អូស្រ្តាលី៖ កាលពីពេលថ្មីៗកន្លងទៅនេះ នារីម្នាក់បានសម្រាល កូនប្រុសម្នាក់ មានទម្ងន់ជិត ៦គីឡូក្រាម បង្កភាពភ្ញាក់ផ្អើលពេញមន្ទីរពេទ្យតែម្តង។

ប្រភពព័ត៌មាន Dailymail បានឲ្យដឹងថា កាលពីយប់ថ្ងៃសៅរ៍ មាននារីម្នាក់ ឈ្មោះ Breanna Sykes រស់នៅជាយក្រុង Carramar បានផ្តល់កំណើតកូនប្រុសម្នាក់ នៅចន្លោះម៉ោងប្រហែលជា ៧:១៥នាទីយប់។ ទារកប្រសូតមកនោះមានទម្ងន់ធ្ងន់ជាងទារកដទៃ រហូតដល់ទៅ ៥,៩ គីឡូក្រាម នៅឯមន្ទីរពេទ្យមួយកន្លែង ស្ថិតក្នុងទីក្រុង Perth ប្រទេសអូស្រ្តាលី បង្កឲ្យមានភាពភ្ញាក់ផ្អើលពេញមន្ទីរពេទ្យ ហើយនាងបានដាក់ឈ្មោះកូនប្រុសថា Zaid Kadic ។

ប្រភពបន្តថា នាង Breanna Sykes បានទៅដល់គ្លីនិកសម្ភព Joondalup Health Campus ត្រូវបានក្រុមគ្រូពេទ្យសម្រេចឲ្យវះកាត់តែម្តង ព្រោះផ្ទៃពោះនិងកូនក្នុងផ្ទៃមានទំហំធំពេក ដែលពិបាកដល់ការសម្រាលធម្មជាតិណាស់ ហើយក៏ពុំធ្លាប់មានទំហំធំបែបនេះពីមុនមកដែរ។ ក្រោយពីទារបានកើតហើយ ធ្វើឲ្យក្រុមគ្រូពេទ្យភ្ញាក់ផ្អើលជាខ្លាំង ព្រោះទារកថ្លោសពេក រហូតដល់ជិត ៦គីឡូក្រាមឯណោះ។ មិនតែប៉ុណ្ណោះ សូម្បីរូបនាងជាម្តាយ​ភ្ញាក់ឡើង បានឃើញកូនប្រុសខ្លួន មានសាច់ត្រលុកត្រលុនយ៉ាងដូច្នេះ ក៏ស្ទើរតែចង់ស្រឡាំងកាំងផងដែរ។

ស្ត្រីជាម្តាយនិយាយថា «ម្នាក់ក្នុងចំណោមគ្រូពេទ្យទាំងអស់ ប្រាប់ខ្ញុំថា កូនរបស់ខ្ញុំពិតជាធំណាស់ គាត់ធ្វើពេទ្យជាង ១៥ឆ្នាំទៅហើយ ទើបតែជួបប្រទះលើកទីមួយតែប៉ុណ្ណោះ»

ម្តាយនិងកូនប្រុស ទាំង២នាក់នេះ ត្រូវបានរំពឹងថា នឹងអាចត្រលប់ទៅផ្ទះវិញ នៅថ្ងៃអង្គារនេះផងដែរ។

គួរបញ្ជាក់ដែរថា បើតាមប្រភពបញ្ជាក់ថា ទារកត្រូវបានមើលថែទាំយ៉ាងល្អពីសំណាក់ ក្រុមគ្រូពេទ្យ និងម្តាយ ហើយក៏បានធ្វើតេស្តពិនិត្យឈាមរបស់ទារក បង្ហាញថាទារកមានសុខភាពល្អជាធម្មតា មិនមានបញ្ហាផ្នែកសុខភាព ឬហ្សែនខុសឆ្គងត្រង់ណាមួយឡើយ ៕

ទស្សនាវីដេអូ៖ 

រូបភាព៖ នាង Breanna Sykes និងកូនប្រុស Ziad Kadic
រូបភាព៖ ទារកដែលទើបតែកើត ឈ្មោះថា Ziad Kadic
រូបភាព៖ ទារកដែលទើបតែកើត ឈ្មោះថា Ziad Kadic (នៅខាងស្តាំដៃ)
រូបភាព៖ ទារកដែលទើបតែកើត ឈ្មោះថា Ziad Kadic

ប្រភព៖ Dailymail

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា​ ទាក់ទងនឹងករណីខាងលើនេះដែរ កាលពីដើមខែមីនា កន្លងទៅ ពិតជាគួរឲ្យរន្ធត់ចិត្ត ដោយហេតុថាទារកម្នាក់ កើតមកមានពោះវៀននៅខាងក្រៅរាងកាយ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា ក្រុមគ្រូពេទ្យបានវះកាត់បញ្ចូលវិញ ដោយទទួលបានជោគជ័យផងដែរ។

ទារកដ៏មានសំណាងម្នាក់ អាចនៅរស់រានមានជីវិត បន្ទាប់ពីមានកំណើតមិនប្រក្រតី ដោយសារតែមានពោះវៀននៅខាងក្រៅរូបរាងកាយ។ បន្ទាប់ពីទារកបានកើតរួច ក្រុមគ្រូពេទ្យបានធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត និងប្រាប់ទៅដល់ឪពុកម្តាយរបស់ទារកថា ទារកនេះត្រូវតែធ្វើការវះកាត់ជាបន្ទាន់ ព្រោះបើទុកយូរវាអាចប៉ះពាល់ដល់អាយុជីវិតរបស់ទារកបាន។ វិនាទីបន្ទាប់ក្រុមគ្រូពេទ្យ បានយកថង់ស រុំទៅលើពោះវៀនរបស់ទារកនោះសិន ដើម្បីរក្សានូវសរីរាង្គ​ និងទប់ស្កាត់ការឆ្លងមេរោគ ក្រោយមកទើបបញ្ជូនទៅបន្ទប់វះកាត់។

បើតាមសម្តីនាង Chloe Tobin អាយុ២៤ឆ្នាំ ដែលជាម្តាយទារកនោះបានឲ្យដឹងដែរថា “ខណៈពេលកំពុងសម្រាល ខ្ញុំបានលឺសំលេងរបស់កូនស្រីខ្ញុំ Maisie នាងយំ ដូច្នេះខ្ញុំគិតថានាង ប្រហែលជាកើតរួចហើយ ពេលនោះខ្ញុំក៍ចាប់ផ្តើមយំជាមួយនាងផងដែរ។ ក្រោយមកខ្ញុំ ក្រឡេកភ្នែកមើលនាងមួយភ្លែត តែអ្វីដែរធ្វើឲ្យខ្ញុំតក់ស្លត់ ទប់អារម្មណ៍មិនបាននោះគឺថា គ្រូពេទ្យបានយកថង់រុំទៅលើសរីរាង្គ និងមានឧបករណ៍ពេទ្យជាច្រើនទៀត បំពាក់នៅលើខ្លួននាង។ បន្តិចក្រោយមក ក៏យកនាងទៅធ្វើការវះកាត់ភ្លាមៗ ខ្ញុំពិតជាតក់ស្លត់ខ្លាំងមែនទែន។ ប៉ុន្តែលទ្ធផលចុងក្រោយនោះ គឺក្រុមគ្រូពេទ្យបានវះកាត់ ដាក់បញ្ចូលវិញ ដោយទទួលបានជោគជ័យ។ ខ្ញុំពិតជារំភើបសឹងតែថាមិនអាចរកអ្វីប្រៀបផ្ទឹមបានឡើយ" ។

គួរបញ្ជាក់ដែរថា មកទល់ពេលនេះ ទារកតូចនោះ មានអាយុប្រហែល៤ខែហើយ។ នាង Tobin ជាម្តាយ រួមជាមួយសា្វមី Joe និងកូនស្រីម្នាក់ទៀត ឈ្មោះ Elouise អាយុ៥ឆ្នាំ មានគម្រោងដើរកម្សាន្តជាលក្ខណៈគ្រួសារ ដើម្បីជាការអបអរដល់កូនស្រី គួរឲ្យស្រលាញ់របស់ពួកគេផងដែរ៕

រូបភាព៖​ ទារកដែលកើតមក មានពោះវៀននៅពីក្រៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]