រ៉ូម៉ានី៖ រឿងរ៉ាវពិតដ៏គួរឲ្យរំជួលចិត្ត របស់សត្វឆ្កែកំសត់មួយក្បាល បានកំពុងតែធ្វើឲ្យមនុស្ស ជាច្រើនមានការចាប់អារម្មណ៍ខ្លាំង ក៏ព្រោះតែដោយសារ ភាពស្មោះស្ម័គ្រ និងក្តីស្រលាញ់ ឥតព្រំដែនរបស់វា ចំពោះម្ចាស់ដែលបាន ស្លាប់ទៅអស់ ពេលយូរទៅហើយនោះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រឿងរ៉ាវដែលមាន ឆ្កែស្មោះស្ម័គ្រដែលធ្វើឲ្យ មនុស្សជាច្រើនមាន អារម្មណ៍រំជួលចិត្តនោះកើតឡើង នៅក្នុងភូមិ Malu Mare ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសរ៉ូម៉ានី ដោយឆ្កែមួយក្បាលនោះ តែងតែមកឈរចាំ និងយាមផ្ទះមួយកន្លែង ដែលវាធ្លាប់រស់នៅ ជាមួយនឹងម្ចាស់ ជារៀងរាល់ថ្ងៃ និងមិនចាកចោល ទៅណាឡើយ។ 

សត្វឆ្កែដ៏កំសត់ តែងរត់មកចាំផ្ទះឲ្យម្ចាស់ ដែលបានស្លាប់ទៅ អស់ពេល៥ឆ្នាំ ទៅហើយនោះ

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា សត្វឆ្កែមួយក្បាលនោះ តែងទៅឈរចាំផ្ទះមួយនេះ អស់រយៈពេល ៥ឆ្នាំមកហើយ ពោលគឺចាប់តាំងពីពេល ដែលម្ចាស់របស់វា បានទទួលមរណភាព។ យ៉ាងណាមិញ អ្នកភូមិជាច្រើន នៅទីនោះបានប្រាប់ថា វាមិនជាកាចណាស់ណាទេ ប៉ុន្តែវាក៏មិនអនុញ្ញាត ឲ្យអ្នកណាម្នាក់ចូលក្នុងទីធ្លា ផ្ទះម្ចាស់របស់វាផងដែរ។ ក្នុងនោះដែរ អ្នកភូមិម្នាក់បាន បញ្ជាក់ប្រាប់ថា “ខ្ញុំមិនដែលធ្លាប់ ឃើញឆ្កែនោះ ចាកចោលពីទីកន្លែង ដែលវាឈរជាប្រចាំ ម្តងណាឡើយ”។

Alexandru Dicu ចៅហ្វាយស្រុកប្រចាំតំបន់នោះ បានប្រាប់ផងដែរថា “ឆ្កែមួយក្បាលនោះ គឺមិនកាច ហើយក៏មិនធ្វើបាបអ្នកណាដែរ តែវានឹងធ្វើគ្រប់យ៉ាង ដើម្បីកុំឲ្យមានអ្នកណា អាចចូលបំពាន ផ្ទះម្ចាស់របស់វា។ វាគ្រាន់តែការពារ ទ្រព្យសម្បត្តិម្ចាស់របស់វាប៉ុណ្ណោះ។ តាមខ្ញុំមើលទៅ ឆ្កែមួយនេះគឺមានទុក្ខព្រួយខ្លាំងណាស់ ហើយការដែលឈរចាំ រាល់ថ្ងៃនេះ ប្រហែលជាវាកំពុង រង់ចាំម្ចាស់វាហើយមើលទៅ”។

គូសបញ្ជាក់ផងដែរថា ដោយសារកាលពេលដែលនៅរស់ ម្ចាស់របស់វា មិនសូវជារស់នៅ ដោយបើកចំហរ ពោលគឺមិនសូវជាមានការ ប្រាស្រ័យទាក់ទង ជាមួយអ្នកភូមិ ឬក៏អ្នកជិតខាង ទើបបានជាគ្មានអ្នកណា ដឹងរឿងច្រើនជុំវិញ រឿងរ៉ាវរបស់ឆ្កែមួយនេះ។ យ៉ាងណាមិញ រាល់ថ្ងៃអ្នកភូមិ ឬក៏អ្នកដើរកាត់ទីនោះ តែងតែឲ្យចំណី ជារៀងរាល់ថ្ងៃ ហើយទោះជាមានអ្នកធ្លាប់ យកវាទៅកន្លែងផ្សេង ក្នុងបំណងចិញ្ចឹមបន្តក៏ដោយ ក៏ឆ្កែដ៏ស្មោះស្ម័គ្រមួយនេះ រត់មកឈរចាំ នៅទីនោះដដែល៕ 

ទឹកមុខដ៏ក្រៀមក្រំ របស់សត្វឆ្កែដ៏ស្មោះស្ម័គ្រ មួយនោះ

ប្រភព៖ Mirror

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងរឿងនេះដែរ ការស្រលាញ់ពិតជាធំធេងណាស់ មិនថាមនុស្ស ឬសត្វឡើយសុទ្ធតែមានមនោសញ្ចតនារវាងគ្នានិងគ្នា។ ជាក់ស្តែងដូចកូនឆ្កែកំសត់ មួយក្បាលនេះអីចឹងដែរ ទោះបីដឹងថាម្ចាស់របស់វា បានស្លាប់ទៅហើយក្តី ក៏វានៅតែសុខចិត្តដេកក្បែរទីតាំងសាកសពម្ចាស់ មិនទៅណាជាដាច់ខាត។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កូនឆ្កែមួយក្បាលនោះ មានឈ្មោះថា Doki ត្រូវបានក្រុមការងារ សេវាសង្គ្រោះបន្ទាប់ បានថតរូបរបស់វា ដែលបង្ហាញពី ទឹកមុខ ជាមួយនឹងភាពសោកសៅរបស់វា ដោយមិនព្រមចាកចេញទៅណាឆ្ងាយពីសាកសពម្ចាស់របស់វាក្បែរបង្គោលភ្លើងមួយកន្លែងឡើយ។

ក្រោយមករូបថតនោះត្រូវបាន បង្ហោះចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយសរសេរថា «កូនឆ្កែកំសត់មួយក្បាលនេះ ដឹងថាម្ចាស់ស្លាប់ហើយ មិនព្រមចេញពីកន្លែងកើតហេតុឡើយ រហូតដល់សាកសពត្រូវបានលើកចេញ» ។

ប្រភពបន្តថា បុរសដែលជាម្ចាស់របស់វា មានឈ្មោះថា Leonardo Valdes ត្រូវបានស្លាប់ដោយសារតែរូបគាត់ រត់តាមផ្លូវលឿនពេក ហើយត្រូវបានរថយន្តបុកស្លាប់ ស្ថិតក្នុងទីក្រុង Concepción នៃប្រទេស Chile ហើយត្រូវបានគ្របសាកសពដោយប្លាស្ទិច។ ក្រោយពីធ្វើការបង្ហោះចូលទៅក្នុងហ្វេសប៊ុក ពីទិដ្ឋភាពឆ្កែកំសត់មួយក្បាលនោះរួចមក មានអ្នកនិយមលេងជាច្រើននាក់ បានធ្វើការចែករំលែកនូវរូបភាពមួយនោះតៗគ្នា ជាមួយនិងការសរសេរឆ្លើយតប និងការបញ្ចេញមតិ (Comment) ផ្សេងៗជាច្រើន ដើម្បីចូលរួមរំលែកទុក្ខដល់ម្ចាស់ឆ្កែកំសត់មួយក្បាលនោះ ដែលស័្មគ្រស្មោះជាមួយម្ចាស់ផងដែរ។

យ៉ាងណាមិញ ម្ចាស់គណនីយហ្វេសប៊ុកម្នាក់ឈ្មោះ Rosa Arzola បានសរសេរថា «ធម្មតាខ្ញុំមិនមែនជាមនុស្ស ដែលទុក្ខសោកទៅលើបុគ្គលណាម្នាក់ឡើយ ប៉ុន្តែនៅពេលដែលខ្ញុំបានឃើញ ទឹកមុខដ៏ក្រៀមក្រំរបស់កូនឆ្កែដ៏គួរឲ្យកំសត់មួយក្បាលនោះ ខ្ញុំពិតជាមានអារម្មណ៍ថា ឈឺចាប់ខ្លាំងណាស់»។

ដោយឡែកមានម្ចាស់គណនីម្នាក់ផ្សេងទៀត បានបន្ថែមថា «នេះជារឿងពិត ដែលបញ្ជាក់ពីការស្រលាញ់ ស្មោះស្ម័គ្រ ហើយនេះក៏ជាការចូលរួមរំលែកទុក្ខមួយផងដែរ ដែលកូនឆ្កែមួយក្បាលនេះមាន ចំពោះម្ចាស់របស់វា» ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]