ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​ក្រីក្រ​មួយ​មាន​សមាជិក​៤​នាក់ ប្តី​ប្រពន្ធ និង​កូន ថែម​ទាំង​ផ្ទុកមេរោគ​​អេដស៍៣​នាក់​ក្នុង​ចំណោម​៤​នាក់​ទៀត រស់នៅ​យ៉ាង​វេទនា​ខ្លាំង​ណាស់​ដោយ​យក​មេឃ​ធ្វើ​ដំបូល​ ហើយ​នាំ​គ្នា​ដេក​លើ​រទេះ​ ព្រោះ​គ្មាន​ដី និង​លំនៅ​ដ្ឋា​ន​ផ្ទាល់ខ្លួន ។

គ្រួសារ​ដ៏​កំសត់​មួយ​នេះ​មាន​ប្តី​ឈ្មោះ សុខ វៃ អាយុ​៣៧​ឆ្នាំ ប្រពន្ធ​ឈ្មោះ បេង មុំ អាយុ​៣១​ឆ្នាំ និង​កូនស្រី​២​នាក់ ម្នាក់​ឈ្មោះ​សុខ លី​ណា អាយុ​៦​ឆ្នាំ និង​ម្នាក់​ឈ្មោះ សុខ ចាន់​រ៉ា អាយុ​១​ឆ្នាំ ។

តាម​ការ​រៀបរាប់​ពី​គ្រួសារ​ខាងលើ​និយាយ​ថា ពួក​គាត់​មក​ពី​ភូមិ​តាអោ​ក ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ហើយ​បាន​មក​រស់នៅ​ជាយ​ដែន​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​នេះ​រយៈ​ពេល​១៩​ឆ្នាំ​ហើយ ដោយ​ធ្វើ​ជា​កម្មករ​អូស​រទេះ រស់នៅ​ចល័ត ម្តង​ភូមិ​នេះ ម្តង​ភូមិ​នោះ ដោយ​បច្ចុប្បន្ន​រស់នៅ​លើ​ដី​ទំនេរ​របស់​អ្នកស្រុក​ក្នុងភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។ គ្រួសារ​ខាងលើ​បន្ត​ថា ពួក​គាត់​៣​នាក់​មាន​ផ្ទុកមេរោគអេដស៍ លើកលែងតែ​កូនច្បង​ម្នាក់​ប៉ុណ្ណោះ ។ កាលពីដើម​ជួល​ផ្ទះ​គេ​រស់នៅ​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត​ប្រកបរ​បរជា​កម្មករ​អូស​រទេះ លុះ​ធ្លាក់ខ្លួន​ឈឺ​(​ផ្ទុកមេរោគ​អេដស៍)​រក​ប្រាក់​បង់​ថ្ឡៃ​ឈ្នួល​ផ្ទះ​គេ​មិន​បាន ក៏​នាំ​គ្នា​ដើរ​ដេក​តាម​ដី​ទំនេរ​របស់​អ្នកស្រុក ។

គ្រួសារ​ខាងលើ​បន្ត​ថា កាលពី​ឆ្នាំ​២០១៥​ពួក​គាត់​ត្រូវ​បាន​គ្រួសារ​មួយ​ឲ្យ​ផ្ទះ​រស់នៅ​ដោយ​មិន​យក​ប្រាក់​ទេ​នៅ​ក្នុងភូមិ​​ខាង​លើ លុះ​ពួក​គាត់​ទៅ​រកស៊ី​ឈ្នួល​កាប់​ចិញ្ច្រាំ​ដំឡូង​មី​ឲ្យ​គេ​នៅ​ស្រុក​ម៉ា​ឡៃ​វិល​ត្រឡប់​មក​វិញ ផ្ទះ​ដែល​គេ​ឲ្យ​រស់នៅ​​នោះ​ត្រូវ​បាន​អ្នក​ផ្សេង​គេ​ដាក់​ចិញ្ចឹម​ទា ធ្វើ​ឲ្យ​ពួក​គាត់​ខ្វះ​ជម្រក ។

ពិនិត្យ​ជាក់ស្តែង​ដល់​កន្លែង​កើតហេតុ គ្រួសារ​មួយ​នេះ​ពិតជា​ពិបាក​ភ្នែក​មើល​ណាស់ យក​រទេះ​ធ្វើ​ជា​ផ្ទះ ដោយ​រទេះ​តូច​មួយ​ដេក​គ្នា​រហូត​ដល់​ទៅ​៤​នាក់ បុរស​ជា​ប្តី​ដេក​ផ្ទុយ​ជើង​គ្នា​ជាមួយ​ប្រពន្ធ ឯ​កូន​តូច​ៗ​ដេក​ស្របគ្នា​ជាមួយ​នាង​ជា​ម្តាយ ។ ពួក​គាត់​ថា​ កន្លង​មក​នាំ​គ្នា​ក្រាលកន្ទេល​ដេក​ផ្ទាល់​ដី​ជា​លក្ខណៈ​គ្រួសារ តែ​ដោយសារ​អាកាសធាតុ​មិន​អំណោយផល មាន​ភ្លៀង​ធ្លាក់ មុង​ភួយ​ទទឹក​ជោគ​ព្រោះ​គ្មាន​ដំបូល ក៏​សម្រេច​នាំ​គ្នា​ដេក​លើ​រទេះ​វិញ ដោយពេល​មាន​ភ្លៀង​ធ្លាក់​យក​កៅស៊ូ​តង់​គ្រប​រទេះ​ទាំងមូល​តែ​ម្តង ។

អ្វី​ដែល​គួរ​ឲ្យ​កាន់តែ​អាណិត​ខ្លោចចិត្ត​ថែម​ទៀត​នោះ បច្ចុប្បន្ន​គ្រួសារ​មួយ​នេះ​រស់នៅ​អាស្រ័យ​លើ​ការ​អូស​រទេះ​នៅ​ផ្សារ​រុង​ក្លឿ​ទឹកដី​ថៃ ថ្ងៃ​ណា​រក​មិន​បាន​ត្រូវ​នាំ​គ្នា​ដេក​អត់បាយ​ក៏​មាន​ដែរ ។ ពី​កន្លែង​ពួក​គាត់​រស់នៅ​ទៅ​បន្ទាត់​ព្រំដែន​(​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​) មាន​ចម្ងាយ​​ប្រហែល​​៧​គីឡូម៉ែត្រ ហើយ​បុរស​ជា​ប្តី​​និយាយថា មុខរបរ​អូស​រទេះ​នេះ​មហា​សែនពិបាក ព្រោះ​ត្រូវ​អូស​រទេះ​ទៅ​មក​ឆ្ងាយ​ៗ ។

គ្រួសារ​ខាងលើ​ក៏​​បាន​សំណូមពរ​ដល់​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស ពិសេស​អាជ្ញា​ធរមាន​សមត្ថកិច្ច​មេ​ត្តា​ជួយ​ពួក​គាត់​ផង ពេល​នេះ​ពួក​គាត់​វេទនា​ខ្លាំង​ណាស់ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងករណីយខាងលើនេះដែរ នៅឯប្រទេសចិនវិញ កុមារា ផ្ទុកមេរោគអេដស៍ អាយុ ៨ឆ្នាំម្នាក់ ឈ្មោះ Luo Kun Kun ត្រូវបានបណ្តេញចេញពីផ្ទះ បន្ទាប់ពីអ្នកភូមិ រួមទាំងជីតា របស់គេបាននាំគ្នា ចុះហត្ថលេខាលើ ញត្តិទាមទារឲ្យដេញរូបគេចេញ ដើម្បី ការពារសុវត្ថិភាព សុខភាពរបស់អ្នកភូមិ។

យ៉ាងណាមិញពេលនេះ មានសាលាឯកទេសមួយ នៅទីក្រុង Linfen ភាគខាងត្បូង ខេត្ត Shanxi បានជួយសង្គ្រោះជីវិតរបស់គេ។ សាលាខាងលើមានឈ្មោះថា The Red Ribbon School គឺជាសាលាតែមួយគត់ ក្នុងប្រទេសចិន ដែលទទួលមើលថែ និងផ្តល់ការអប់រំដល់ កុមារផ្ទុកមេរោគអេដស៍។

កុមារា Kun Kun បានឆ្លង មេរោគអេដស៍ពី ម្តាយតាំងពី នៅក្នុងពោះមកម្ល៉េះ ។ ម្តាយ និងឪពុកចុង របស់គេ បានទៅធ្វើការនៅខេត្តផ្សេងទៀត ដូច្នេះគេត្រូវរស់នៅ ជាមួយជីតា ខាងឪពុកចុង។ Kun ត្រូវបានសាលា បដិសេធមិនឲ្យចូលរៀន ហើយអ្នកភូមិក៏រើសអើង មិនរាប់រកថែមទៀត ដូច្នេះជារៀងរាល់ថ្ងៃ កុមារា Kun ត្រូវចំណាយពេល រត់លេងតែម្នាក់ឯង។ នៅក្នុងការប្រជុំមួយ រវាងអ្នកភូមិ កាលពីចុងឆ្នាំមុន ប្រជាជន ២០៣នាក់ បាននាំគ្នា ចុះហត្ថលេខា លើញត្តិទាមទារឲ្យអាជ្ញាធរ យកកុមារា Kun Kun ចេញពីភូមិ ដើម្បីការពារសុខភាពអ្នកភូមិ ជាពិសេសគឺ ក្មេងៗ។

លោក Wang Yishu ដែលជាមេភូមិ បានឲ្យដឹងថា៖ “អ្នកភូមិមានការអាណិតអាសូរចំពោះ Kun ដោយសារគេ ជាក្មេងស្មោះត្រង់ និងគ្រាន់ជាក្មេងតូចមួយ ប៉ុន្តែជំងឺអេដស៍ វាគួរឲ្យខ្លាចណាស់សំរាប់ ពួកយើង” ។ ទោះជាយ៉ាងណាក៏ដោយ អនាគតរបស់ កុមារា Kun ត្រូវបានសម្លឹងឃើញ ឡើងវិញហើយ បន្ទាប់ពីត្រូវបាន សាលាមួយ ជួយឲ្យបានរៀន កាលពីសប្តាហ៍មុន។ លោក Guo Xiaoping ដែលជានាយកសាលានោះ បាននិយាយថា សង្គមល្អ និងបរិយាកាសនៃការអប់រំល្អ បូករួម ការជួយពីគ្រូបង្រៀន គឺមានសារ:សំខាន់ណាស់ សំរាប់ក្មេងប្រុសម្នាក់នេះ។

ករណីរបស់ កុមារ Luo Kun Kun ឆ្លុះបញ្ជាំងពីការរើសអើង ចំពោះអ្នកកើតជំងឺអេដស៍ ក្នុងប្រទេសចិន ហើយមានករណី ខ្លះទៀត សូម្បីតែគ្រូពេទ្យ ពេលខ្លះ ក៏បដិសេធមិនហ៊ានប៉ះពាល់អ្នកជំងឺ ដែរ។ តួលេខចុងក្រោយ ដែលផ្សាយដោយ គណៈកម្មាការ សុខាភិបាលជាតិ និងផែនការគ្រួសារ បានបង្ហាញថា ប្រទេសចិនមាន មនុស្សរកឃើញថាមាន ផ្ទុកមេរោគអេដស៍ប្រមាណ ៤៩៧,០០០ នាក់ ចាប់តាំងពី ករណីដែលរកឃើញដំបូង ក្នុងឆ្នាំ១៩៨៥ មក ហើយបច្ចុប្បន្ន មានប្រជាជនសរុប ១.៣៦ ពាន់លាននាក់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]