ខេត្ត​ត្បូងឃ្មុំ ៖ រឿងហេតុ​នឹក​ស្មាន​មិន​ដល់​មួយ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំរ​ការ​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដោយ​នារី​វ័យក្មេង​ជា​កូន​ម្នាក់​បាន​ផឹកថ្នាំ​បំពុល​សម្លាប់​ខ្លួន​ក្នុង​បន្ទប់ ខណៈ​ម្តាយបង្កើត​ក៏​បានរ​ត់ទៅ​ចងក​ប៉ង​សម្លាប់​ខ្លួន​ដែរ​តែ​ត្រូវ​បាន​អ្នក​ជួយ​សង្គ្រោះ​ទាន់ ។

អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នារី​វ័យក្មេង​ដែល​ផឹក​ថ្នាំពុល​សម្លាប់​ខ្លួន​នោះ​ឈ្មោះ អឿ​ន ស្រី​ម៉ាច អាយុ​២៥​ឆ្នាំ ។

ប្រភព​ពី​អ្នក​ជិតខាង​បាន​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​កើតហេតុ​ម្តាយ​និង​កូនស្រី​បាន​ឈ្លោះ​គ្នា​ដោយសារ​តែ​កូនស្រី​បាន​សុំ​ម្តាយ​ឲ្យ​យល់ព្រម​រៀប​ការ​នាង​ជាមួយ​បុរស​ម្នាក់​ដែល​នាង​ស្រលាញ់ ដែល​ធ្លាប់​បាន​ចូល​ស្តីដណ្ដឹង​នាង​ម្តង​រួច​មក​ហើយ ប៉ុន្តែ​ម្តាយ​នាង និង​ម្តាយមីង​នាង​នៅ​តែ​មិន​យល់ព្រម​ឲ្យ​នាង​រៀប​ការ​ជាមួយ​បុរស​ម្នាក់​នោះ​ឡើយ ។

ជម្លោះ​រវាង​កូនស្រី និង​ម្តាយ​កាន់តែ​ខ្លាំង​ទៅ​ៗ​រហូត​អ្នក​ជិតខាង​ឮ​កូនស្រី​ស្រែក​គំរាម​ម្តាយ​ថា «​បើ​ម៉ែ​ឯង​មិន​ព្រម​ការ​ឲ្យ​ទេ ខ្ញុំ​នឹង​ផឹកថ្នាំ​សម្លាប់​ខ្លួន​» ពេល​នោះ​គេ​ក៏​ឮ​ស្ត្រី​ជា​ម្តាយ​បាន​គំរាម​តប​ទៅ​កូន​វិញ​ដែរ​ថា «​បើ​ឯង​ផឹកថ្នាំ ម៉ែ​ក៏​ចងក​សម្លាប់​ខ្លួន​ដែរ​» ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ឈ្លោះប្រកែក​គ្នា​មួយសន្ទុះ កូនស្រី​ក៏​បាន​រត់​ចូល​ទៅ​ក្នុង​បន្ទប់​បិទទ្វារ​ជិត ខណៈ​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ស្ត្រី​ជា​ម្ដាយ​ក៏​បានរ​ត់ទៅ​ចងក​ប៉ង​សម្លាប់​ខ្លួន​ដែរ​តែ​ត្រូវ​បាន​អ្នក​ជិតខាង​ជួយ​សង្គ្រោះ​ទាន់​ពេល ។ បន្ទាប់​ពី​ជួយ​សង្គ្រោះ​ស្ត្រី​ជា​ម្ដាយ​ហើយ អ្នក​ជិតខាង​ក៏​នាំ​គ្នា​ទៅ​ទម្លាយ​ទ្វារ​បន្ទប់​កូនស្រី​ក្រែងលោ​នាង​ផឹកថ្នាំ​បំពុល​ធ្វើ​អត្តឃាត ។

ពិត​ដូច​ជា​ការ​គិត​មែន ពេល​ទម្លាយ​ទ្វារ​បន្ទប់​ហើយ​គេ​ឃើញ ស្រី​ម៉ាច ដែល​ជា​កូនស្រី​កំពុង​ប្រកាច់​បែកពពុះមាត់​ក៏​ព្យាយាម​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​ហួសពេល​ទៅ​ហើយ ៕

រូបភាព៖ ជនរងគ្រោះ

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពី​វេលា​ម៉ោង៣​រសៀល​ ថ្ងៃ​ទី​១៦ ​តុលា ២០១៥ ស្ថិត​ក្នុងភូមិ​ត្រពាំង​ទួល ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ យុវជន​វ័យក្មេង​ម្នាក់​ខឹង​បងប្រុស​ស្តីបន្ទោសបានដើរ​ចូល​ព្រៃ​លេបថ្នាំ​បំពុល​កុកសម្លាប់​ខ្លួន​ ហើយ​ដើរទៅ​ដេក​លើ​អង្រឹង​កៀន​ផ្ទះ​សន្លប់​ស្តូកស្តឹង​រយៈពេល​២​ម៉ោង​ទើប​បងប្រុស​ជីដូនមួយ​ប្រទះ​ឃើញ​​​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ​​។

ជន​រង​គ្រោះ​មានឈ្មោះ ប៉ិច អូន​តូច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​ពី​បងប្រុស​ជីដូនមួយ​ដែល​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​បាន​ឲ្យ​ដឹង​ថា គាត់​មិន​បានដឹង​ថា​ ២​នាក់​បងប្អូន​ខាងលើ​ឈ្លោះប្រកែក​គ្នា​រឿង​អី​ទេ ព្រោះ​ផ្ទះ​របស់​គាត់​នៅ​ភូមិជាមួយ​គ្នា​ តែ​នៅ​ឆ្ងាយ​ពី​គ្នា ហើយ​​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ដើរទៅ​លេង​នៅផ្ទះ​របស់​គាត់​បាន​បន្តិច​ស្រាប់តែ​បងប្រុស​ទី​៨​របស់​គេ​បាន​ស្ដីបន្ទោស​ឲ្យ​ជន​រង​គ្រោះ​ ហើយ​ឈ្លោះ​គ្នា​ទៅ​វិញ​ទៅ​មក ពេល​នោះ​រូប​គាត់​ក៏​បាន​ហាមឃាត់​ឈប់​ឲ្យ​បងប្រុស​ទី​៨​ស្តីបន្ទោស​ប្អូន​ទៀត រួច​ហើយ​បាន​ដេញ​ជន​រង​គ្រោះ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មិន​បានដឹង​ថា ​ប្អូនប្រុស​ចិត្តខ្លាំង​ខឹង​បងប្រុស​ស្តីបន្ទោស​បាន​ដើរ​ចូល​ក្នុង​ព្រៃ​យក​ថ្នាំ​បំពុល​កុក​លេប​អស់​ជា​ច្រើន​គ្រាប់​ ហើយ​ទូរស័ព្ទ​ប្រាប់​មិត្ត​ភ​ក្កិ​ថា​ គេលា​ហើយ​នេះ​ជា​ជីវិត​ចុង​ក្រោយ​របស់​គេ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​មក​មិត្ត​ភ​ក្កិ​ម្នាក់​ដែល​នៅផ្ទះ​ជិត​បងជីដូនមួយ​បាន​ដើរទៅប្រាប់​ថា ​ជន​រង​គ្រោះ​ទូរស័ព្ទ​មក​ប្រាប់​ហាក់ដូចជា​មិនសូវ​ស្រួល ធ្វើ​ឲ្យ​គាត់​អង្គុយ​គិត​រយៈពេល​២​ម៉ោង​ក៏​បាន​សម្រេចចិត្ត​ដើរទៅ​ផ្ទះ​របស់​ជន​រង​គ្រោះ​ឃើញ​ជន​រង​គ្រោះ​ដេក​សន្លប់ស្តូកស្តឹង​នៅ​លើ​អង្រឹង​ដាស់​មិន​ព្រម​ភ្ញាក់​ទើប​គាត់​ដឹក​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ថ្នល់ទទឹង​ដើម្បី​លាង​ក្រពះ តែ​ដោយសារ​តែ​អាកា​រៈ​ជន​រង​គ្រោះ​ធ្ងន់ធ្ងរ​ពេក​ក៍បាន​បញ្ជូន​បន្ត​មក​កាន់​មន្ទីរពេទ្យ​ព្រះ​កុស​មៈបន្ត​ទៀត ។

ពេល​មក​ដល់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ជន​រង​គ្រោះ​នៅ​មិន​ទាន់​ដឹងខ្លួន​នៅឡើយ​ទេ​ ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​ដោយសារ​ជាតិ​ថ្នាំ​ជ្រាបចូល​ក្នុង​ខ្លួន កំពុង​ដាក់​អុក​ស៊ី​សែន​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៅឡើយ ៕

រូបភាព៖ ជនរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]