម៉ូតូ​ថែម​ទៀត បណ្តាល​ឱ្យ​ស្លាប់​នៅ​ កន្លែង​កើតហេតុ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ដេញ​ តាម​ឃាត់​បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច ចំណែក​រថយន្ត​ខ្ទេច​ មួយ​កំណាត់​មុខ ។ រីឯ​ជន​រង​គ្រោះ​ រង​របួសធ្ងន់​ទាំង​២​នាក់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ ព្យាបាល​នៅ​មន្ទីរពេទ្យ​ កាល់​ម៉ែ​ត ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ ដោយសារ​តែ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​ យុវជន​ម្នាក់​បាន ដាច់ខ្យល់​ ស្លាប់​ម្នាក់​ទៀត ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​បើករថយន្ត​បង្ក​យក​ទៅ​ប៉ុស្តិ៍​ប្ញ​ស្សី​កែវ ទុក​ប្រគល់​ ឲ្យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រួម​ជាមួយ​រថយន្ត​បង្ក និង​ម៉ូតូ​រង​គ្រោះ ។ ចំណែក​សព​ដែល​ស្លាប់​ នៅ​កន្លែង​កើត ហេតុ​សាច់ញាតិ​ដឹក​យក​ទៅ​ ធ្វើបុណ្យ​តាម​ប្រពៃណី​ នៅ​វត្ត​សន្សំ​កុសល ។

បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ បាន​បញ្ជូន​និស្សិត​ ស្រី​វ័យក្មេង​ ទៅ​សាលាដំបូង​រាជធានី​ កាលពី​រសៀល​ថ្ងៃ​ទី​ ១០​ធ្នូ​នេះ តំណាង​អយ្យការ​ក៏​ បាន​ធ្វើការ​សាកសួរ​ជំ​ហ៊ាន​ ដំបូង​រហូត​ដល់​ព្រលប់​ទៅ​ហើយ​នៅ​មិន​ ទាន់​ចប់​ទេ ក៏​បាន​ផ្ញើ​ទៅ​សមត្ថកិច្ច​វិញ​ ដោយ​តម្រូវ​ឲ្យ​ ព្រឹក​ថ្ងៃ​ទី​១១​ធ្នូ នាំ​មក​ធ្វើការ​ សាកសួរ​ម្តងទៀត មុន​នឹង​ចោទប្រកាន់​ជា​ផ្លូវការ ដើ​ម្ប​ដាក់​ជូន​ ទៅ​ខាង​ចៅក្រម​ សម្រេច​ឃុំខ្លួន​ បណ្តោះអាសន្ន ។

នៅ​ពេល​សមត្ត​កិច្ច​នាំ​ចេញ​ទៅ​កាន់​ការិយាល័យ​នគរបាល​ជើង​គោក និស្សិត​ស្រី​អ្នក​បើក រថយន្ត​បុក​ មនុស្ស​ស្លាប់​ត្រូវ​បាន​ក្រុម​ គ្រួសារ និង​សាច់ញាតិ​យក​មួក​ និង​ម៉ាស​ពាក់​ជិត ថែម​ទាំង​ជួយ​បិទ​បាំង​ ខ្លាច​ម៉ាស៊ីន​ ថត​អ្នកកាសែត​ទៀត​ផង ។

ប៉ុន្ដែមកដល់ថ្ងៃទី ១២ មីនា ឆ្នាំ ២០១៦ តាមសេចក្តីរាយការណ៍ឱ្យ​ដឹង​ថា តុលាការ​ចេញ​ដីកា​បង្គាប់ ​ឱ្យ​ដោះ​លែង​និស្សិត​ស្រី​ វ័យក្មេង ដែល​បង្ក​គ្រោះថ្នាក់​ចរា​ចរណ៍ បើក​រថ​យន្ត​បុក​មនុស្ស​ ស្លាប់​២​នាក់ និង​របួស​៣​នាក់ នៅ​ក្នុង​ខណ្ឌ​ឬស្សី​​កែវ កាលពីពេលកន្លងមក ​​​ឱ្យ​​មាន​សេរីភាព​វិញ​​ហើយ ​បន្ទាប់​ពី​​ជាប់​ពន្ធនាគារ​ ជាង៣​ខែនោះ​ ​។

ជន​ត្រូវ​​ចោទ​ឈ្មោះ រ៉ូ​នី សេរី​វ​ឌ្ឍ​នា ​​អាយុ​២២​ឆ្នាំ ជា​​និស្សិត ​មាន​ទីលំនៅ ​ផ្ទះ​លេខ​៤២ P ផ្លូវ​លេខ​១៥ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ។​

​ប្រភពបន្តថា យោង​តាម​មាត្រា​៨៥ នៃ​ច្បាប់​ចរាចរណ៍​ថ្មី​នេះ ជន​ត្រូវ​ចោទ​ អាច​ប្រឈម​នឹង​ ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១​ឆ្នាំ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ​ពី​៤​លាន​រៀល ទៅ​១៥​លាន​រៀល ប៉ុន្តែ​ជាក់ស្តែង គឺ​ជន​ត្រូវ​ចោទ​ត្រូវ​បាន​តុលាការ សម្រេច​ចេញ​ដីកា​ដោះ​លែង ​ឱ្យ​មាន​សេរីភាព ក្រោយ​ពី​ឃុំខ្លួន​ បាន​ត្រឹមតែប្រមាណ​ ជា​ជាង​៣​ខែ​ប៉ុណ្ណោះ ដោយ​មិន​ទាន់​ទាំងបាន ​បើក​សវន​ការ​ជំនុំជម្រះ​ទោស​​​ ផង​នោះ​​ទេ​៕

រូបភាព និស្សិតស្រី ដែលបានបើករថយន្ដបុកម៉ូតូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]