កូរ៉េខាងជើង៖ លោក គីម ជុងអ៊ុន ដែលគេស្គាល់ថាជា មេដឹកនាំប្រទេសកូរ៉េខាងជើងបានធ្វើការហាមឃាត់ មិនឲ្យប្រជាជនរបស់ខ្លួន ប្រារព្ធពិធីរៀបអាពាហ៍ពិពាហ៍ ឬក៏ពិធីបុណ្យសពអ្វីឡើយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ក៏ព្រោះតែនឹងមាន ការរៀបចំនូវកិច្ចប្រជុំ ដ៏ធំនិងកម្រមានមួយ សម្រាប់គណបក្សកាន់អំណាច។ 

លោក គីម ជុងអ៊ុន មេដឹកនាំនៃប្រទេសកូរ៉េខាងជើង

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា កិច្ចប្រជុំដែលនឹងមានឡើង នៅសប្តាហ៍ក្រោយនេះ គឺជាកិច្ចប្រជុំកំពូលដ៏ធំបំផុតមួយ ដោយក្នុងនោះមានការ រៀបចំពិធីឡើងកាន់កាប់តំណែង ក្នុងនាមជាមេដឹកនាំកំពូល នៃប្រទេសកូរ៉េខាងជើង របស់លោក គីម ជុងអ៊ុន និងការប្រកាសជាផ្លូវការ អំពីគោលនយោបាយ អាវុធនុយក្លេអ៊ែរ របស់រដ្ឋ ផងដែរ។

ចំពោះមូលហេតុ ដែលនាំឲ្យមានការបិទ មិនឲ្យប្រារព្ធពិធីរបស់ ប្រជាជនកូរ៉េខាងជើង ក៏ព្រោះតែដើម្បីពង្រឹងសុវត្ថិភាព ជាពិសេសសម្រាប់ ទីក្រុងព្យុងយ៉ាង ផ្ទាល់តែម្តង ដើម្បីការពារ និងជៀសវាងឲ្យបាន នូវគ្រោះអកុសលនានា សម្រាប់ព្រឹត្តិការណ៍ ដ៏ធំបំផុតមួយនេះ។

ជាមួយគ្នានេះដែរ គណៈប្រតិភូរាប់ពាន់នាក់ ដែលកំពុងនៅក្រៅប្រទេស ក៏នឹងត្រូវត្រឡប់ មកកាន់ទីក្រុង ព្យុងយ៉ាង ទាំងអស់គ្នាផងដែរ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល ដ៏ធំបំផុត ដែលគេជឿជាក់ថា នឹងប្រារព្ធឡើង នាថ្ងៃទី៦ ខែឧសភា ខាងមុខនេះហើយ។

គូសបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលនេះ ត្រូវបានគេរំពឹងថា នឹងប្រារព្ធឡើងក្នុងអំឡុង ពី៤ ទៅ៥ថ្ងៃ ហើយក្នុងនោះគេសង្កេតឃើញថា ការរឹតបន្តឹងផ្នែកសន្តិសុខ គឺមានសភាពម៉ឺងម៉ាត់ និងតឹងរ៉ឹងមែនទែន ដោយមានទាំងការបំពាក់ កាមេរ៉ាសុវត្ថិភាព នៅតាមដងផ្លូវជាច្រើន ព្រមទាំងបិទការធ្វើដំណើរចេញ-ចូល ក្នុងស្រុកផងដែរ៕ 

មិនថាជាពិធីរៀបអាពាហ៍ពិពាហ៍ ឬពិធីបុណ្យសពឡើយ សុទ្ធតែត្រូវហាមឃាត់ ក្នុងមួយរយៈពេលនេះ

ប្រភព៖ Mirror

កំណត់ហេតុខ្មែរឡូត៖

គូសបញ្ជាក់ផងដែរថា កន្លងមក វាជាក្តីបារម្ភមួយទៀតហើយ សម្រាប់បណ្តាប្រទេសជាច្រើន នៅក្នុងពិភពលោក ក្រោយពីប្រទេសកូរ៉េខាងជើង បានធ្វើការប្រកាសថាខ្លួន ទទួលបានជោគជ័យចំពោះ ការសាកល្បង គ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែន កាលពីពេលថ្មីៗនេះ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ដំណឹងមួយនេះត្រូវបាន ប្រកាសនៅតាមទូរទស្សន៍ជាតិ របស់ប្រទេសកូរ៉េខាងជើង នៅថ្ងៃពុធនេះ ស្របពេលដែលមានការរញ្ជួយដីកម្រិត ៥.១រ៉ិចទ័រ កើតឡើងនៅក្បែរទីតាំង សាកល្បងគ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែន មួយនោះ។ លើសពីនេះទៀត មានការសន្និដ្ឋាន ជាច្រើនលើកឡើងថា ការរញ្ជួយដី អាចមានឡើងដោយសារតែ ការសាកល្បង គ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែននោះតែម្តង។ យ៉ាងណាមិញ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណា បញ្ជាក់អំពីផលប៉ះពាល់ និងការខូចខាត នៅឡើយនោះទេ។

ទីភ្នាក់ងារសារព័ត៌មានជាតិ នៃប្រទេសកូរ៉េខាងជើង ក៏បានបង្ហាញនូវ សេចក្តីថ្លែងការណ៍មួយដោយ បានបញ្ជាក់ថា ប្រទេសខ្លួននឹងមិនបោះបង់ចោលនូវកម្មវិធីអាវុធនុយក្លេអ៊ែរឡើយ ដរាបណាសហរដ្ឋអាមេរិក នៅតែរក្សាជំហររំលោភឈ្លានពាន មកលើខ្លួន។ ម្យ៉ាងវិញទៀត ប្រទេសកូរ៉េខាងជើង ក៏នឹងបន្តពង្រឹង នូវកម្មវិធីមួយនេះ ដើម្បីការពារខ្លួនពី គោលនយោបាយរបស់ សហរដ្ឋអាមេរិក ដែលធ្វើឡើងដើម្បីប្រឆាំង នឹងប្រទេសខ្លួនផងដែរ។

ប្រតិបត្តិការសាកល្បង គ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែន នេះមានឡើងបន្ទាប់ពី លោក គីម ជុងអ៊ុន មេដឹកនាំនៃប្រទេស កូរ៉េខាងជើង អះអាងថាប្រទេសរបស់ខ្លួន ទទួលបាននូវគ្រាប់បែកនុយក្លេអ៊ែរ ដែលមានកម្លាំងដ៏សែនមហិមាដំបូងបំផុតមួយ កាលពីខែមុន។ ជាមួយគ្នានេះដែរ លោក Philip Hammond លេខាធិការនៃ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបង្ហាញពីភាពមិនសប្បាយចិត្ត និងបានធ្វើការថ្កោលទោស ចំពោះសកម្មភាពមួយនេះ របស់ប្រទេសកូរ៉េខាងជើង។

គូសបញ្ជាក់ផងដែរថា គ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែន គឺជាប្រភេទគ្រាប់បែក Thermonuclear Bomb ដែលប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីរំលាយបញ្ចូលគ្នារវាង សារធាតុជាច្រើន សម្រាប់បង្កើតវាឡើង ហើយវាត្រូវបានគេដឹងថា គឺជាអាវុធ ដែលមានកម្លាំងមហិមាបំផុត នៅលើភពផែនដីរបស់យើងសព្វថ្ងៃនេះ ពោលគឺវាមាន កម្លាំងខ្លាំងជាង គ្រាប់បែកបរិមាណូ របស់សហរដ្ឋអាមេរិក ដែលធ្លាប់បានទម្លាក់នៅប្រទេសជប៉ុនទៅទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]