ភ្នំពេញ៖ "នេះជាថ្ងៃមោទនភាពសម្រាប់លោកស្រី នួន ស៊ីថា នេះជាថ្ងៃមោទនភាពសម្រាប់ Havas Riverorchid នេះជាថ្ងៃមោទនភាពសម្រាប់ស្ត្រី និងជាថ្ងៃមោទនភាពសម្រាប់ប្រទេសកម្ពុជា"។ នោះជាភាពភ្ញាក់ផ្អើលមួយនៅក្នុង ពិធីចែកពានរង្វាន់ទ្វីបអាស៊ី Mumbrella Asia Awards ដែលប្រារព្ធធ្វើឡើងនៅក្នុង ប្រទេសសិង្ហបុរីកាលពីខែមុននេះ នៅពេលដែលស្ត្រីវ័យក្មេងកម្ពុជាម្នាក់ បានចាប់អាជីពផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មក្នុង តួនាទីជាអ្នកទទួលភ្ញៀវ ឆ្លងកាត់ការប្រកួត ប្រជែងកម្រិតអន្តរជាតិ រហូតដល់ក្លាយជាអ្នកដឹកនាំ ផ្នែកផ្សព្វផ្សាយដែលទទួលបានពានរង្វាន់ ប្រចាំឆ្នាំ 2016 នេះ។ បេក្ខជនដែលជាប់ក្នុងការជ្រើសរើសផ្សេងទៀតសម្រាប់ពានរង្វាន់នេះ រួមមាននាយកប្រតិបត្តិក្រុមហ៊ុន LoweProfero (បណ្តាញផ្សព្វផ្សាយពាណិជ្ជកម្មដ៏ធំ និងមាន ប្រវត្តិយូរមកហើយក្នុងពិភពលោក) និងនាយក TBWA សិង្ហបុរី និង APD សិង្ហបុរី។

លោកស្រីមានស្រុកកំណើតនៅក្នុងភូមិដាច់ស្រយាលមួយនៃ ស្រុកក្រោលគោ ដែលគាត់ត្រូវដើរទៅ សាលារៀនរាប់គីឡូម៉ែត្រ ជារៀងរាល់ថ្ងៃ។ លោកស្រី នួន ស៊ីថា បានផ្លាស់មករាជធានីភ្នំពេញ មុនពេលគាត់មានអាយុ 18 ឆ្នាំ។ ដោយមិនមានសញ្ញាបត្រជាន់ខ្ពស់ គាត់បានធ្វើការនៅក្នុង ហាងមួយ ដើម្បីរកប្រាក់បង់ថ្លៃសិក្សាភាសាអង់គ្លេស។ ប៉ុន្មានឆ្នាំក្រោយមក គាត់បានដាក់ ពាក្យចូលបម្រើការងារនៅក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម Riverorchid (បច្ចុប្បន្ន Havas Riverorchid) សម្រាប់ការងារជាអ្នកទទួលភ្ញៀវ។ នេះជាឱកាសមួយ ដែលបានផ្លាស់ប្តូរជីវិត របស់គាត់ និង Riverorchid ផងដែរ។ ជាងដប់ឆ្នាំក្រោយមក គាត់បានប្តូរតួនាទីជាបន្តបន្ទាប់ ពីអ្នកទទួលភ្ញៀវ ឡើងមកជាអ្នកគ្រប់គ្រងផ្នែកផ្សព្វផ្សាយ (Media Monitor) បន្ទាប់មកជា អ្នកទិញ និងរៀបចំគម្រោង (Junior Buyer and Junior Planner) និងបច្ចុប្បន្នជាអ្នកដឹកនាំផ្នែក ប្រព័ន្ធផ្សព្វផ្សាយឈាន មុខគេនៅកម្ពុជា ដោយមានក្រុមការងារ 20 នាក់ សញ្ជាតិកម្ពុជា 17 នាក់ និងបរទេស 3 នាក់ ដើម្បីធ្វើរបាយការណ៍ជូនគាត់ និងមានអតិថិជនធំៗជាច្រើនរួមទាំង ក្រុមហ៊ុន យូនីលីវើ និងកូកាកូឡា ផងដែរ។

នៅពេលសួរគាត់អំពីរឿងព្រេងនិទានដែលពាក់ព័ន្ធនឹងជីវិតពិតរបស់គាត់ រហូតបានក្លាយជា អ្នកដឹកនាំផ្នែកផ្សព្វផ្សាយ ដែលទទួលបានពានរង្វាន់ប្រចាំឆ្នាំ លោកស្រី នួន ស៊ីថា បានឲ្យដឹង ថា "នេះជាសុបិន្ត។ ខ្ញុំបានប្រាប់ខ្លួនឯងថា នេះមិនមែនជាការពិតទេ។ ប៉ុន្តែ នេះជាការពិត។ ខ្ញុំមានអារម្មណ៍ថា មានមោទនភាពណាស់ ក្នុងនាមជាស្រ្តីខ្មែរដែលអាចនាំយក ពានរង្វាន់នេះ មកជូនប្រទេសរបស់ខ្ញុំ។ ហើយខ្ញុំមានសេចក្ដីត្រេកអរណាស់ដែល Havas Riverorchid បាន ផ្តល់ឱកាសនេះឲ្យខ្ញុំ។ ខ្ញុំបានចាប់ផ្តើមការងារដោយគ្មានសញ្ញាបត្រ ហើយក្រុមហ៊ុនបានផ្ដល់ ការងារឲ្យខ្ញុំជាអ្នកទទួលភ្ញៀវ។ ប៉ុន្តែពួកគេតែងតែ ប្រាប់ខ្ញុំថា៖ 'បើអ្នកខិតខំធ្វើការ បើអ្នក ស្មោះត្រង់ ហើយបើអ្នកផ្តល់សេវាអតិថិជនបានល្អ អ្នកអាចរីកចម្រើន នៅក្នុងក្រុមហ៊ុននេះ'។ ខ្ញុំមិនដែលស្រមៃថា ខ្ញុំអាចឈានមកដល់ចំណុចនេះនោះទេ"។ 

លោក Pick Pimolsaengsuriya នាយកប្រតិបត្តិ Havas Riverorchid បានមានប្រសាសន៍ថា "អ្វីដែល ស៊ីថា បានធ្វើ បង្ហាញឲ្យឃើញថា នរណាក៏អាចធ្វើការងារអ្វីក៏បាន បើអ្នកដាក់ចិត្តធ្វើ ការងារនោះឲ្យពិតប្រាកដ ហើយអ្នកមិនត្រឹមតែអាចក្លាយទៅជាបុគ្គលិកល្អបំផុត នៅកម្ពុជា ឬ ឥណ្ឌូចិនប៉ុណ្ណោះទេ ប៉ុន្តែអ្នកអាចក្លាយជាបុគ្គលិកល្អបំផុតនៅក្នុងតំបន់អាស៊ី។ យើងមាន មោទនភាពចំពោះគាត់ និងគំនិតច្នៃប្រឌិតរបស់គាត់ដែលបានបន្តចែកចាយដល់បុគ្គលិក ទាំងអស់នៅក្នុងក្រុមរបស់គាត់"។ 

ទន្ទឹមនឹងនេះ លោក Levent Guenes នាយកប្រតិបត្តិក្រុមហ៊ុន Havas Creative Group ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា "ខ្ញុំនៅជាមួយ ស៊ីថា នៅពេលដែល ដំណឹងបានប្រកាសថា គាត់បានឈ្នះពានរង្វាន់នេះ។ ពេលនោះជាពេលដ៏រីករាយបំផុត ក្នុងមួយឆាក ជីវិតការងាររបស់ខ្ញុំ។ នៅពេលដែលយើង បានសហការជាដៃគូជាមួយ Riverorchid យើងមានការរំភើបដោយសារគុណភាព និងភាពស៊ីជម្រៅនៃការគ្រប់គ្រង របស់ថ្នាក់គ្រប់គ្រងជនជាតិខ្មែរ ក្នុងស្រុកទៅតាមផ្នែកនីមួយៗរបស់ពួកគេដូចជា ស៊ីថា គឺជាគំរូស្រាប់។ យើងមានកិត្តិយសណាស់ ដែលមាន ស៊ីថា និង Havas Riverorchid ជាផ្នែកមួយនៃគ្រួសារជាសកលរបស់យើងឥឡូវនេះ"។ 

រូបភាព៖ លោកស្រី នួន ស៊ីថា

កំណត់សម្គាល់៖ Notes:- Havas Riverorchid ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2015 ក្នុងភាពជាដៃគូរវាង Havas និង Riverorchid ។ Havas គឺជាបណ្តាញក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដែលមានការរីកចម្រើន លឿនបំផុតក្នុងពិភពលោក ដោយមានបុគ្គលិកជាង 18,000 នាក់នៅទូទាំងទ្វីបទាំង 5 ។ Riverorchid គឺជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុង តំបន់ឥណ្ឌូចិន ដែលមាន ការិយាល័យនៅក្នុងប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម។ បណ្តាញក្រុមហ៊ុន Havas ដែលធ្វើប្រតិបត្តិការតាមរយៈ Village model ឥឡូវនេះ មានប្រតិបត្តិការនៅក្នុងបណ្តាប្រទេស អាស៊ានទាំង 9 ដែលមានចំនួនច្រើនជាង បណ្តាញផ្សព្វផ្សាយផ្សេងៗទៀត។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]