(ភ្នំពេញ)៖ វិរៈកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ត្រូវបានស្ថាប័នកីឡាអូឡាំពិកអន្ដរជាតិយកចិត្តទុកដាក់ និងចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីនាងដណ្ដើមបាន មេដាយមាស និងសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិកជាផ្លូវការ លើកដំបូង នៅប្រទេសប្រេស៊ីល ក្នុងឆ្នាំ២០១៦នេះ ។

នៅព្រឹកថ្ងៃទី០៣ ខែឧសភានេះ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្ដែងការគួរសមក្រុមអ្នក សារព័ត៌មានកីឡាអូឡាំពិកអន្ដរជាតិ (Opympic Channel) ដើម្បីផ្សព្វផ្សាយពីដំណើរវិវត្តន៍របស់កីឡាការិនី ស៊ន សៀវម៉ី ឆ្ពោះទៅប្រកួតកីឡាអូឡាំពិក នៅទីក្រុង Rio ប្រទេសប្រេស៊ីល នាខែសីហាខាងមុខនេះ ។

នៅក្នុងជំនួបសម្ដែងការគួរសមនេះ លោករដ្ឋមន្ដ្រី ថោង ខុន ក៏បានពិភាក្សាលើប្រធានបទសំខាន់ៗមួយទៀត ជុំវិញបរិបទនៃភាពរីកចម្រើនលើវិស័យកីឡាកម្ពុជាបច្ចុប្បន្ន ប៉ុន្ដែប្រធានបទសំខាន់ ដែលក្រុមអ្នកសារព័ត៌មានអូឡាំពិកអន្ដរជាតិ ចង់ដឹងបំផុត គឺទាក់ទងនឹងកីឡាការិនី ស៊ន សៀវម៉ី ចំពោះការត្រៀមខ្លួន ដើម្បីបន្ដចូលរួមប្រកួត កីឡាំអូឡាំពិក ។

យ៉ាងណាមិញក្រុមអ្នកសារព័ត៌មានអន្ដរជាតិខាងលើ ក៏បានសម្ដែងពីការចាប់អារម្មណ៍ ចំពោះសមត្ថភាពរបស់កីឡាការិនី ស៊ន សៀវម៉ី និងភាពរីកចម្រើននៃវិស័យ កីឡាកម្ពុជាបច្ចុប្បន្នផងដែរ ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

គូសបញ្ជាក់ផងដែរថា កីឡាការិនី ស៊ន សៀវម៉ី ទើបតែដណ្តើមបាន មេដាយមាសក្នុងការប្រកួត វគ្គជម្រុះក្នុងតំបន់អាស៊ី ដើម្បីមាន សិទ្ធិ ចូលរួមប្រកួតជាផ្លូវការ ក្នុងព្រឹត្តិការណ៍ Olympic Games ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល នាថ្ងៃទី០៥ ដល់ ២១ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា នេះជាលើកទី១ នៃប្រវត្តិសាស្រ្តកីឡាកម្ពុជា ដែលអាចជាប់វគ្គជម្រុះ ដើម្បីចូលរួមប្រកួតជាផ្លូវការ ក្នុងព្រឹត្តិការណ៍ Olympic Games ដោយកម្ពុជាធ្លាប់តែចូលរួមព្រឹត្តិការណ៍នេះ តាមរយៈការអញ្ជើញ ពីគណៈកម្មាធិការ អូឡាំពិកអន្តរជាតិប៉ុណ្ណោះ ដែលហៅថា WILD CARD។

នេះក៏ជាជោគជ័យដ៏ធំធេង សម្រាប់គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ដែលបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តក្នុង មហាសន្និបាតកាលពីឆ្នាំ២០១២ ដើម្បីជម្រុញអោយ អត្តពលិកកម្ពុជាអាចមាន លទ្ធភាពជាប់វគ្គជម្រុះ ជាផ្លូវការក្នុងការ ប្រកួតព្រឹត្តិការណ៍ Olympic Games៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ន សៀវម៉ី