រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹងថា ជនសង្ស័យ​៤នាក់ រួម​ទាំង​អ្នក​ទទួល​ផល​ចោរ​កម្ម ត្រូវកម្លាំងនគរបាល​ប៉ុស្តិ៍​ប្ញស្សី​កែវ​ចាប់​ខ្លួន កាលពីវេលាម៉ោង​១១ និង​៣០នាទី​ព្រឹកថ្ងៃទី០២ មេសា ២០១៦ នេះ ស្ថិតនៅចំណុច​ផ្លូវបេតុង ក្នុងភូមិ​​មិត្តភាព សង្កាត់​ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ខណៈ​កំពុង​យកទូរស័ព្ទNចុចពិល​មួយគ្រឿងទៅលក់ បន្ទាប់ពី​​គំរាម​ប្លន់ពី​សិស្ស​បឋម​ម្នាក់ ។

ប្រភពឱ្យ​​​ដឹងថា ជន​សង្ស័យ​ទាំង​៤នាក់ ១-​ឈ្មោះ​សុខ ស៊ីថា អាយុ​១៨​ឆ្នាំ មានទី​លំនៅភូមិ​គីឡូម៉ែត្រ​លេខ៦ ២-​ឈ្មោះ​សុពី អាយុ​១៩​ឆ្នាំ ៣-​ឈ្មោះ​​ជីវ័ន្ត អាយុ​១៨​ឆ្នាំ ​និង​៤-​ឈ្មោះ​អៀម​ ពៅ អាយុ​១៧​ឆ្នាំ ទាំង៣នាក់នេះ ស្នាក់​នៅក្នុងវត្ត​ រីឯ​អ្នក​ទទួល​ផល​ចោរ​កម្ម​ឈ្មោះ​សម ស៊ីថេន ។ ចំណែក​ក្មេងប្រុស​រងគ្រោះ​ឈ្មោះ​ម៉ាច វិសាល អាយុ​១៣ឆ្នាំ រៀនថ្នាក់ទី៦គ២ ។

ប្រភពបន្តថា កាលពីវេលាម៉ោង០៩ព្រឹកថ្ងៃដដែល ជនសង្ស័យទាំង​៤នាក់​បាន​ធ្វើ​សកម្មភាព​គំរាម​ដោយច្របាច់.ក​ក្មេងប្រុស​រង​ គ្រោះ​យកទូរស័ព្ទដៃម៉ាកNចុចពិល រួចពួកគេ​គេចខ្លួនអស់ ហើយត្រូវ​ក្មេង​ប្រុស​រូបនោះទៅ​រៀបរាប់ប្រាប់​ឪពុក-ម្តាយ ទើប​មាន​ប្តឹង​ទៅសមត្ថកិច្ចឱ្យចាប់ខ្លួន ។

បន្ទាប់​មក ខណៈជន​សង្ស័យទាំង៤នាក់ ​កំពុង​យកទូរស័ព្ទទៅ​លក់​ឱ្យ​អ្នកទទួលផល​ក្នុងតម្លៃ​២ម៉ឺន​រៀលនោះ​ ក៏ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​ទាំង​អស់តែម្តង ។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ទាក់ទងនឹងករណីខាងលើនេះដែរ យុវជនពីរនាក់បងប្អូនបង្កើត ត្រូវបានប្រជាពលរដ្ឋ ចាប់ខ្លួនប្រគល់អោយ នគរប៉ុស្តិ៍ទន្លេបាសាក់ ក្នុងករណីលួចទូរស័ព្ទជនបរទេស ក្នុងហាងចិនម៉ាម៉ាវង់ ស្ថិតនៅតាមផ្លូវ៣០៨ ក្រុម៣២ ភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លោក ហ៊ាង ថារ៉េត អធិការរងខណ្ឌចំការមន បានបញ្ជាក់ថា ជនសង្ស័យទី១មានឈ្មោះ ថាន់ សុខជា ភេទប្រុស អាយុ២២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅត្រូវបង ប្រុសជនសង្ស័យទី២មានឈ្មោះ ថាន់ សុខចិន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយបងប្រុស។

តាមការសារភារពរបស់ឈ្មោះ ថាន់ សុខជា បាននិយាយថា ខ្លួនបានជិះម៉ូតូឌុបប្អូនប្រុស បានជិះម៉ូតូចេញពីផ្ទះ ក្នុងបំណងដើរលេងទេ តែមកដល់មុខហាងម្ហូបចិន ម៉ាវង់ ក៏ឃើញជនបរទេស មានស្រីប្រុសកំពុងផឹកស៊ី ក្នុងហាងចិននោះ បែកគំនិត ចង់បានទូរស័ព្ទដែលឃើញទុកចោលលើ តុ ខ្លួនក៏បានប្រាប់អោយ ប្អូនប្រុសចុះពីលើម៉ូតូ ដើរចូលទៅក្នុងហាង ឆ្លៀតឱកាសពេលជនបរទេស ទាំងនោះភ្លេចខ្លួន ក៏លូកយកទូរស័ព្ទមួយគ្រឿង រត់ចេញមករកបងដែលរង់ចាំនៅក្រៅ ប៉ុន្តែចៃដន្យត្រូវម្ចាស់ឃើញទាន់ ស្រែកផ្អើលឆោឡោឡើង ហើយដេញចាប់បានទាំង២នាកើបងប្អូន រួចប្រគល់អោយសមត្ថកិច្ចតែម្ដង ។

បច្ចុប្បន្នទាំងបងទាំងប្អូន ត្រូវបាននគរបាល ខណ្ឌចំការមន កសាងសំណុំឯកសារ ដើម្បីចាត់បញ្ជូនទៅតុលាការ ផ្តន្ទាទោស តាមផ្លូវច្បាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]