តំណក់អក្ខរាចារពីរឿងពិត រឿងសែនខ្លោចចិត្តជីវិតខ្លោចផ្សា

ថ្លាថ្លែងប្រាយប្រាប់អស់ព្រហ្មទេវតា ជួយពិចារណារឿងខ្ញុំជាគ្រូ។

ព្រឹកឡើងបើកភ្នែករែកកិច្ចតែងការ ប្រសូត្រអក្ខរាចារគិតគុណគូ

មេឃនៅងងឹតឆ្កែនៅតែលូ តែចិត្តជាគ្រូមិនដែលរុញរា។

ធូបមុសមួយដុំដុតនៅលើដី ដេញសត្វចង្រៃយាយីអាត្មា

ស្រូបផ្សែងមុសខាំរងកម្មខ្លោចផ្សា មិនដឹងថ្ងៃណាមហារីករុំសួត។

ថ្ងៃក្តៅអត់ផ្សែងដូចភ្លើងអគ្គី ដែនទឹកធរណីស្ទើរតែរីងហួត

គ្រូក្រអត់លុយមិនដែលហានអួត គ្រូក្តៅស្ទើរឆ្កួតមិនដែលហានថា។

នុំបុ័ងមួយដុំរុំដាក់សម្ពាយ វេចទៅពីនាយទុកជាអាហារ

ពេលគ្រូស្រែកឃ្លានមិនហានចចារ ស្រែករកPizzaក្នុងហាងដូចគេ។  

កាតាបគ្រូធំដូចភ្នំកៃលាស ខោអាវកញ្ចាស់មានប៉ះមានដេ

ហ្វឺតខៀវមួយដើមផ្សើមទឹកសរសេរ ចារជាសំណេរគេរៀនត្រងត្រាប់។

អង្គុយប្រឹងកែថែទួនាទី មិនឲ្យវក់វីនឹងរឿងខុសច្បាប់

ប្រឹងមើលពត៌មានប្រឹងរៀនប្រឹងស្តាប់ ប្រឹងប្រែងប្រាយប្រាប់ដល់កូនចៅក្រោយ។

ការងារគ្រូស្មុគដូចព្រៃហេមពាន្ត អត់ស៊ីអត់ឃ្លានមិនហានធ្លោះធ្លោយ

ពិនិត្យតាមដានសប់គ្រប់ជ្រុងជ្រោយ មិនឲ្យធ្លោះធ្លោយក្រែងពាក្យនិន្ទា។

ប្រាក់ខែគ្រូទាបទប់តែជំងឺ ក្លាចក្រែងដេកឈឺដោយសាររោគា

លក់ដីលក់ស្រែលក់មាន់លក់ទា លក់អស់មិនជាលាកូនសិស្សា។

ពេលថ្ងៃលាសហាលផ្សានឹងបាយកក រងពាក្យចំអកគេដៀលត្មេះថា

ធ្វើគ្រូបង្រៀនគ្មានជោគវាសនា ដេកផ្ទះវីឡាការកូនអ្នកមាន។

ម៉ូតូកញ្ចាស់ខ្នងបាក់កង់បែក ពូកក៏រហែកចង្កៀងក៏គ្មាន

បើករោទ៏ដូចខ្លាគ្រហឹមស្រែកឃ្លាន ឱ!គ្រូបង្រៀនបៀមទុក្ខរីងរៃ។

ពេលយប់អុជទៀនឆ្លុះមើលអក្ខរា ប្រឹងបើកនេត្រាបញ្ជារម្រាមដៃ

សរសេរតាក់តែងថ្លែងប្រាប់លោកី ឲ្យយល់តម្លៃរឿងខ្ញុំជាគ្រូ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]