ភ្នំពេញ)៖ ជនជាតិអង់គ្លេសម្នាក់ បានអង្គុយស្លាប់នៅក្នុងម៉ាតស្ថានីយ៍សាំងតេលា នៅម៉ោង១០៖៣០នាទីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវ៦៨ ក្រុមទី៤ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែង រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនបរទេសខាងលើ មកអង្គុយក្នុងម៉ាតហូបអាហារដូចសព្វដង ក៏ប៉ុន្ដែគាត់បាននិយាយប្រាប់កូនម្ចាស់ម៉ាតថា មិនស្រួលខ្លួនមាន​អការៈឈឺ​ក្បាល រួចបានហៅទឹកសុទ្ធ១ដប និងនំភីហ្សារ​១មក អង្គុយហូបលុះ ដល់ម៉ោងកើតហេតុកូន​ម្ចាស់ហាងឃើញ​មិនស្រួល ក៏ហៅរថយន្តសង្គ្រោះមក លុះពេលរថយន្ដសង្គ្រោះ​មកដល់ក៏​ខាងពេទ្យ​ជំនាញបានបញ្ជាក់ប្រាប់ថា គាត់បានស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចមូលដ្ឋាន​បានប្រាប់ឱ្យដឹងថា ជនបរទេសខាងលើមានឈ្មោះ WARNER ​PAUL ANTHONY ​BRITISH​ CITIZEN អាយុ៦១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ៧០៧៧៤៦១១៧ ស្នាក់នៅផ្ទះជួលលេខ១៥២ ផ្លូវ៩០៧ ក្រុម៤ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទាក់​ទង់ទៅកាន់ស្ថានទូត ដើម្បីពិនិត្យ និងធ្វើការតាមនីតិវិធី៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ ជនជាតិអាមេរិចកាំងម្នាក់ ត្រូវបានប្រទះឃើញ ដេកស្លាប់ ក្នុងផ្ទះសំណាក់ "ខេមរា" ស្ថិតក្នុង ភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦នេះ បន្ទាប់ពីបុគ្គលិកផ្ទះសំណាក់ ធំក្លិនស្អុយ ចេញពីក្នុងបន្ទប់។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្រោយពីមន្រ្តីជំនាញ ធ្វើកោសល្យវិច្ច័យ បានបញ្ជាក់ថា ជនរងគ្រោះ ស្លាប់ដោយសារ ជំងឺខ្យល់គ ហើយសពនេះ បានស្លាប់ចន្លោះពី ២ថ្ងៃ ទៅ៣ថ្ងៃ។ ជនរងគ្រោះឈ្មោះ ROBERTS JOE KENT ភេទប្រុស អាយុ៧៤ឆ្នាំ ជនជាតិ អាមេរិចកាំង។

មន្រ្តីនគរបាល បានបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦នេះ បុគ្គលិកផ្ទះសំណាក់ បានទៅសំអាតបន្ទប់ ជនរងគ្រោះ ហើយមានធំក្លិនស្អុយ ដោយសង្ស័យ ក៏បើកទ្វារបន្ទប់មើល ស្រាប់តែឃើញ ជនរងគ្រោះដេកស្លាប់ ផ្កាប់មុខ ដោយខ្លួនអាក្រាត មានហៀរទឹក លាយឈាម។

បើតាមអ្នកគ្រប់គ្រងផ្ទះសំណាក់ ខេមរា បានឲ្យដឹងថា លោក Joe Kent បានមកជួលបន្ទប់ស្នាក់ នៅក្នុងផ្ទះសំណាក់ រយៈពេលពេញ ១ខែមកហើយ បើគិតមកដល់ថ្ងៃនេះ។ សពជនរងគ្រោះ ក្រោយធ្វើកោសល្យវិច្ច័យហើយ ត្រូវបានដឹកតាមរថយន្ត សាមុយ នាំយកទៅតំកល់ នៅឯមន្ទីរពេទ្យរុស្សី នៃរាជធានីភ្នំពេញ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]