ចិន ៖ ហេតុការណ៍រន្ធត់មួយ បង្កជាអគ្គីភ័យឆាបឆេះអគារខ្ពស់ មួយកន្លែង នៅទីក្រុង ណានជីង ហើយត្រូវបានបង្ហោះផ្សព្វផ្សាយ ព្រោងព្រាត ពេញបណ្តាបណ្តាញសង្គមរបស់ចិនផងដែរ។

តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា អគ្គីភ័យដ៏កំណាចមួយ បានឆាបឆេះ អគារខ្ពស់មួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កជាផ្សែងហុយទ្រលោម ពេញកន្លែងកើតហេតុ ស្ថិតនៅក្នុងទីក្រុង ណានជីង ប្រទេសចិន នៅចន្លោះម៉ោងប្រមាណជា ៣:២០នាទី រសៀលម្សិលមិញនេះ។

ប្រភពបន្តទៀតថា អគ្គីភ័យនេះ ឆាបឆេះចាប់ពីចំហៀងអគារជាន់ទី៣២ រហូតបន្តឆេះចុះមកក្រោម។ ភ្លាមៗនោះដែរ មនុស្សរាប់រយនាក់ដែលស្នាក់នៅក្នុងអគារ ត្រូវបានបង្ខំចិត្តរត់ចេញ ដើម្បីរួចជីវិតផងដែរ។ ដោយឡែក ក្រុមអ្នកពន្លត់អគ្គីភ័យ ប្រឹងប្រែងនាំគ្នាដុតដៃដុតជើង ដោយសម្រេចការពន្លត់បានមួយរយភាគរយ ក្នុងរយៈពេល២ម៉ោង។ បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅក្នុងហេតុការណ៍មួយនេះ ពុំមានមនុស្សស្លាប់ និងរងរបួសឡើយ។

គួរបញ្ជាក់ដែរថា មិនទាន់មានការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ និងប្រភពច្បាស់ការណ៍ ដឹងប្រាកដពីមូលហេតុបង្កនេះ និងការខូចខាតទ្រព្យសម្បត្តិអស់ប៉ុន្មាននៅឡើយទេ ដោយបច្ចុប្បន្នគឺស្ថិតក្រោមការស៊ើបអង្កេតបន្ថែមរបស់សមត្ថកិច្ច។

យ៉ាងណាមិញ បើតាមសេចក្តីរាយការណ៍ នៅលើបណ្តាញសង្គម Weibo របស់ចិន លើកឡើងថា អគ្គីភ័យនេះបង្កមកពី ការឆេះម៉ាស៊ីនត្រជាក់ នៅជាន់ទី៦ ៕

ទស្សនាវីដេអូ៖  

ប្រភព៖ Shanghaiist

កំណត់ហេតុខ្មែរឡូត៖

នារីម្នាក់បានរួចជីវិត ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះ ក្នុងអគារ ដោយលោតចុះពីអគារ តែយ៉ាងណាមិញ នៅតែទទួលរងរបួសធ្ងន់ធ្ងរ ទោះបីជាមានអ្នកជិតខាងជាច្រើននាក់ បានព្យាយាម ចាំជួយត្រងពេលនាងធ្លាក់មកក៏ដោយ។

វីដេអូរន្ធត់មួយ បង្ហាញពីទិដ្ឋភាពភ្លើងឆេះ នៅក្នុងបន្ទប់អគារមួយកន្លែង ស្ថិតនៅជាន់ទី៣ ដែលគេឃើញថា នារីរងគ្រោះ​មានស្លៀកត្រឹមតែខោក្នុង និងអាវទ្រនាប់តែប៉ុណ្ណោះ។

បើតាមប្រភព បានឲ្យដឹងថា ហេតុការណ៍មិនគួរឲ្យជឿ ដែលនារីខាងលើអាចគេចខ្លួនបាននោះ កើតឡើងនៅក្នុងទីក្រុង Cedeira ក្នុងតំបន់ Galicia នៃប្រទេស អេស្ប៉ាញ នៅចន្លោះម៉ោងប្រហែលជា ១០ព្រឹក កាលពីថ្ងៃសៅរ៍ កន្លងទៅថ្មីៗនេះ។

ប្រភពបន្តថា នារីខាងលើ មានវ័យ៤៧ឆ្នាំ បានភ័យស្លន់ស្លោជាខ្លាំង នៅពេលដែល ឆ្លងចន្តអគ្គីសនី ហើយក៏បានផ្ទុះ នៅទ្វារខាងមុខនៃប្លុកអគារ ផ្ទះល្វែងមួយនោះ បណ្តាលឲ្យមានផ្សែងហុយជុកជាក់ពេញអគារតែម្តង ។ ភ្លាមនោះដែរ នាងក៏បានរកផ្លូវរត់គេច ដោយព្យាយាមដើរទៅជិតទ្វារកញ្ចក់ ទាំងមានផ្សែងហុយទ្រលោម ហើយតោងបង្អួចខាងក្រៅ ទម្លាក់ខ្លួនមកតែម្តង។

អ្នកជិតខាងបាននាំគ្នាយកក្រណាត់ ភួយ មកចាំត្រងនាង ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់ជីវិត។ អ្នកបើកឡានតាក់ស៊ីម្នាក់ ឃើញហេតុការណ៍នោះ​ ប្រាប់ថា «ខ្ញុំបានឃើញខ្លួននាងនៅខាងក្រៅបង្អួច ហើយមានផ្សែងជាច្រើននៅជុំវិញនាង សឹងតែមើលនាងមិនឃើញឡើយ»។ ក្រុមអ្នកពន្លត់អគ្គីភ័យ លើកឡើងថា នេះពិតជាសំណាងហើយ នាងនិងអាចស្លាប់ប្រសិនណា គ្មានប្រជាពលរដ្ឋចាំត្រងនាង ខណៈដែលនាងធ្លាក់មក។

គួរបញ្ជាក់ដែរថា ភ្លាមៗនោះដែរ នារីរងគ្រោះក៏ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]