ភ្នំពេញ៖ ក្នុងកិច្ចសម្ភាសន៍កម្រមួយរបស់ កំពូលតារាចំរៀងប្រចាំផលិតកម្ម ថោន កញ្ញា មាស សុខសោភា បានផ្តល់នូវអារម្មណ៍កក់ក្តៅ និងសំដីចេញពីដួងចិត្ត ទៅកាន់ម្តាយរបស់កញ្ញា ក្នុងឧិកាសបុណ្យអ្នកម្តាយនៅថ្ងៃ ៨ ឧសភា ខាងមុខនេះ តាមរយៈកម្មវិធី ស៊ីអារម្មណ៍ ឬ Chit Chat Show របស់ស្ថានីយទូរទស្សន៍ ភីអិនអិន។ 

កាលពីថ្ងៃចន្ទកន្លងទៅ ភិអិនអិន បានចាក់ផ្សាយកិច្ចសម្ភាសន៍ដ៏កម្រ ជាមួយកញ្ញា មាស សុខសោភា កំពូលតារាចំរៀងប្រចាំផលិតកម្ម ថោន ដោយក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់ ម្តាយបង្កើតរបស់ មាស សុខសោភា ផ្ទាល់ផងដែរ។ ជាមួយនឹងកេរ្តិ៍ឈ្មោះ បោះសំឡេងជាច្រើនឆ្នាំ លើវិថីសិល្បៈខ្មែរ បានធ្វើឲ្យ មាស សុខសោភា ស្ទើរតែគ្មានពេលគ្រប់គ្រាន់ ផ្តល់ជូនអ្នកមានគុណ ជាទីស្រលាញ់របស់នាង។ ដោយមើលឃើញបែបនេះ ភីអិនអិន តាមរយៈកម្មវិធី ស៊ីអារម្មណ៍ បានរៀបឲ្យមានពេលវេលាដ៏ស័ក្ដិសមមួយសម្រាប់ សោភា បានបង្ហាញពីអារម្មណ៍ របស់នាងទៅកាន់អ្នកម្តាយ។ “ម៉ាក់ ម៉ាក់តែងតែផ្តល់សេចក្តីសុខ និងកំលាំងចិត្តនៅពេលដែលខ្ញុំពិបាកចិត្ត ម៉ាក់គឺជាគ្រប់យ៉ាង សម្រាប់កូន” នេះជាសម្តីពិតចេញពីក្រអៅបេះដូង របស់ មាស សុខសោភា ដែលស្ទើរតែគ្មានឱកាសនិយាយទៅកាន់អ្នកម្តាយរបស់នាងពីមុនមក។ 

ថ្លែងទៅកាន់ពិធីករពោរពេញដោយសំនួនវោហាររបស់កម្មវិធី ស៊ីអារម្មណ៍ គឺលោក ប៉ែន ចំរុងតារាចម្រៀងរូបនេះ ក៏បានបង្ហើបពីកិច្ចការមួយ ចំនួនក្នុងអាជីពជាតារាចំរៀង ដោយជារៀងរាល់ថ្ងៃនាងស្ទើរ តែគ្មានពេលវេលា សម្រាប់ក្រុមគ្រួសារ ព្រោះក្រៅពីចូលរួមផលិតបទចំរៀង ជាមួយផលិតកម្មថោន កញ្ញាតែតែងចូលរួម កម្មវិធីប្រគំតន្រ្តីធំតូចទូទាំងប្រទេស ជាពិសេសគឺព្រឹត្តិការណ៍ តន្រ្តីតាមបណ្តាខេត្តតែម្តង។ សោភា បញ្ជាក់ទាំងអារម្មណ៍ក្តុក ក្តួលទៅកាន់ អ្នកម្តាយដោយបានពោលថា “ សូមឲ្យម៉ាក់នៅជាមួយកូនរហូត ដើម្បីប្រៀនប្រដៅ កូនឲ្យឆ្ពោះទៅរកផ្លូវដែលល្អ។“ មាស សុខសោភា ជាកំពូលតារាចំរៀងមួយរូប ដែលទទួលបាន ការគាំទ្រខ្លាំងទូទាំងប្រទេស។ តារាចំរៀងរូបនេះ តែងបង្ហាញវត្តមានលើឆាក ប្រគំតន្ត្រីតាមបណ្តាទូរទស្សន៍ក្នុងស្រុកជាច្រើន។ 

កម្មវិធី ស៊ីអារម្មណ៍ របស់ ភីអិនអិន ជាកម្មវិធីកំសាន្តថ្មីមួយ ដែលចាក់ផ្សាយរៀងរាល់រាត្រីថ្ងៃចន្ទ វេលាម៉ោង ៨និង៣០នាទី ដោយមានពិធីករ គឺលោក ប៉ែន ចំរុង។ ក្នុងរយៈពេលកន្លងមក ស៊ីអារម្មណ៍ បានរៀបចំឲ្យមានឈុត ឆាកពិសេសៗជាច្រើន ជាមួយតារាដែលជាភ្ញៀវកិត្តិយស ទាំងបរិយាកាសកំប្លែង និងកំសត់ក្នុងជីវិតពិត របស់ពួកគេផ្ទាល់តែម្តង។ គិតមកទល់ពេលនេះ តារាជាភ្ញៀវកិត្តិយស របស់កម្មវិធីនេះមានដូចជា លោក ច័ន្ទ វឌ្ឍនាការ តារាចំរៀងកញ្ញា យ៉ូរី ក៏ដូចជាលោក ថេណា ជាដើម។ កម្មវិធីនេះ បានទាក់ទាញប្រជាប្រិយភាព ជាខ្លាំងពីសំណាក់ទស្សនិកជនរបស់ខ្លួន ទាំងលើកញ្ចក់ទូរទស្សន៍ ក៏ដូចជាលើបណ្តាញសង្គម ដោយមានចំនួនអ្នកចូលទស្សនារាប់លានដង ទាំងតាមរយៈ Facebook Page របស់ ភីអិនអិន ទាំងលើ YouTube ៕        

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា