លោកអ្នកដែលនិយមចូលចិត្ត ទទួលទានផ្លែឈើ និងធ្វើដំណើរ កម្សាន្តទៅតាមតំបន់ទី រមណីយដ្ឋាននានា ពិសេសបណ្តាប្រិយមិត្ត ដែលចូលចិត្តផ្លែទុរេន នឹងមិនភ្លេចពីដើមកំណើត នៃប្រភេទផ្លែឈើក្នុងស្រុកខ្មែរ គឺប្រាកដជានឹក ភ្នកទៅរកខេត្តកំពត ដែលល្បីល្បាញថា មានកសិផលផ្លែទុរេន ដ៏ក្រអូបឈ្ងុយឆ្ងាញ់ រហូតនាំគ្នាឱ្យរហស្សនាមថា ទុរេនកំពត ដើម្បីសម្គាល់ដល់ កសិផលផ្លែឈើប្រចាំតំបន់។

លើសពីនេះ កំពត ក៏ជាខេត្តមួយដ៏ មានសក្កានុពល លើវិស័យទេសចរផងដែរ ដែលសំខាន់ គឺតំបន់ផ្ការីក គ្រប់រដូវកាល ភ្នំបូកគោពពកវិល ត្រូវបានចាត់បញ្ចូល ជាចំណុចស្នូល នៃសក្តានុពល រមណីយដ្ឋានទេចរណ៍ គួរ ជាទីចាប់អារម្មណ៍ នៃបណ្តាភ្ញៀវទេសចរជាតិ និងអន្តរជាតិគ្រប់ មជ្ឈដ្ឋានទាំងពួង។ តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំបូកគោ មានចម្ងាយ៤២គីឡូ ម៉ែត្រពីទីក្រុងកំពត ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត។ កំពូលភ្នំ នេះ មានកម្ពស់១០៧៥ម៉ែត្រ ដែលត្រូវបានរកឃើញ និងដាក់ជា ឧទ្យានជាតិ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២ ក្នុងរាជព្រះបាទស៊ីសុវត្ថិ។

នៅលើខ្នងភ្នំនេះ មានសំណល់កេរដំណែល របស់អាណានិគមបារាំង មានដូចជា សណ្ឋាគារ កាស៊ីណូ ប្រៃសណីយ៍ ព្រះវិហារកាតូលិក វាំងបូកគោ និងផ្ទះល្វែងរបស់អតីត ព្រះមហាក្សត្រ ទៀតផង។ យោងតាមប្រសាសន៍ របស់លោក សយ ស៊ីណល់ ប្រធានមន្ទីរ ទេសចរខេត្តកំពត បានឱ្យដឹងថា “ បច្ចុប្បន្ន តំបន់រមណីយដ្ឋានបូកគោ បាននិងកំពុង អភិវឌ្ឍឱ្យក្លាយ ជាតំបន់ដ៏ទាក់ទាញ និងមានប្រជាប្រិយភាព ក្នុងតំបន់ឆ្នេរ ដោយឯកឧត្តមអ្នកឧកញ៉ា សុខ គង់ ដែលកំពុងសាងសង់ ផ្លូវឡើងភ្នំ ផ្លូវលើភ្នំ សណ្ឋាគារ កាស៊ីណូ និងរូបសំណាក លោកយាយម៉ៅ យ៉ាងធំមួយ អមដោយការដាក់ ដាំដើមឈើព្រៃធំៗ ដូចជា ឈើទាល ធ្នង់ ក្រញ៉ូង ជាដើម ប្រមាណជាជាង១លានដើម បន្ថែមទៀត ដើម្បីបង្កើនសោភណភាព នៅអមសងខាងផ្លូវ ឱ្យកាន់តែមាន សម្រស់ស្រស់បំព្រង មួយកម្រិតទៀត ”។

នៅលើភ្នំបូកគោ មានទេសភាពប្លែកៗជាច្រើន ខណៈពេលលោកអ្នក ឡើងទៅដល់ ចំណុចកំពូល នោះនឹងទទួល បាននូវអារម្មណ៍ ស្រស់ស្រាយ សប្បាយចិត្តជ្រះថ្លា ជាមួយនឹង អាកាសធាតុត្រជាក់ ខ្យល់ជំនោរបក់ផាត់មកប៉ះនឹងកាយា ប្រៀបបាននឹងពេល ដែលកំពុងសោយសុខ លើឋានសួគ៌ាល័យដូច្នោះឯង។ ចំពោះទិដ្ឋភាព នៅផ្នែកខាងលើ គឺភ្ញៀវភាគច្រើនដែលបាន ទៅលេងនៅទីនោះ តែងនិយាយថា ជាតំបន់ផ្ការីក គ្រប់រដូវ ព្រោះនៅលើភ្នំមាន សំណើមគ្រប់រដូវកាល ជាពិសេសមានផ្សែងអ័ព្ទ ជាគ្រាប់តំណក់ទឹកតូចៗ ដែលផ្តល់សំណើម ដល់រុក្ខជាតិទាំងឡាយ ដុះនៅទីនោះ ឱ្យមានសភាពខៀវខ្ចី ពណ៌បៃតងស្រស់ គ្រប់ពេលវេលា។

ម៉្យាងទៀតពេលកំពុងឈរ លើកំពូលភ្នំ ចូរអ្នកកុំភ្លេចរំពៃភ្នែក ក្រលេកមើល ទៅកាន់បណ្តុំទេសភាព នៅខាងក្រោម ចោលភ្នែកក្រឡែក មើលតម្រង់ទៅតំបន់សមុទ្រ អ្នកនឹងឃើញ ទេសភាព នៃដែនសមុទ្រ សន្ធឹងដងខ្លួន ដ៏ធំល្វឹងល្វើយ មានពណ៌ខៀវ ស្រស់បំព្រងជាប់ជើងមេឃ បង្អួតភ្នែកអ្នកទេសចរ ឱ្យគាប់ចិត្តគ្រប់ៗគ្នា។ មួយវិញទៀត នៅលើខ្នងភ្នំបូកគោនេះ គេល្បីតំបន់ពពកវិល ដែលមានពពក ក្រាស់ និងច្រើនជាងគេ ហើយអ្នកដែលទៅកម្សាន្តនៅទីនោះ ក៏គាប់ភ្នែកនឹងទឹកធា្លក់ ដែលមានល្បាក់កម្ពស់ ប្រមាណជាពី១៥ ទៅ២០ម៉ែត្រ។ កម្ពស់ដ៏ខ្ពស់នៃល្បាក់នេះ អាចឱ្យទឹករមាលខ្លួនធ្លាក់មកប៉ះ នឹងស្រទាប់ថ្ម បង្កជាសូរសំឡេង លឺឈូ មកកំដរសោតារម្មណ៍ ភ្ញៀវទេសចរទាំងឡាយ និងបង្កើតជាផ្សែងអ័ព្ទ ក្រោយពីការប៉ះទង្គិចរវាង ទឹកធ្លាក់នឹងដុំថ្ម។

តាមរយៈស្នូរតន្ត្រីបែបធម្មជាតិនេះ ក៏ដាស់ចិត្តអ្នកដំណើរទាំងអស់ ដែលឆ្លងកាត់ទីនោះ ឱ្យចង់ចុះកម្សាន្ត នឹងងួតទឹកប្រឡែងគ្នាលេង និងបណ្តែតខ្លួនតិចៗ ទៅតាមខ្សែទឹកហូរ កាន់តែធ្វើឱ្យស្និទស្នាល ជាមួយធម្មជាតិថែមទៀត។ លោកប្រធានមន្ទីរទេសចរ ក៏បន្តឱ្យដឹងបន្ថែម ទៀតថា ភ្ញៀវបរទេសមានច្រើន មិនថាថ្ងៃណា ជាថ្ងៃណាឡើយ ពិសេសគឺ គិតត្រឹម ៦ខែដំបូងនៃ ដើមឆ្នាំ២០១២នេះ មានចំនួនភ្ញៀវទេសចរណ៍ កើនឡើងដល់៥សែននាក់ បើប្រៀបធៀបទៅ នឹងឆ្នាំ២០១១ មានត្រឹមតែ៣៣ម៉ឺន នាក់ប៉ុណ្ណោះ។

ដោយឡែកភ្ញៀទេសចរបរទេស ក៏មានចំនួនកើនឡើង ១២០០០នាក់ ដោយរាប់ត្រឹម ៦ខែដំបូង នៃដើមឆ្នាំ ២០១២នេះ បើធៀបទៅនឹងឆ្នាំ២០១១ មានត្រឹមតែ១៨០០០នាក់ប៉ុណ្ណោះ។ ទន្ទឹមនឹងកំណើនតួរលេខ នៃចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិកើនឡើង គួរឱ្យកត់សម្គាល់ដូច្នេះ លោក សយ ស៊ីណល់ ប្រធានមន្ទីរទេសចរ ខេត្តកំពត បានព្យាករណ៍ថា រហូតដល់ដំណាច់ឆ្នាំ ២០១២នេះ នឹងមានចំនួនភ្ញៀវទេសចរ សរុបកើនឡើង ប្រមាណជាជាង១លាននាក់ ជាមួយនឹងការអញ្ចើញមកកម្សាន្តនូវរាល់សក្តានុពលទេសចរក្នុងតំបន់នេះ ពិសេសចំណុចភ្នំបូកគោពពកវិល គឺជាទីតាំងស្នូលនៃបេះដូងទេសចរណ៍ ប្រចាំខេត្តកំពតផ្ទាល់តែម្តង។

ដូចដែលយើងដឹងហើយថា វិស័យទេសចរជា ឧស្សាហកម្មគ្មានផ្សែង អាចបង្កើនចំណូល យ៉ាងច្រើនដល់ ប្រជាជនក្នុងតំបន់ តួយ៉ាងវត្តមាន និងការចាយវាយ របស់អស់លោកអ្នក គឺជាកិច្ចទ្រទ្រង់ សេដ្ឋកិច្ចសហគមន៍ ក៏ដូចជាទ្រទ្រង់ ជីវភាពប្រជាពលរដ្ឋ ដែលប្រកបមុខរបរបែប សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឈានទៅរួមចំណែក លើកស្ទួយជីវភាពពួកគាត់ ដើម្បីជួយ សម្រាលបន្ទុក របស់រាជរដ្ឋាភិបាល។

ជាក់ស្តែង ដូចប្រសាសន៍ របស់លោក រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ថា រមណីយភ្នំបូកគោនេះ ក្រោយការអភិវឌ្ឍ នឹងក្លាយជាមេដែកដ៏ សំខាន់ក្នុងតំបន់ឆ្នេរ ពិសេសគឺខេត្តកំពត ដែលអាចស្រូបភ្ញៀវជាតិ និងអន្តរជាតិ យ៉ាងច្រើនបានកុះករ។ ប៉ុន្តែ អាចទាញភ្ញៀវ ឱ្យទៅទស្សនា បានច្រើនប៉ុណ្ណា ក៏អាស្រ័យនឹងទីកន្លែងស្អាត សេវាកម្មល្អ និងទំនាក់ទំនងល្អ របស់ប្រជាជននៅក្នុងតំបន់៕

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

ដោយ៖ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]